ពាលី ប្រយុទ្ធនឹង ទូភី

ពាលី ប្រយុទ្ធនឹង ទូភី
ពាលី ត្រូវជាបងរបស់សុគ្រីព ចំណែកឯទូភី ត្រូវជាកូនរបស់មហឹង្សារាជ បើតាមរឿងរាមកេរ្តិ៍និទានដោយតាចក មហឹង្សារាជ គឺជាកូនរបស់ព្រះឥសូរ គឺនៅពេលដែលព្រះឥសូរគេចមុខពីអាគាំងមារសូរ ដែលមានម្រាមចង្អុលពេជ្រ អាចចង្អុលនរណាក៏បានឲ្យខ្ទាតចេញពីចក្រវាឡនោះ ព្រះឥសូរក៏បានកាឡាខ្លួនជាសត្វក្របីចូលទៅក្នុងហ្វូងក្របីមួយ ហើយបានដោយញីឈ្មោលជាមួយនឹងក្របីញីមួយ បានកូនក្របីឈ្មោលឈ្មោះថាមហឹង្សារាជ។

មហឹង្សារាជពេលធំពេញវ័យឡើងបានជល់សម្លាប់ក្របីឈ្មោលក្នុងហ្វូងចោលទាំងអស់ ហើយប្រសិនបើមេក្របីញីណាកើតកូនមកជាកូនឈ្មោល នោះមហឹង្សារាជនឹងសម្លាប់កូននោះចោល ពេលនោះមានមេក្របីមួយ ដោយដឹងពីអការៈទម្ងន់របស់ខ្លួន ថានឹងកើតបានកូនក្របីឈ្មោល វាក៏រត់ចេញពីហ្វូងទៅរស់នៅដាច់សង្វែងតែឯង ហើយក៏កើតបានកូនក្របីឈ្មោលមួយឈ្មោះថា ទូភី ម្តាយរបស់ទូភីក៏បាននិយាយប្រាប់កូនពីរឿងទាំងនោះ ទូភីចង់ទៅសងសឹកសម្លាប់មហឹង្សារាជ តែម្តាយឃាត់ ថាចាំធំពេញកម្លាំងចាំទៅ ម្តាយទូភី បង្វឹកទូភីឲ្យស៊ីស្មៅមួយថ្ងៃ ៧វាល ផឹកទឹកមួយថ្ងៃ ៧ត្រពាំង ។ ទូភីតែងតែយកជើងវាទៅធៀបនឹងដានជើងមួយរបស់ឪវា ដែលបន្សល់ទុកនៅក្នុងមាត់ល្អាងដែលវារស់នៅ វារង់ចាំទាល់តែពេលណាដែលវាមានជើងទំហំប៉ុនឪរបស់វា វានឹងចេញទៅជល់គ្នានឹងឪវាតែម្តង នៅក្នុងភាសាខ្មែរ ក៏មានពាក្យមួយនិយាយថា «កូនមានបាតដៃបាតជើងធំប៉ុនឪពុកម្តាយហើយ និយាយអ្វីក៏វាមិនស្តាប់ដែរ» ដែលពាក្យនេះ ប្រហែលមានប្រភពពីរឿងទូភីនេះឯង ។ ទូភីបានទៅជល់ឈ្នះសម្លាប់មហឹង្សារាជជាឪពុក វាបានចិត្ត ដើរទៅរករឿងអ្នកដទៃៗទៀតមិនឈប់ រហូតដល់ទៅជល់ជាមួយភ្នំហេមពាន្ត ភ្នំហេមពាន្ត ក៏បានណែនាំឲ្យវាទៅប្រយុទ្ធនឹងពាលី ជាស្តេចនគរខាស់ខិនបុរី ដែលវាត្រូវបានពាលីសម្លាប់នៅក្នុងល្អាងភ្នំមួយ។


EmoticonEmoticon