អត្ថបទដែលខ្ញុំនឹងលើកឡើងនេះគឺគ្រាន់តែជាអត្ថបទសាកល្បង
ដើម្បីជាគំនិតផ្ទុញទៅនឹងទស្សនៈរបស់ជនជាតិខ្មែរមួយចំនួន
ដែលតែងតែយល់ថាបន្ទាយលង្វែកគឺជាបន្ទាយដ៏រឹងមាំ
ហើយការបែកបន្ទាយលង្វែក គឺជាការបាត់បង់ឃ្លាំងវប្បធម៌
សំខាន់បំផុតមួយរបស់ខ្មែរ ។
បន្ទាយលង្វែងតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ចំងាយប្រហែល
៥០គីឡូម៉ែត្រពីក្រុងភ្នំពេញ និងមានចំងាយមិនឆ្ងាយប៉ុន្មាន
នោះទេពីទីប្រជុំជនឧដុង្គ តាមផ្លូវជាតិលេខ ៥ សព្វថ្ងៃច្រកចូល
ទៅបន្ទាយលង្វែកពីផ្លូវជាតិលេខ ៥ គេអាចសម្គាល់តាមក្លោងទ្វារ
របស់វត្តត្រឡែងកែង ។
បន្ទាយលង្វែកត្រូវបានសាងឡើងនៅចុងទសវត្សឆ្នាំ ១៥២០
ដោយស្តេចចន្ទរាជា ឬបរមរាជាទី ១ ក្រោយពីការកម្ចាត់ស្តេច
ជ្រែករាជ្យ គឺស្តេចកន ការជ្រើសរើសទីតាំងបន្ទាយនៅក្នុង
ខេត្តកំពង់ឆ្នាំងនោះ ក៏ព្រោះតែនៅទីនោះមានបន្ទាយមួយ
នៅពីទិសពាយព្យសំរាប់ការពារទ័ពសៀម គឺបន្ទាយបរិបូរណ៍
ដែលក៏ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងដូចគ្នា ។ បន្ទាយលង្វែក
មានស្តេច ៤អង្គសោយរាជ្យបន្តបន្ទាប់គ្នា គឺបរមរាជាទី១
(ត្រូវជាចៅទួតរបស់ព្រះបាទពញាយ៉ាត) បរមរាជាទី ២
(បុត្របរមរាជាទី ១) ព្រះបាទសត្ថា (បុត្របរមរាជាទី ២)
និងព្រះបាទជ័យជេដ្ឋា (បុត្រព្រះបាទសត្ថា) ។ បន្ទាយលង្វែក
មានអាយុកាលមិនដល់ ៦០ឆ្នាំផង គឺនៅពាក់កណ្តាលទសវត្ស
ឆ្នាំ ១៥៨០ បន្ទាយនេះត្រូវវាយបែក ដោយទ័ពសៀមដឹកនាំដោយ
ស្តេចនរេសូរ ជាព្រះឧបយោរាជ និងជាបុត្ររបស់ស្តេចធម្មរាជា
ព្រះចៅក្រុងស្រីអយុធ្យា ។
បន្ទាយលង្វែកមានរាងជាក្រឡាចត្រង្គ ទំហំប្រហែល ២គីឡូ
បួនជ្រុង ដោយជ្រុងទិសខាងកើតជាប់នឹងទន្លេសាប
ឯជ្រុងបីផ្សេងទៀត មានកំពែងធម្មជាតិឬស្សីពីខាងក្រៅ
បន្ទាប់មកគឺគូទឹកដែលមានទទឹងប្រហែល ៦ ទៅ ៨ម៉ែត្រ
និងបន្ទាប់មកគឺកំពែងដី មានកំពស់ ប្រហែល ៣ ទៅ ៤ ម៉ែត្រ
និងទទឹងផ្នែកខាងក្រោមប្រហែល ៥ ទៅ ៦ ម៉ែត្រ ដោយ
កំពែងដីនោះគឺធ្វើឡើងពីដីដែលលើកចេញពីគូទឹកនៅក្បែរនោះ ។
កាលពីចាប់ផ្តើមសាងបន្ទាយភ្លាម គឺពុំមានកំពែងឬស្សីនោះទេ
តែនៅពេលសាងបន្ទាយរួច ស្តេចចន្ទរាជាបានយាងទៅអង្គរវត្ត
តាមផ្លូវបានជួបនឹងបុរសចំនាស់ម្នាក់ គាត់បានទាយថ្វាយ
ស្តេចចន្ទរាជាថា មិនយូរទ័ពសៀមនឹងលើកមកវាយលង្វែក
ជាមិនខាន តានោះត្រូវបានស្តេចប្រទានងារជាពញាដែក
គាត់បានប្រាប់ស្តេចចន្ទរាជាឲ្យពង្រឹងភាពរឹងមាំរបស់បន្ទាយលង្វែក
ដោយឮពាក្យទំនាយនោះស្តេចចន្ទរាជាក៏បញ្ជាឲ្យគេដាំឬស្សីបន្ថែមពី
ខាងក្រៅគូទឹក និងកំពែងដី ។
បើតាមយុទ្ធសាស្ត្រយើងឃើញថាកំពែងឬស្សីដែលដាំខាងក្រៅគូទឹក
នៃបន្ទាយលង្វែកនេះ វាមិនមែនជាកំពែងការពារនោះទេ
តែវាបានប្រែក្លាយបន្ទាយលង្វែកពីបន្ទាយសម្រាប់តទល់សត្រូវ
ឲ្យក្លាយទៅជាបន្ទាយដែលមិនអាចតទល់សត្រូវបាន គឺប្រើបាន
តែជាបន្ទាយសម្រាប់ការពារតែម៉្យាងគត់ ព្រោះថាកម្រាស់
និងកំពស់របស់ព្រៃឬស្សីដែលដាំជុំវិញបន្ទាយមិនអាចឲ្យទ័ព
នៅក្នុងបន្ទាយវាយតទល់ ឬក៏ប្រឈមមុខជាមួយខ្មាំងសត្រូវ
ដែលនៅព័ទ្ធពីខាងក្រៅបន្ទាយនោះទេ ។ បើទោះបីជាគ្មាន
ការបាចប្រាក់ដួងរបស់សៀម ក៏បន្ទាយនោះគង់តែត្រូវសៀម
វាយបែកនោះដែរ ព្រោះស្តេចនរេសូរ បានបញ្ជាឲ្យទាហានសៀម
យកជ័រទឹក ទៅជះលើព្រៃឬស្សីហើយដុត ជាហេតុបង្ករឲ្យមាន
ចលាចល បាក់ទ័ពរបស់ទ័ពខ្មែរនៅក្នុងបន្ទាយលង្វែក ។
ចំណុចមួយទៀត បន្ទាយលង្វែកស្ថិតនៅគៀកនឹងសៀមពេក
ហើយមានបន្ទាយតែមួយប៉ុណ្ណោះរាំងពីមុខបន្ទាយលង្វែក
គឺបន្ទាយបរិបូរណ៍ ចំណែកខេត្តជារនាំងឲ្យបន្ទាយលង្វែក
គឺមានតែខេត្តពោធិ៍សាត់មួយទេ (កាលណោះខេត្តបាត់ដំបង
គឺគ្រាន់តែជាផ្នែកមួយរបស់ខេត្តពោធិ៍សាត់ប៉ុណ្ណោះ) ព្រោះថា
បច្ចឹមបុរី (សព្វថ្ងៃបានបែងចែកជាខេត្តប្រាចីនបុរី ស្ទឹងជ្រៅ និងស្រះកែវ) ត្រូវបានធ្លាក់ទៅជាខេត្តរបស់សៀមតាំងពីមុន
សម័យលង្វែកមកម្លេះ ។ ខេត្តធំផ្សេងទៀតរបស់ខ្មែរកាលពី
សម័យនោះមានដូចជាខេត្តកំពង់ស្វាយ (គ្រប់គ្រងលើខេត្តកំពង់ធំ សព្វថ្ងៃ និងសៀមរាប) ខេត្តកំពង់ចាម (ដឹកនាំដោយឧកញ៉ាអរជូន) ខេត្តបាភ្នំ
និងខេត្តបាទី (ខេត្តតាកែវ និងខេត្តទ្រាំង) សុទ្ធសឹងជា
ខេត្តដែលនៅពីកើត និងពីត្បូង មិនអាចការពារសត្រូវ មកពីលិច
ឬពាយ័ព្យបាន សូម្បីតែលើកទ័ពមកជួយក៏មិនទាន់ ។
បន្ថែមពីលើភាពមិនរឹងមាំនៃបន្ទាយលង្វែកហើយនោះ ភាពមិនមាន
សាមគ្គីគ្នារបស់ថ្នាក់ដឹកនាំនៅសម័យនោះ ក៏ជាមូលហេតុមួយ
ជំរុញឲ្យប្រទេសជាតិកាន់តែធ្លាក់ជ្រោះ ស្តេចសត្ថា ដោយសារ
ច្រណែននឹងប្រជាប្រិយភាពរបស់ព្រះអនុជរបស់ព្រះអង្គ គឺ ព្រះស្រីសុរិយោពណ៌ ដែលជាមេទ័ពនោះ បានផ្ទេររាជ្យសម្បត្តិ
ទៅឲ្យបុត្ររបស់ខ្លួន គឺព្រះបាទជ័យជេដ្ឋា ឲ្យឡើងសោយរាជ្យ
នៅអាយុ ១១ ឆ្នាំ និងលើកអង្គតន់ជាអនុជ ឲ្យធ្វើជាឧបរាជ
ក្នុងអាយុ ៦ ឆ្នាំ ព្រោះព្រះសត្ថាខ្លាចរាជ្យសម្បត្តិត្រូវធ្លាក់ទៅ
ព្រះស្រីសុរិយោពណ៌ ដោយសាររឿងនេះទើបធ្វើឲ្យមន្ត្រីរាជការ
មិនមានការពេញចិត្តនឹងចំណាត់តាំងនេះប៉ុន្មានទេ ។ គួរដឹង
ផងដែរថា ក្រោយបន្ទាយលង្វែកបែក ក្រុមមន្ត្រីអ្នកមុខអ្នកការខ្មែរ
ក៏បានយាងអញ្ជើញព្រះស្រីសុរិយោពណ៌ ដែលត្រូវចាប់ខ្លួន
ទៅក្រុងស្រីអយុធ្យា ឲ្យមកឡើងសោយរាជ្យនៅស្រុកខ្មែរវិញ
ហើយដោយមិនចង់នៅក្រោមសៀម ព្រះបាទស្រីសុរិយោពណ៌
ក៏បានទៅពឹងយួន ជាហេតុធ្វើឲ្យបុត្ររបស់ព្រះអង្គ គឺព្រះជ័យជេដ្ឋា
ទី ២ មានមហេសីជាបុត្រីស្តេចយួន ។
លង្វែកអាយុជិត ៦០ ឆ្នាំ តែសមិទ្ធិផលនៅក្នុងបន្ទាយលង្វែក
មិនមានច្រើនោះទេ នៅក្នុងបន្ទាយទំហំ បួនគីឡូម៉ែត្រការ៉េនេះ
មានវត្តតែបីទេ នេះបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ស្តេច
កាលពីសម័យនោះ ។
បន្ទាយលង្វែកដែលអាចគង់វង្សរហូតបានដល់ជិត ៦០ឆ្នាំនោះ
ក៏ដោយសារតែមូលហេតុមួយចំនួន ដែលមិនមែនមកពី
ភាពខ្លាំងរបស់ខ្មែរនៅសម័យនោះទេ គឺមកពី សត្រូវចាស់របស់ខ្មែរ
តាំងពីសម័យអង្គរ គឺចាម កំពុងស្ថិតនៅក្នុងស្ថានការណ៍
រលាយប្រទេស (ចាមរលាយប្រទេសទាំងស្រុងនៅប្រហែលសតវត្ស
ទី ១៧) ហើយពេលនោះយួនក៏កំពុងជាប់ដៃដណ្តើមទឹកដី
ចាមនៅឡើយ ដូច្នេះខ្មែរគ្មានសត្រូវពីកើតនោះទេ គឺមានតែសត្រូវ
ពីលិចគឺសៀម តែប្រទេសសៀមនៅពេលនោះក៏ជួបបញ្ហាច្រើនផងដែរ
គឺមានបញ្ហាក្នុងខ្សែរាជវង្ស ហើយនៅឆ្នាំ ១៥៥៥ ក្រុងស្រីអយុធ្យា
ត្រូវកងទ័ពភូមាដឹកនាំដោយស្តេចបាយិនណោង វាយបែក
និងដុតបំផ្លាញ ហើយបានលើកពញាពិស្ណុលោក គឺព្រះធម្មរាជា
ឲ្យឡើងមកគ្រប់គ្រងក្រុងស្រីអយុធ្យា ដោយពេលនោះសៀម
ត្រូវស្ថិតនៅក្រោមចំណុះភូមាជាងដប់ឆ្នាំ ។
ឆ្លៀតឱកាសសៀមធ្លាក់ដុនដាបនោះ ខ្មែរក៏បានលើកទ័ពទៅវាយ
សៀមបន្ថែម តែមិនដែលបានជោគជ័យនោះទេ ព្រោះថាខ្មែរ
មិនខ្លាំងនោះទេនៅសម័យនោះ មួយទៀតដោយខ្មែរត្រូវបានសៀម
បញ្ចុះបញ្ចូល ដោយយល់ព្រមកាត់ខេត្តមួយចំនួនឲ្យមកវិញ
និងធ្វើជាសម្ព័ន្ធមិត្តនឹងគ្នា រហូតដល់ពេលដែលសៀមរំដោះខ្លួន
រួចពីភូមា សៀមក៏បានវាយបកមកលើខ្មែរវិញ សងសឹកលើខ្មែរ
ចំពោះការដែលខ្មែរវាយសៀម នៅពេលសៀមមានបញ្ហា ។
ទាំងនេះគឺជាមេរៀនប្រវត្តិសាស្ត្រមួយដែលយើងគួរយល់ដឹង
និងមិនគួរផ្តោតតែលើហេតុផលដែលថាបន្ទាយលង្វែកបែក
ដោយសារប្រាក់ដួងនោះទេ ។
ខាងលើគឺជាកំពែងដី
ដែលនៅសេសសល់ បន្ទាប់ពីកំពែងទឹក ដែលសព្វថ្ងៃ មួយភាគក្លាយទៅជាវាលស្រែ
ហើយចំណែកកំពែងឬស្សីវិញ គឺមិនសេសសល់អ្វីនោះទេ សូមជម្រាបផងដែរថា ឬស្សី
ប្រសិនបើគេបំបៅកូនពីដើមតែមួយយកមកដាំ នៅពេលដែលវាគ្រប់អាយុត្រូវងាប់
គឺងាប់ទាំងដើមមេ និងដើមកូន ងាប់ដំណាលគ្នាតែម្តង
ហើយជាធម្មតាឬស្សីមានអាយុប្រហែល ៨០ឆ្នាំ ។ ទាល់តែឬស្សីដាំដោយគ្រាប់
ទើបវាមិនងាប់ដំណាលគ្នា
EmoticonEmoticon