សរនាគបាស

សរនាគបាស
ឥន្ទ្រជិតត្រូវជាកូនរបស់ក្រុងរាពណ៍ និងនាងមន្ទោគិរី បានប្រើល្បិច ឲ្យសេនាយ័ក្សរបស់ខ្លួនកាឡាខ្លួនជា មេទ័ពឥន្ទ្រជិត ចេញធ្វើចម្បាំងនឹងទ័ពព្រះរាមព្រះលក្ស្មណ៍ ចំណែកឯឥន្ទ្រជិតខ្លួនឯង បានទៅពួនក្នុងស្រទាប់ពពក លបបាញ់សរនាគបាស ចេញមកជានាគរុំព័ទ្ធទ័ពស្វា និងព្រះរាមព្រះលក្ស្មណ៍ ។ ពេលនោះ ពួកយ័ក្សត្រេកអរស្រែកជ័យឃោស ពាំនាំដំណឹងទៅថ្វាយក្រុងរាពណ៍ឲ្យជ្រាប ក្រុងរាពណ៍បានប្រើឲ្យសេនាខ្លួននាំយកបុស្បុកា ដែលអាចហោះបាន
ទៅនាំនាងសីតាបញ្ជិះមើលថាទ័ពព្រះរាមចាញ់នៅក្នុងដៃទ័ពយ័ក្សហើយ ដើម្បីឲ្យនាងសីតាព្រមធ្វើជាមហេសីក្រុងរាពណ៍ ។ គ្រុឌ ដែលត្រូវជាជំនិះរបស់ព្រះវិស្ណុ បានចុះមកយកអាសារព្រះវិស្ណុអវតា ដោយបានមកខាំដោះយកនាគនៅព័ទ្ធទ័ពស្វាចេញទៅអស់ ។
តាមរឿងរាមាយណៈបកដោយលោកធន់ ហ៊ិន សរនាគបាសនេះគឺព័ទ្ធទាំងព្រះរាម និងព្រះលក្ស្មណ៍ គឺដូចគ្នាបេះបិទទៅនឹងចម្លាក់រឿងរាមកេរ្តិ៍ត្រង់ឈុតនេះនៅប្រាសាទបាពួន ក៏ដូចជាចម្លាក់ផ្តែរនៅប្រាសាទគោកខ្វិត ដោយឡែកសម្រាប់រឿងរាមកេរ្តិ៍របស់ខ្មែរ ដែលមានជាគំនូរនៅវត្តព្រះកែវមរកត ក៏ដូចជារឿងរាមកេរ្តិ៍នៃតាចក់ និងរឿងរាមកេរ្តិ៍ដែលគេនិយមលើកយកមកសម្តែងក្នុងទម្រង់ល្ខោនស្បែក មានតែព្រះលក្ស្មណ៍ និងទ័ពស្វាមួយចំនួននោះទេដែលបានជាប់នឹងស.នាគបាស ដោយឡែកព្រះរាមមិនជាប់ស.នោះទេ ហើយព្រះរាមជាអ្នកបាញ់ព្រួញទៅអញ្ជើញសិម្ពលី ជាស្តេចគ្រុឌ ឲ្យនាំកងពលមកជួយរំដោះសរនាគបាស ចំណែកឯនាងសីតាបានហោះមកមើលនោះ មិនមែនក្រុងរាពណ៍បញ្ជូនមកនោះទេ តែមកពីព្រះនាងបួងសួងចង់មកឃើញថាតើព្រះរាមពិតជាក្ស័យជីវិត នៅក្នុងសង្គ្រាមជាមួយទ័ពយ័ក្សពិតមែនដែរឬទេ ។
តាមរយៈចំណុចនេះ យើងអាចឃើញពីចំណុចខុសគ្នានៃរឿងរាមកេរ្តិ៍ខ្មែរសម័យអង្គរ និងរឿងរាមកេរ្តិ៍ដែលស្ថិតនៅមានជីវិតក្នុងសង្គមខ្មែរបច្ចុប្បន្ន ។ រឿងរាមកេរ្តិ៍សម័យអង្គរមានចំណុចស៊ីគ្នាទៅនឹងរឿងរាមាយណៈឥណ្ឌាច្រើន ។













EmoticonEmoticon