ជំនឿលើខ្នាយតាន់ជ្រូកព្រៃរបស់ខ្មែរ

ជំនឿលើខ្នាយតាន់ជ្រូកព្រៃរបស់ ខ្មែរ🇰🇭

ប្រជាជនខ្មែររស់នៅក្នុងខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជារួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក៏ដូចគ្នានឹង ប្រជាជន ខ្មែរ ដែលរស់នៅក្នុងខេត្ត សុរិ ន្ទ្រ ស៊ីសាកេត និង បុរីរម្យ ក្នុងប្រទេស ថៃនាពេល បច្ចុប្បន្ននេះដែរ ពួកគេនៅតែមានជំនឿថាខ្នាយតាន់ របស់ជ្រូកព្រៃ គឺជាវត្ថុស័ក្តិសិទ្ធិដែល នាំមក នូវសិរីមង្គល និង សេចក្តីសុខចម្រុងចម្រើន ។
ជំនឿលើខ្នាយតាន់ជ្រូកព្រៃក៏ កើតមាន ទៅដល់ ប្រជាជនខ្មែរភាគតិចដែលរស់ នៅតាមច្រករបៀង នៃ ព្រំដែន ខ្មែរ-លាវផងដែរ ។ ជនជាតិខ្មែរលើទាំងនេះមានដូចជា ពួក ទំពូន ព្នង និង ស្ទៀង ជាដើម ដែលភាគច្រើននៃ ពួកនេះពាក់ខ្នាយតាន់ជ្រូកព្រៃជាប្រចាំ ថ្ងៃ ទៀតផង ។


ការមានជំនឿលើខ្នាយតាន់ជ្រូកព្រៃ របស់ប្រជាជន ខ្មែរស្ទើរតែមាន លក្ខណ:ជាទូទៅក្នុងសង្គមខ្មែរ ជាពិសេសនៅតំបន់ជួរភ្នំ ដងរែក និង នៅតំបន់ ព្រៃភ្នំ ដែលគេយល់ឃើញថា ជាតំបន់អាថ៌កំបាំងប្រកបដោយបារមី និង វត្ថុស័ក្តិសិទ្ធិ ឬក៏ជាកន្លែងរស់នៅដ៏ សុខសាន្តរបស់សត្វ ជ្រូកព្រៃដោយ វត្តមាន នៃមើមដំឡូង ព្រៃយ៉ាងសម្បូរ ។
ការស្រាវជ្រាវរបស់យើងបានឱ្យដឹងថា ជ្រូកព្រៃមានទម្លាប់រស់នៅជាហ្វូងរបស់ វា ហើយនៅក្នុងហ្វូង ជ្រូកនីមួយៗ គេ ឃើញមានមេហ្វូងមួយជាជ្រូកឈ្មោលដែលមិន ត្រឹមតែមាន មាឌធំ ហើយ ខ្លាំងជាងគេទេ វាថែមទាំងកាចសាហាវ ទៀតផង ។ នៅក្នុងខណៈពេលដែលមានកូនជ្រូក ព្រៃ ទើបនឹងកើតមក មេហ្វូង ជ្រូកព្រៃ ដ៏កាចសាហាវខ្លាំង នេះសម្លាប់នូវកូនជ្រូកព្រៃឈ្មោល ណា ដែលវាទទួលស្គាល់ថាមានមហិទ្ធិឫទ្ធិ ដូច វា ។
អ្នកស្រុករស់នៅតំបន់ជួរភ្នំដងរែកបានឱ្យដឹងថា ការបំផ្លាញកូនខ្លួនឯង ដូច្នេះ បណ្តាលមកពីមេហ្វូង ខ្លាចក្រែង កូនឈ្មោល នៅក្នុងហ្វូងនោះនឹង ដណ្តើមអំណាចធ្វើជាមេហ្វូងទៅ ថ្ងៃក្រោយ ។
ទម្លាប់របស់ ជ្រូកព្រៃ នេះពុំមែនជា រឿង ចៃដន្យ នៅក្នុងសង្គមសត្វដែលធ្វើឱ្យ មានការរន្ធត់ចិត្តនោះទេ តែនេះជាច្បាប់ធម្មជាតិ ។
ពេលមេហ្វូងជិតស្លាប់ទើបវាទុក កូនឈ្មោលណាដែលប្រកបលក្ខណៈសម្បត្តិ រឹងមាំមានដុះខ្នាយវែង ជាងគេបន្តិចដើម្បីទុកដឹកនាំហ្វូង ជ្រូកព្រៃ បន្តពី វាទៀត ។ ចំពោះមេហ្វូង ជ្រូកព្រៃដល់ពេលដែលវាចាស់ជរាខ្លាំង ទៅ វាដើរទៅរកកន្លែងណាស្ងាត់ និង មានដើមឈើផង ដើម្បីយកខ្នាយតាន់ របស់ វាទាំងពីរទៅកាច់បំបាក់ទុកបង្កប់ ចោលនៅ នឹងដើមឈើ នោះ ។
មហិទ្ធិឫទ្ធិ របស់ខ្នាយតាន់នៅត្រង់ថា បារមី ឬ វត្ថុស័ក្តិសិទ្ធិ ជាពន្លឺនៅលើ ថ្ងាស ជ្រូកព្រៃ ដែលតាមថែរក្សាគាំពារ ជានិច្ចកាល ។ បារមីនេះឯងដែលពិបាកនឹងមាននរណាម្នាក់អាចសម្លាប់វា ដោយងាយបានឡើយ ។
ហេតុដូច្នេះហើយប្រជាជន ខ្មែរ នៅតាមតំបន់ព្រៃភ្នំ ដងរែក និង តំបន់ខ្ពង់រាប ដទៃទៀតមានជំនឿថា អ្នកដែល រើសបានខ្នាយតាន់ជ្រូកព្រៃយកមក ពាក់គឺ គេនឹងមានសេចក្តីសុខ សិរីសួស្តី ជាពុំខាន ។ បារមីនៃ ខ្នាយតាន់នេះ នឹង នៅរក្សាការពារមិនឱ្យសត្រូវជិតឆ្ងាយ ណាមកបៀតបៀន ឬ យកឈ្នះ លើ ខ្លួនគេបានឡើយ ។
អ្នកមានខ្នាយតាន់ ជ្រូកព្រៃ តែងតែកាន់ ត្រណមមួយចំនួនយ៉ាងខ្ជាប់ខ្ជួនហើយ គួបផ្សំ នឹង មន្តអាគម បន្ថែម ផងនោះ ធ្វើឱ្យខ្នាយតាន់ ជ្រូកព្រៃ ដែលមានបារមីកាន់ ស្រាប់កាន់តែខ្លាំងក្លាមួយកំរិតថែមទៀត ។
ចំពោះបងប្អូនជនជាតិ ខ្មែរលើក៏មាន ជំនឿដូចគ្នានេះដែរ ។ គេបានចាត់ទុក ជំនឿនេះជាទំនៀមទម្លាប់ ប្រពៃណី ប្រចាំជនជាតិទៀតផង ។ គេយល់ថា បារមីខ្នាយតាន់ ជ្រូកព្រៃសម្រាប់ជួយ ការពារ នឹងសត្វព្រៃ ដ៏កាចសាហាវផ្សេងៗ ឬ អាវុធដូចជា ព្រួញ ស្នជាដើម ដោយហេតុថានៅតំបន់ព្រៃភ្នំពុំមាន គ្រាប់កាំភ្លើង ឬ ជាតិផ្ទុះឡើយ ។
សរុបសេចក្តីមកជំនឿ លើខ្នាយតាន់ ជ្រូកព្រៃ នៃ ជនជាតិខ្មែរ អាចឆ្លុះបញ្ចាំង ឱ្យឃើញថាទស្សនៈរបស់មនុស្ស ជាពិសេសនៅពេលដែលប្រឈមមុខ នឹង គ្រោះកំណាចអ្វីមួយមកពី ខាងក្រៅ រមែងតែ ប្រាថ្នា សេចក្តីសុខសប្បាយ និង សុវត្ថិភាពតែប៉ុណ្ណោះ ហើយជំនឿ នេះ ក៏ជាមែកធាង នៃ ខឿនវប្បធម៌ អរូបី របស់ជាតិយើងផងដែរ ។
គប្បីជម្រាបផងដែរថា ចំពោះខ្មែរ សុរិ ន្ទ្រ បុរីរម្យ សព្វថ្ងៃឆ្អឹងថ្គាមខ្នាយ និង ឈាមសត្វព្រៃមួយចំនួនមានតួនាទី យ៉ាងសំខាន់ ក្នុងការរក្សារោគ ឬ ជំងឺ ។ ឧទាហរណ៍ គេយកថ្គាមដំរីទៅដុស នឹង ថ្ម ហើយស្រង់ទឹកយកទៅបរិភោគ ដើម្បីការពារពុលថ្នាំ និង ធ្វើឱ្យត្រជាក់ ខ្លួនប្រាណ ។ ភ្លុកដំរី និងខ្នាយតាន់ ជ្រូកព្រៃវិញ គេប្រើសម្រាប់កែក្តៅខ្លួន ដែរ ។ ឆ្អឹងត្មាត និង ឆ្អឹងអកសម្រាប់ កែរោគ គ្រុនញាក់ រវើរវាយ និងកែរោគ ស្ត្រី ដែលសម្រាលកូនមិនចេញដូច ប្រក្រតី ។ ជូនកាល គេក៏យកឈាម រមាស កែក្រំ និង ជាំ ខ្ទុះ ពេលដែល ធ្លាក់ ពីខ្នងដំរី ឬ ដើមឈើ ជាដើម ។ ចំពោះចង្កូមខ្លា គេយកមកដាក់ពាក់ជា បន្តោង នៅក ដើម្បីការពារសត្វព្រៃ ហើយ បើចង្កូមខ្លានោះមានប្រហោង វា កាន់តែមានប្រសិទ្ធភាពទៅទៀត ព្រោះ ព្រាយ បីសាចភ័យខ្លាចខ្លាំងណាស់ ។
តើ មនុស្សនៅភូមិ ស្នាយ នា សម័យ បុរេប្រវត្តិសាស្ត្រ មានជំនឿដូចខាងលើ នេះដែរ ឬទេ ? ចំពោះចម្លើយ នឹង សំណួរនេះ បើតាមការស្រាវជ្រាវ សិក្សា ប្រៀបធៀបរបស់យើងបានឱ្យដឹងថា អ្វីៗដែលពោលមិនខុសប្លែកពី ជំនឿរបស់សហគមន៍ ខ្មែរ នៅភូមិ ស្នាយប៉ុន្មានឡើយ ដោយហេតុថាសំណង់ វប្បធម៌វត្ថុបុរាណជាច្រើន ដូចជា ឆ្អឹង ចង្កូមសត្វ ដែលគេកប់ ជាមួយសព ពុំមែន ជាការចៃដន្យទេ ក៏ប៉ុន្តែ វត្ថុទាំងអស់នោះបានឆ្លើយតប តាមជំនឿប្រពៃណីរបស់មនុស្ស ខ្មែរ នា សម័យដើមយ៉ាងពិតៗ ។
ត្រា ណេ


EmoticonEmoticon