រឿងនិទានព្រះគោ ព្រះកែវមានលក្ខណៈជាប្រវត្តិសាស្ត្រ
អ្នកស្រាវជ្រាវខាងប្រវត្តិសាស្ត្រខ្មែរបានឲ្យដឹងថា រឿងព្រះគោ ព្រះកែវ តាមពិតគឺជារឿងព្រេងនិទានប៉ុណ្ណោះ ពោលគឺមិនមែនជារឿងពិតទេ ។ ប៉ុន្តែ រឿងប្រឌិតនេះ ត្រូវបានប្រសូត្រចេញពីមូលដ្ឋានជាប្រវត្តិសាស្ត្រមួយយ៉ាងប្រាកដ ហើយត្រូវបានតែងនិងបោះពុម្ពឡើង ក្នុងរយៈពេលមួយដែលមានអាយុមិនដល់មួយសតវត្សរ៍ផង ។
មូលហេតុដែលនាំឲ្យកវីបណ្ឌិតខ្មែរនិពន្ធរឿងនេះឡើង គឺបណ្តាលមកពីអ្នកនិពន្ធខ្មែរចង់បង្ហាញយើងឲ្យដឹងថា ក្រោយពីសម័យអង្គរពោលគឺចាប់ចុង ស.តទី១៦មក ឥទ្ធិពលនៃប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងដុនដាបជាទីបំផុត ហើយការស្រុតចុះបែបនេះ គឺបណ្តាលមកពីកត្តាចម្បងផ្សេងៗ ដែលជារួមមាន ការដណ្តើមអំណាចគ្នារវាងខ្មែរ និងខ្មែរ ភាពអសន្តិសុខ និងវាតទីនិយមរបស់ជនជាតិសៀមមកលើទឹកដីខ្មែរ ។ មិនតែប៉ុណ្ណោះសោត នៅដើមសតវត្សរ៍ទី១៧ ជនជាតិយួនក៏ចាប់ផ្តើមទន្ទ្រានដីខ្មែរ ដែលស្ថិតនៅឯកម្ពុជាក្រោមផងដែរ ។
ក្រោយពីការដុតកំទេចបន្ទាយលង្វែក កងទ័ពសៀមបានត្រួតត្រាគ្រប់គ្រងទឹកដីខ្មែរ ដោយបានដាក់ប្រទេសកម្ពុជា ជាប្រទេសចំណុះរបស់ខ្លួន ជាហេតុនាំឲ្យប្រជាជនខ្មែររងទុក្ខវេទនាជាទីបំផុត ដូចដែលបានពិពណ៌នា ក្នុងរឿងព្រះគោព្រះកែវ ដោយមានសេចក្តីសង្ខេបដូចខាងក្រោមនេះ :
“ នៅសម័យលង្វែកមានប្តីប្រពន្ធពីរនាក់ រស់នៅយ៉ាងក្រតោកយ៉ាក ។ នៅពេលប្រពន្ធមានផ្ទៃពោះ ប្តីនាំប្រពន្ធទៅរកលោកតាហោរាទាយ ។ ហោរក៏បានហាមប្រាមប្រពន្ធនោះ កុំឲ្យស៊ីផ្លែឈើដែលជូរ ដូចជាផ្លែស្វាយ ត្របែក ជាដើម... តែ ប្រពន្ធនោះមិនស្តាប់ហោរទេ រួចហើយក៏លួចស៊ីផ្លែអម្ពិល ។ ក្រោយពីស៊ីរួចក៏ស្លាប់ភ្លាមមួយរំពេច ។
ខណៈនោះ អព្ភូតហេតុមួយបានកើតឡើង គឺសត្វគោឈ្មោលមួយបានចេញពីពោះរបស់នាង ហើយក៏ឃើញមានកូនប្រុសមួយទៀត នៅជាប់នឹងផ្ទាំងសុកគឺព្រះកែវ ។
អ្នកស្រុកយល់ឃើញថា ហេតុការណ៍នេះចង្រៃណាស់ ក៏ម្នីម្នាដេញគ្រួសារកំសត់នេះ ចេញពីភូមិឲ្យទៅរស់នៅក្នុងព្រៃ ។ មិនយូរប៉ុន្មានឪពុករបស់ព្រះគោនិងព្រះកែវ ក៏ស្លាប់បាត់ទៅដែរ ” ។
រឿងនិទានបានដឹងទៀតថា “ សម័យនោះជាសម័យព្រះអង្គរាមាជើងព្រៃ ។ ព្រះអង្គក៏បានដេញកូនពៅរបស់ទ្រង់ ឲ្យទៅរស់នៅក្នុងព្រៃជាមួយព្រះកែវ ដោយសារព្រះនាងស្រឡាញ់ព្រះកែវ ។
ដោយសារបារមីនិងមហិទ្ធិឫទ្ធិ ព្រះគោចិញ្ចឹមព្រះកែវជាប្អូនសម្លាញ់ដោយអាហារ ដែលខ្លួនស្តោះចេញពីពោះ ។ ភាពអស្ចារ្យនេះ បានផ្សព្វផ្សាយពេញប្រទេស ជាហេតុនាំឲ្យព្រះកែវតោងកន្ទុយព្រះគោ ហោះជម្លៀសខ្លួន ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីគេចផុតពីការធ្វើឃាត ។
ស្តេចសៀមនៅក្រុងអយុធ្យាបានដឹងថា ព្រះគោជាសត្វមានមហិទ្ធិឫទ្ធិអស្ចារ្យ ទ្រង់ក៏បញ្ជាឲ្យចាប់ព្រះគោ ដើម្បីទុកជាវត្ថុសិរីមង្គលនៃព្រះរាជនគរសៀម ។ ស្តេចសៀមក៏ស្នើទៅព្រះរាជាខ្មែរ ដែលគ្រប់គ្រងនៅឯទីក្រុងលង្វែក ឲ្យមានការប្រកួតប្រជែងដោយយកសត្វមកប្រយុទ្ធគ្នា ។ បើស្តេចណាចាញ់ត្រូវប្រគល់នគរទៅឲ្យស្តេចមួយទៀត ។ លើកទីមួយ គឺការប្រជល់មាន់ ទីពីរប្រជល់ដំរី ឯលើកទីបីគឺការប្រជល់គោ ។ លើកទី៣ ដែលជាការប្រកួតផ្តាច់ព្រ័ត្រនោះ ព្រះគោដឹងមុនហើយថា មិនអាចយកជ័យជំនះលើសត្វគោរបស់សៀមបានទេ ព្រោះវាជាគោយន្ត ។ ហេតុនេះហើយព្រះគោ ក៏បានផ្តាំព្រះកែវនិងព្រះនាងពៅថា ឲ្យតោងកន្ទុយកាលណាឮសម្លេងស្រែកយំបីដងផ្ទួនៗគ្នា ដើម្បីរត់យកប្រាសអាយូស ។ ក៏ប៉ុន្តែនៅពេលដែលព្រះកែវ និងនាងពៅតោងកន្ទុយព្រះគោហោះរត់នោះ ស្តេចសៀម ដែលមានការប្រុងប្រៀបទុកជាមុនហើយនោះ ក៏បានបញ្ជាឲ្យទ័ពដេញតាមព័ទ្ធចាប់ភ្លាមដែរ ។ ព្រះនាងពៅអស់កម្លាំងពេក ក៏របូតដៃធ្លាក់ស្លាប់ភ្លាមក្លាយទៅជាថ្មមួយរំពេច ។ ព្រះគោ ព្រះកែវទីបំផុតក៏ត្រូវទ័ពសៀមចាប់យកទៅឃុំទុកនៅប្រទេសរបស់គេទៅ ។ ចាប់ពីពេលនោះមកប្រទេសកម្ពុជា ចេះតែអន់ថយនូវឥទ្ធិពលរបស់ខ្លួន រីឯប្រទេសសៀមឯណោះវិញ ចេះតែរីកចំរើនចម្រើនទៅៗ មិនឈប់មិនឈរឡើយ ” ។
ខាងលើនេះជាសេចក្តីសង្ខេបនៃរឿងព្រះគោព្រះកែវ ។ មួយវិញទៀត បុរាណជនបានកត់សម្គាល់ទៀតថា ក្រោយពីព្រឹត្តិការណ៍នេះ សិរីមង្គលដែលជាគ្រឹះស្ថានរបស់សង្គមជាតិខ្មែរ មិនបានកើតមានឡើង ដូចសម័យមហានគរទៀតឡើយ ។ ព្រោះថា ព្រះគោនិងព្រះកែវដែលជាបងប្អូននឹងគ្នានោះ ត្រូវបានជនជាតិសៀមចាប់យកទៅទុក ក្នុងព្រះបរមរាជវាំងរបស់ខ្លួនបាត់ទៅហើយ ។ សូមបញ្ជាក់នៅទីនេះផងដែរថា រឿងព្រះគោព្រះកែវមិនទាក់ទងទៅនឹងព្រះកែវមរកតនោះទេ ដែលជាតឹកតាងខាងប្រវត្តិសាស្ត្រ ស្តីពីការហូរចូលនៃលទ្ធិព្រះពុទ្ធសាសនាពីប្រទេសឥណ្ឌា ដែលព្រះរាជពង្សាវតារខ្មែរបានកត់ត្រាទុក ។ មានន័យថា រឿងព្រះគោព្រះកែវគ្រាន់តែជារឿងប្រឌិតឡើងនៅក្នុងសម័យអាណានិគមបារាំង តាមលំនាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដ៏ជូរចត់ដែលប្រទេសខ្មែរបានឆ្លងកាត់ ក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទ ។
ពាក់ព័ន្ធទៅនឹងអត្ថន័យនៃរឿងនេះ សូមកត់សម្គាល់ថា ព្រះកែវគឺជាដួងកែវ ឬដួងព្រលឹង ដែលគេមិនអាចផ្តាច់ចេញពីព្រះគោបានឡើយ ហើយដែលជានិមិត្តរូបនៃចំណេះវិជ្ជា គម្ពីរក្បួនខ្នាតគ្រប់ប្រភេទទាំងអស់ បាត់បង់ទៅដោយការលួចប្លន់របស់ជនជាតិសៀម ក្នុងខណៈដែលពួកគេ បានឈ្នះសង្គ្រាមហើយកាន់កាប់បន្ទាយលង្វែក ។
ម្យ៉ាងទៀត ក្នុងក្រសែភ្នែករបស់អ្នកនិពន្ធខ្មែរ ព្រះគោក៏ជានិមិត្តសញ្ញាពិសិដ្ឋឬជាវត្ថុស័ក្តិសិទ្ធិ ថែរក្សាអធិបតេយ្យភាពនៃព្រះរាជនគរខ្មែរ ។
គឺក្នុងបរិបទនេះហើយ ទើបមានការស្ថាបនារូបសំណាកតំណាងឲ្យព្រះគោ ព្រះកែវសឹងតែគ្រប់ទិសទីទាំងអស់ ក្នុងទឹកដីខ្មែរបច្ចុប្បន្ន ដូចករណីវត្តត្រឡែងកែង នៅជិតឧដុង្គជាភស្តុតាងស្រាប់ ៕
ត្រាណេ
Subscribe to:
Post Comments (Atom)
EmoticonEmoticon