នពគ្រោះ និងការសិក្សាពីតារាសាស្ត្ររបស់ខ្មែរបុរាណ


នពគ្រោះ និងការសិក្សាពីតារាសាស្ត្ររបស់ខ្មែរបុរាណ


ប្រសិនបើយើងចូលទៅសារមន្ទីរជាតិភ្នំពេញ យើងនឹងឃើញមានរូបចម្លាក់ទេពមួយជួរមាន ៩ អង្គ ចំនួនពីរទៅបីផ្ទាំង ហើយទម្រង់សិល្បៈនៃរូបនពគ្រោះនេះ ឃើញមាននៅក្នុងទម្រង់សិល្បៈខ្មែរតាំងតែពីសម័យមុនអង្គរ ។ រូបនពគ្រោះនេះ គឺជាតំណាងឲ្យ គ្រោហ ទាំង ៩ ដែលក្នុងនោះមាន ព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ រាហូ និងកេតុ (ផ្កាយដុះកន្ទុយ) តែនៅក្នុងចម្លាក់នោះមិនមែនដាក់រាងគ្នាជាលំដាប់បែបនេះនោះទេ ។


តាមជំនឿសាសនាហិណ្ឌូ ដែលនៅតែគោរពជឿរហូតដល់ពេលសព្វថ្ងៃ គេថា៖

ព្រះអាទិត្យ ៖ មានជំនិះជារទេះអូសដោយសេះ ស្ថិតនៅកណ្តាល
ព្រះច័ន្ទ ៖ មានជំនិះជារទេះអូសដោយរមាំង
ព្រះអង្គារ ៖ មានពាហនៈជាពពែ
ព្រះពុធ ៖ មានពាហនៈជាគជសីហ៍
ព្រះព្រហស្បត៍ ៖ មានពាហនៈជាដំរី
ព្រះសុក្រ ៖ មានពាហនៈជាសេះ
ព្រះសៅរ៍ ៖ មានពាហនៈជាក្អែក
រាហូ ៖ មានពាហនៈជាខ្លា
កេតុ ៖ មានពាហនៈជាពស់ ឬនាគ

ប្រសិនបើយើងមើលតាមថ្មចម្លាក់មួយផ្ទាំងដែលស្ថិតនៅក្នុងរូបទី ១ គឺមានលក្ខណៈដូចខាងក្រោម៖

ប្រថាប់លើរទេះ ទឹមដោយសេះពីរ ៖ អាចជាព្រះអាទិត្យ
ប្រថាប់លើអសនៈ ៖ អាចជាព្រះច័ន្ទ ឬព្រះព្រហស្បតិ៍ (ដោយសារព្រះព្រហស្បតិ៍គឺជាគ្រូនៃពពួកទេវតា នៅក្នុងក្បួនហោរាសាស្ត្រខ្មែរគេហៅព្រះព្រហស្បតិ៍ថា គ្រូ ហើយពួកហិណ្ឌូក៏ហៅថា គរុ ដែរ)
ប្រថាប់លើសេះ ឬក៏រមាំង ឬក៏ក្របី (ក្របី និងរមាំងមានស្នែង តែរូបនោះទំនងគ្មានស្នែង) ៖ អាចជាព្រះសុក្រ ឬព្រះច័ន្ទ
ប្រថាប់លើសត្វស្លាប អាចជាក្អែក ៖ អាចជាព្រះសៅរ៍
ប្រថាប់លើដំរី ៖ អាចជាព្រះពុធ
ប្រថាប់លើរមាំង ឬក៏សេះ (សេះគ្មានស្នែងទេ តែរូបនោះទំនងមានស្នែង) ៖ អាចជាព្រះសុក្រ ឬព្រះច័ន្ទ
ប្រថាប់លើពពែ ៖ អាចជាព្រះអង្គារ
មានកន្ទុយវ័ន្ធ ៖ អាចជាផ្កាយដុះកន្ទុយ គឺកេតុ ការពិតទៅកេតុ និងរហូ គឺជាតួអង្គតែមួយ តែដោយសាររាហូ លួចផឹកទឹកអម្រឹតទើបត្រូវព្រះវិស្ណុប្រើកងចក្រកាត់ផ្តាច់ខ្លួនជាពីរ ខាងក្បាលក្លាយជារាហូ ខាងកន្ទុយក្លាយជា កេតុ
ប្រថាប់លើរាជសីហ៍ ៖ អាចជារាហូ

ទាំងនេះគ្រាន់តែជាការប៉ាន់ស្មានរបស់ខ្ញុំតែប៉ុណ្ណោះ ។ ចម្លាក់នេះពួកបារាំងក៏ធ្លាប់សិក្សាផងដែរ ហើយលោកអាំង ជូលាន ក៏បានសិក្សានិងសរសេរអត្ថបទមួយទាក់ទងនឹងរឿងនេះ តែខ្ញុំមិនយល់ស្របទៅនឹងការសិក្សានោះទេ ព្រោះថាការសិក្សានោះថាមានតាំងពី ព្រះឥន្ទ្រ ជិះដំរី ព្រះយមរាជ ជិះក្របី ព្រះព្រហ្ម ជិះហង្ស ព្រះកុវេរៈ ជាដើម ដែលទាំងនេះ គឺមិនស៊ីគ្នានឹងក្បួននពគ្រោះរបស់ឥណ្ឌានោះទេ ។ ការយល់ខុសនេះ នៅតែបន្តផ្សព្វផ្សាយបន្ត គឺអ្នកសិក្សាខ្មែរមិនបានផ្ទៀងផ្ទាត់ជាមួយនឹងអបិយជំនឿ ឬក្បួនហោរាសាស្ត្រព្រហ្មជាតិរបស់ខ្មែរដែលមានមកដល់សព្វថ្ងៃ ដែលនៅតែបន្តប្រើក្បួននពគ្រោះនោះទេ ហើយក៏មិនបានផ្ទៀងផ្ទាត់ទៅនឹងក្បួននពគ្រោះរបស់ហិណ្ឌូដែលមានមកដល់សព្វថ្ងៃដែរ ទាំងនោះគឺជាចំណុចចន្លោះប្រហោង ដែលអ្នកសិក្សាខ្មែរជឿជាក់ទៅលើការសិក្សារបស់បរទេស ឬបារាំងខ្លាំងពេក រហូតមិនបានសិក្សាទៅលើអ្វីដែលបុព្វបុរសបន្សល់ទុកឲ្យដល់សព្វថ្ងៃ ។ មានការយល់ច្រឡំរបស់អ្នកសិក្សាខ្មែរមួយចំនួនយល់ថា រាហូ និងកេតុ គឺជាភពណិបទូន និងភពអុយរ៉ានុស ដែលមិសាកសមនេះទេ ព្រោះថាភពទាំងពីរនេះ ទើបតែរកឃើញនោះទេ មួយទៀត ភពទាំងពីរនេះ មានចម្ងាយឆ្ងាយ ដែលមិនអាចសង្កេតមើលឃើញដោយភ្នែកទទេនោះទេ ។


នៅប្រទេសថៃ ការបូជាទៅលើផ្កាយនពគ្រោះនេះនៅតែបន្តមានរហូតដល់សព្វថ្ងៃ យើងត្រូវសិក្សាពីថៃ ព្រោះថាថៃបានទទួលជំនឿទាំងនេះពីខ្មែរ ដោយមិនអាចប្រកែកបាន ព្រោះជំនឿព្រហ្មញ្ញសាសនា ថៃមិនបានទទួលដោយផ្ទាល់ពីឥណ្ឌា ដូចខ្មែរនោះទេ ខ្ញុំសូមជូនជាជំនិះរបស់នពគ្រោះតាមជំនឿថៃដូចតទៅ៖

ព្រះអាទិត្យ មានពាហនៈជារាជសីហ៍
ព្រះច័ន្ទ មានពាហនៈជាសេះ
ព្រះអង្គារ មានពាហណៈជាក្របី
ព្រះពុធ មានពាហណៈជាដំរី
ព្រះព្រហស្បតិ៍ មានពាហណៈជាឈ្លូស
ព្រះសុក្រ មានពាហណៈជាគោ
ព្រះសៅរ៍ មានពាហណៈជាខ្លា
រាហូ មានពាហណៈជាគ្រុឌ
កេតុ មានពាហណៈជានាគ ។

នៅតាមវត្តអារាមខ្មែរនៅក្នុងពេលបច្ចុប្បន្ននេះ គេនិយមគូរគំនូរនៅលើពិតានព្រះវិហារ ជារូបព្រះអាទិត្យប្រថាប់លើរទេះទឹមរាជសីហ៍ ឯព្រះច័ន្ទប្រថាប់លើរទេះទឹមសេះ ដែលនេះគឺត្រូវគ្នានឹងក្បួនរបស់ថៃដែរ តែខុសពីអ្វីដែលមានឆ្លាក់មកនៅសម័យអង្គរ ដូចជានៅប្រាសាទអង្គរវត្ត ដែលរូបព្រះច័ន្ទ និងព្រះអាទិត្យ គឺប្រថាប់លើរទេះទឹមសេះទាំងពីរ ។ បើតាមទេវកថាក្រិច ទេពព្រះអាទិត្យ ជិះលើរទេះទឹមដោយសត្វសេះ ចំណែកទេពធីតាព្រះច័ន្ទ ជិះលើរទេះទឹមដោយសត្វគោ ។

 
 
















EmoticonEmoticon