មនុស្សបុរាណលោកតែងអប់រំក្មេងតាមរយៈការប្រឌិតរឿង ឬបង្កើតជាបម្រាមដើម្បីអោយក្មេងខ្លាច

មនុស្សបុរាណលោកតែងអប់រំក្មេងតាមរយៈការប្រឌិតរឿង ឬបង្កើតជាបម្រាមដើម្បីអោយក្មេងខ្លាច ដូចជាគាត់និយាយថាកុំអង្គុយលើថ្មសំលាងកាំបិតវាកើតបូសគូថ ឬថាកុំអូសក្តិតឆ្នាំងកូនកើតមកមានដៅគូថ (ស្នាមខ្មៅៗនៅគូថក្មេង) កុំមើលឆ្កែពាក់គ្នាវាកើតពពែឆ្កែ កុំទៅក្បែរសត្វតុកកែប្រយត្ន័វាលោតតោងក។
បើយើងយកពាក្យគាត់មកវិភាគពិចារណាទើបយើងដឺងថាពាក្យទាំងនេះគឺជាពាក្យដែលគាត់បន្លាចក្មេងកុំអោយវាធ្វើដូចពាក្យថាកុំអង្គុយលើថ្មសំលាងកាំបិតវាកើតបូសគូថ ជាធម្មតាថ្មសំលាងកាំបិតវាតូច បើចេះតែយកវាមកអង្គុយពីលើយូរៗទៅគង់និងបាក់ គាត់ថាកុំអូសគូថឆ្នាំងផ្ទាល់និងដីកូនកើតមកមានដៅគូថ ពីសម័យដើមឆ្នាំងផលិតពីដីដុតបើមិននិយាយចឺងទេ ក្មេងស្រីដែលខ្ចិលមិនលើកឆ្នាំងអោយផុតទេ ពិតជាអូសវាផ្ទាល់និងដីដែលនាំអោយបែកក្តិតឆ្នាំង។ កុំមើលឆ្កែពាក់គ្នាវាកើតពពែឆ្កែ ព្រោះគាត់មិនចង់អោយក្មេងវាមើលរូបភាពអស់នេះ កុំនៅក្បែរតុកកែខ្លាចវាតោងក គឺគាត់មិនចង់អោយក្មេងទៅធ្វើទុកបុកម្នេញសត្វមួយនេះព្រោះវាជាសត្វមានប្រយោជន៏ស៊ីកន្លាត កណ្ឌៀរនៅផ្ទះ ដល់តែក្មេងឭក៏ចេះតែនិយាយតគ្នារហូតដល់ចាស់ខ្លួនមិនយកមកពិចារណា ។
មានរឿងខ្លះទៀតដែលគាត់បង្កប់អត្ថនយ័អប់រំក្នុងពិធីមង្គលការខ្មែរ ដូចជាឈុតអោយកូនក្រមុំលាងជើងកូនកំលោះ អាចារ្យការខ្លះមិនស្រាវជ្រាវមិននិយាយបកស្រាយប្រាប់សាម៉ីខ្លួនយល់ទេ យូរៗទៅអ្នកមិនយល់ន័យទៅជាចោទថាពិធីលាងជើងមើលងាយស្រ្តីភេទ ហើយតម្រូវអោយបំបាត់ចោល ។ តាមពិតកន្លែងលាងជើងនេះ វាបង្កប់ន័យអប់រំអោយសាម៉ីខ្លួនពិចារណា លោកចង់ប្រាប់កូនកម្លោះថាខាងស្រីគេសុំសំអាតឧបទ្រពចង្រៃដែលកូនកម្លោះធ្លាប់ដើរលេងសើចពីមុនមកអោយអស់ត្រឹមនេះ ព្រោះត្រូវចូលខ្លួនមកជាសមាជិកគ្រួសារគេហើយ ហើយក្នុងពេលលាងជើងនោះ កូនកម្លោះតម្រូអោយឈរលើដុំថ្មចង្រ្កាន ដែលធ្វើអោយកូនកម្លោះប្រឹងទប់ខ្លួន ក្នុងន័យនេះគឺលោកចង់អោយកូនកម្លោះយល់ថា ឥឡូវអ្នកឯងក្លាយជាមេគ្រួសារគេហើយត្រូវតាំងជំហរអោយមាំទាំឡើងកុំឡេះឡោះទៀត បន្ទុកគ្រួសាររបស់អ្នកដូចដុំថ្មដែលអ្នកឯងឈរពីលើចឺង បើមិនប្រឹងប្រែងទេវានឹងក្រឡាច់ដួល។ តាមពិតប្រពៃណីខ្មែរយើងអោយតម្លៃស្រ្តីខ្ពស់ជាងការគិតរបស់យើងទៅទៀត ។ ប្រពៃណីចិនបុរាណពេលការហើយកូនស្រីត្រូវទៅបំរើឳពុកម្តាយក្មេក ទៅរស់ក្នុងគ្រួសារប្រុស ។ តែប្រពៃណីខ្មែរពេលការហើយកូនកម្លោះត្រូវមករស់នៅក្នុងគ្រួសារខាងស្រី។


EmoticonEmoticon