ចម្លាក់បង្ហាញអំពីការកូរទឹកដោះ បង្កើតជាប៊ឺ នៅប្រាសាទបាពួន
ចម្លាក់បង្ហាញអំពីការកូរទឹកដោះ បង្កើតជាប៊ឺ នៅប្រាសាទបាពួន
នៅតាមចម្លាក់ប្រាសាទបាពួន ឬបាភួន មានរូបមួយបង្ហាញពីបុរសម្នាក់កំពុងអង្គុយកូរអ្វីម្យ៉ាងដែលស្ថិតនៅក្នុងក្រឡមួយ ហើយមានបុរសចំណាស់ម្នាក់ ដែលអាចជាព្រាហ្មបានយកដៃទៅប៉ះដងបញ្ឈរមួយដែលប្រើជាគោលសម្រាប់កូរទឹកដោះ ។ រូបនេះ គឺមានលក្ខណៈដូចគ្នាទៅនឹងការកូរទឹកដោះ បង្កើតទៅជាប៊ឺរបស់ជនជាតិឥណ្ឌា ដែលនៅតែអនុវត្តន៍រហូតដល់សព្វថ្ងៃ ។
គេថាការបង្កើតប៊ឺគឺកើតមានឡើងនៅក្នុងភាគខាងជើងប្រទេសឥណ្ឌារាប់ពាន់ឆ្នាំមកហើយ ហើយនៅពេលការផលិតប៊ឺនេះបានហូរចូលមកភាគខាងត្បូងឥណ្ឌា ដែលមានអាកាសធាតុក្តៅ គេបានរកឃើញបច្ចេកទេសមួយទៀត ដើម្បីយកខ្លាញ់ចេញពីប៊ឺ ធ្វើឲ្យប៊ឺអាចរក្សាទុកបានយូរមិនងាយនឹងផ្អូម ។ ខ្លាញ់ចេញពីទឹកដោះគោនេះ ពួកឥណ្ឌាប្រើសម្រាប់បូជាពពួកទេព ដោយបាចចូលភ្លើងនៅក្នុងពេលធ្វើកិច្ចសាសនា ហើយជនជាតិឥណ្ឌាពីបុរាណ ក៏ទទួលទានតែខ្លាញ់ចេញពីទឹកដោះគោនេះដែរ ។
សម្រាប់ការកូរទឹកដោះគោនោះ ជាតិម្សៅរបស់ទឹកដោះគោនឹងកកហើយធ្លាក់ទៅបាត ដោយឡែកសម្រាប់ខ្លាញ់ វានឹងទៅជាប់នៅលើដងកូរ ហេតុនេះក្រោយពេលកូររួចរាល់គេនឹងទទួលបានរបស់បី គឺប៊ឺ ខ្លាញ់ទឹកដោះគោ និងទឹក ។ មានការសន្និដ្ឋានមួយចំនួនថារឿងកូរសមុទ្ទទឹកដោះ ក៏កើតចេញពីការកូរទឹកដោះបង្កើតជាប៊ឺនេះដែរ ។
សម្រាប់ចម្លាក់នៅលើប្រាសាទបាពួន ប្រហែលជាបង្ហាញអំពីការបង្កើតប៊ឺ ដើម្បីយកខ្លាញ់ ឬប្រេងទឹកដោះគោ យកទៅធ្វើកិច្ចពិធីសម្រាប់សាសនា ។ ទោះជាយ៉ាងណា មកដល់ពេលបច្ចុប្បន្នប្រពៃណីនេះពុំមាននៅក្នុងសង្គមខ្មែរទេ មនដឹងថាមកពីខ្មែរមិនចេះរឹតទឹកដោះគោ ឬក៏មកពីគោពូជនៅស្រុកខ្មែរមិនសូវមានទឹកដោះឲ្យរឹត ។
EmoticonEmoticon