សិល្បៈលម្អលើប្រាសាទបន្ទាយស្រី បានទទួលឥទ្ធិពលមួយចំនួនពីប្រាសាទសម័យមុនអង្គរ
ប្រាសាទបន្ទាយស្រី បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាភ្ញៀវជាតិ
និងអន្តរជាតិ ដោយសារតែសម្រស់ដ៏ល្អឯងរបស់ប្រាសាទនេះ បើទោះបីជាមានទំហំតូច
តែភាពល្អិតល្អន់នៃចម្លាក់ អាចទាក់ភ្នែកអ្នកទស្សនាដែលស្រឡាញ់
និងផ្តល់តម្លៃទៅលើសិល្បៈឲ្យចំណាយពេលពេញមួយថ្ងៃ
ដើម្បីទស្សនាប្រាសាទដ៏ប្រណីតមួយនេះ ។ ប្រាសាទបន្ទាយស្រី
មិនមែនជាប្រាសាទសម្រាប់រាជ្យនោះទេ
តែគឺជាប្រាសាទមួយរបស់រាជគ្រូរបស់ស្តេចរាជេន្ទ្រវរ្ម័ន
ដែលទ្រង់បានសាងប្រាសាទមេបុណ្យខាងកើត និងប្រាសាទប្រែរូប ។
ហើយបើទោះបីជាប្រាសាទប្រែរូប និងប្រាសាទបន្ទាយស្រី
ស្ថាបនាឡើងក្នុងរាជ្យក្សត្រតែមួយក៏ដោយ ក៏អ្នកប្រវត្តិសិល្បៈ
បានបែងចែកទម្រង់សិល្បៈនៃរចនាប័ទ្មប្រាសាទទាំងពីរនេះ
នៅក្នុងក្រុមពីរផ្សេងគ្នា គឺរចនាប័ទ្មប្រែរូប និងរចនាប័ទ្មបន្ទាយស្រី
ហើយរចនាប័ទ្មបន្ទាយស្រីនេះ
ពេលខ្លះត្រូវគេបញ្ចូលរចនាប័ទ្មឃ្លាំងបញ្ចូលមួយទៀត
ព្រោះប្រសិនបើយើងសង្កេតមើលក្បាច់ចម្លាក់នៃប្រាសាទបន្ទាយស្រី
និងប្រាសាទឃ្លាំង គឺពិតជាស្រដៀងគ្នាមែន
តែក៏មានអ្នកសិក្សាមួយចំនួនព្យាយាមផ្តាច់រចនាប័ទ្មទាំងពីរនេះចេញពីគ្នា
ដោយសាររចនាប័ទ្មឃ្លាំង មានការសាងប្រាសាទទំហំធំជាង
និងមានក្បាច់រចនាមិនសូវលម្អិតណាស់ណានោះទេ
តែទោះជាយ៉ាងណាក៏ទម្រង់រចនាប័ទ្មទាំងពីនេះ
មានលក្ខណៈប្រហាក់ប្រហែលគ្នាច្រើនមែន ។
ការសង់រោងមណ្ឌបពីមុខប្រាសាទបន្ទាយស្រី ក៏រាប់ជារបត់សិល្បៈមួយរបស់ខ្មែរដែរ
ដែលការសង់រោងមណ្ឌបនៅពីមុខនេះ អាចធ្លាប់មាននៅសម័យចេនឡា តែនៅដើមសម័យអង្គរ
មិនទាន់មានការពេញនិយមនោះទេ ឬក៏អាចមានដែរ តែជាសំណង់ឈើ
ដូចជាករណីប្រាសាទភ្នំបាខែង ជាដើម រហូតទាល់តែចូលសម័យក្រោយបន្ទាយស្រី
ទើបនិយមមានការសាងមណ្ឌបនៅមុខប្រាសាទ ដូចជានៅប្រាសាទព្រះវិហារ
ប្រាសាទភ្នំជីសូរ ជាដើម ហើយក៏កាន់តែពេញនិយមនៅប្រាសាទសម័យរចនាប័ទ្មអង្គរវត្ត
ក៏ដូចជាសម័យរចនាប័ទ្មបាយ័ន ។
សម្រាប់ទម្រង់សិល្បៈតុបតែងលម្អរបស់ប្រាសាទបន្ទាយស្រីវិញ
តាមការសិក្សាស្វែងយល់មួយចំនួនគឺបង្ហាញថាសិល្បៈសម័យសង់ប្រាសាទបន្ទាយស្រី
ជាងចម្លាក់សម័យនេះ ប្រហែលជាបានទៅមើលគំរូនៅតាមប្រាសាទសម័យបុរេអង្គរ
ជាក់ស្តែងគឺរូបទ្វារបាលប្រុស និងរូបស្រីគ្រប់លក្ខណ៍ (ទ្វារបាលស្រី)
គឺមានការឆ្លាក់ជារូបកាច់ចង្កេះបន្តិច ដែលទម្រង់នេះគឺពេញនិយមនៅសម័យហ្វូណន
និងសម័យចេនឡា តែមិនសូវនិយមនៅសម័យអង្គរនោះទេ ។
យើងអាចសង្កេតមើលចម្លាក់ព្រះហរិហរៈមកពីប្រាសាទអណ្តែត
ដែលត្រូវបានចាត់ទុកជាកំពូលសិល្បៈខ្មែរ គឺរូបនេះជាសិល្បៈបុរេអង្គរ
ដែលមានរាងកាច់ចង្កេះបន្តិច ហើយនៅក្នុងឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប
ដែលមិនឆ្ងាយប៉ុន្មានពីប្រជុំជនដំដែក មានប្រាសាទបុរេអង្គរមួយ
ដែលអាចថាស្ថិតនៅក្នុងរចនាប័ទ្មកំពង់ព្រះ ឬក៏ព្រៃក្មេង
ប្រាសាទនោះមានឈ្មោះថាប្រាសាទត្រពាំងរុន រូបទ្វារបាលស្រីនៅលើប្រាសាទនេះ
ប្រហែលជាត្រូវបានយកទៅធ្វើគំរូសម្រាប់រូបនាងគ្រប់លក្ខណ៍ ឬក៏ទ្វារបាលស្រី
នៅប្រាសាទបន្ទាយស្រី
ព្រោះថាប្រាសាទនេះមានទីតាំងមិនឆ្ងាយប៉ុន្មានពីតំបន់អង្គរនោះទេ ។
មិនត្រឹមតែរូបទ្វារបាល ដែលទទួលឥទ្ធិពលពីសម័យមុននោះទេ
សូម្បីតែចម្លាក់លើហោជាងនៅប្រាសាទបន្ទាយស្រី
ក៏អាចទទួលឥទ្ធិពលពីរូបសំណាកនៅក្នុងសម័យកោះកេរ ដូចជាផ្តែររូបចំបាប់ពាលី
និងសុគ្រីព ដែលអាចថាទទួលឥទ្ធិពលពីរូបសំណាកចំបាប់ពាលី និងសុគ្រីព
នៅប្រាសាទចិន ក្នុងតំបន់កោះកេរ ចំណែកហោជាងមួយផ្ទាំងទៀត
ដែលមានវត្តមាននៅក្នុងសារមន្ទីរជាតិភ្នំពេញសព្វថ្ងៃ ជារូបការប្រយុទ្ធដោយដំបង
(គទា) របស់ភីមៈ និងទុរយោធន៍ ក៏អាចជាការចម្លងគំរូពីរូបសំណាកសាច់រឿងដូចគ្នា
នៅប្រាសាទចិន នៃតំបន់កោះកេរ ។ សិល្បៈហោជាងក្រៅពីនោះ
គឺជាសិល្បៈដែលសិល្បៈករសម័យរចនាប័ទ្មបន្ទាយស្រីខិតខំច្នៃប្រឌិត
ប្រកបដោយប្រណីតភាព ហើយក៏បានជះឥទ្ធិពលបន្តទៅសម័យក្រោយៗដែរ ដូចជាទៅសម័យបាភួន
(បាពួន) និងសម័យរចនាប័ទ្មអង្គរវត្តជាដើម
ព្រោះថាសាច់រឿងដែលមានឆ្លាក់នៅតាមហោជាងរបស់ប្រាសាទបន្ទាយស្រី
ត្រូវបានគេឆ្លាក់ដូចគ្នានៅប្រាសាទបាពួន និងប្រាសាទអង្គរវត្ត
ដោយមានទឹកដៃផ្សេងៗគ្នា ។
Subscribe to:
Post Comments (Atom)
EmoticonEmoticon