វិហារបុរាណវត្តអារញ្ញសាគរ

វិហារបុរាណវត្តអារញ្ញសាគរ

វិហារវត្តអារញ្ញសាគរ គឺជាសំណង់វិហារបុរាណមួយក្នុងចំណោមវិហារជាច្រើន​ទៀត ដែលមានទីតាំងតាមបណ្តោយស្ទឹងសៀមរាប។ គេមិនអាច​កំណត់ពីអាយុកាលច្បាស់លាស់នៃសំណង់វិហារនេះបានទេ តែបើតាម​ការបញ្ជាក់ពីអ្នកភូមិជិតនេះ វិហារវត្តអារញ្ញសាគរមានអាយុកាលជាង​១០០ឆ្នាំ ហើយ ដែលស្ថានភាពសំណង់ទាំងមូលមានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលជាបន្ទាន់។

 
វិហារ​វត្តអារញ្ញសាគរ គឺជាសំណង់មួយដែលមានលក្ខណៈស្ថាបត្យកម្មដ៏ពិសេស ព្រោះវិហារនេះសង់ឡើងនៅលើខឿនមួយជាន់ ឯតួវិហារនិងសសរជុំវិញគឺកសាងពីឥដ្ឋតាន់។ ចំណែកសសរជុំវិញវិហារមានទម្រង់រមួល ហើយភាពរមួលនោះ គឺធ្វើពីឥដ្ឋរមួលស្រាប់ ដែលត្រូវបានរចនាដោយបុព្វបុរសខ្មែរ។ ជាងនេះទៅទៀតនោះ ភាពរមួលនៃសសរនីមួយៗ គឺមានភាពខុសៗគ្នាផងដែរ។ ចំណែកសសរខាងក្នុង និងគ្រឿងបង្គំដំបូលនៃវត្តអារញ្ញ គឺធ្វើពីឈើ ទៅតាមរចនាប័ទ្មខ្មែរសុទ្ធសាធ។

 
វត្តអារញ្ញនេះគឺមានទីតាំងនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប តាមបណ្តោយស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម។
បច្ចុប្បន្ននេះវិហារបុរាណនេះ ត្រូវបានទទួលការជុសជួលពីសំណាកក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ដោយបានរក្សាទម្រង់ដើម ដើម្បីទុកជាមរតកទៅថ្ងៃក្រោយផងដែរ។
----------------
ដកស្រង់ពីអាជ្ញាធរជាតិអប្សរា
  


EmoticonEmoticon