សម្ដេចព្រះសង្ឃរាជជួន ណាតបានមានព្រះបន្ទូលអំពីប្រវត្តិ "ស្ទឹងមានជ័យ , បឹងទំពុន , ទួលទំពូង , ទួលគោក " ថា :
" ស្ទឹងមានជ័យ" ពីដេីមមានឈ្មោះថា "ស្ទឹងទទឹងថ្ងៃ" តែប្រហែលជាក្នុងរាជ្យព្រះជ័យចេស្ដាមានសង្គ្រាមរវាងខ្មែរ-យួន កេីតឡេីង ។ កងទ័ពខ្មែរដែលមានជ័យជម្នះលេីទ័ពយួនហេីយកាប់យួនងាប់ពេញទឹកទេីបអ្នកស្រុកហៅកន្លែងនោះថា " អន្លង់ក្បាលយួន" ។
ក្រោយពីមានជម្នះហ្លួងព្រះជ័យចេស្ដាបានយាងមកប្រថាប់ឯ "ទួលព្រះស្រី" ( ទួលនេះកាលពីសម័យចតុម្មុខសម្ដេចព្រះចៅពញាយ៉ាតបានសង់ឱ្យព្រះរាជបុត្រស្រីរាជាគង់នៅ ក្រោយមកក៏ហៅថា ទួលព្រះស្រីរាជា បន្តមកជាទួលព្រះស្រី ហេីយក៏ក្លាយជាទួលប្រស្រី ) ហេីយទ្រង់ចង់សាងវាំងតូចមួយនៅទីនេះគ្រាន់រំឭកដល់អនុស្សាវរីយ៍នៃការមានជ័យជម្នះ និង មកគង់មួយដងមួយកាល ។ រយៈពេលនោះព្រះគ្រូពោធិវាំង ឯក ( វត្តឧណ្ណាលោម ) និង ស្រីស្រឹង្គារមុនី ( វត្តភ្នំដូនពេញ ) ដែលជាជំនិតនៃហ្លួងមានជំនាញខាងច្បាប់ បានមកតែងច្បាប់មួយ ច្បាប់នេះទាក់ទងនឹងអាពាហ៍ពិពាហ៍ហៅថាទម្រង់ការព្រះជ័យចេស្ដា និង ខាងច្បាប់ចៅក្រមមួយ ។ ពេលនោះឯងទេីបព្រះគ្រូពោធិវាំងឯក ទូលហ្លួងថា "ថ្វាយព្រះពរ ! ដីទួលព្រះស្រីនេះចង្អៀតណាស់ បេីសព្វព្រះរាជហឫទ័យសូមធ្វេីនៅឯបឹងត្បែងវិញដ្បិតទីនោះវាទូលាយ "។ ក្រោយមកទេីបហ្លួងសម្រេចព្រះទ័យទៅធ្វេីវាំងឯបឹងត្បែងវិញឱ្យឈ្មោះថា "វាំងបឹងត្បែង" ។ ( វាំងនោះឯងកាលព្រះករុណារាជានុកោដ្ឋ សម្ដេចស៊ីសុវត្ថិ កាលនៅជាមហាឧបរាជទ្រង់សព្វព្រះទ័យទៅតែទីនោះណាស់ កាលនោះឯងបារាំងស្មានថាហ្លួងរត់បាត់តាមពិតហ្លួងនៅឯបឹងត្បែងនោះទេ ) ។ ទេីបក្រោយមកចៅពញាភក្ដីសង្គ្រាម ហុក ជាមេទ័ពធំ ទូលហ្លួង ( ព្រះជ័យចេស្ដា ) ថា "សូមទ្រង់ព្រះមេត្តាប្រោស ស្ទឹងទទឹងថ្ងៃនេះជាទីជ័យភូមិច្បាំងដាច់សាច់កន្លែងនេះចុងក្រោយ" ទេីបហ្លួងព្រះជ័យចេស្ដាមានព្រះរាជឱង្ការថា "ណ្ហេីយ ! ឈប់ហៅស្ទឹងទទឹងថ្ងៃទៅ ហៅស្ទឹងមានជ័យវិញ" តំណនោះមកទេីបជាប់ឈ្មោះមកដល់សព្វថ្ងៃ ។ ក្រោយមកហ្លួងបានប្រទានងារយសឱ្យចៅពញាភក្ដីសង្គ្រាម ហុក តែលោកប្រកែកថាលោកចាស់ហេីយសូមទ្រង់ព្រះរាជទានដីខាងប៉ែកគោកបញ្ជាន់ , គោកចំបក់ , ព្រៃព្រីង ( ខាងត្បូងពោធិ៍ចិនតុងទាំងអស់ ) ទេីបដីម្ដុំនោះទាំងអស់គឺជាដីរបស់តាភក្ដីសង្គ្រាមទាំងអស់ ។ ឯឈ្មោះ "បឹងទំពុន" ពាក្យទំពុននេះជាងារមនុស្សពូជសូទ្រៈដែលក្នុងនោះមានបីគឺ ទំពុន , ទំលែ , ចម្បងលែ ។ ពួកនេះជាអ្នកល្មេីសនឹងវិន័យព្រះសាសនាដូចយ៉ាងសង្ឃប្រព្រឹត្តខុសវិន័យជាដេីមទេីបជាប់ងារជាពលព្រះ ។ ពីដេីមប្រហែលជាពួកនេះរកស៊ីអីនៅម្ដុំបឹងនេះទេីបជាប់ឈ្មោះថា "បឹងទំពុន"មក តែសព្វថ្ងៃអស់ហេីយ ។ ឯឈ្មោះ "ទួលគោក" សម្ដេចជួន ណាតមានព្រះបន្ទូលថាពីដេីមឱ្យតែទឹកលិចអ្នកទឹកល្អក់ជាដេីមនេះដែលប្រកបរបរធ្វេីស្រែ រែកដី តែងយកគោទៅចងនៅទីទួលនោះទេីបជាប់ឈ្មោះថា""ទួលគោក" ។ ឯ "ទួលទំពូង" ទ្រង់មានព្រះបន្ទូលថាកាលទ្រង់នៅជាលោកនេន លោកគ្រូតែងប្រេីឱ្យទៅរេីសសម្បកទំពូងនៅទីទួលមួយដែលទីនោះហេីយគេហៅថា "ទួលទំពូង" ។
~ ប្រែសម្រួល : ព្រះសូរសព្ទដេីមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ( ខ្សែអាត់សំឡេង )
~ ដោយ : គាង សុផែត
Subscribe to:
Post Comments (Atom)
EmoticonEmoticon