ភីស្មៈ

ភីស្មៈ
សច្ចភាព និងការលះបង់ដ៏ធំធេង របស់ភិស្មៈ ត្រូវបានអ្នកប្រវត្តិសាស្ត្របានបញ្ចេញមតិថា មនុស្សដែលមានឈ្មោះថាភីស្មៈនេះ មិនមានពិតប្រាកដនោះទេ នៅក្នុងប្រវត្តិសាស្ត្រ ព្រោះថាមនុស្សនៅលើលោកយើងនេះ នៅមានគំនិតទុទិដ្ឋិនិយមខ្លាំងណាស់ មិនអាចមាននរណាគេមានការលះបង់យ៉ាងខ្ពស់ឲ្យដូចភីស្មៈនោះទេ ។
ភីស្មៈគឺជាបុត្ររបស់ស្តេចសាន្តនុ នៃក្រុងហស្តិនបុរៈ ដែនកុរុ និងព្រះម៉ែគង្គា
ភីស្មៈគឺជាតួអង្គសំខាន់ម្នាក់ផងដែរនៅក្នុងមហាកាព្យរឿងមហាភារតៈយុទ្ធ ព្រោះថាភីស្មៈគឺជាជីតា ទាំងខាង ត្រកូលកុរវៈ និងត្រកូលបណ្ឌវៈ ដែលមានជម្លោះនឹងគ្នា រហូតឈានទៅដល់មានសង្គ្រាមរាំងជលរវាងបងប្អូនឯង ។
ភីស្មៈគឺជាព្រះរាជឱរសតែម្នាក់គត់ដែលគួរតែត្រូវបានឡើងសោយរាជ្យជាមហាក្សត្រនៃនគរហស្តិនបុរៈ តែដោយសារព្រះបិតារបស់ទ្រង់លួចស្រឡាញ់កូនស្រីអ្នកនេសាទ (ដូចចម្រៀងរបស់ស៊ិនស៊ីសាមុត ហាហា) គឺនាងសត្យាវតី ដែលនាងបានដាក់ល័ក្ខខ័ណ្ឌថ្វាយស្តេចសាន្តនុថា នាងព្រមរៀបអភិសេកជាមួយនឹងស្តេចសាន្តនុ លុះត្រាណាតែស្តេចសាន្តនុ យល់ព្រមឲ្យបុត្ររបស់នាងឡើងធ្វើជារាជទាយាទឡើងសោយរាជ្យតែប៉ុណ្ណោះ ។ ដោយសារតែស្តេចសាន្តនុ មានរាជឱរសសម្រាប់គ្រងរាជបន្តរួចទៅហើយ គឺភីស្មៈ ដែលជាក្សត្រប្រកបដោយទសពិធរាជធម៌ ស្តេចសាន្តនុ មិនហ៊ានយករឿងនេះទៅគិតគូរទេ តែព្រះអង្គកើតទុក្ខរីងរៃ ស្គមស្គាំង ។ ភីស្មៈកើតសង្ស័យ ក៏លួចទៅស៊ើបសួរពីពួកមន្ត្រីស្និទ្ធនឹងព្រះបិតា ទើបដឹងរឿង ហើយបានលួចទៅជួបអ្នកនេសាទ ដោយព្រមស្បថចំពោះអ្នកនេសាទថាខ្លួននឹងមិនព្យាយាមដណ្តើមរាជបល្ល័ង្កឡើងសោយរាជ្យនោះទេ ហើយអ្នកនេសាទក៏ទាមទារឲ្យភីស្មៈមិនត្រូវមានមហេសីនោះទេ ភីស្មៈក៏ព្រមទៅនឹងសំណើរនោះដែរ ហើយភីស្មៈក៏ស្បថថានឹងនៅថែរក្សាបុត្ររបស់នាងសត្យាវតី និងជួយមើលការខុសត្រូវដែនកុរុ រហូតដល់អស់ជីវិត ។ បន្ទាប់ពីនោះភីស្មៈក៏បានពាំនាំដំណឹងនោះទៅថ្វាយព្រះបិតា ស្តេចសាន្តនុ មានការស្ងើចសរសើរយ៉ាងខ្លាំងនូវការលះបង់ដ៏ខ្ពង់ខ្ពស់របស់រាជបុត្ររបស់ទ្រង់ ព្រះអង្គបានប្រទានពរឲ្យភីស្មៈថា ភីស្មៈនឹងមិនអស់ព្រះជន្មនោះទេ ប្រសិនបើភីស្មៈមិនព្រមទទួលមរណៈកាលដោយខ្លួនឯង ។
ភីស្មៈមិនធ្លាប់រៀបអភិសេកជាមួយនឹងស្ត្រីណានោះទេ តែនៅគ្រាមួយនោះភីស្មៈបានទៅពង្រត់បុត្រីរបស់ស្តេចកាសីបីអង្គ យកមកធ្វើជាមហេសីឲ្យវិចិត្រវិរយៈ ដែលត្រូវជាព្រះអនុជ និងត្រូវជាបុត្រារបស់នាងសត្យាវតី បុត្រីស្តេចកាសីទាំងបីអង្គនោះមានឈ្មោះថា នាងអមផា នាងអមផិកា (ជាមាតារបស់ធ្ឬតរាស្ត្រ ជាស្តេចពិការភ្នែក និងជាបិតារបស់ត្រកូលកុរវៈ) និងអមផាលិកា (ជាមាតារបស់បណ្ឌុ ដែលជាបិតារបស់ត្រកូលបណ្ឌវៈ) ដោយសារតែស្តេចកាសីធ្លាប់ជាប់ពាក្យសម្តីនឹងស្តេចនគរហស្តិនបុរៈថា នឹងលើកបុត្រីថ្វាយខ្សែរាជវង្សនគរហស្តិនបុរៈ តែនៅពេលធ្វើពិធីជ្រើសរើសកូនកម្លោះសម្រាប់អភិសេកជាមួយបុត្រីរបស់ខ្លួន ស្តេចកាសីបែជាមិនបាន អញ្ជើញនគរហស្តិនបុរៈទៅចូលរួមទៅវិញ ។ នៅពេលចាប់យកមកហើយនោះ នាងអមផា បានប្រាប់ទៅភីស្មៈថា នៅពេលដែលភីស្មៈចាប់ខ្លួនមកនោះ នាងអមផា កំពុងរៀបពីធីអភិសេកជាមួយនឹងស្តេចសលវៈ ដែលជាគូស្នេហ៍នឹងនាង គ្រប់គ្នារួមទាំងភីស្មៈ ព្រះនាងសត្យាវតី និងវិចិត្រវីរយៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបឲ្យភីស្មៈនាំនាងត្រឡប់ទៅប្រគល់ថ្វាយស្តេចសលវៈវិញ តែស្តេចសលវៈមិនព្រមយក ដើម្បីឲ្យខ្លួនត្រឡប់មកជាស្ត្រីមានកិត្តិយសវិញ នាងក៏ស្នើសូមឲ្យភីស្មៈរៀបអភិសេកជាមួយនាង តែភីស្មៈមិនអាចធ្វើទៅបាន ព្រោះព្រះអង្គធ្លាប់សម្បថថានឹងមិនយកមហេសីនោះទេ ។ នាងអមផាបានទៅសូមឲ្យបរសុរាម ជាគ្រូរបស់ភីស្មៈមកជួយ ភីស្មៈក៏នៅតែប្រកែក បរសុរាម ក៏ធ្វើចម្បាំងនឹងភីស្មៈ មិនឈ្នះមិនចាញ់ ភីស្មៈបម្រុងនឹងប្រើវិជ្ជាប្រល័យលោករបស់ខ្លួន តែត្រូវបានពួកទេវតាមកឃាត់ ហើយបានបញ្ចប់ជម្លោះនោះទៅ ។ នាងអមផាមិនសុខចិត្តក៏ទៅធ្វើតបៈបួងសួងឲ្យព្រះជួយ ព្រះស្កន្តជាបុត្ររបស់ព្រះសិវៈ និងជាអាទិទេពខាងចម្បាំងក៏បានផ្តល់កម្រងផ្កាមួយឲ្យនាងអមផា ហើយប្រាប់នាងឲ្យប្រគល់កម្រងផ្កានេះទៅឲ្យបុរសណាម្នាក់ពាក់ បុរសនោះនឹងអាចសម្លាប់ភីស្មៈបាន មិនមាននរណាព្រមពាក់កម្រងផ្កានោះទេ នាងអមផាអស់សមត្ថភាពនឹងដើររកអ្នកជួយ នាងក៏សុខចិត្តទៅហាត់វិជ្ជាបាញ់ព្រួយ ហើយសូមច្បាំងតទល់ជាមួយនឹងភីស្មៈ តែភិស្មៈមានតំណមមិនលើកដៃធ្វើបាបមនុស្សស្រីនោះទេ ។ ដោយកាន់តែអស់សង្ឃឹមនាងក៏សម្រេចចិត្តធ្វើតបៈម្តងទៀត ម្តងនេះព្រះសិវៈក៏ចេញមកប្រទានពរឲ្យនាងកើតមកជាតិក្រោយជាមនុស្សប្រុស ក្រោយពីបានពរពីព្រះសិវៈភ្លាម នាងទ្រាំមិនបាន នាងក៏ដុតខ្លួនឯងដើម្បីឆាប់ស្លាប់នឹងអាលបានទៅកើតជាមនុស្សប្រុសមកសម្លាប់ភីស្មៈ ។
នាងអមផា បានទៅកើតនឹងត្រកូលក្សត្រមួយ ជាបុត្រី ដោយនាងនៅចាំជាតិ និងតូចចិត្តដោយមិនបានកើតជាមនុស្សប្រុសដូចប្រាថ្នា នាងក៏រត់ចូលទៅក្នុងព្រៃបម្រុងនឹងសម្លាប់ខ្លួន តែនាងបានជួបនឹងយក្សមួយ យក្សនោះក៏យល់ព្រមប្តូរភេទនឹងនាង បន្ទាប់ពីប្តូរភេទរួចហើយ នាងអមផាក៏បានទៅចូលដៃក្នុងសង្គ្រាមមហាភរតៈយុទ្ធ ដោយនៅឈរខាងត្រកូលបណ្ឌវៈ ដែលច្បាំងនឹងត្រកូលកុរវៈ ដែលមានមេទ័ពធំគឺភីស្មៈ ។
នៅក្នុងសង្គ្រាមមហាភារតយុទ្ធនោះ ភីស្មៈគឺជាមេទ័ព ភីស្មៈបានសន្យានឹងទុរយោធន៍ថាក្នុងមួយថ្ងៃព្រះអង្គនឹងសម្លាប់កងទ័ពខាង បណ្ឌវៈចំនួន មួយម៉ឺននាក់ បើទោះបីជាភីស្មៈជាតានៃត្រកូលទាំងពីរ ហើយស្ថិតនៅក្នុងស្ថានការណ៍ថាស្លាក់ខ្ជាក់ស្លែងយ៉ាងណាក៏ដោយ ក៏ភីស្មៈនៅតែជួយត្រូលកុរវៈ ដែលជាជនមិនត្រឹមត្រូវ ជនទុច្ចរិត ព្រោះថាភីស្មៈបានស្បថហើយថានឹងរក្សារាជបល្ល័ង្ករបស់ក្រុងហស្តិនបុរៈ ។ ដោយពុំមានអ្នកណាអាចបំបាក់ស្បាថភីស្មៈបាន ព្រះក្រឹស្ណៈដែលធ្វើជានាយសារថី ឲ្យមេទ័ពអ៌ជូន នៅខាងត្រកូលបណ្ឌវៈ បានប្រើល្បិចឲ្យនាងអមផា ចេញមុខច្បាំងនឹងភីស្មៈ ដោយសារភីស្មៈមិនប្រយុទ្ធនឹងមនុស្សស្រី ភីស្មៈក៏ត្រូវគ្រាប់ព្រួយរបស់អ៌ជូនបាញ់ចាក់សុះខ្លួនធ្លាក់ដួលដេកលើដី ដូចដេកលើគ្រែព្រួញ តែភីស្មៈមិនបានស្លាប់នោះទេព្រោះភីស្មៈបានទទួលពរថាទាល់តែភីស្មៈសុខចិត្តអស់ជីវិតដោយខ្លួនឯងទើបភីស្មៈស្លាប់ ភីស្មៈរង់ចាំទាល់តែព្រះអាទិត្យគោចរណ៍មកកាន់អឌ្ឍគោលខាងជើងវិញ ដែលជាដើមនៃរដូវផ្ការីក ទើបភីស្មៈសុខចិត្តស្លាប់ ដោយក្តាប់មាត់ជាប់ ដោយសេចក្តីឈឺចាប់ទាំងផ្លូវកាយ និងចិត្ត នៅពេលដែលឃើញចៅរបស់ខ្លួនវាយសម្លាប់គ្នា ។





EmoticonEmoticon