ប្រាសាទវត្តអធ្វា

ប្រាសាទវត្តអធ្វា

ប្រាសាទវត្តអធ្វាជា​ប្រាសាទ​មួយ​ស្ថិត​នៅក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ បានកសាងឡើងនៅសម័យកាល ប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ ( ពាក់កណ្តាលសតវត្សរ៍ទីដប់ពីរ ) ប្រហែលនៅក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទីពីរ ( ១១១៣-១១៥០ ) ។ ដំបូង​ឡើយ ប្រាសាទ​នេះ​កសាង​ឡើង​សម្រាប់ ឧទ្ទិស​ដល់​ព្រហ្មញសាសនា ប៉ុន្តែ​ក្រោយ​មក​ទៀត តាម​ព័ស្តុ​តាង​សិលាចារឹក​ដែល​បាន​ចារ​នៅ​តាម​ជើង​សសរ​ជាច្រើន បាន​បង្ហាញ​ថា ប្រាសាទ​វត្ត​អធ្វា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​មុខងារ​ពុទ្ធសាសនាអស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​ភាគ​ច្រើន នៃ​សិលា​ចារឹក​ទាំង​នោះ​បាន​ចារ​ក្នុង​កំលុង សតវត្សរ៍​ទី​ដប់​ប្រាំពីរ​នេះ[១]។





ប្រាសាទ​វត្តអធ្វា​កសាង​ឡើង​អំពី​ថ្មភក់​បែរ​មុខ​ទៅ​ទិស​ខាង​លិច​ដូចប្រាសាទអង្គរវត្ត​ដែរ បើ​ពិនិត្យ​ទៅ​លើ​ប្លង់ ស្ថាបត្យកម្ម​ទូទៅ​ប្រាសាទ​នេះ​មាន​រាង​ការ៉េ​មាន​ច្រក​ចូល​គ្រប់​ទ្វារ​នៃ​ទិស​ទាំង​បួន ហើយ​ច្រក​ទ្វារ​ទិស​ខាង​កើត ខាង​ត្បូង និង​ខាង​ជើង មាន​បន្ថែម​ដំបូល​លយ​ចេញ​ខាង​មុខ ។ ដំបូល​លយ​ចេញ ខាង​មុខ​នីមួយៗ​មាន​ទ្វារ​ចូល​បី​ទ្វារ​ទី​មួយ​នៅ​ចំ​អ័ក្ស និង ទ្វារ​ពីរ​ទៀត​នៅ​អម សង​ខាង​អ័ក្ស ។ ចំណែក​ដំបូល​លយ​ខាង​មុខ​នៅ​ខាង​លិច​ភ្ជាប់​នឹង​សំណង់​មាន រាង​ទ្រវែង​មួយ ដែល​ជា​ច្រក​ចេញ​ចូល​យ៉ាង​សំខាន់​សម្រាប់​ចូល​ទៅ​កាន់​តួ​ប៉ម​កណ្តាល ។ នៅ​ជុំវិញ​តួ​ប៉ម​កណ្តាល​នៃ​ប្រាសាទ​មាន ប្រាសាទ​បន្ទាប់​បន្សំ​ចំនួន​បួន​ដែល​បែរ​មុខ​ទៅទិស​ខាង លិច​ទាំង​អស់​ដូច​តួ​ប៉ម​កណ្តាល​ដែរ ។ ប្រាសាទ​ទាំង​នោះ ជា​ប្រភេទ​សំណង់​ទោល​ដាច់​ដោយ​ឡែក​ពី​គ្នា រាង ជា​ចតុកោណកែង​មាន​ទ្វារ​បញ្ឆោត​នៅ​ទិស​ខាង​កើត និង ខាងលិច និង​មាន​បង្អួច​អម​នៅ​សង​ខាង ។ មាន​សំណង់​ពីរ​ទៀត​ស្ថិត​នៅ​ទិស​ខាង​លិច​ធ្វើ​អំពី​ថ្មភក់ និង សំណង់ ពីរ​ទៀត​ផ្នែក​ខាង ក្រោយ ភាគ​ខាង​កើត សង់​អំពី​ថ្មភក់ លាយ​ថ្មបាយក្រៀម ស្ថិត​នៅ​លើ​ខឿន​ដ៏​ខ្ពស់ ដែល​ខឿន នោះ​ធ្វើ​អំពី​ថ្មភក់ ។ បើ​ពិនិត្យ​តាម​សភាព​ជាក់​ស្តែង​មួយ​ភ្លែត​នោះ​ឃើញ​ថា ប្រាសាទ​វត្តអធ្វា ពុំ​សូវ​ទទួល​រង​នូវ ការ​ខូច​ខាត​ប៉ុន្មាន​ឡើយ ប៉ុន្តែ​បើ​មើល​ខាង​លិច​តួប៉ម​កណ្តាល យើង​សង្កេត​ឃើញ​មាន​ការ​ខូច​ខាត​ផ្នែក​ទ្វារ ចូល​ដែល​មាន​ដំបូល​លយ​ខាង​មុខ គឺ​ទិស​ខាង​កើត និង ទិស​ខាង​ជើង មាន​សភាព​ពុក​ផុយ​ប្រេះ​ស្រាំ​តូចៗ​ពី​លើ​រហូត​ដល់​ក្រោម ។ ចំណែក​អគារ​ទាំង​បួន ដែល​ស្ថិត​នៅ​ជុំវិញ​តួ​ប៉ម​កណ្តាល​មាន​លក្ខណៈ​ទ្រុឌ​ទ្រោម ពិសេស​តួ ប៉ម​ពីរ​នៅ​ផ្នែក​ខាង​កើត​ដែល​សង់​អំពី​ថ្ម​បាយក្រៀម​លាយ​ថ្មភក់​មាន​សភាព​ប្រេះ​តួ​ប៉ម​ទាំងមូល ដោយ​គ្រោង ដំបូល​បាន​បាក់​ធ្លាក់​ថ្ម​អស់​នៅ​តែ​ផ្នែក​ហោ​ជាង​ដែល ស្ទើរ​តែ​រលំ ។ ឯ​តួ​ប៉ម​ពីរ​ទៀត ស្ថិត​នៅ​ផ្នែក​ខាង​លិច​ដែល​សង់​អំពី​ថ្មភក់​ក៏​មាន​ការ​ខូច​ខាត​ដែរ គឺ​ថ្ម​បាន​បាក់​ធ្លាក់​ផ្នែក ខាង​មុខ និង ប្រេះ​រហែក​តាម​គន្លាក់​ថ្ម​ពី​លើ រហូត​ដល់​ក្រោម​ទាំង​ពីរ​តួ​ប៉ម​ចំណែក​ឯ​ថ្ម​ក៏​មាន​ភាព ពុក​ផុយ​ផ្នែក​ខាង​ក្រៅ ។


EmoticonEmoticon