រឿងដំបងក្រញូង ជារឿងរបស់ខ្មែរឬក៏ជារឿងរបស់មន?

រឿងដំបងក្រញូង ជារឿងរបស់ខ្មែរឬក៏ជារឿងរបស់មន ?

សម្រាប់និមិត្តរូបរបស់ខេត្តបាត់ដំបង មានមនុស្សភាគច្រើន
គឺស្គាល់ថាជារូបតាដំបងក្រញូង ដែលប្រវត្តិរបស់គាត់
មានជាប់ទាក់ទងទៅនឹងពង្សាវតារបែបព្រេងនិទានរបស់ខ្មែរ ។ រឿងនោះដំណាលអំពីមាណពម្នាក់ដែលរកស៊ីកាប់អុសកាប់ឈើនៅ
ក្នុងព្រៃ ជាមួយអ្នកភូមិផងជាមួយគ្នា តែដោយគាត់មានកំលាំងកំហែង
ខ្សោយជាងអ្នកដទៃ គេក៏ទុកឲ្យគាត់នៅដាំបាយសម្រាប់
អ្នកផ្សេងទៀតហូប ។ ថ្ងៃមួយពេលកំពុងដាំបាយ គាត់បានរើស
មែកឈើមួយយកមកកូរបាយ ធ្វើឲ្យបាយទៅជាខ្មៅ ដោយខ្លាច
ត្រូវមាត់អ្នកដទៃ គាត់ក៏ប្រឹងហូបបាយនោះរហូតដល់អស់
ក្រោយពីហូបបាយនោះអស់ គាត់ក៏ក្លាយទៅជាមនុស្សមានកម្លាំង
មហិមា អាចលើកដើមឈើធំមួយតែម្នាក់ឯងបាន ។ ក្រោយពីឃើញ
ថាខ្លួនឯងខ្លាំងក្លា និងអង់អាចបែបនេះ មាណពនោះក៏គិតចង់
ដណ្តើមអំណាចស្តេចផែនដី ដោយ បានជ្រែករាជ្យស្តេចអង្គមុន
នឹងយកខ្សែស្រលាយរាជវង្សអង្គមុន យកទៅសម្លាប់
សូម្បីតែស្ត្រីពោះធំក៏យកទៅដុត រហូតធ្វើឲ្យស្ត្រីពោះធំរាងចាស់ខែម្នាក់
ដែលជាមហេសីស្តេចអង្គមុន បានបន្សល់ទុកកូនប្រុសមួយ
នៅកណ្តាលភ្នក់ភ្លើង ហើយក្មេងនោះត្រូវភ្លើងរោលរហូតពិការ
ពេលធំឡើងគេហៅគាត់ថាព្រហ្មកិល ។ ស្តេចដំបងក្រញូង
បានឲ្យហោរាទស្សន៍ទាស ហើយដឹងថាខ្លួននឹងត្រូវកំចាត់ដោយ
ទេវបុត្រជិះសេះស. ដែលជាព្រហ្មកិល ហើយនៅពេលព្រហ្មកិលជិះ
សេះស.រំលងលើវាំងរបស់ស្តេចដំបងក្រញូង ស្តេចដំបងក្រញូង
ក៏ចោលដំបងនោះទៅលើ ហើយដំបងនោះក៏ធ្លាក់បាត់នៅទឹកដី
ខេត្តបាត់ដំបងសព្វថ្ងៃ ទើបបានជាមានឈ្មោះថាបាត់ដំបងដូច្នេះ ។

នៅសាធារណរដ្ឋប្រជាមានិតឡាវ មានខេត្តមួយឈ្មោះថាខេត្តខាំមួន
នៅទីនោះមានប្រវត្តិទាក់ទងនឹងស្តេចមួយអង្គមានព្រះនាមថាស្រីគោ
ត្របង ដែលមកដល់សព្វថ្ងៃ ក៏នៅមានចេតិយ និងមាន
ការសាងសង់ជារូបតំណាងនៅទីនោះផងដែរ ។ ប្រវត្តិរឿងព្រេងឡាវ
ទាក់ទងទៅនឹងស្រីគោត្របង គឺមានរឿងដំណាលប្រហាក់ប្រហែល
ទៅនឹងរឿងរបស់ដំបងក្រញូងរបស់ខ្មែរដែរ គឺមានមាណពម្នាក់
មានសុខភាពខ្សោយ ពេលចូលទៅកាប់អុស គេក៏ទូកឲ្យនៅដាំបាយ
ហើយគាត់ក៏បានរើសមែកឈើមួយយកមកកូរបាយ
ធ្វើឲ្យបាយឡើងខ្មៅ ហើយគាត់ក៏ហូបបាយនោះតែម្នាក់ឯង
ជាហេតុធ្វើឲ្យគាត់មានកម្លាំងខ្លាំងក្លា រហូតអាចឡើងដឹកនាំតំបន់មួយ
នៃខេត្តខាំមួនបច្ចុប្បន្ន ។ ស្រីគោត្របង បានរៀបអភិសេកនឹងបុត្រី
របស់ស្តេចនៅនគរនោះ តែស្តេចនោះតែងតែខ្លាចស្រីគោត្របង
ជ្រែករាជ្យរបស់ខ្លួន ទើបធ្វើឲ្យស្តេចនៃនគរនោះបានប្រើល្បិច
ហៅស្រីគោត្របងទៅចូលរួមពិធីមួយនៅក្នុងវាំងរបស់ខ្លួន
ហើយបានរៀបចំគន្លឹះជាលំពែងដែកនៅក្នុងបង្គន់ ពេលស្រីគោត្របង
ចូលទៅប្រើបង្គន់ ក៏ត្រូវលំពែងដែកនោះចាក់ពីគូទ
រហូតដល់ក្បាលស្លាប់មួយរំពេច ។ សាកសពរបស់ស្រគោត្របង
ត្រូវបានគេអូសទម្លាក់បណ្តែតចោលតាមទឹកទន្លេមេគង្គ
នៅពេលហូរមកដល់ខេត្តខាំមួន ប្រជាជននៅទីនោះស្គាល់ថាជា
អ្នកគ្រប់គ្រងរបស់ខ្លួន ក៏នាំគ្នាស្រង់សាកសពចេញពីទឹក
និងសាងជាចេតិយធំមួយតម្កល់សាកសពរបស់គាត់រហូតមក ។

មានឯកសារប្រវត្តិសាស្ត្រមួយចំនួនទៀត បាននិយាយថា
ស្រីគោត្របង គឺជារាជាណាចក្រព្រះពុទ្ធសាសនាមួយរបស់មន
ដែលមានអាណាបរិវេណនៅតំបន់ភូមិភាគឥសានរបស់ថៃ
គឺនៅខាងលើបន្តិចនៃខេត្តសុរិន្ទ ស្រីស្លកែត និងបុរីរម្យ
និងនៅភូមិភាគកណ្តាលរបស់ឡាវ ហើយរាជាណាចក្ររបស់មននោះ
គឺមានភាពរុងរោចន៍នៅសតវត្សទី ៥ និង ទី ៦ នៃគ្រឹស្តសករាជ
ដោយមូលដ្ឋានសំខាន់នៃរាជាណាចក្រ គឺស្ថិតនៅខេត្តនគរភ្នំ
ខាងឆ្វេងទន្លេមេគង្គ នៅក្នុងប្រទេសថៃសព្វថ្ងៃ និងស្ថិតនៅខេត្តខាំមួន
ខាងស្តាំទន្លេមេគង្គ នៅក្នុងប្រទេសឡាវសព្វថ្ងៃ ។ សិល្បៈ
វប្បធម៌របស់មនមួយចំនួននៅក្នុងតំបន់នោះ គឺមានអាយុកាលមុន
ឥទ្ធិពលនៃសិល្បៈ និងវប្បធម៌របស់ខ្មែរនៅតំបន់នោះទៅទៀត
ដែលនេះបង្ហាញអំពីការកាន់កាប់ទឹកដីនេះពីដំបូងដោយមន
ក្រោយមកដោយខ្មែរ និងបន្តដោយឡាវ និងថៃ ។

ងាកមកមើលខេត្តបាត់ដំបងវិញ នៅសម័យថៃគ្រប់គ្រងខេត្តនេះ
ដោយឲ្យខ្សែស្រលាយរបស់ស្តេចត្រាញ់ខ្មែរគ្រប់គ្រង
គឺឧកញ៉ាចៅហ្វាប៉ែន គ្រប់គ្រងតាំងពីចុងសតវត្សទី ១៨
រហូតដល់ដើមសតវត្សទី ២០ ។ នៅពេលនោះថៃហៅ
ខេត្តបាត់ដំបងថា ព្រះត្របង គឺមានឈ្មោះស្រដៀងគ្នានឹង
ស្រីគោត្របង ដែរ ប្រហែលពាក្យថា ត្របង នេះ គឺជាពាក្យមន
មានន័យថាដំបងហើយមើលទៅ ព្រោះថាពាក្យមានព្យាង្គតម្រួតជើង
«រ» ភាគច្រើន មិនមែនជាភាសាថៃ ឬឡាវ នោះទេ ។
គោរមងាររបស់ស្តេចត្រាញ់គ្រប់គ្រងតំបន់នោះពីបុរាណ មានងារថា
គទាធរ ឬបញ្ចេញសម្លេងជាភាសាថៃថា កថាថន
ដូចមានពាក្យហៅលោកម្ចាស់បច្ចឹម ដែលធ្លាប់គ្រប់គ្រងបាត់ដំបងថា
កថាថនឈុំ (ជុម) ។ ពាក្យថា គទាធរ នេះ ជាភាសាសំស្ក្រឹត
មានន័យថា អ្នកកាន់ដំបង ឬក៏អ្នកដែលប្រើដំបងជាអាវុធ ហើយ
គទាធរ នេះ គឺជាឈ្មោះមួយរបស់តួអង្គ ភីមៈ ជាត្រកូលបណ្ឌវៈ
នៅក្នុងរឿងមហាភារតៈយុទ្ធ ដោយសារតែភីមៈ ជាអ្នកជំនាញ
ខាងប្រើដំបង ។ ខ្ញុំមិនដឹងថាគោរមងារ គទាធរ នេះ មានមកតាំងពី
ពេលណានោះទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាការដាក់គោរមងារឲ្យ
អ្នកគ្រប់គ្រងខេត្តខណ្ឌពីបុរាណ តាមឈ្មោះនៃមេទ័ព ឬក៏តួអង្គ
សំខាន់នៅក្នុងរឿងមហាភារតៈ គឺមាននៅក្នុងសង្គមខ្មែររហូតដល់
ដើមសម័យអណានិគមបារាំង ជាក់ស្តែងគឺឈ្មោះឧកញ៉ា អរជូន
ឬអរជុន នៅខេត្តត្បូងឃ្មុំ ដែលងារនេះយើងឃើញថាមាននៅក្នុង
រឿងទុំទាវ តាំងតែពីសម័យលង្វែក ហើយអរជុននេះ
ចាត់ទុកជាតួអង្គដ៏សំខាន់បំផុតមួយនៅក្នុងរឿងមហាភារតៈ
ហើយនេះគ្រាន់តែជាឧទាហរណ៍មួយនៃការប្រើឈ្មោះតួអង្គនៅក្នុង
រឿងមហាភារតៈយកមកតាំងជាគោរមងារនៅក្នុងការគ្រប់គ្រងខេត្
តខណ្ឌរបស់ខ្មែរតាំងអំពីបុរាណកាលមក ។

ទោះជាយ៉ាងណា ក៏ខ្ញុំមិនហ៊ានសន្និដ្ឋានយ៉ាងប្រាកដប្រជាថា
រឿងតាដំបងក្រញូង គឺជារឿងដែលកើតឡើងនៅក្នុងប្រវត្តសាស្ត្រខ្មែរ
ឬក៏ប្រវត្តិសាស្ត្ររបស់មននោះដែរ វាបានក្លាយទៅជារឿងនិទានរួមគ្នា
នៃជាតិសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោករួចទៅហើយ
គឺមិនខុសគ្នាអំពីរឿងធនញ្ជ័យនោះទេ ។






EmoticonEmoticon