វត្តប្រាសាទ (វត្តតានី) Wat Prasat (Wat Tani)
វត្តប្រាសាទ ស្ថិតនៅភូមិតានី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ចម្ងាយប្រហែល ២០ គ.ម ពីផ្លូវជាតិលេខ៣ (ផ្លូវទៅខេត្តកំពត)។ ដើមចមដែលគេដាក់ឈ្មោះវត្តនេះថា វត្តប្រាសាទ គឺដោយសារនៅក្នុងទីធ្លាវត្តនេះមានប្រាសាទបុរាណមួយធ្វើអំពីថ្មបាយក្រៀម។
ប្រាសាទថ្មបាយក្រៀមនេះមានតែតួប៉មមួយប៉ុណ្ណោះ ដោយមានទ្វារបែរទៅទិសខាងកើត និងមានសភាពស្ទើរតែដួលរលំទៅហើយ។ ប្រាសាទនេះពុំទាន់មានសេចក្ដីសន្និដ្ឋានឲ្យច្បាស់លាស់អំពីការបរិច្ឆេទ ក៏ដូចជារចនាបថនៅឡើយទេ ព្រោះដោយសារគេមិនបានប្រទះឃើញមានសំណល់ផ្ដែរ ឬហោជាង នៅសេសសល់នៅទីនោះឡើយ ដោយគេគ្រាន់តែគេបានរកឃើញសិលាចារឹក K. 43 នៅទីនេះមានភាពរិចរើលខ្លាំង ទើបមិនទាន់មានឯកសារណាច្បាស់លាស់អំពីសិលាចារឹកនោះថានៅស.វទីប៉ុន្មានឡើយ។ E. Aymonier គ្រាន់តែឲ្យសេចក្ដីសន្និដ្ឋានថាប្រហែលចារនៅចុងស.វទី១០ (Aymonier, Le Cambodge, I, p. 158)។ នៅចំកណ្ដាលប្រាសាទដែលមានទំហំ ៧ ម៉ែត្រ បួនជ្រុង និងមានកម្ពស់ប្រហែលជា ៨ ម៉ែត្រនេះ យើងឃើញមានដើមឈើមួយដើមដុះចេញពីកណ្ដាលប្រាសាទ ដែលស្ទើរតែហែកប្រាសាទនេះជាពីរទៅហើយ ហើយបើតាមចាស់ៗនៅភូមិបាននិយាយថា ពួកគាត់បានឃើញវាមានសភាពដូចនេះតាំងពីគាត់កើតមកម្លេះ។
Subscribe to:
Post Comments (Atom)
EmoticonEmoticon