ល្បែងលាក់កន្សែង

ល្បែងលាក់កន្សែង 
🇰🇭

ល្បែងលាក់កន្សែងជា ល្បែងមួយយ៉ាង របស់ក្មេងខ្មែរក្នុងបុរាណកាលតែងលេងសំរាប់ជាទីកំសាន្តសប្បាយ នៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬ នៅពេលជាចន្លោះការហត់នឿយម្ដងៗ ។ 
មុនដំបូងពួកក្មេងៗ គេបបួលគ្នាបានចំនួន ពី ៦-៧ នាក់ ឡើងទៅឲ្យ អង្គុយច្រហោង ដំ កង់ ជាវង់មូលដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយដែលជាទីវាលស្រឡះ រាបស្មើល្អ ។ ហើយគេយកកន្សែង ឬ ក្រមាតូច មួយមករុំមូលឆ្មូលរឹតឲ្យតឹងណែនល្អ ទុកជាយបន្តិចសម្រាប់កាន់យួរបានសន្មត់ហៅថាកន្សែងមានម្នាក់ ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះដើរព័ទ្ធជុំវិញយ៉ាងលឿនពីខាងក្រោយខ្នង អ្នកអង្គុយបញ្ឆោតអ្នកអង្គុយមិនឲ្យ ដឹងខ្លួនថា គេលាក់កន្សែងក្រោយខ្នងអ្នកណា ។
ល្បែងនេះមានត្រណមយ៉ាងតឹងរឹង មិនឲ្យអ្នកលេងងាកក្រោយ ឬ លូកដៃ ទៅក្រោយខ្នង បើអ្នកណាមួយហ៊ានងាក ឬ លូកស្ទាបខ្នង ក្រោយខ្នងអ្នកលាក់គេមានអំណាចដាក់ទណ្ឌកម្ម អ្នកនោះមិនឲ្យឡើងលាក់កន្សែង ឬ គេឲ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោសយ៉ាងណាតាមចិត្តគេស្ម័គ្រ ។ អ្នកលាក់លុះរត់ក្រឡឹង អ្នកអង្គុយ ២-៣ ជុំ ហើយមើលតែអ្នកណាអង្គុយបែបភ្លេចខ្លួន គេក៏ដាក់កន្សែង ក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើម្បីឲ្យឆាប់រក ដល់កន្លែងកន្សែងដែលគេដាក់នោះ ។ បើអ្នកដែលត្រូវគេលាក់កន្សែងពីក្រោយខ្នងនោះ មិនដឹងខ្លួន លុះអ្នកលាក់គេរត់ក្រឡឹងមកម្ដងទៀត ចាប់ យកកន្សែងនោះបានមុនគេទុក អ្នក លាក់នោះជាឈ្នះត្រូវមានអំណោយរើសយកកន្សែងទៅគក់ខ្នង អ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់ត ។ 
តែបើអ្នកអង្គុយដឹងខ្លួនថា គេ លាក់កន្សែង ចំក្រោយខ្នងខ្លួនហើយ ចាប់យកកន្សែងបានមុនអ្នកលាក់រត់មក ដល់គេទុកអ្នកអង្គុយនោះជាឈ្នះ ត្រូវ មានអំណាចក្រោកឡើងចាប់កន្សែង ដេញគក់អ្នកលាក់នោះវិញ តែបើអ្នកនោះគេរត់ទៅដល់កន្លែងចន្លោះ អង្គុយ បានទៅអ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ក្រឡឹងអ្នកអង្គុយដំកង់ ដើម្បីនឹងលាក់តទៅទៀត គឺថាអ្នកលាក់ពីមុន ត្រូវទៅអង្គុយកន្លែងអ្នកចាប់ កន្សែងបានក្នុងវង់ដដែល ។ 
គេលេងតែរបៀបនេះរហូតដល់ ពេលឈប់ ។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលេងលាក់កន្សែង នឹង គេម្ដងសោះក៏មាន ព្រោះគេលាក់កន្សែង ក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេគក់ខ្នងបានរាល់ពេល ។ 
ល្បែងនេះគេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹងរហ័សរហួនឲ្យមាន ប្រាជ្ញាវាងវៃហាត់ទម្លាប់ខ្លួនឲ្យចេះ ប្រុងស្មារតី ជានិច្ច ៕


EmoticonEmoticon