ក្រុង ឡារ៉ូឆែល្ល La Rochelle

ក្រុងឡារ៉ូឆែល្ល តាំងនៅជាប់មហាសមុទ្ទអាត្លង់ទិច ស្ថិតនៅភាគកណ្តាលរបស់បារាំង នៅខាងលើពាមទន្លេការ៉ូនបន្តិច (ទន្លេដែលហូរកាត់ក្រុងទូលូ និងបកដូរ) ទីក្រុងនេះ ប្រើប្រៀបធៀបទៅ មានទំហំប្រហែលក្រុងកំពង់ចាម មិនធំប៉ុន្មានទេ មានប្រជាជនមិនដល់មួយសែននាក់ផង តែជាទីប្រជុំជនមួយដែលកើតមានតាំងពីឆ្នាំ ១០០០ នៃគ.ស ។ នៅអឺរ៉ុប នៅជាប់នឹងឆ្នេរមហាសមុទ្ទអាត្លង់ទិច តាំងពីបុរាណមិនសូវមានទីក្រុងធំៗប៉ុន្មានទេ នៅអង់គ្លេសក៏អញ្ចឹង នៅបារាំងក៏អញ្ចឹង នៅអេស្ប៉ាញក៏អញ្ចឹង ប៊ែលហ្សិក លើកលែងតែព័រទុយហ្កាល់ សួរថាមកពីមូលហេតុអ្វី?


មូលហេតុដំបូង ដែលងាយនឹងឆ្លើយតប គឺរឿងកង្វះទឹកសាប សម្រាប់ហូបចុក ក៏ដូចជាសម្រាប់ការងារកសិកម្ម តែវាគ្រាន់តែជាចម្លើយសមញ្ញមួយតែប៉ុណ្ណោះ មានរឿងមួយទៀតនៅពីក្រោយហ្នឹង គឺកាលពីសតវត្សទី ៨ ដល់ ១១ នៅតាមឆ្នេរសមុទ្ទនៅជាប់នឹងមហាសមុទ្ទអាត្លង់ទិច តែងតែមានការលុកលុយពីពួកកុលសម្ព័ន្ធមួយ ឈ្មោះថា វ៉ៃឃីង ដែលពួកគេរស់នៅភាគខាងជើងអឺរ៉ុប នៅលើទឹកដីប្រទេសណ័រវ៉េ ស៊ុយអែតសព្វថ្ងៃហ្នឹង នៅសម័យនោះអឺរ៉ុបក៏ស្ថិតនៅក្នុងយុគងងឹត ធ្វើសង្គ្រាមគ្នាទៅវិញទីមកដែរ ។ ពួកវ៉ៃឃីងហ្នឹង តែងតែជិះទូក សំពៅ ទៅប្លន់ទ្រព្យសម្បត្តិរបស់ពួកអង់គ្លេស បារាំង ជាដើម ជាហេតុបណ្តាលឲ្យពួកអឺរ៉ុបភាគកណ្តាល មិនសង់ទីក្រុងនៅក្បែរមាត់មហាសមុទ្ទ ព្រោះអីវាងាយនឹងរងការវាយលុកពីទ័ពជើងទឹក ទើបគេតម្រូវសង់ទីក្រុងធំៗ រាងចូលជ្រៅទៅក្នុងបន្តិច ហើយបានគេជីកព្រែក ជែកប្រឡាយ ឲ្យទូក សំពៅ អាចចូលទៅបាន ដូចជាក្រុងប្រុជ្ជ ហ្កង់ និងអង់វែប នៅប៊ែលហ្សិកជាដើម ក្នុងករណីដែលមានកង់ទ័ពជើងទឹកឈ្លានពាន គេអាចចេញទ័ពមកការពារបាន ។ ផុតពីសម័យវ៉ៃឃីងលុកលុយហើយ ពួកអឺរ៉ុបក៏ចាប់ផ្តើមរឹងប៉ឹង តែភាពរឹងប៉ឹងហ្នឹង ក៏បណ្តាលឲ្យពួកអឺរ៉ុបឈ្លានពានគ្នាមិនចេះឈប់ឈរ ជាហេតុបណ្តាលឲ្យក្រុងនៅជាប់នឹងមាត់សមុទ្ទ ងាយស្រួលវាយលុកបំផ្លាញ ទើបបណ្តាលឲ្យទីក្រុងទាំងអស់នោះមិនសូវរីកធំដូចបណ្តាក្រុងដែលនៅខាងក្នុងបន្តិច ។ នៅបារាំងទីក្រុងធំៗ ដែលនៅកៀក មហាសមុទ្ទអាត្លង់ទិច ហើយត្រូវចាត់ទុកជាទីក្រុងធំរបស់ភូមិភាគនោះមាន ក្រុងណង់ត៍ ក្រុងបកដូរ ក្រុងរ៉ែន និងក្រុងព័រតូជាដើម ។

ដោយសារតែដូច្នេះហើយទើបឡារ៉ូឆែល្ល មានទំហំតូច កុំតែមានមហាវិទ្យាល័យនៅទីហ្នឹ៎ងទេ កុំអី មិនដឹងស្ងាត់យ៉ាងម៉េចវិញទេ តែឃើញទីក្រុងហ្នឹ៎ងតូចអញ្ចឹងទេណា ឲ្យតែចូលទៅកណ្តាលក្រុងហ្នឹ៎ងលើកណា ខ្ញុំវង្វេងផ្លូវលើកហ្នឹ៎ង ហាហា ដោយសារតែផ្លូវវាមិនសូវត្រង់ បត់ចុះបត់ឡើង នាំឯងវិលមុខ ស្រឡាញ់ទីក្រុងហ្នឹ៎ងត្រង់វានៅកៀកនឹងសមុទ្ទ ដើរមិនដល់ ៣នាទី ពីកន្លែងស្នាក់នៅផង ទៅដល់សមុទ្ទហើយ ។























































































































































































EmoticonEmoticon