ពិម្ពាពិលាប និពន្ធដោយអ្នកស្រីសិទ្ធ (១៨៨១ ដល់ ១៩៦៣)
សាច់កំណាព្យនៅក្នុងរឿងពិម្ពាពិលាប របស់អ្នកស្រីសិទ្ធមានដូចខាងក្រោម៖
«
ថ្វីបើនាងខឹងប្រឹងស្រែកជេរ
មិនទេមិនទើងខឹងសោះឡើយ
ប្ដីនាងត្រូវសរស្លាប់ទៅហើយ
នាងអើយគឺកម្មនាំសរទៅ ។
ចិត្តបងគ្មានប៉ងនឹងប្រមាថ
តែព្រួញវាផ្លាតខ្ទាតទៅត្រូវ
បងបាញ់សត្វសោះចុះឥឡូវ
ស្រីពៅនៅថ្វីព្រៃព្រឹក្សា ។
យំសោករកប្ដីអាល័យរស់
គឺមោះនឹងបានប្រាណស្នេហា
នេះទៅជាខ្មោចខូចអសារ
សោកាធ្វើអ្វីស្រីតាមបង ។
បងនេះជាស្ដេចសោយរាជរដ្ឋ
នាមព្រះព្រហ្មទត្តសោយរាជ្យផង
មានទាំងប្រាសាទស្អាតកន្លង
ជាច្បងលើសលប់ភពមនុស្សា ។
ពុំទាន់មានគូមកយូរឆ្នាំ
ជាកម្មនាំបងឲ្យយាត្រា
កម្មបងប៉ងបាញ់សត្វសកុណា
កម្មស្វាមីប្អូនប្រជួនគ្រោះ ។
កាំសរប្រហារជីវ៉ាក្ស័យ
កម្មបងអាល័យស្រីសមយស
កម្មប្អូនឲ្យក្ដៅសៅហ្មងមោះ
កម្មប្ដីអស់រស់ហើយមាសថ្លៃ ។
»
« ...
នាងកែវកិន្នរីស្រីមានលក្ខណ៍
ខឹងណាស់ស្ទើរធ្លាក់ថ្លើមរលួយ
ខឹងស្តីទង្គោះស្ទុះរញ្ជួយ
ដើមឈើជំនួយជំទែងជេរ ។
វើយស្តេចអបលក្ខណ៍ចិត្តយក្ខយង់
កុំមករារង់ប្រឹងរិះរេ
លួងចិត្តអញឥតអំពើទេ
ប្តីគេគេនៅមួយមួលគ្នា ។
មកកេងចង់បានប្រពន្ធគេ
ទទេតាមចិត្តឥតរួញរា
បាញ់ប្តីគេស្លាប់ត្រឡប់ជា
ក្លែងថាបាញ់សត្វផ្លាតទៅត្រូវ។
ស្លាប់ប្តីរំពៃចង់ប្រពន្ធ
មិនស្គាល់ទោសធ្ងន់ពន់ពេកកូវ
ទេពតាបរាមុខឥឡូវ
ស្លាប់ទៅនៅនានរកនាយ។
...»
អ្នកស្រីសិទ្ធជាកវីខ្មែរដែលមានទឹកដៃកំណាព្យដ៏វិសេស
រឿងមួយដែលអ្នកស្រីបាននិពន្ធជាកំណាព្យគឺរឿងពិម្ពាពិលាប
ពោរពេញទៅដោយពាក្យផ្ទួនរណ្តំបរិវាស័ព្ទ ហើយសាច់កំណាព្យ
ក៏បានបង្ហាញនូវអារម្មណ៍នៃតួនៅក្នុងរឿងបានយ៉ាងល្អ ។ រឿងពិម្ពាពិលាប
ជារឿងជាតកមួយ (បានន័យថាមិនមែនមានតែនៅស្រុកខ្មែរនោះ)
រៀបរាប់ពីប្តីប្រពន្ធមួយគូ ជាជនជាតិភាគតិចរស់នៅលើជ្រលងភ្នំហេមពាន
ប្តីប្រពន្ធទាំងពីរនាក់នោះស្រឡាញ់គ្នាណាស់តែងតែចេញរកទទួលទានជាមួយគ្នា
និងចំណាយពេលទំនេរនៅនែបនិត្យជិតគ្នាមិនដែលដាច់។ មានថ្ងៃមួយនោះ
មានស្តេចមួយអង្គបានយាងមកប្រម៉ាញ់សត្វនៅក្នុងព្រៃហេមពានដោយបានឃើញនាងជាប្រពន្ធស្អាត
ស្តេចមួយអង្គនោះក៏បានលួចបាញ់សម្លាប់ប្តីនាងហើយបានចែចង់យកនាងប្រពន្ធនោះ
តែត្រូវនាងប្រកែកយ៉ាងដាច់អហង្ការ ។រឿងនេះបញ្ចប់យ៉ាងណាខ្ញុំភ្លេចបាត់ទៅហើយ
មូលហេតុនេះហើយទើបខ្ញុំត្រូវរម្ឮកវាឡើងវិញបន្តិចព្រោះខ្ញុំរកប្រភពឯកសាររឿងពិម្ពាពិលាបមិនបាន។
Subscribe to:
Post Comments (Atom)
EmoticonEmoticon