តើហេតុអ្វីបានជាប្រាសាទតាព្រហ្មមានដើមឈើដុះសង្កត់ពីលើ ?
ប្រាសាទតាព្រហ្មរងការទ្រុឌទ្រោមប្រមាណ៥០% ព្រមទាំងមានដើមឈើដុះសង្កត់ពីលើទៀត ។ ចម្ងល់ជាច្រើនរបស់អ្នកទេសចរទាំងបរទេស និងខ្មែរ ចំពោះប្រាសាទបុរាណដ៏មានតម្លៃ តែមានដើមឈើដុះពីលើបែបនេះ ។ បើគេធ្វើដំណើរពីទីប្រជុំជនក្រុងសៀមរាបឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត និងបន្តដំណើរទៅមុខរហូតដល់ប្រាសាទបាយ័ន រួចបត់ទៅខាងស្តាំប្រមាណជា២គីឡូម៉ែត្រ គេនឹងឃើញប្រាសាទដ៏ស្រស់ស្អាតគឺប្រាសាទតាព្រហ្ម ស្ថិតនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។
ប្រាសាទតាព្រហ្មឈ្មោះដើមហៅថា «រាជវិហារ» កសាងក្នុងរាជព្រះបាទជ័យវ័រ្មនទី៧ នាឆ្នាំ១១៨៦ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធព្រះមាតាទ្រង់ ដែលធ្វើរូបស្នងជា «ប្រាជ្ញបារមីមាតា» តម្កល់នៅប្រាង្គកណ្តាល ។ ជាធម្មតាប្រាសាទនៅក្នុងតំបន់អង្គរ ភាគច្រើនក្រុមសាលាបារាំងចុងបូព៌ាប្រទេស បានកាប់ឆ្ការព្រៃ និងជួសជុល ប៉ុន្តែដោយឡែកប្រាសាទតាព្រហ្ម ពុំបានជួសជុលទេ ។ នេះជាចេតនាដែលគេទុកឱ្យឃើញភស្តុតាងនៃការខូចខាតរបស់ប្រាសាទដោយសារអាយុកាល ធម្មជាតិ និង មនុស្ស។ ហេតុដូច្នេះហើយ បានជាប្រាសាទតាព្រហ្ម មានថ្មរប៉ាត់រប៉ាយ និងមានដើមឈើ ធំៗដុះចាក់ពីលើប្រាសាទ ។ ជាក់ស្តែង ដើមឈើមួយដើមធំដែលអ្នកទេសចរជាតិ និងអន្តរជាតិចូលចិត្តទស្សនា ព្រមទាំងផ្តិតយករូបភាពនោះ គឺដើម«ស្ពង់» ។
ប្រាសាទតាព្រហ្មត្រូវគេបោះបង់ចោលអស់រយៈពេល៤០០ឆ្នាំ ព្រោះកាលពីសម័យនោះ ព្រះមហាក្សត្រតែងផ្លាស់ពីនគរមួយទៅនគរមួយ ទើបបណ្ដាលឱ្យដើមឈើតូចធំដុះលើប្រាសាទ ។ រហូតដល់សម័យអាណានិគមបារាំងនាឆ្នាំ១៨៦៣ ទើបគេចាប់ផ្ដើមបោសសម្អាតប្រាសាទ ដូចជាកាប់ដើមឈើតូចធំចេញ ។
EmoticonEmoticon