ព្រះនាងទុគ៌ាសម្លាប់ក្របី មហឹង្សាសុរា

ព្រះនាងទុគ៌ាសម្លាប់ក្របី មហឹង្សាសុរា
មហឹង្សាសុរា គឺជាបុត្ររបស់ស្តេចនៃពពួកអសុរា ជាមួយនឹងម្ចាស់ក្សត្រី មហឹង្សី ដែលព្រះនាងត្រូវបណ្តាសាឲ្យកើតទៅជាក្របី ជាហេតុធ្វើឲ្យមហឹង្សាសុរាអាចប្រែកាឡាខ្លួនបានទាំងជាអសុរា និងសត្វក្របី ។ ដោយការបូជាចំពោះព្រះព្រហ្ម មហឹង្សាសុរាបានទទួលពរពីព្រះព្រហ្ម ដោយមិនអាចឲ្យមានមនុស្សប្រុស ឬក៏អាទិទេពប្រុសណាម្នាក់អាចសម្លាប់ ឬយកឈ្នះវាបាននោះទេ ។

បន្ទាប់ពីបានទទួលពរពីព្រះព្រហ្ម មហឹង្សាសុរាក៏បានទៅរករឿងស្ថានទេវលោក ដោយសារព្រះឥន្ទ្របានសម្លាប់ឪពុករបស់វា ព្រះឥន្ទ្រ និងពពួកទេវតា មិនអាចតទល់ទៅនឹងទ័ពរបស់មហឹង្សាសុរាបាននោះទេ ពួកគេក៏ទៅសូមជំនួយពីត្រីមូតិ គឺ ព្រះវិស្ណុ ព្រះព្រហ្ម និងព្រះសិវៈ ។ ត្រីមូតិ ក៏បង្កើតបានជាកម្មរស្មីរួមគ្នាមួយ ដែលបានក្លាយទៅជា ទេពធីតាមួយអង្គ ដែលមានដៃរាប់មិនអស់ (ដូចម៉ឹក ហាហា) គឺព្រះនាងទូគ៌ា ហើយ ទេពផ្សេងៗក៏បានផ្តល់ជូនព្រះនាងនូវជំនិះជាសត្វតោ ដែលផ្តល់ដោយស្តេចហេមពាន ព្រះសិវៈបានផ្តល់ជាលំពែងមុខបី (ច្បូក) ព្រះវិស្ណុបានផ្តល់ជាកងចក្រ ព្រះព្រហ្មបានផ្តល់ជាកុន្ទី (កំសៀវទឹក) និងផ្គាំ (គ្រាប់អង្កាំភាវនា) ព្រះមរុត (ទេពនៃព្យុះ) បានផ្តល់ជាធ្នូ និងផ្លែព្រួញ ព្រះឥន្ទ្របានផ្តល់ជាកាំរន្ទះ ព្រះពិរុណបានផ្តល់ជាខ្យងសង្ខ ព្រះអគ្គីបានផ្តល់ជាព្រួញ ព្រះពាយបានផ្តល់ជាអន្ទាក់ ព្រះសូរិយា បានផ្តល់ជាកម្លាំងពន្លឺព្រះអាទិត្យចំនួន មួយម៉ឺន ចូលទៅក្នុងខ្លួនរបស់ព្រះនាងទូគ៌ា ព្រះរុទ្រ និងព្រះវិរភទ្រា បានផ្តល់ជាខែល ដាវ និងដាវខ្លី ព្រះយមបានផ្តល់ជាខ្សែចំណង ព្រះវិស្វកម្ម និងព្រះកុវេរៈ ផ្តល់ជាពូថៅ ផ្កាឈូក ផ្គាក់ លំពែង ដាវវែង វជ្រា ចប ដំបង រំពាត់ កំបិត ច្បូក និងសត្វពស់ ។ បន្ទាប់ពីនោះពួកគេបានស្នើឲ្យព្រះនាងទៅសម្លាប់ មហឹង្សាសុរា ព្រះនាងក៏បានចេញទៅធ្វើសង្គ្រាមយ៉ាងយូរជាមួយទ័ពអសុរា រហូតដល់សម្លាប់មហឹង្សាសុរាបាន ។ មហឹង្សាសុរា ត្រូវបានអ្នកខ្លះគិតថាជាពួកដ្រាវីដ ដែលជាជនជាតិដើមនៅឥណ្ឌា ហើយសង្គ្រាមនេះ បង្ហាញអំពីការលុកលុយចូលរបស់ពួកអារ័ន្យចូលមកក្នុងទឹកដីឥណ្ឌា ។






EmoticonEmoticon