ប្រវត្តិ លោក គង្គ ប៊ុនឈឿន
លោក គង្គ ប៊ុនឈឿន បានទទួលមរណះភាពនៅម៉ោង ៧និង២០នាទី ថ្ងៃអាទិត្យទី ១៧មេសាឆ្នាំ២០១៦ នៅមន្ទីរពេទ្យ ប្រទេស Norway ។
រូបភាពពី៖ គង្គ ប៊ុនឈឿន Kong Bunchhoeun
បទចម្រៀង « អារសាច់ជូនម្តាយ » « ម្លប់ដូងទី១០ » « ស្ពានឈើអភ័ព្វ » «សែនស្តាយថ្ពាល់ស្តាំ » « រំដួលដងស្ទឹងសង្កែ » « រាហូចាប់ចន្ទ » « ភ្លេងមច្ចុរាជ »...
ទាំងនេះសុទ្ធតែជាបទចម្រៀងពេញនិយម ដែលជាទូទៅមហាជនដឹងត្រឹមតែម្ចាស់សំនៀង គឺអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ។ ចំពោះអ្នកនិពន្ធទំនុកច្រៀងនៃបទចម្រៀងទាំងនោះ មហាជនមិនសូវចាប់អារម្មណ៍ ឬមិនបានដឹងថាជាលោកគង្គ ប៊ុនឈឿន ទេ ។
ការកសាងជីវិតក្លាយជាអ្នកនិពន្ធល្បីឈ្មោះមួយរូប លោកគង្គ ប៊ុនឈឿន ឆ្លងកាត់ជីវភាពក្រីក្រ ម្តាយឪពុកចែកឋានចោលទាំងវ័យក្មេង គូសង្សារបែកបែរចិត្តរៀបការចោល ជាប់ពន្ធនាគារ... និងក្នុងវ័យចំណាស់ត្រូវឃ្លាតចាកឆ្ងាយពីមាតុភូមិ ។ សព្វថ្ងៃ លោកគង្គ ប៊ុនឈឿន រស់នៅប្រទេសន័រវែស ។
កោះសន្តិភាពសូមបង្ហាញជូនប្រិយមិត្តអ្នកអានពីខ្សែជីវិតរបស់លោកគង្គ ប៊ុនឈឿន ហើយដែលរសជាតិជីវិតខ្លះរបស់លោក បានបង្ហូរចេញតាមរយៈទឹកប៉ាកកាជាបទចម្រៀងដ៏ល្បី ។ អត្ថបទខ្សែជីវិតនេះចងក្រងដោយលោកគង្គ ប៊ុនឈឿន ផ្ទាល់ ។
លោកគង្គ ប៊ុនឈឿន និទានថា ខ្ញុំគង្គ ប៊ុនឈឿន កើតនៅថ្ងៃ១៨ តុលា ឆ្នាំ១៩៣៩ នៅភូមិចម្ការសំរោង ឃុំចម្ការសំរោង (តាមការណ៍ពិត ខ្ញុំកើតនៅភូមិបឹងព្រីង ឃុំថ្មគោល (ចណ្តើរស្វា) ស្រុកបាត់ដំបង ខេត្តបាត់ដំបង ប៉ុន្តែពេលស្រុកមានកលិយុគភ័ន្តប្រែ សំបុត្រកំណើតដើមបាត់អស់ ទើបសម្រេចមកចុះជាតិកំណើត នៅឃុំចម្ការសំរោងវិញ) ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះគង្គ ឈិន (មានដើមកំណើតនៅឃុំព្រៃល្វា ខេត្តតាកែវ) ម្តាយឈ្មោះម៉រ ភឹង (ជាអ្នកឃុំព្រែកហ្លួង ស្រុកសង្កែ ខេត្តបាត់ដំបង) ។
កាលពីអាយុ៨ឆ្នាំ បានចូលរៀននៅថ្នាក់កុមារដ្ឋាន និងបរិវចនដ្ឋាននៅសាលាវត្តពោធិវាល។ ចាប់ពីថ្នាក់អាទិកដ្ឋាន រហូតដល់ឧត្តមដ្ឋានរៀននៅមជ្ឈិមសាលាបឋមសិក្សាខេត្ត ហើយបានប្រលងចូលរៀននៅវិទ្យាល័យព្រះមុនីវង្ស រហូតដល់ប្រលងជាប់សញ្ញាបត្រមធ្យមសិក្សា ហើយបង្ខំចិត្តឈប់រៀននៅឆ្នាំ១៩៥៧ដោយទ័លក្រពេក ។
ឪពុកខ្ញុំមិនមែនជាអ្នកនិពន្ធ ឬអ្នកអក្សរសាស្ត្រទេ ប៉ុន្តែខ្ញុំបានចាំច្បាស់ថាពេលដែលគាត់ចាកចេញពីខេត្តតាកែវ មកផ្សងព្រេងនៅខេត្តបាត់ដំបង មានគេនិយាយថា គាត់ចេះភាសាបារាំងជ្រៅជ្រះ អាចសរសេរបាន និយាយបាន និងអាចធ្វើជាគ្រូបង្រៀននៅសម័យនោះបានទៀតផង ។ ប៉ុន្តែមិនដឹងមូលហេតុអ្វី បានជាគាត់មិនព្រមចូលធ្វើការរដ្ឋ បែរជាស្ម័គ្រចិត្តទៅធ្វើជាកាប៉ូរ៉ាល់ប្រចាំឃ្លាំងស្រែបារាំង នៅតំបន់បឹងព្រីងទៅវិញ ។
សម័យដែលបារាំងគ្រប់គ្រងប្រទេសកម្ពុជា គេបានវាតទីយកទឹកដីម្តុំជើងភ្នំតូច ភ្នំធំ នៅខេត្តបាត់ដំបង ចាប់ពីអូរតាគី អូរតាកែ ពពាលខែ ស្រែបារាំង បឹងព្រីង មង្គលបុរី សម្រាប់ធ្វើស្រែ ហើយប្រមូលភោគផលស្រូវពីតំបន់នេះនាំចេញទៅក្រៅ តាមរយៈក្បួនរថភ្លើង ដែលមានស្ថានីយដឹកជញ្ជូនបោះប្រចាំការនៅឃុំចណ្តើរស្វា ។
នេះប្រហែលមកពីឪពុកខ្ញុំចេះភាសាបារាំង អាចបកប្រែបាន ទើបគេត្រូវការឱ្យគាត់ទៅធ្វើជាអ្នកគ្រប់គ្រងសម្ភារឧបករណ៍កសិកម្ម ផ្សេងៗ នៅប្រចាំការដ្ឋានស្រែបារាំងនោះ ។
នៅពេលនោះហើយ ដែលគាត់បានជួបនឹងម្តាយខ្ញុំ ហើយបានឱ្យកំណើតបងប្រុសខ្ញុំម្នាក់ឈ្មោះគង្គ ប៊ុនឆោម និងរូបខ្ញុំ ។ តែបន្ទាប់ពីកំណើតខ្ញុំ ឪពុកខ្ញុំក៏ឈប់ធ្វើជាកាប៉ូរ៉ាល់ឃ្លាំងស្រែបារាំង ហើយនាំគ្រួសារទៅបោះទីតាំងរកស៊ីលក់ដូរនៅភូមិបាក់អម្រែក ក្នុងឃុំព្រែកហ្លួង ដែលជាទឹកដីកំណើតរបស់ម្តាយខ្ញុំវិញ ។ រស់នៅទីនោះរហូតដល់ខ្ញុំអាយុបាន៦ឆ្នាំ ដោយភូមិស្រុកកើតកលិយុគវឹកវរ ឪពុកខ្ញុំក៏នាំគ្រួសារមកនៅខេត្តបាត់ដំបងវិញ ដោយប្រកបរបររកស៊ីជាអ្នកលក់ដូរធម្មតា ។
លោកគង្គ ប៊ុនឈឿន និទានបន្តថា នៅសម័យនោះ កម្រមានអ្នកណាចូលចិត្តអានកាសែតណាស់ តែខ្ញុំនៅចាំបានថា ឪពុកខ្ញុំជាអ្នកអានកាសែតបារាំងម្នាក់យ៉ាងខ្ជាប់ខ្ជួន គឺកាសែត Extrème-ORIENT ដែលបោះពុម្ពនៅព្រៃនគរ ។ នៅពីតូចខ្ញុំតែងត្រូវឪពុកខ្ញុំប្រើឱ្យរត់ទិញកាសែតពីហាងមួយនៅផ្លូវលេខ២ជាញឹកញាប់ ។
ខ្ញុំបានយល់ដឹងពីឪពុកខ្ញុំតែប៉ុណ្ណឹង រហូតដល់គាត់មានជំងឺស្លាប់នៅឆ្នាំ១៩៥៣ ហើយបន្សល់ទុកនូវគំនរកាសែតពីរបីហឹប និងសៀវភៅសរសេរដៃ ខ្លះជាកំណត់ហេតុកត់ត្រានូវព្រឹត្តិការណ៍ ផ្សេងៗ ជាភាសាបារាំង ដែលពេលនោះខ្ញុំមិនអាចយល់បាន ព្រមទាំងអត្ថបទកំណាព្យ ខ្លីៗ លាយជាមួយនឹងធម៌អាថ៌មួយកូនសៀវភៅតូច ។
ពាក្យដែលនិយាយថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ប្រហែលជាត្រូវសម្រាប់មនុស្សខ្លះ តែសម្រាប់ខ្ញុំផ្ទុយពីពាក្យទំនៀមនេះស្រឡះ ដូច្នេះតើហេតុអ្វីដែលបណ្តាលឱ្យខ្ញុំក្លាយមកជាអ្នកនិពន្ធ នៅពេលនេះ ?
ឆ្នាំដែលខ្ញុំកើត ជាឆ្នាំដែលសង្គ្រាមលោកលើកទីពីរ ចាប់ផ្តើមឆេះដង្គោលដង្គុំ ។ សំឡេងអាវុធគ្រប់ប្រភេទ បានលាន់ឮស្ទើររលើងប្រឹថពី ក៏ដូចជាលាន់ឮនៅលើមាតុភូមិខ្ញុំ...មាតុភូមិដែលធ្លាប់រស់គ្រាំគ្រាក្នុងនឹមដែកអាណានិគម ។
ខ្ញុំកើតចេញពីផ្ទៃម្តាយម្នាក់ ដែលមានសេរីភាពក្នុងការបង្កើតកូន តែខ្ញុំមិនមែនជាទារក ដែលមានសេរីភាពទេ ព្រោះជាទារកដែលកើតក្នុងសម័យអាណានិគម ជាគ្រួសារមួយ ក្នុងចំណោមគ្រួសាររាប់លានដែលក្លាយជាខ្ញុំកញ្ជះគេ...។
ច្រមុះខ្ញុំបានស្រូបយកក្លិនគ្រាប់រំសេវផ្សែងអួអាប់ និងទុក្ខវេទនារបស់គ្រួសារខ្មែរទាំងអស់ តាំងពីថ្ងៃដំបូងនៃជីវិតខ្ញុំ ។
កុមារភាពរបស់ខ្ញុំ ស្ថិតនៅក្នុងក្របខណ្ឌឧត្តមគតិ និងទិដ្ឋភាពនេះទើបនៅពេលដែលខ្ញុំកំពុងរៀន និស្ស័យធម្មជាតិបានជំរុញឱ្យខ្ញុំចូលចិត្តស្តាប់រឿងដែលគេនិទាន ទោះនិទានពីអ្វីក៏ដោយ ។
ខ្ញុំចូលចិត្តស្តាប់ចម្រៀងចាប៉ីដងវែង ស្តាប់លោកទេសនាឆ្លងឆ្លើយ ស្តាប់ ចាស់ៗនិទានរឿងព្រេងតាមសាស្ត្រាស្លឹករឹត មើលអាយ៉ង អាយ៉ៃ មើលល្ខោនបិទមុខ (រឿងរាមកេរ្តិ៍) មើលល្ខោនបាសាក់ ស្តាប់ចម្រៀងសម័យ និងមើលភាពយន្ត ។ ប្រហែលមកពីកត្តាទាំងនេះហើយ ទើបបណ្តាលឱ្យខ្ញុំមានទំនោរស្រឡាញ់ការនិពន្ធ ?
ការរៀននៅបឋមសិក្សា ខ្ញុំចាប់អារម្មណ៍នឹងរៀនគូរមុនដំបូង ។ ឱ្យតែពេលទំនេរ ខ្ញុំតែងទៅសំកុកមើលជាងគូររូបនៅរោងភាពយន្ត ហាប់-ឈុន នៅខេត្តបាត់ដំបង (បច្ចុប្បន្នរោង១៣មករា) និងរោងកុនអេដែន (ឥឡូវនេះគ្មានទេ)។ ក្រោយមកខ្ញុំខំរៀនគូរតាមរូបកុន ឬរូបភាពផ្សេងៗ ទាល់តែក្លាយជាសិស្សម្នាក់ដែលពូកែជាងគេនៅក្នុងថ្នាក់រៀន ។
ផ្តើមពីការគូសវាស និងការចូលចិត្តស្តាប់រឿង ស្តាប់ចម្រៀងនេះហើយ ដែលធ្វើឱ្យខ្ញុំស្រឡាញ់ពាក្យជួនរណ្តំ តាមបែបកំណាព្យ និងសំនួនវោហារដែលប្រើប្រាស់ក្នុងល្បះឃ្លាចម្រៀង ហើយខ្ញុំក៏រៀនសរសេរកំណាព្យតាមបែបរឿងនិទាន ផ្សេងៗ ។ ទន្ទឹមនោះខ្ញុំក៏ចាប់អានរឿងរា៉វដែរ រហូតដល់រឿងប្រលោមលោកខ្លះៗ ដែលបោះពុម្ពក្នុងសម័យនោះ ដូចជា សូផាត ផ្កាស្រពោន កុលាបប៉ៃលិន ។ល។
ក្នុងមនោសញ្ចេតនា ដែលដក់ជាប់ការឈឺចាប់ និងមើលឃើញភាពក្រខ្សត់នៃគ្រួសារផ្ទាល់ខ្លួន ដែលជួបការលំបាកវេទនាក្នុងការរៀនសូត្រ រួមជាមួយទុក្ខវេទនានៃគ្រួសារដទៃទៀត កាន់តែធ្វើឱ្យខ្ញុំប្រើមនោសញ្ចេតនាត្រិះរិះ វិភាគពិចារណាវែងឆ្ងាយ និងស្រមើស្រមៃអណ្តែតអណ្តូង ។ ខ្ញុំទម្លាប់ដេកគងថ្ងាសតាំងពីនៅតូច ជាមនុស្សព្រួយបារម្ភច្រើនជាងសប្បាយ និងជាមនុស្សគិតច្រើនជាងនិយាយ ។
ឪពុកខ្ញុំស្លាប់នៅឆ្នាំ១៩៥៣ ពេលដែលសភាពការណ៍ប្រទេសជាតិកំពុងផ្លាស់ប្តូរពីការផ្ទេររដ្ឋអំណាចបារាំងមកខ្មែរទាំងស្រុង ។ ចលនាផុសផុលរបស់គណបក្សច្រើនបែប ច្រើនឈ្មោះ ដើម្បីដណ្តើមប្រជាប្រិយភាពក្នុងការដឹកនាំប្រទេស ។
លោកគង្គ ប៊ុនឈឿន រៀបរាប់ថា ការគាបសង្កត់រវាងអ្នកនយោបាយគ្រប់ពណ៌សម្បុរ និងការតស៊ូពីក្នុងព្រៃរបស់បណ្តាចលនាអ្នកស្នេហាជាតិ ផ្សេងៗ បានក្លាយទៅជាឯកសារ ស្រស់ៗដ៏មានតម្លៃបំផុតសម្រាប់លត់ដំខួរក្បាលខ្ញុំឱ្យកាន់តែត្រិះរិះពិចារណា ចេះវិភាគពីបញ្ហាសង្គម និងការរាក់ជ្រៅនៅក្នុងបញ្ហាជីវិត ។
នេះជាសាលារៀនមួយក្នុងចំណោមសាលារៀនជាច្រើនទៀត ដែលនាំឱ្យខ្ញុំចេះសរសេរ ។
ប៉ុន្តែ នេះអាចនិយាយបន្ថែមថា ជាទេពកោសល្យ និងឧបនិស្ស័យពីកំណើតមកក៏ថាបាន ព្រោះបើគ្មានសភាវៈទាំងនេះគួបផ្សំផងទេ មិនងាយនឹងមានអ្វីស្រូបទាញជីវិតខ្ញុំឱ្យធ្លាក់ចូលទៅក្នុងលំអានផ្លូវមនោសញ្ចេតនានេះឡើយ ។
ដោយសារកត្តាផ្សំទាំងនោះហើយ ដែលបានចង្អុលផ្លូវនាំដៃឱ្យខ្ញុំឈ្មុសឈ្មុលលើផ្លូវដែលពោរពេញដោយក្តីស្រមៃ និងមិនបានយល់ពីទ្រឹស្តីអ្វីបន្តិចបន្តួចសោះនៃការនិពន្ធ ប្រៀបដូចជាមនុស្សម្នាក់ដែលធ្វើដំណើរផ្សងព្រេងលើមាគ៌៌ាដ៏ងងឹតងងល់មួយ ។
ជា បណ្តើរៗ ឧបនិស្ស័យបានកែប្រែខ្លួនខ្ញុំ បន្តិចម្តងៗ ទៅជាមនុស្សដែលចូលចិត្តបំផុត ក្នុងការបណ្តែតមនោសញ្ចេតនាឱ្យរវើរវាយ ឬស្រមៃទៅកាន់ភពមួយដែលគ្មានអ្នកណានឹកដល់ ។
ខ្ញុំក៏មិនដែលគិតថា ជីវិតជាអ្នកនិពន្ធជួបប្រទះនូវគ្រោះថ្នាក់ ឧបសគ្គរារាំងច្រើនរាប់មិនអស់ដែរ គឺខ្ញុំពេញចិត្តជាងអ្វីទាំងអស់ ។
ជួនកាលខ្ញុំឃើញស្រមោចជញ្ជូនពង ស្លឹកឈើត្រូវខ្យល់បក់ រវិចៗ ទាហែលទឹកនៅក្នុងត្រពាំង ស្លឹករាំង ឬស្លឹកឫស្សីធ្លាក់រុះរោយក្នុងបឹង នារីស្រុកស្រែចោមពុងកណ្តៀតក្អមចុះដងទឹកបឹង ដៃនាងល្វតល្វន់យកក្អមវាចទឹក បង្កើតជាផ្នត់រលក តូចៗ រត់ទៅប៉ះនឹងដើមព្រលិត ធ្វើឱ្យញ័ររញ្ជួយដល់ស្រមោលដើមត្នោត ដែលឆ្លុះចាំងមកជាមួយពន្លឺថ្ងៃក្រហមរៀបអស្តង្គត...។ល។
ទិដ្ឋភាពទាំងនេះសាមញ្ញណាស់ ភ្នែកទាំងឡាយ គេមើលឃើញគ្មានន័យអ្វីឡើយ តែសម្រាប់ខ្ញុំគឺជាប្រធានបទដ៏សម្បូរបែប ដែលមានអត្ថន័យជ្រាលជ្រៅបំផុតនៅក្នុងសោភ័ណភាពនៃបទនិពន្ធ ដ៏អាថ៌កំបាំងដែលគ្មាននរណានឹកដល់ ។
ក្រោយដែលឪពុកខ្ញុំស្លាប់ផុត ខ្ញុំកាន់តែរស់តានតឹងមែនទែនជាមួយម្តាយមេម៉ាយ និងបងប្រុសម្នាក់ដែលមានវ័យស្របាលគ្នា ចេះត្អូញត្អែរក្នុងជីវិត ចេះតូចចិត្ត និងចេះប្រៀបធៀប ។
ដោយអាណិតអាសូរវាសនាខ្លួនយា៉ងនេះហើយ ខ្ញុំក៏សាកល្បងហាត់សរសេរកំណាព្យនៅពេលដែលខ្ញុំរៀនថ្នាក់ឧត្តមដ្ឋាន តែកំណាព្យនេះមានលក្ខណៈជាទំនុកច្រៀង ឬជាអ្វីដែលអាចជួយលួងលោមមនោរម្មណ៍ និងបន្ធូរបន្ថយមនោសញ្ចេតនាលំបាក តប់ប្រមល់ក្នុងជីវិតរបស់ខ្ញុំ ។ គួបផ្សំពេលនោះខ្ញុំចេះភ្លេង ខ្លះៗនៅក្នុងសាលា ខ្ញុំចេះកាន់ឧបករណ៍ចាប៉ី (ម៉ង់ដូលីន) ច្បាស់លាស់ ខ្ញុំក៏ឧស្សាហ៍បង្ហូរមនោសញ្ចេតនារបស់ខ្ញុំទៅតាមមន្តស្នេហ៍នៃតន្ត្រីនេះ និងតាមរសជាតិកំណាព្យទំនុកច្រៀង លុះត្រាតែក្លាយទៅជាទម្លាប់ ។
កាលណោះក៏មានបទភ្លេងចម្រៀងសម័យ ដែលផ្សាយតាមវិទ្យុពីភ្នំពេញទៅបាត់ដំបង តាមរយៈឧគ្ឃោសនស័ព្ទនៃការិយាល័យបណ្តាញឃោសនាការនៅជិតរោងកុនសង្កែ (ពេលនេះគ្មានទេ) ដែលខ្ញុំតែងព្យាយាមទៅអង្គុយស្តាប់រាល់ៗល្ងាច ។ (និស្ស័យ ស្តាប់ មើលស្នាដៃរបស់គេ...លោកគង្គ ប៊ុនឈឿន ចាប់ផ្តើមសាកល្បងតាក់តែងស្នាដៃរបស់ខ្លួនជាទំនុកច្រៀង និងរឿងប្រលោមលោក ខ្លីៗ ។ គេដៀលថាអ្នកនិពន្ធសម្រែ ស្លៀកតែខោខ្លី អាវកញ្ចាស់ លោកគង្គ ប៊ុនឈឿន ផ្សងព្រេងយកប្រលោមលោកដើរលក់នៅភ្នំពេញ តើបានលទ្ធផលយ៉ាងណា ?) ។
លោកគង្គ ប៊ុនឈឿន និទានថា ខ្ញុំពេញចិត្តអ្នកចម្រៀងស៊ីន ស៊ីសាមុត តាំងពីនៅក្មេង និងអ្នកនិពន្ធបទភ្លេង ទំនុកច្រៀងពៅ ស៊ីផូ ។ អ្វីៗដែលខ្ញុំបានឮសម័យនោះ វាដូចជាជីវជាតិស្រោចស្រពចូលបេះដូងខ្ញុំឱ្យផុសដុះពន្លកមនោសញ្ចេតនាកំណាព្យ ទំនុកច្រៀង កាន់តែ ច្រើនឡើងៗគ្មានស្រកស្រុត ។
ទន្ទឹមនឹងការសរសេរកំណាព្យទំនុកច្រៀង ខ្ញុំក៏ហាត់សរសេររឿង ខ្លះៗ ដោយបានមើលកាសែតដែលចុះផ្សាយរឿង ខ្លីៗនាសម័យនោះ ដូចជាកាសែតកម្ពុជា កាសែតប្រជាជន កាសែតប្រជាធិបតេយ្យ និងកាសែតសង្គមរាស្ត្រនិយម ។ល។ ខ្ញុំបានមើលប្រលោមលោករបស់អ្នកនិពន្ធ ប៊ីវ ឆៃលាង ដែលទុកដូចជាប្រទីបបំភ្លឺផ្លូវ ឱ្យខំឈានទៅកាន់ដងបា៉កកាសរសេររឿង ។
ជាបន្តមកទៀត រហូតដល់ចូលរៀនវិទ្យាល័យព្រះមុនីវង្ស ត្រឹមថ្នាក់ទី៥ ខ្ញុំបានសាកល្បងនិពន្ធកំណាព្យទំនុកច្រៀង និងប្រលោមលោក ខ្លីៗបានមួយចំនួន ប៉ុន្តែមិនទាន់បានបោះពុម្ព ព្រោះការបោះពុម្ពនៅសម័យនោះតឹងតែងណាស់ បើអ្នកនិពន្ធណាមិនទាន់មានឈ្មោះនៅលើក្របសៀវភៅបោះពុម្ព នោះម្ចាស់បណ្ណាគារ គេមិនទទួលស្គាល់ឡើយ ។
នៅឆ្នាំ១៩៥៧ ខ្ញុំបានប្រលងជាប់លេខ១ នៅក្នុងឱកាសមហោស្រពអក្សរសិល្ប៍មួយ ធ្វើនៅក្នុងខេត្តបាត់ដំបង នោះគឺវណ្ណកម្មប្រលោមលោកឈ្មោះថា «ស្នេហាលុះអវសាន» ។
ពេលនោះហើយ ដែលខ្ញុំរំពឹងគិតថា អ្វីៗដែលខ្ញុំព្យាយាមកន្លងមក បានចេញជាផ្លែផ្កា ខ្លះៗហើយ គឺខ្ញុំបានទទួលប្រាក់១.៥០០រៀល ជារង្វាន់សម្រាប់ជ័យលាភីលេខ១នៅសម័យនោះ ។ ខ្ញុំបានយកទៅឱ្យម្តាយខ្ញុំទាំងអស់ ជាប្រាក់ដែលខ្ញុំចេះរកបានជាលើកដំបូងនៅក្នុងជីវិត ដោយសារតំណក់ទឹកខ្មៅ ។
ទោះបីយ៉ាងនេះក្តី ក៏នៅក្នុងខេត្តពុំទាន់មានបណ្ណាគារណាមួយព្រមទទួលយករឿង ថ្មីៗរបស់ខ្ញុំទៅបោះពុម្ពឡើយ គេហាក់ដូចជានៅរារែកមិនទាន់ទុកចិត្តថាស្នាដៃខ្ញុំ តើអាចទទួលការពេញនិយមពីអ្នកអាន ឬយ៉ាងណានោះ ?
នៅភ្នំពេញទៀតសោត ក៏ខ្ញុំបានសាកល្បងស្ពាយប្រលោមលោកមួយចំនួន ដែលជាស្នាដៃរបស់ខ្ញុំយកទៅលក់ដែរ តែគ្មានបណ្ណាគារណាមួយទទួលយល់ព្រមទិញឡើយ ។ មិនតែប៉ុណ្ណោះ មានអ្នកខ្លះគេពេបជ្រាយ មើលងាយខ្ញុំទៀតថាអ្នកនិពន្ធអីរាងសំរែ នៅក្មេង ស្លៀកតែខោខ្លី អាវកញ្ចាស់ ដូច CHOMEUR ។
ក្នុងឆាកជីវិតផ្សងព្រេង យកប្រលោមលោកដើរលក់នៅក្រុងភ្នំពេញ ជីវិតខ្ញុំពេលនោះប្រៀបដូចជាសូផាត គឺបានចូលទៅថ្វាយបង្គំសម្តេចព្រះសង្ឃរាជជួន ណាត ដើម្បីសុំសំណាក់មួយយប់នៅក្នុងវត្តឧណ្ណាលោម មុននឹងត្រឡប់ទៅខេត្តបាត់ដំបងវិញ ។
ពេលនោះខ្ញុំមានតែទឹកភ្នែកដេកអត់បាយ ហើយព្រឹកឡើងសំពះសុំរថយន្តគេជិះត្រឡប់ទៅស្រុក ដោយអង្គុយអោបតែសំណៅប្រលោមលោកទាំងអាប់អួក្នុងចិត្ត ។ ប៉ុណ្ណឹងហើយ ក៏ពួកអ្នកបោះពុម្ពនៅក្នុងខេត្ត គេមិនទទួលស្គាល់ទៀត ខ្ញុំស្ទើរតែអស់សង្ឃឹម ម្តងៗ...ប៉ុន្តែខ្ញុំនៅតែព្យាយាមតស៊ូតទៅមុខរហូត... គឺនៅតែសរសេរ... សរសេរហើយសរសេរទៀត... ទោះបីជាជួបប្រទះផ្លូវអាប់អួក្នុងជីវិតបែបណាក៏ដោយ ។
ទន្ទឹមនឹងពេលដែលខ្ញុំកាន់តែអស់សង្ឃឹម ម្តាយខ្ញុំក៏ធ្លាក់ខ្លួនក្រមែនទែន ហើយមានជំងឺជាទម្ងន់ទៀតផង ម្តាយនិងកូនជួលក្រោមផ្ទះគេជ្រកនៅជិតវត្តពោធិវាល ។
ដោយហេតុចង់បានឈ្មោះទៅជាអ្នកសរសេរ ខ្ញុំនៅតែតត្រុកទៅសូមបម្រើឱ្យតូបលក់សៀវភៅមួយនៅក្នុងខេត្ត ដោយមិនយកប្រាក់ខែ ដោយសុំឱ្យតែគេអាណិតមេត្តាបោះពុម្ពសៀវភៅដែលជាស្នាដៃរបស់ខ្ញុំ ព្រោះគេបានសន្យាច្បាស់លាស់ហើយ ។ (កំពុងតែក្រីក្រលំបាក ម្តាយស្លាប់ចោលទៀត តើមាគ៌ាជីវិតយុវជនគង្គ ប៊ុនឈឿន ទៅជាយ៉ាងណា ?) ។
លោកគង្គ ប៊ុនឈឿន និទានថា ពេលនោះខ្ញុំទៅរៀនផង ឆ្លៀតបម្រើគេផង ព្រមទាំងឆ្លៀតរកថ្នាំព្យាបាលម្តាយដែលមានជំងឺផង ។
ម្តាយខ្ញុំឈឺទាល់តែស្លាប់ ម្ចាស់តូបលក់សៀវភៅក៏នៅតែមិនព្រមបោះពុម្ពសៀវភៅ ខ្ញុំចាប់ផ្តើមអស់សង្ឃឹម និងរវើរវាយមែនទែន ហើយពិបាកចិត្តស្ទើរតែរៀនមិនកើត ។
ពេលនោះខ្ញុំឆ្លងផុតថ្នាក់ទី៤ ទំនើបជាតិចូលថ្នាក់ទី៣ ដែលជាឆ្នាំពិសេស ត្រូវប្រឡងយកសញ្ញាបត្រទៀតផង តើខ្ញុំត្រូវលះបង់អ្វី ? យកអ្វី ?
ពេលដែលខ្ញុំអស់សង្ឃឹមមែនទែន ថានឹងទម្លាក់ដងបា៉កកាចោលនេះ ស្រាប់តែស្នាដៃប្រលោមលោកមួយរឿងឈ្មោះថា «តំណក់ទឹកភ្នែកនារី» ឬ «ទន្លេមរណៈ» ដែលខ្ញុំបានផ្ញើតាមរយៈមិត្តម្នាក់ ទៅលក់ឱ្យបណ្ណាគារមួយនៅខេត្តកំពង់ចាម បានបោះពុម្ពចេញដោយរហស្សនាមអ្នកនិពន្ធថា គង់-ផាន ។
ទោះបីជារឿងនេះ មិនដាក់ឈ្មោះពិតប្រាកដរបស់ខ្ញុំក៏ដោយ ក៏មិត្តភក្តិជាច្រើន គេដឹងថា រឿងនេះជារឿងរបស់ខ្ញុំ ព្រោះមុននឹងពឹងឱ្យមិត្តម្នាក់យកទៅលក់នៅខេត្តកំពង់ចាម ខ្ញុំបានកាន់សំណៅរឿងនេះបង្ហាញគេឯងស្ទើរគ្រប់គ្នាទៅហើយ ពិសេសបង្ហាញម្ចាស់បណ្ណាគារនៅក្នុងខេត្ត ដែលកាលណោះគ្មានអ្នកណាម្នាក់គេចាប់អារម្មណ៍ ។
ស្លាបប៉ាកកាខ្ញុំ ដែលប្រុងតែនឹងក្រៀមស្វិតស្រពោនរុះរោយ ពេលនេះបានត្រូវទឹកសន្សើមប្រោះព្រំឱ្យមានជីវិតស្រស់បំព្រងឡើងវិញ ។ គ្រប់អ្នកដែលបានអានរឿង «តំណក់ទឹកភ្នែកនារី» ឬ «ទន្លេមរណៈ» គឺបានចាប់អារម្មណ៍ចំពោះខ្ញុំ ព្រោះស្នាដៃទី១នេះ បានធ្វើឱ្យគេភ្ញាក់ផ្អើល ពិសេសក្នុងចំណោមអ្នកបោះពុម្ពសៀវភៅ ។
ខ្ញុំបានញញឹមចំពោះស្នាដៃ តែខ្ញុំសោកស្តាយអាណិតម្តាយខ្ញុំដែលស្លាប់ផុតមិនបាននៅឃើញកូនប្រុស ដែលខំតស៊ូរហូតបានទទួលជ័យជម្នះក្នុងជីវិតនោះឡើយ ។
ចាប់តាំងពីពេលនោះមក បណ្ណាគារមួយចំនួននៅក្នុងខេត្ត បានចាប់ផ្តើមស្រុះស្រួលដណ្តើមប្រជែងគ្នាទិញស្នាដៃខ្ញុំយកទៅបោះពុម្ព ។
នៅឆ្នាំ១៩៥៧ បន្ទាប់ពីប្រលងជាប់សញ្ញាបត្រមធ្យមសិក្សា (ឌីប្លូម) ខ្ញុំក៏សម្រេចចិត្តឈប់រៀនព្រោះគ្មានទីពឹង ហើយគ្មានមធ្យោបាយនឹងបន្តការសិក្សាទៅទៀត មិនតែប៉ុណ្ណោះខួរក្បាលខ្ញុំរវល់តែបែកមកនិពន្ធរឿង រៀនមិនចូលទេ ។
ពេលដែលឈប់រៀន ខ្ញុំបន្តការសរសេររឿងជាប់ជានិច្ច ហើយក៏ខំប្រឹងប្រែងរកការងារធ្វើណាស់ដែរ ។ សម័យនោះមានតែរបរធ្វើគ្រូបង្រៀនទេ ដែលងាយស្រួលដោះស្រាយជាងគេ តែលុះត្រាតែបានដាក់ពាក្យចូលគរុវិជ្ជាហើយស្រេចតាំងពីនៅរៀន បើកាលណាឈប់រៀនដូច្នេះហើយ បែរជាចង់ធ្វើគ្រូវិញនោះមិនអាចដោះស្រាយបានឡើយ ។ ខ្ញុំត្រូវរាំងស្ទះចំពោះមុខការនេះ ទោះបីជាសមត្ថភាពអាចធ្វើគ្រូបានត្រឹមថ្នាក់កំប៉ិកកំប៉ុកក៏ដោយ ទើបខ្ញុំខំស្វះស្វែងរកការងារធ្វើ ផ្សេងៗទៀត ប៉ុន្តែដោយខ្ញុំគ្មានបក្សពួក គ្មានលុយកាក់សូកបា៉ន់ និងមិនមានការទាក់ទងក្នុងសង្គមផង ម្ល៉ោះហើយខ្ញុំចេះតែឃ្វាងរកការងារមិនបានធ្វើរហូត ។
ចំពោះមុខសភាពការណ៍ដូច្នេះ ខ្ញុំក៏ប្តេជ្ញានិពន្ធរឿងលក់ដើម្បីចិញ្ចឹមជីវិត និងកំណត់ទិសដៅអនាគតខ្ញុំច្បាស់លាស់ គឺជាអ្នកនិពន្ធ ។
នៅឆ្នាំ១៩៥៨ ដល់១៩៦០ ខ្ញុំបានធ្វើជាគ្រូជំនួស នៅទក្ខិណសាលាបឋមសិក្សាខេត្ត ហើយពីឆ្នាំ១៩៦១ដល់១៩៦២ ខ្ញុំបានទៅពឹងពាក់ស្នាក់នៅជាមួយមិត្តម្នាក់ ដែលជាក្រុមភ្លេងប្រចាំរោងចក្រខេត្តកំពង់ចាម ដើម្បីសុំការងារនៅរោងចក្រតម្បាញនោះធ្វើ ។
ប៉ុន្តែ នៅក្នុងរោងចក្រតម្បាញ គ្មានការងារណាអាចទទួលខ្ញុំបានឡើយ ប៉ុន្តែនៅចន្លោះពេលនៃការរង់ចាំជាងមួយឆ្នាំនោះ ខ្ញុំក៏បាននិពន្ធប្រលោមលោកបានបួនរឿងដែរ ហើយយកទៅលក់ឱ្យបណ្ណាគារប្រទីបខ្មែរ នៅខេត្តបាត់ដំបងបីរឿង និងឱ្យបណ្ណាគារនៅខេត្តកំពង់ចាម មួយរឿង។
គ្រោះកំណាចមួយទៀតបានកើតឡើងទៅលើជីវិតលោកគង្គ ប៊ុនឈឿន ដោយលោកនិទានថា ពេលនោះស្រាប់តែមានគ្រោះថ្នាក់ភ្លើងឆេះផ្ទះកម្មករដែលខ្ញុំស្នាក់នៅ ខ្ញុំនៅសល់តែសម្បកខ្លួន ឯសំណៅប្រលោមលោកមួយចំនួនក៏ឆេះអស់ទៀត ។ ខ្ញុំអស់សង្ឃឹមនឹងសុំការងារធ្វើនៅក្នុងរោងចក្រ ក៏ចុះកបា៉ល់ទៅភ្នំពេញដើម្បីផ្សងព្រេងរកការងារធ្វើតទៅទៀត ។
នៅចន្លោះពេលដែលខ្ញុំរកការងារមិនទាន់បានធ្វើ ខ្ញុំមិនដែលទុកពេលវេលាឱ្យទំនេរទេ គឺតែងដើរស៊ីឈ្នួលធ្វើជាកម្មករសំណង់ផ្ទះថ្មស្ទើរគ្រប់កន្លែង ជួនកាលលក់នំប៉័ង ជួនកាលរែកអុសលក់ និងជួនកាលរែកខ្សាច់ដាក់កាណូតនៅមុខវត្តឧណ្ណាលោម ។
ធ្វើការរប៉េះរប៉ោះបែបនេះមិនអាចទៅជាអ្វីទេ ប៉ុន្តែគ្រាន់កំដរពេលវេលាកុំឱ្យវាហូរទៅដោយឥតប្រយោជន៍ប៉ុណ្ណោះ និងគ្រាន់បានលុយទិញបាយចំអែតក្រពះខ្លះជាមួយបងប្រុស ដែលមិនទាន់មានការងារធ្វើដូចគ្នាដែរ ។
ចំពោះផលកម្រៃ ដែលបានមកពីការលក់ប្រលោមលោក ម្តងៗនោះគឺចាយវាយយា៉ងសន្សំសំចៃអស់ទៅ ម្យា៉ងតម្លៃសិទ្ធិនៅពេលនោះតិចតួច ហើយគេមិនមែនចេះតែត្រូវការបោះពុម្ពញឹកញាប់នោះឡើយ ។
នៅពេលដែលនាវាជីវិតខ្ញុំ ត្រូវព្យុះបោកបក់រកត្រើយនាយអ្វីមិនឃើញនោះ ស្រាប់តែមានមិត្តខ្ញុំម្នាក់ឈ្មោះឱ-ឌុំ ដែលធ្លាប់រៀនជាមួយគ្នា និងមានស្រុកកំណើតនៅបាត់ដំបង បានមកប្រាប់ថា មានក្រុមហ៊ុនផលិតកម្មភាពយន្តមួយ គេត្រូវការរកជួបខ្ញុំដើម្បីរកសុំទិញប្រលោមលោករបស់ខ្ញុំមួយ ឈ្មោះថារឿង «ពេជ្ឍឃាតក្រមុំ» ដែលបោះពុម្ពដោយបណ្ណាគារមួយនៅខេត្តបាត់ដំបង យកទៅថតជាខ្សែភាពយន្ត ។
មិត្តឱ-ឌុំ ក៏បាននាំខ្ញុំទៅជួបនឹងផលិតកម្មខ្សែភាពយន្តនោះ ហើយខ្ញុំបានទទួល៥.០០០រៀល ចំពោះតម្លៃសិទ្ធិទិញរឿងថតខ្សែភាពយន្តនៅសម័យនោះ ហើយសំខាន់ជាងនេះ គឺគេបានឱ្យខ្ញុំធ្វើការនៅប្រចាំក្រុមហ៊ុននោះ ក្នុងឋានៈជាអ្នកនិពន្ធរឿង ដោយឱ្យប្រាក់ខែទៀតផង ។ ចាប់តាំងពីពេលនោះមក ដែលខ្ញុំទាំងពីរនាក់បងប្អូនបានរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃតំណក់ទឹកខ្មៅ ដែលខ្ញុំខំពុះពារហែលឆ្លងកាត់មកជាយូរឆ្នាំតាំងពីយុវវ័យ ។
នៅបម្រើការក្នុងផលិតកម្មភាពយន្ត គេបានចាប់ថតរឿង «ពេជ្ឃឃាតក្រមុំ» របស់ខ្ញុំមុនដំបូង ខ្ញុំបានយកចិត្តទុកដាក់រៀនសូត្រពីមុខជំនាញនេះយា៉ងប្រុងប្រយ័ត្ន ។ អាស្រ័យដោយឧបនិស្ស័យរបស់ខ្ញុំ និងការខិតខំទាំងយប់ទាំងថ្ងៃ ខ្ញុំក៏ចាប់យល់ដឹងវិស័យភាពយន្តជា បណ្តើរៗ ហើយក៏រៀនសរសេរ សេណារីយ៉ូ និងរៀនដឹកនាំរឿង ។ល។
ទោះបីឆាកជីវិតខ្ញុំឈានដល់មុខជំនាញមួយថ្មី គឺសិល្បៈទី៧ក៏ខ្ញុំនៅតែបន្តការសរសេរប្រលោមលោក ដោយឥតបោះបង់ចោលមួយវិនាទីណាឡើយ ។
នៅឆ្នាំ១៩៦៣ ពេលដែលខ្ញុំកំពុងផលិតសម្រេចខ្សែភាពយន្តមួយឈ្មោះថា «ភ្លើងជីវិត» ខ្ញុំត្រូវរដ្ឋអំណាចចាប់ខ្លួនដាក់ពន្ធនាគារអស់រយៈពេល៦ខែ ដោយសារវិបត្តិប្រលោមលោកមួយឈ្មោះថា «វិមាននរក» ។
សូមបញ្ជាក់ថា ប្រលោមលោករឿង «វិមាននរក» នេះខ្ញុំសរសេរពេលដែលខ្ញុំទៅសំណាក់សុំការងារនៅរោងចក្រតម្បាញខេត្តកំពង់ចាមពីឆ្នាំ១៩៦២ ហើយយកទៅលក់ឱ្យបណ្ណាគារមួយនៅខេត្តបាត់ដំបង ប៉ុន្តែគេផ្អាកទុកយូរមិនបានបោះពុម្ព ទើបតែបានចេញផ្សាយនៅឆ្នាំ១៩៦៣ ក៏មានរឿងក្តីនេះតែម្តង ។
ប្រលោមលោកនេះ មួយចំណែកខ្ញុំបានសរសេររិះគន់ឧត្តមមន្ត្រីម្នាក់ដែលទទួលបន្ទុកពិធីការនៅក្នុងរាជវាំង ហើយមានប្រពន្ធចុងរហូតបង្កឱ្យមានអំពើពុករលួយក្នុងការងារ ។ នេះជារឿងពិត ខ្ញុំហា៊ននិយាយ ប៉ុន្តែខ្ញុំត្រូវមានទោសចូលក្នុងបទបរិហារកេរ្តិ៍របស់ពលរដ្ឋម្នាក់ ។
កវីគង្គ ប៊ុនឈឿន បន្តថា ខ្ញុំបានដឹងរឿងនេះជាងមួយខែដែរ តែខ្ញុំមិនគេចវេះទេ ខ្ញុំហ៊ានសរសេរ ខ្ញុំហ៊ានទទួលខុសត្រូវ គឺព្រមប្រគល់ខ្លួនឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់នាំខ្លួនពីភ្នំពេញយកទៅដាក់គុកនៅបាត់ដំបង ព្រោះអ្នកដើមចោទបានប្តឹងរដ្ឋអំណាចខេត្តនេះ ដោយគេនឹកស្មានថា ខ្ញុំរស់នៅក្នុងខេត្តបាត់ដំបង ។
មានយុវជនជាច្រើននៅក្នុងខេត្ត បានគាំទ្រខ្ញុំជាខ្លាំងនៅសម័យនោះ ខ្លះផ្តល់ជាលុយកាក់ សម្ភារសៀវភៅ ខ្មៅដៃ បាយទឹក ឧបត្ថម្ភខ្ញុំពេលដែលខ្ញុំជាប់គុក ជាហេតុលើកទឹកចិត្តឱ្យខ្ញុំបានសរសេររឿងខ្លះទៀតនៅក្នុងពន្ធនាគារ ។
រួចពីមន្ទីរឃុំឃាំងមកវិញ ខ្ញុំនៅតែបន្តការសរសេរប្រលោមលោក និងដឹកនាំរឿងភាពយន្ត ហើយខ្ញុំក៏មានភរិយានៅពេលនោះ ។
ប្រពន្ធខ្ញុំឈ្មោះអ៊ូច កុលាប (នាមដើម តាត គិមលន) ជាអ្នកស្រុកជាមួយខ្ញុំដែរ ហើយមាននិស្ស័យស្រឡាញ់សិល្បៈដូចរូបខ្ញុំទាំងស្រុង ។ នៅឆ្នាំនោះបងប្រុសកម្សត់របស់ខ្ញុំមានជំងឺស្លាប់ទៅទៀត ហើយខ្ញុំបាននាំប្រពន្ធទៅរស់នៅភ្នំពេញរហូត ដោយប្រឡូកជីវិតក្នុងអាជីវកម្មជាអ្នកនិពន្ធសុទ្ធសាធ ។
នៅជំនាន់នោះ មានអ្នកនិពន្ធច្រើនដែរ ប៉ុន្តែពួកគេប្លែកពីខ្ញុំត្រង់គេសុទ្ធតែមានការងារស្នូលធ្វើជាបង្អែក ចំណែកខ្ញុំជំនាន់សង្គមរាស្ត្រនិយមក៏មិនធ្វើជាអ្នករាជការ ហើយចូលដល់ជំនាន់លន់ណុល ក៏មិនធ្វើជាអីទៀត គឺប្រកបមុខរបរចិញ្ចឹមជីវិតជាអ្នកនិពន្ធឥតផ្លាស់ប្តូរឡើយ ។
ហេតុនេះហើយ ទើបគេឃើញខ្ញុំទៅជាអ្នកសរសេរច្រើនប្រភេទ ជួនកាលជាអ្នកសរសេរកាសែត ជាអ្នកនិពន្ធប្រលោមលោក ជាអ្នកដឹកនាំរឿងភាពយន្ត ជាអ្នកសរសេរសេណារីយ៉ូ កុន ជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងជាអ្នកគូរវាសទៀតផង ។ ទាល់តែរបៀបនេះ ទើបចិញ្ចឹមគ្រួសារបាន ព្រោះបើសរសេរតែប្រលោមលោកមួយមុខ មិនអាចទប់ទល់នឹងបញ្ហាជីវភាពបានឡើយ ។
នៅសម័យសង្គមរាស្ត្រនិយម ខ្ញុំចេញសៀវភៅបានតិច ព្រោះពេលខ្លះខ្ញុំមានរឿង ម្ល៉ោះហើយខ្ញុំត្រូវអាក់សកម្មភាពមួយរយៈធំ ដោយគ្មានបណ្ណាគារណាហ៊ានទិញសៀវភៅខ្ញុំបោះពុម្ព ដោយគេខ្លាចមានរឿង ។
ឆ្លៀតឱកាសនោះ ខ្ញុំបានងាកទៅគូរសៀវភៅរឿងរូបភាពបានមួយចំនួន ខ្ញុំនៅតែតស៊ូរហូតទាល់តែមានបណ្ណាគារ ត្រូវការទិញប្រលោមលោកខ្ញុំឡើងវិញ ដោយខ្ញុំមិនអស់សង្ឃឹមសោះឡើយ ។
ដល់មកសម័យលន់ ណុល ខ្ញុំបានចេញស្នាដៃជាច្រើន ហើយខ្ញុំងាកពីសរសេរលក់ឱ្យបណ្ណាគារមកបោះពុម្ពខ្លួនឯង ។ រឿងខ្លះខ្ញុំសរសេរមួយខ្សែចប់ ខ្លះពីរខ្សែ ខ្លះ៥ខ្សែ ខ្លះ១៥ខ្សែ ហើយការសរសេរក៏មានខ្លឹមសារគ្រប់ប្រភេទ ព្រោះវាជាសម័យកាលមួយដែលប្រទេសជាតិស្ថិតក្នុងភាពច្របូកច្របល់ ត្រដរខ្យល់តាមព្យុះអរិយធម៌បរទេស ។
ភាពអយុត្តិធម៌នៅក្នុងសង្គម ស៊ីសំណូកសូកប៉ាន់ កេងប្រវ័ញ្ច ជិះជាន់ ហុតឈាមអង្គាមឆ្អឹង ភាពពាលាអាវ៉ាសែ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ និងការប្រណាំងប្រជែងគ្នាយកបុណ្យស័ក្តិរបស់អ្នក អន្ទ្រើសៗ បានក្លាយទៅកម្មវត្ថុ សំខាន់ៗ សម្រាប់ឱ្យខ្ញុំរើសយកមកធ្វើជាប្រធានបទនិពន្ធ ។
ទោះបីយា៉ងនោះក៏ដោយក៏ស្នាដៃខ្ញុំ នៅតែបំពាក់ជាប់ឧត្តមគតិជាតិ ពណ៌សម្បុរជាតិ និងនិន្នាការវណ្ណៈជាប់ជានិច្ច ។
នៅក្នុងសម័យនោះដែរ ដែលស្នាដៃខ្ញុំពាក់ព័ន្ធចម្រូងចម្រាសច្រើន ត្រូវគេប្តឹងឡើងសាលាមិនចប់ ដោយចេះតែសរសេរប៉ះពាល់របៀបរបបគ្រប់គ្រង ។
គួរកត់សម្គាល់ថា នៅសម័យនោះហើយ ដែលខ្ញុំបាននិពន្ធបទភ្លេង ទំនុកច្រៀង និងថតផ្សាយបានជាច្រើន ព្រោះពេលនោះមនោសញ្ចេតនាជីវិតបានពុះពោរដល់កម្រិត គឺឱ្យតែឃើញបែបណាចង់តែសរសេរបែបនោះ បើនិយាយមិនបានក្នុងកាសែត គឺនិយាយក្នុងប្រលោមលោក ក្នុងកំណាព្យ ក្នុងខ្សែភាពយន្ត ហើយបើតានតឹងពេក ក៏បង្ហូរចេញទៅជាបទភ្លេង ទំនុកច្រៀង...។ (ក្នុងរបបប៉ុល ពត លោកគង្គ ប៊ុនឈឿន ហៀបតែអស់ជីវិតដោយសារហ្វ៊ីលភាពយន្ត៣ដុំ) ។
លោកគង្គ ប៊ុនឈឿន និទានបន្តថា ថ្ងៃទី១៧ មេសា ១៩៧៥ ប្រទេសជាតិបានមកដល់ផ្លូវបត់មួយ កណ្តាលព្យុះសំណើចចំអកនៃប្រវត្តិសាស្ត្រ ។ ខ្មែរក្រហមបានផ្តួលរំលំរបបគ្រប់គ្រងរបស់លន់ ណុល ហើយប្រជាជនទាំងអស់ត្រូវបណ្តេញចេញពីទីក្រុង ទៅរស់នៅធ្វើពលកម្មយ៉ាងសែនទារុណតាមមូលដ្ឋានស្រុកស្រែ ។
ដូចជាប្រជាជនទូទាំងប្រទេសដែរ ខ្ញុំត្រូវចាកចេញពីទីក្រុងភ្នំពេញជាមួយក្រុមគ្រួសារ ក៏ដូចជាចាកចេញពីដងបា៉កកា ទឹកខ្មៅ ទៅធ្វើជាកសិករយា៉ងលំបាកវេទនា នៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ខ្ញុំរស់បានដោយសារការផ្លាស់ឈ្មោះ ព្រោះរបបប៉ុល ពត មិនត្រាប្រណីចំពោះបញ្ញវន្ត ឬអ្នកនិពន្ធ អ្នកអក្សរសាស្ត្រម្នាក់ណាឡើយ ។ល។
ពេលទៅរស់នៅក្នុងមូលដ្ឋានបានប្រាំខែ ខ្ញុំត្រូវបនប៉ុល ពត ចោទប្រកាន់ថា ជាសេអីុអា ហើយយកទៅប្រុងបាញ់សម្លាប់ចោលជាមួយប្រពន្ធខ្ញុំ ព្រោះវាបានឆែករកឃើញខ្សែភាពយន្ត១៦មីល្លីម៉ែត្របីដុំ ដែលខ្ញុំដេរលាក់ទុកក្នុងស្រោមខ្នើយ ដោយចោទថាខ្សែហ្វ៊ីលនោះ ជាខ្សែតេអូទៅវិញ ។
ខ្សែភាពយន្តហ្នឹង ជាខ្សែភាពយន្តចុងក្រោយឈ្មោះ «មុខមួយភ្នែកបួន» ដែលខ្ញុំបានថត និងកាត់ត និងបញ្ចូលសំឡេងហើយស្រេច រៀបនឹងបញ្ចាំងនៅក្នុងអំឡុងខែមេសានោះដែរ តែកម្លាំងខ្មែរក្រហមបានវាយដាច់ភ្នំពេញ ខ្ញុំខកខានមិនបានបញ្ចាំង ហើយនឹកសោកស្តាយក៏យកជាប់នឹងខ្លួនទៅជាមួយ ។
នៅពេលដែលពួកប៉ុល ពត រុករកឃើញ ខ្ញុំបានពន្យល់ប្រាប់ពួកវាដែរថាជាខ្សែហ្វ៊ីលធម្មតា តែពួកវាមិនជឿនៅតែចោទប្រកាន់ថាជាខ្សែតេអូដដែល ។ ទីបំផុតវាក៏បានចាប់ចងខ្ញុំ និងប្រពន្ធខ្ញុំយកទៅកម្ទេចចោល ហើយបំណងវះពោះខ្ញុំយកថ្លើមមើល ថាតើថ្លើមពួកចក្រពត្តិនោះយា៉ងណា ?
ពេលនោះជាយប់ខែភ្លឺ របាំងៗ...ខ្ញុំត្រូវពួកវាចងបត់ដៃទៅក្រោយ ហើយឱ្យលុតជង្គង់ រួចពួកវាជាន់ពីលើខ្នងទៅក្នុងថ្លុកក្របី ឯប្រពន្ធខ្ញុំក៏ត្រូវគេចាប់ចងយកទៅដាក់នៅភ្លឺស្រែម្ខាង ។
នៅនាទីចុងក្រោយនៃឆាកជីវិតរបស់ខ្ញុំ ស្រាប់តែមានព្រឹត្តិការណ៍មួយដែលមិនគួរឱ្យជឿបាន ធ្វើឱ្យខ្ញុំបានរួចរស់ជីវិតឡើងវិញ ។
គឺកាលពីថ្ងៃរសៀលមានកម្មាភិបាលប៉ុលពត បួនប្រាំនាក់ បានចុះកាណូតពីតំបន់ខេត្តកំពង់ធំ ឡើងទៅភូមិភាគខាងលើ តាមដងស្ទឹងសែន ក្នុងបេសកកម្មទៅបញ្ជាឱ្យប្រជាជនកាប់ឫស្សី ដើម្បីធ្វើព្រួលដាក់នៅទន្លេសាប ។
ជាចៃដន្យកាណូតរបស់ពួកកម្មាភិបាលនោះខូចទៅមុខមិនរួច នៅពេលដែលមកដល់ទន្ទឹមនឹងមាត់ច្រាំងស្ទឹងបឹងឈូក ហើយពួកវាក៏នាំគ្នាចូលទៅសម្រាកបរិភោគបាយល្ងាចនៅទីនោះ រង់ចាំថ្ងៃស្អែកជួសជុលកាណូតហើយនឹងបន្តដំណើរទៅមុខទៀត ។
យប់នោះ ពួកកម្មាភិបាលតំបន់ បានទទួលដំណឹងពីគណៈភូមិថា មានគេចាប់ពួក១៧មេសាយកទៅសម្លាប់ ពួកកម្មាភិបាលទាំងនោះអផ្សុកក៏នាំគ្នាដើរទៅមើលលេង ។ ក្រោមពន្លឺ ព្រាលៗរបស់ភ្លើងចន្លុះ កម្មាភិបាលតំបន់បានឆ្លៀតសួរទៅកាន់ប្រពន្ធខ្ញុំ ដើម្បីឱ្យប្រពន្ធខ្ញុំប្រាប់ឈ្មោះពិត ព្រោះពួកគេសង្ស័យថា ខ្ញុំប្រាកដជាលាក់ឈ្មោះ ។ នាទីចុងក្រោយ ប្រពន្ធខ្ញុំហាក់ដូចជាមានស្មារតីរឹងប៉ឹង ក៏បានប្រាប់ឈ្មោះខ្ញុំពិត មិនមែនជាឈ្មោះ «ជា» ដែលខ្ញុំបានប្រែនោះឡើយ ។
គ្រាន់តែឮឈ្មោះខ្ញុំមែនទែនភ្លាម កម្មាភិបាលម្នាក់ដែលជាប្រធានក្រុម បានទាញយកភ្លើងចន្លុះពីដៃគ្នាវា មកបំភ្លឺមើលមុខខ្ញុំ ដែលពោរពេញដោយញើស និងទឹកភ្នែក និងមានបាតជើងពេជ្ឈឃាតជាន់ជាប់ពីលើ រួចទើបគេឱ្យខ្ញុំក្រោកឈរឡើង ឱ្យស្រាយចំណងខ្ញុំ ហើយនិងសួរថា «តើខ្ញុំស្គាល់គេទេ ?» ។ ខ្ញុំឆ្លើយថា មិនស្គាល់ទេ ! (ដល់មាត់រណ្តៅមរណៈហើយ តើហេតុអ្វីលោកគង្គ ប៊ុនឈឿន រួចផុតពីសេចក្តីស្លាប់ ? ) ។
លោកគង្គ ប៊ុនឈឿន និទានបន្តថា ការណ៍ពិតខ្ញុំមិនស្គាល់មែន តែពួកនោះបានឆ្លើយទៀតថា គេធ្លាប់មើលប្រលោមលោកខ្ញុំច្រើនរឿង គេលើកពីឈ្មោះរឿង ពីសាច់រឿង និងតួអង្គត្រូវៗទាំងអស់ ។ ដល់ឮដូច្នោះទើបខ្ញុំនឹកថា កម្មាភិបាលទាំងនោះពីដើមធ្លាប់ធ្វើជាចលនាសម្ងាត់ផ្ទៃក្នុង ជាអ្នកធាក់ស៊ីក្លូ ឬជាជាងកាត់សក់ក៏មិនដឹង បានជាតាមដានសៀវភៅខ្ញុំ ស្ទើរតែទាំងអស់ ។
ទីបំផុតជននោះបាននិយាយទៅពួកគណៈភូមិថា «ឱ្យដោះលែងខ្ញុំទៅ គាត់មិនមែនជា សេអីុអា អីទេ គាត់គ្រាន់តែជាអ្នកនិពន្ធប្រលោមលោកធម្មតា ហើយជាអ្នកនិពន្ធដែលបានសរសេរគាំទ្រវណ្ណៈអធន ប្រឆាំងនឹងវណ្ណៈជិះជាន់ដែរ» ។
ដោយមូលហេតុនេះហើយ ដែលខ្ញុំបានរួចពីសេចក្តីស្លាប់ ប៉ុន្តែនៅពេលដែលក្រុមកម្មាភិបាលនោះចេញកាណូតទៅផុតពីភូមិ នៅថ្ងៃស្អែកពួកគណៈភូមិមិនអស់ចិត្ត ក៏យកខ្ញុំ និងប្រពន្ធខ្ញុំទៅដាក់ក្នុងមន្ទីរសន្តិសុខអស់រយៈពេល៥ខែ ចោលកូន តូចៗ៥នាក់ នៅរស់ជាមួយអ្នកមូលដ្ឋានយា៉ងវេទនា ។ល។
នៅក្នុងមន្ទីរសន្តិសុខខ្មែរក្រហម ខ្ញុំ និងភរិយាខ្ញុំបានឆ្លងកាត់ឆាកជីវិតប្រៃល្វីងជូរចត់ជាទីបំផុត ប៉ុន្តែខ្ញុំបានប្រើមុខជំនាញមួយទៀត គឺការគូររូបទម្រង់មុខដូច ដើម្បីដោះស្រាយបញ្ហាទាល់ច្រកនានា ព្រោះពេលនោះពួកកម្មាភិបាលវាចូលចិត្តគូររូបណាស់ ។
នៅពេលត្រឡប់ពីរបបប្រល័យពូជសាសន៍មកវិញ ខ្ញុំក៏បានចូលធ្វើការបម្រើរដ្ឋអំណាចបដិវត្តន៍ នៅខេត្តកំពង់ធំ ។ ធ្វើជាប្រធានមន្ទីរ ឃោសនាការ វប្បធម៌និងព័ត៌មានខេត្តកំពង់ធំបានមួយឆ្នាំ ក៏ផ្លាស់មកធ្វើជាអនុប្រធាននាយកដ្ឋានភាពយន្តនៅភ្នំពេញតាំងពីឆ្នាំ១៩៨១ ។ ក្រៅពីនេះមានតួនាទីក្នុងអង្គការមហាជនមួយទៀត ជាអគ្គលេខាធិការសមាគមអ្នកនិពន្ធកម្ពុជា ។
ចាប់ពីឆ្នាំ១៩៩៣ដល់១៩៩៦ ធ្វើជាអនុប្រធាននាយកដ្ឋានបោះពុម្ពផ្សាយនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈរហូតដល់ចូលនិវត្តន៍ ។
ពីឆ្នាំ១៩៨១ បានសុំបើកផលិតកម្មឆព្វណ្ណរង្សីភាពយន្ត ផលិតខ្សែវីដេអូខ្មែរបានមួយចំនួន ហើយចាប់ពីឆ្នាំ១៩៩៧ បានសុំច្បាប់ពីសមាគមអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងខ្មែរ និងដឹកនាំសមាគមនេះចូលរួមសកម្មភាពលើកស្ទួយវិស័យភ្លេង ចម្រៀងខ្មែរ ទាំងបុរាណ និងសម័យ ។
ទន្ទឹមនឹងស្នាដៃខាងប្រលោមលោក កំណាព្យ និងភាពយន្ត វីដេអូ ខ្ញុំបាននិពន្ធបទភ្លេង ទំនុកច្រៀងជាច្រើន តាំងពីអំឡុងទសវត្សទី៧០រហូតមកទល់ពេលនេះ...។
ភៀសខ្លួនចាកឆ្ងាយមាតុភូមិក្នុងវ័យចំណាស់ក្នុងហេតុផលមួយ ហើយគ្មានអ្វីក្រៅពីដោយសារទឹកបា៉កការបស់ខ្លួន កវីគង្គ ប៊ុនឈឿន បាននិរទេសចាកឆ្ងាយមាតុភូមិនៅឆ្នាំ២០០០ ។ ពីដំបូងលោកគង្គ ប៊ុនឈឿន ឆ្លងចូលទៅប្រទេសថៃ ហើយក្រោយមកបានទៅដល់ប្រទេសន័រវេ៉ស និងបន្តរស់នៅរហូតដល់សព្វថ្ងៃ ។
មួយជីវិតសម្រាប់តែការនិពន្ធ ទោះបីរស់នៅផ្ញើខ្លួនស្រុកគេ តែលោកគង្គ ប៊ុនឈឿន នៅតែកាន់ដងបា៉កកាដដែល ។ ជាក់ស្តែងលោកគង្គ ប៊ុនឈឿន បានចេញផ្សាយសៀវភៅ «កំណាព្យស្នេហ៍មាស» នៅឆ្នាំ២០០១ សៀវភៅ «ទំនួញប៉ាកកាស្នេហ៍» នៅឆ្នាំ២០០២ និងប្រលោមលោកនិទានពីខ្សែជីវិតរបស់លោក រឿង «ជីវិតនៃជីវិត» ជាដើម ។
លោកគង្គ ប៊ុនឈឿន បង្ហាញទស្សនៈរបស់លោកតាមរយៈកំណាព្យមួយថា «ក្នុងមួយជីវិតឥតប្រាថ្នាអ្វី ក្រៅពីសេរីដើម្បីសរសេរ បើនិពន្ធតាមតែបញ្ជាគេ ដូចយកម្ជុលដេរបិទមាត់ខ្លួន ឯង ។ តម្លៃទឹកខ្មៅនៅត្រង់សច្ចៈ ទោះគុកច្រវាក់មិនញញើតក្រែង បើឃើញភ្លើងហើយបែរជាថាផ្សែង គឺក្បត់ខ្លួនឯងមុនក្បត់អ្នកអាន ។ សុខចិត្តក្រីក្រមិនទ្រដុល្លារ មិនលក់អក្ខរាដូរវីឡាឡាន មិនលូនឱនក្បាលធ្វើមុំចង្ក្រាន ទោះជាចាកឋានខានឃើញអង្គរ ។ បើទ្រាំនៅស្រុកចុកមាត់បិទភ្នែក ព្រមធ្វើជាសេកចាំតែបន្ទរ ឬធ្វើអន្លូងចាំតែទូងស្គរ មុខជាលើផ្នូរក្មេងលួចខាកស្តោះ !» ៕
អានច្រើន ចេះច្រើន
History
ប្រវត្តិ និង ស្នាដៃនិពន្ធ លោក គង្គ ប៊ុនឈឿន History and Written of Kong Bunchhoeun
Subscribe to:
Post Comments (Atom)
EmoticonEmoticon