ចេតិយ​វត្តប្រាង្គ នៅ​ក្រុងឧដុង្គ និង​ចេតិយ​វត្តភូខៅថង (ភ្នំមាស) នៅ​ក្រុង​ស្រីអយុធ្យា

 ចេតិយ​វត្តប្រាង្គ នៅ​ក្រុងឧដុង្គ និង​ចេតិយ​វត្តភូខៅថង (ភ្នំមាស) នៅ​ក្រុង​ស្រីអយុធ្យា ។
ខ្ញុំ​មិនធ្លាប់​បាន​អាន​ជួបឯកសារណា ដែល​និយាយ​អំពី​ចេតិយ​វត្ត​ប្រាង្គ សាងឡើង​នៅ​សម័យណានោះទេ ឬមួយ​ក៏​សាងឡើងនៅ​សម័យ​សម្តេច​ព្រះសង្ឃរាជទៀង ? នៅ​ពេល​ដែល​ខ្ញុំ​បាន​ទៅ​ឃើញ​ចេតិយ​នៅ​វត្តប្រាង្គ​នោះ​នៅ​ឆ្នាំ ២០០៧ គេ​ទើប​តែ​ចាប់ជួសជុល​បាន​បន្តិច​ប៉ុណ្ណោះ គឺ​ខ្ញុំ​នៅ​អាច​មើល​ឃើញ​បាយអរ អិដ្ឋ ដែល​បាក់បែក​ខ្ចាត់​ខ្ចាយ​នៅ​ពេញនោះ រួម​ទាំង​សន្លឹក​សីមា និង​រូបតោ​ថ្ម​មួយ​ចំនួន​ផងដែរ ។ ប្រសិន​បើ​ចេតិយ​នេះ​សាងឡើង​នៅ​សម័យ​សម្តេច​ព្រះសង្ឃរាជទៀង ហេតុ​អ្វី​ក៏​ចេតិយ​នេះ​មាន​សភាព​ទ្រុឌទ្រោមខ្លាំងម្ល៉េះ ?







 ព្រោះថា​ប្រសិន​បើសាង​នៅ​សម័យ​សម្តេច​ព្រះសង្ឃរាជទៀងមែន ចេតិយនេះ គួតែមាន​អាយុប្រហែល​ជាង ១៥០ ទៅ ១៨០ ឆ្នាំ​តែប៉ុណ្ណោះ ? ឬ​មួយ​ក៏​ចេតិយនេះ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​សម័យ​សង្គ្រាម ? ឬមួយ​ក៏​ខ្មែរ​សម័យ​នោះ​មិនមាន​បច្ចេកទេស​ក្នុង​ការ​សាង​ចេតិយ​ជាលក្ខណៈ​ប្រាង្គបែបនោះ ? ព្រោះថា​ចេតិយ​ស្តេចមុនៗ ឬ​ក៏​ចេតិយ​ដែល​សាង​នៅ​ចុង​សម័យ​ឧដុង្គ​មួយ​ចំនួន ក៏​មិន​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដូចចេតិយ​វត្ត​ប្រាង្គនេះដែរ ។
ប្រសិន​បើ​យើង​ក្រឡេក​ទៅមើល​ការសាង​ប្រាសាទ​តាំង​ពី​សម័យ​អង្គរ នៅ​ក្នុង​រចនាប័ទ្មព្រះគោ ដូចជាប្រាសាទ​បាគង និងប្រាសាទក្នុងរចនាប័ទ្ម​បាខែង គឺ​ប្រាសាទ​ភ្នំបាខែង ជាដើម គឺ​ខ្មែរ​យើង​ចាប់ផ្តើម​ការសាង​ប្រាសាទ​នៅ​លើ​ប្រាង្គ​ថ្នាក់ៗ​ដែល​តំណាង​ឲ្យ​ការសាង​ប្រាសាទ​នៅ​លើ​ភ្នំ តែ​ប្រសិន​បើ​យើង​សន្និដ្ឋាន​ថា​ការសាង​ចេតិយ​វត្តប្រាង្គ​ថា​យក​គំរូ​តាម​ប្រាសាទ​បុរាណ​នៅ​តំបន់អង្គរ នោះពិតជា​ពិបាក​នឹង​ជឿងទុកចិត្ត​ណាស់ ព្រោះ​ថា​នៅ​សម័យ​ឧដុង្គ ទោះ​ជា​មាន​ការចេញចូល​តំបន់អង្គរ​ក៏ពិតមែន តែ​យើង​ពិបាកនឹងនិយាយណាស់​ថា​អ្នក​សាងវត្តប្រាង្គ បាន​យក​គំរូ​ពី​ប្រាសាទ​នៅ​តំបន់​អង្គរ ។
លក្ខណៈ​គួរឲ្យ​កត់​សម្គាល់​មួយ​របស់​ចេតិយវត្តប្រាង្គ គឺ​​ចេតិយ​នេះ​សាងសង់​មាន​ទម្រង់​ស្រដៀងទៅ​នឹង​ចេតិយ​វត្ត​ភូខៅ​ថង នៅ​ក្រុង​ស្រី​អយុធ្យា ដែល​ចេតិយ​វត្ត​ភូខៅថង​នោះ ត្រូវ​បាន​សាងឡើង​នៅ​ក្នុង​ពេល​ដែល​ស្តេច​បាយិនណោង​របស់រាចវង្ស​តងអ៊ូ របស់ភូមា យក​ជ័យ​ជំនះ​គ្រប់គ្រង​លើ​ក្រុង​អយុធ្យា ។ ចេតិយ​វត្ត​ភូខៅ​ថងនោះ​ត្រូវ​បាន​សាង​ឡើង​នៅ​លើ​ផ្នែក​ខាងក្រៅនៃ​ក្រុងស្រី​អយុធ្យា ដែល​ជា​ទីតាំង​ដែល​ទ័ព​ភូមា​លើក​ទ័ព​យក​មក​ឈ្នះ​សឹក និង​គ្រប់គ្រង​លើ​ក្រុងស្រីអយុធ្យា នៅ​ពាក់កណ្តាល​សតវត្សទី ១៦ គឺការវាយបែក​ក្រុងស្រីអយុធ្យា​លើកទី ១ ។ ចេតិយនេះ ត្រូវ​បាន​សាងឡើង​នៅលើគ្រឹះរាងពីរ៉ាមីតបីជាន់ ដែល​មាន​លក្ខណៈ​ជា​ចេតិយ​បែបមន ហើយ​ដែល​ក្រោយមក​ត្រូវ​បាន​ថៃ​ជួសជុល​កែប្រែ​ឲ្យ​ក្លាយជា​ចេតិយ ១២ ជ្រុង​បែបថៃវិញ ។ ប្រសិន​បើ​យើង​សិក្សា​ប្រៀបធៀបទៅ យើង​ឃើញ​ថា​ចេតិយ​វត្តភូខៅថងនេះ ពិតជាមានរូបរាង​ស្រដៀងគ្នា​ទៅនឹង​ចេតិយ​វត្ត​ប្រាង្គមែន គ្រាន់តែ​ចេតិយ​វត្តភៅខៅថង អាចមានកំពស់ខ្ពស់ជាងបន្តិច និង​មាន​មុំទេរបស់​ជ្រុងចេតិយ​រាងចោត​បន្តិច ហើយ​ចំណុចខុស​គ្នា​មួយ​ទៀត គឺ​ចេតិយ​វត្តភូខៅថង ស្ថិតនៅ​ពីខាង​ក្រោយ​ពីលើអក្សតែមួយនៃវិហារធំរបស់​វត្តនោះ តែចេតិយ​វត្តប្រាង្គ​បែរជា​ស្ថិតនៅ​ពីខាង​ស្តាំ ឬ​ខាង​ជើង​ព្រះវិហារ​របស់​វត្ត​ប្រាង្គ​ទៅវិញ ។ ឬមួយ​ចេតិយ​វត្តប្រាង្គ​អាចយកលំនាំតាម​ចេតិយ​វត្តភូខៅថង ? ព្រោះថា​សិល្បៈ​នៃការសាងចេតិយ​របស់​ថៃ​នៅ​សម័យ​ក្រុងបាងកក ក៏​ពុំមានលក្ខណៈបែបមននេះដែរ ។
នៅ​ដើម​សម័យ​ឧដុង្គ ខ្មែរ​ក៏​មាន​ទំនាក់ទំនង​ខ្លាំងផងដែរជាមួយ​ក្រុង​ស្រីអយុធ្យា ហេតុនេះ​អាចទៅរួចទេ​ដែល​ចេតិយ​ពីរនេះ អាច​មាន​ទំនាក់ទំនង​នឹង​គ្នានោះ ? រឿងនេះនឹងសន្និដ្ឋានថាយ៉ាងណា គឺ​អាស្រ័យលើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​បាន​ច្បាស់ ។


EmoticonEmoticon