វត្តមានបរទេសនៅទីក្រុងអង្គរធំ
រហូតដល់បច្ចុប្បន្ន ចម្លាក់មួយចំនួននៅលើប្រាសាទបុរាណខ្មែរ នៅតែពុំទាន់មានការពន្យល់ ឬបកស្រាយនៅឡើយពីសំណាក់អ្នកសិក្សាស្រាវជ្រាវខាងខេមរវិទ្យា ។ ដោយការយល់ឃើញថា ចម្លាក់ទាំងនោះ គឺគ្រាន់តែជាគ្រឿងតុបតែងលំអរមណីយដ្ឋានប្រវត្តិសាស្ត្រនោះ បានធ្វើឲ្យគេមើលរំលងនូវសារសំខាន់របស់វា ជាពិសេសផ្ទាំងរូបតំណាងបុរសមួយក្រុម ពាក់អាវវែង ហើយនៅលើក្បាលមានពាក់កាតឹប ឬមួកម្យ៉ាងមានរាងកោង ព្រមទាំងមានបន្ដោងខ្សែកផង ដែលស្ថិតនៅជ្រុងមួយនៃប្រាសាទបាយ័ន ។
តើមនុស្សទាំងនោះជាជនជាតិអ្វី ? ហេតុដូចម្ដេចបានជាមានវត្តមានរបស់ពួកគេ នៅជាប់នឹងជញ្ជាំងប្រាសាទថ្មខ្មែរទៅវិញ ? តទៅនេះ ចូរយើងសាកល្បងពិនិត្យលើចម្លាក់បុរាណទាំងនោះ ហើយព្យាយាមបកស្រាយ ។ ជាបឋម ដើម្បីបញ្ជាក់ការពាក់ព័ន្ធនឹងវត្តមាន របស់ជនបរទេសនៅលើទីក្រុងអង្គរធំ យើងសូមលើកកំណត់ហេតុ របស់លោក ជីវ តាកួន នៅឆ្នាំ១២៩៧ មកបង្ហាញជាភស្តុតាង ។
កំណត់ហេតុមានចែងថា "នៅខែកក្កដា គេដុតអង្គរ(ដាល់អំបុក) នៅពេលស្រូវទុំ ដើម្បីជាដង្វាយចំពោះព្រះពុទ្ធអង្គ គេច្រៀងរាំរាល់ថ្ងៃនៅព្រះបរមរាជវាំង ដោយមានរាជទូតបរទេសចូលរួមយ៉ាងកុះករ ដែលអញ្ជើញមកមើលការជល់ជ្រូក ដំរី មាន់ ព្រមទាំងល្បែងផ្សេងៗទៀត" ។
ខាងលើនេះ គឺជាតឹកតាងមួយ ប្រកបដោយលក្ខណៈប្រវត្តិសាស្ត្រ ដែលវិចិត្រករខ្មែរបុរាណចង់បង្ហាញដល់មនុស្សជំនាន់ក្រោយឲ្យបានជ្រាប និងដោយឲ្យតំលៃយ៉ាងខ្ពស់ចំពោះវត្តមានរបស់បរទេសទាំងនោះ ដែលភាគច្រើនគឺជារាជទូត ដែលចូលរួមក្នុងពិធីបុណ្យទានជាតិ ក្នុងទឹកដីរបស់ព្រះរាជាណាចក្ររបស់ខ្លួន ។ កុំភ្លេចថា ក្នុងសម័យអង្គរ កាលបើមានព្រឹត្តិការណ៍អ្វីសំខាន់កើតមានឡើងនៅកន្លែងណាមួយ គេច្រើនតែផ្សព្វផ្សាយដំណឹងតាមការនិយាយដោយផ្ទាល់មាត់តៗគ្នា ពីម្នាក់ទៅម្នាក់ទៀត ឬក៏ចារលើថ្មដាទុកជាការចងចាំរួម ពោលគឺ ពួកគេមិនទាន់មានលទ្ធភាពផ្សព្វផ្សាយយ៉ាងរហ័ស និងយ៉ាងទូលំទូលាយ ដោយមានប្រសិទ្ធិភាពដូចសម័យទំនើបនេះនៅឡើយ ។
បន្ថែមពីលើលក្ខណៈជាប្រវត្តិសាស្ត្រនេះ ចម្លាក់បុរាណទាំងនោះ ក៏បង្ហាញឲ្យយើងដឹងដែរថា ខ្មែរនាសម័យអង្គរជាមនុស្សដែលមានចិត្តអំណត់ ព្យាយាមក្នុងកិច្ចការ ហើយនេះគឺជាអ្វីមួយដែលជាលក្ខណៈសម្បត្តិរបស់ជាងឆ្លាក់របស់យើង ដោយហេតុថា ចម្លាក់បុរាណទាំងនោះជាសក្ខីកម្ម នៃថ្វីដៃប៉ិនប្រសព្វ និងល្អវិចិត្ររបស់ពួកគាត់ ។
ដើម្បីបញ្ជាក់ឲ្យច្បាស់ថា មនុស្សទាំងនោះជាជនជាតិបរទេសពោលគឺ មិនមែនជាខ្មែរ វិចិត្រករខ្មែរនាសម័យនោះ បានបង្ហាញនូវលក្ខណៈខុសគ្នាខាងរូបរាងកាយដូចជា ខាងស្លៀកពាក់ ឬការតុបតែងខ្លួនជាដើម ។ ក្នុងផ្នែកនេះ ជនជាតិចិន និងចាមទៀតសោត ក៏មានលក្ខណៈខុសប្លែកពីខ្មែរដែរ ។
តាមរយៈការស្រាវជ្រាវកន្លងមកដល់សព្វថ្ងៃនេះ យើងបានរកឃើញថា មានភស្តុតាងជាច្រើនដែលចង្អុលបង្ហាញថា ជនជាតិទាំងនោះគឺជាជនជាតិស៊ីត ឬអ៊ីរ៉ាន ។
ក្នុងករណីដូចគ្នា គេបានជួបប្រទះចម្លាក់ប្រភេទមនុស្សបែបនេះ ក្នុងស្ថានីយ៍ប្រវត្តិសាស្ត្រមួយចំនួននាសម័យបុរេអង្គរដូចជា នៅកម្ពុជាក្រោម នៅទីក្រុងអ៊ូថង និងនៅទីក្រុងមនឈ្មោះ ទ្វារវតី នៅម្ដុំនគរបឋមប្រទេសសៀម ព្រមទាំងនៅសម្បូណ៌ព្រៃគុក ឬឥសានបុរៈ ។ ក៏ប៉ុន្ដែក្នុងចំណោមបណ្ដាចម្លាក់ទាំងនោះ គេឃើញថា តឹកតាងដែលចាស់ជាងគេគឺ ចម្លាក់នៅលើកាក់ដែលមានប្រភពពីអ៊ីរ៉ាន ដែលស្ថិតនៅក្នុងអំឡុងសតវត្សរ៍ទី ២-៣ នៃគ.ស ។
ទាំងនេះជាចំណុចវិជ្ជមានដែលពាក់ព័ន្ធទៅនឹងអត្តសញ្ញាណ ជនជាតិបរទេសទាំងនោះ ដែលយើងបានជួបនៅលើប្រាសាទ ។ ដូច្នេះវត្តមានរបស់ពួកគេ ក៏មិនមែនជារឿងចៃដន្យនោះទេ ពីព្រោះខ្មែរធ្លាប់ស្គាល់ពួកអ៊ីរ៉ាន តាំងពីដើមសម័យប្រវត្តិសាស្ត្រម្ល៉េះ ៕
ត្រាណេ
Subscribe to:
Post Comments (Atom)
EmoticonEmoticon