ប្រវត្តិវិទ្យាល័យនេតយ៉ង់ និង ប្រវត្តិឧកញ៉ាបំរុងរដ្ឋ សោហឺ នៅខេត្តបាត់ដំបង

(ដោយសារតែ តារកស៊ី រត់រ៉ឺម៉ក ទើបធ្វើឱ្យមាន វិទ្យាល័យ នេតយ៉ង់ និង​​អនុវិទ្យាល័យ សោហឺ បន្សល់ទុកឱ្យអ្នក​ខេត្តបាត់ដំបង​ដល់សព្វ​ថ្ងៃ​ )។
លោកឧកញ៉ាបំរុងរដ្ឋ សោ ហឺ គឺជាជនជាតិចិនភៀស​ខ្លួនពីប្រទេស​ចិន ក្នុងសម័យប្រទេសចិនមានសង្រ្គាមផ្ទៃក្នុង។លោកបានមក​​រស់​នៅ និងកសាងគ្រួសារមួយជាមួយលោកស្រី នេត យ៉ង់ ដែល​ជា​ភរិយា។


លោកបានប្រកបរបរ ជាអ្នករត់រ៉ឺម៉កកង់នៅក្នុង​​​ទីរួម​​ខេត្តបាត់ដំបង។លោកជាមនុស្សម្នាក់ ដែលឧស្សាហ៍ និងព្យាយាម​អំណត់អត់ធ្មត់ជាមួយនឹងការងារប្រើកម្លាំងមួយនេះ។ ដោយសារ​ការ​ព្យាយាម អំណត់ធ្មត់នេះហើយ ទើបលោកអាចទាកទាញ់​ម៉ូយជា​ច្រើន ជិះរ៉ឺម៉ករបស់លោក។ ដល់អំឡុងពេលសង្រ្គាម​លោកទីពីរ​កើត​ឡើង ខេត្តបាតដំបងត្រូវបានទាហានជប៉ុនកាត់ចូលទឹកដីថៃ ជា​មួយ​នឹង​ខេត្តខ្មែរដទៃទៀត។នាពេលនោះ លោកបានឆ្លៀត​ឱកាស​រកស៊ី​រត់​ពន្ធក្រណាត់ ពីប្រទេសថៃចូលកម្ពុជា។ដោយសារ​តែលក់​ក្រណាត់​នេះហើយទើបលោកចំណេញប្រាក់ និងមាសជាច្រើន ដែល​ជួយធ្វើឲ្យជីវភាពរបស់លោករីកចំរើន និងធូរធារជាងមុន។បន្ទាប់​ពីបញ្ចប់សង្រ្គាមទឹកដីខេត្តបាត់ដំបង ត្រូវបាន​បារាំង​ទាមទារ​មក​កម្ពុជាវិញ។លោក សោ ហឺ ក៏ប្រកបរបរថ្មីមួយចំនួនផ្សេងទៀត។នៅឆ្នាំ១៩៥២ លោកក៏បានចូលរួមជាមួយនឹងសម្តេច សីហនុ ក្នុង​ការ​ទាមទារឯករាជ្យដល់កម្ពុជានៅក្នុងខេត្តបាត់ដំបងនេះ។លោក​បាន​ខិត​ខំ​គាំទ្រទាំងកម្លាំងកាយ និង​សម្ភារស្បៀង​ដល់អ្នក​តស៊ូ​ទាំង​ឡាយ។ បន្ទាប់ពីកម្ពុជាទទួលឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ លោក ក៏បានចាប់ផ្តើម​ធ្វើកិច្ចការ​កសាង​ជាច្រើន​ដើម្បីតបស្នងសងគុណដល់អ្នកខេត្តបាត់ដំបង ដែល​ជាអ្នកមាន​គុណ​របស់លោក។បើគ្មានការគាំទ្រពីអ្នកខេត្តបាត់ដំបងទេ នោះ​លោក​ក៏មិនអាចមានជីវភាពធូរធារ និងទ្រព្យសម្បត្តិស្តុកស្តម​បាន​ឡើយ។លោកបានកសាងស្នាដៃមួយចំនួនដូចជា៖ វិទ្យាល័យ​នេត​យ៉ង់ អនុវិទ្យាល័យសោហឺ វត្តកណ្តាល និងស្នាដៃជាច្រើនទៀត​ក្នុង​ខេត្ត​បាត់ដំបង។ លោកត្រូូវបាន សម្តេច សីហនុ ដែលជាព្រះ​ប្រមុខ​រដ្ឋប្រទានងារជា«ឧកញ៉ាបំរុងរដ្ឋ» នៃព្រះរាជណាចក្រកម្ពុជា។


...ខាងក្រោមនេះជាប្រវត្តិ នៃវិទ្យាល័យមួយចំនួននៅ ខេត្តបាត់ដំបង៖
១- លោកតា អ៊ាបឃុត មានភរិយានាម អោតឺមឿក ដែលជាឈ្មោះអាគារមួយ នៅក្នុងសាលា អ៊ាបឃុត។ សាលាអ៊ាបឃុត មានបីអាគារ គឺអាគារអ៊ាបឃុត អាគារអោតឺមឿក និង អាគារមាតាបិតាសិស្ស។
២- លោកយាយនេតយ៉ង់ មានស្វាមីនាម សោហឺ ជាសប្បុរសជន ដែលសង់សាលាបឋមសិក្សា សោហឺ នៅទីក្រុងបាត់ដំបង ដើម្បីផ្តល់ឱកាសដល់សិស្សក្រីក្រ។ សព្វថ្ងៃ សាលាសោហឺ បានត្រូវក្រសួង សិក្សាធិការ តម្លើងទៅជា អនុវិទ្យាល័យមួយ នៅទីក្រុង បាត់ដំបង។ ចំណែកសាលានេតយ៉ង់ មានអាគារបីអាគារដែរ គឺអាគារនេតយ៉ង់ អាគារអ៊ាបប៉ូយគី និង អាគារមាតាបីតាសិស្ស។ អ៊ាបប៉ូយគឺ ជាឈ្មោះរបស់ កូនប្រុស របស់លោកតាអ៊ាបឃុត ដែលបានធ្វើអំណោយសង់អាគារនេះ។
៣- វិទ្យាល័យបាត់ដំបង ជា វិទ្យាល័យមុនីវង្សសព្វថ្ងៃនេះ។ វិទ្យាល័យមុនីវង្សបានត្រូវសាងសង់ឡើង នៅក្នុងសម័យអាណានិគមបារាំង ដោយមានរដ្ឋាភិបាលបារាំង ជាអ្នកនាំ ការសិក្សា កម្រិតមធ្យមសិក្សា និង ឧត្តមសិក្សា ចូលមកប្រទេសខ្មែរ ព្រោះជំនាន់នោះ ការសិក្សារនៅក្នុងប្រទេសខ្មែរ មានត្រឹមតែកម្រិតបឋមសិក្សា ហើយសាលារៀនទៀតសោត ក៏នៅក្នុងតែវត្តអារាម តែប៉ុណ្ណោះ ពុំមានសាលាគ្រប់គ្រងដោយរដ្ឋាភិបាលទេ។
៤- វិទ្យាល័យស្វាយប៉ោ ទើបនឹងកើតឡើង នៅឆ្នាំ១៩៧០ ពីដើមជាសាលារៀនចិន ឈ្មោះ កុកក្វាង។ នៅពេលសាលាស្វាយប៉ោ កើតដំបូង គេយកសិស្សមួយចំនួន ពីសាលាបាត់ដំបង មួយភាគទៀតពីអ៊ាបឃុត និង មួយភាគក្រោយ ពីនេតយ៉ង់។
៥- នៅមានវិទ្យាល័យឯកជនពីរទៀត នៅបាត់ដំបង គឺ វិទ្យាល័យសង្កែ និង ត្រៃមិត្រ នៅខាងកើត វិទ្យាល័យនេតយ៉ង់ តាមផ្លូវជាតិលេខ៥ ទៅវាលចំណតយន្តហោះ។
៦- លោកយាយ នេត យ៉ង់ ជាភរិយារបស់ លោកតា សោហឺ។ កាលលោកទាំងពីរនៅក្រីក្រ លោកតាសោហឺ ជាចិនរកស៊ីធាក់រ៉ឺម៉ក ឯលោកយាយយ៉ង់ ជាខ្មែរ រកស៊ីជួញដូរកំប៉ិកំប៉ុក ដើម្បីចិញ្ចឹមគ្រួសារ។ លុះលោកបានធូរធារគ្រាន់បើ លោកក៏បានបរិច្ចាគធនធានផ្ទាល់ខ្លួន កសាងសាលាបឋមសិក្សាសោហឺ និងវិទ្យាល័យនេតយ៉ង់ ឲ្យសិស្សានុសិស្សក្រីក្រ នៅខេត្តបាត់ដំបង បានរៀនសូត្រចេះដឹងកាន់តែប្រសើរ ទុកជាការដឹងគុណ និងភាពកត្តញ្ញូ របស់លោក ជូនដល់ប្រទេសខ្មែរ ដែលបានផ្តល់ឱកាស អោយលោក និងក្រុមគ្រួសារ បានជ្រកកោន រស់នៅរកស៊ីចិញ្ចឹមជីវិត យ៉ាងក្សេមក្សាន្ត។
៧- ក្នុងករណីស្រដៀងគ្នាដែរ លោកតាអ៊ាបឃុតនិងលោកយាយ ឱតឺមឿក ក៏ជាជនក្រីក្រ ដែលរកស៊ីចិញ្ចឹមជីវិតសុចរិត លុះបានដល់ភាពរុងរឿង ហើយបានបរិច្ចាគទាន ដែលជាកម្លាំងញើសឈាមរបស់លោក សាងសង់វិទ្យាល័យអ៊ាបឃុត នៅទល់មុខនិងវិទ្យាល័យនេតយ៉ង់ នាទីក្រុងបាត់ដំបង ក្នុងគោលបំណងដូចគ្នា គឺបណ្តុះបច្ចាជន អោយបានទទួលការចេះដឹងខ្ពស់ មានជីវិតរុងរឿង ចាកផុតនៅភាពក្រីក្រអត្តខាត់។
៨- ម្តាយខ្ញុំជាសិស្សម្នាក់ ដែលបានទទួលការឧបត្ថម្ភ ពីសាលាសោហឺ។ ចំណែក អ្នកស្រី ប៉ែនរ៉ន ហួយមាស រស់សិរីសុទ្ធា អ៊ិមសុងសឺម និងរូបខ្ញុំ ព្រមទាំងសាច់ញាតិ ក្រុមគ្រួសារ សុទ្ធសឹងជាសិស្ស ដែលធ្លាប់បានទទួលនូវការឧបត្ថម្ភ ពីសាលា អ៊ាបឃុត និងនេតយ៉ង់នេះ។

៩- អ្នកស្រុក ដែលមានកំណើតនៅខេត្តបាត់ដំបង ដែលធ្លាប់សិក្សារៀនសូត្រនៅសាលាសោហឺ អ៊ាបឃុត ឬនេតយ៉ង់ រមែងរលឹកនឹកគុណលោកទាំងបួនរូប មិនដែលភ្លេចឡើយ!! ទង្វើរបស់លោកទាំងបួន គឺជានិមិត្តរូបនៃសប្បុរសធម៌ និងគុណធម៌ប្រសើរឧត្តង្គឧត្តមអតិបរមា!!


EmoticonEmoticon