ព្រះគណេស ព្រះមួយអង្គដែលមានព្រះកេសជាក្បាលដំរី
នៅតាមប្រាសាទបុរាណខ្មែរនានា កាលពីពុំទាន់មានចោរលួចវត្ថុបុរាណ តែងមានព្រះបដិមា ព្រះអាទិទេពមួយបែបដែលមានព្រះកាយ (ខ្លួន) ជាមនុស្ស, ព្រះសិរសា (ក្បាល) ជាក្បាលដំរី ។
អ្នករៀនប្រវត្តិវិទ្យា និងសិល្បៈវប្បធម៌បានស្គាល់ច្បាស់ថា គឺជាបដិមារបស់អាទិទេពមួយអង្គឈ្មោះព្រះគណេស ដែលគេ ហៅក្លាយមកថា “ព្រះភឃ្នេស” ។ ក៏ប៉ុន្តែ ក៏នៅមានអ្នកខ្លះមិនបានដឹងរឿងរ៉ាវដើមយ៉ាងណាដែលនាំឱ្យព្រះអាទិទេពនេះមានព្រះកេសចម្លែកបែបនេះទេ ។ ប៉ុន្ដែរឿងរ៉ាវអំពីព្រះអាទិទេពអង្គនេះមានមួយតាមរយៈរឿងព្រេងនិទាន និងរឿងមួយទៀតតាមរយៈ រឿងទេវកថា ។ ដោយឡែកចំពោះរឿងទេវកថាវិញមានសេចក្តីដូចតទៅ
ថៃ្ងមួយនៅពេលដែលព្រះអង្គសិវៈប្រាថ្នាយាងចាកចេញទៅសមាធិតាំងសិល្ប៍នៅឯភ្នំសច្ចំមួយរយៈដ៏យូរឆ្នាំ ព្រះនាងអគ្គមហេសីព្រះនាងបព៌ទី (ប៉ារវ៉ាទី) ក៏សុំសំណូមពរដល់ព្រះស្វាមីថា “បើសិនព្រះអង្គឃ្លាតឆា្ងយពីខ្ញុំម្ចាស់យូរឆ្នាំបែបនេះ ខ្ញុំម្ចាស់សែនអផ្សុកខ្លាំងណាស់...តែបើសិនជាមានព្រះរាជបុត្រានៅកំដរលេងនោះ ខ្ញុំម្ចាស់មិនដឹងជាសប្បាយរីករាយក្នុងព្រះទ័យយ៉ាងណាទេព្រះអង្គ !...” ។
ដើម្បីបំពេញព្រះរាជហប្ញទ័យរបស់ព្រះអគ្គមហេសី ព្រះសិវៈក៏ផ្តែផ្តាំដល់ព្រះនាងឱ្យយកកម្អែលខ្នើយរបស់ព្រះអង្គ យកមកសូនជារូបអាទិទេពតូចមួយរួមផ្សំទៅនឹងដំណក់ទឹកញើសនៅលើដើមទ្រូងរបស់ព្រះនាង រួចហើយយកទៅតម្កល់ទុកក្នុងរយៈពេលបីថៃ្ង ។
ព្រះនាងប៉ារវ៉ាទីក៏អនុវត្តន៍តាមព្រះរាជបន្ទូលរបស់ព្រះអង្គទាំងអស់ ។ ...ទីបំផុតក៏បានព្រះរាជបុត្រាមួយអង្គមានព្រះនាមថា “ព្រះគណេស” ដូចព្រះរាជបំណងពិតប្រាកដមែន ។
លុះច្រើនឆ្នាំបានកន្លងផុតទៅ...។ ព្រះគណេសក៏ពេញរូបរាងស្អាតស្រស់សង្ហារមានសម្បុរឆោមលោមពណ៌គួរឱ្យ ស្រឡាញ់ជាទីបំផុត ពោរពេញទៅដោយចំណេះវិជ្ជាដ៏វិសេសវិសាល ហើយព្រះមាតាប៉ារវ៉ាទីតែងតែផ្តែផ្តាំឱ្យទន្ទឹងរង់ចាំផ្លូវព្រះវរបិតាដែលជិតយាងត្រឡប់មកពីសមាធិតាំងសិល្ប៍នៅឯភ្នំទេពសច្ចំវិញ ។ ព្រះអង្គគណេសក៏តែងតែគោរពតាមព្រះរាជបញ្ជារបស់ព្រះរាជមាតាជាដរាប ដោយឈរទន្ទឹងរង់ចាំនៅពីមុខខ្លោងទ្វារមហាកំផែងវិមានអមតៈ ។
ថៃ្ងមួយព្រះអាទិទេពសិវៈក៏យាងត្រឡប់មកពីសមាធិតាំងសិល្ប៍នៅឯភ្នំទេពសច្ចំ លុះយាងមកដល់ខ្លោងទ្វារមហាកំផែងវិមានអមតៈ ក៏ប្រទះកម្លោះបរិសុទ្ធរូបស្អាតស្រស់ប្រិមប្រិយមួយអង្គកំពុងឈររេរា ចុះឡើងៗនៅពីមុខនោះ ។ ព្រះសិវៈបោះជំហានមួយៗចង់យាងចូលទៅ...តែចូលមិនបាន ព្រោះព្រះគណេសជំទាស់គ្រប់ពេលវេលា ហើយដាក់លក្ខខណ្ឌយ៉ាងតឹងរ៉ឹងបំផុត លុះត្រាតែយកជ័យជម្នះលើក្បាច់គុនមហិទ្ធិប្ញទ្ធិមន្តអាគមលើខ្លួនសិន ។ ពេលនោះព្រះសិវៈក៏ផ្ទុះឡើងនូវកំហឹងប្រច័ណ្ឌ ប្រៀបដូចជាបន្ទុះភ្នំភ្លើង ក៏បង្កឡើងនូវឆាកប្រយុទ្ធគ្នារវាងព្រះរាជបុត្រ និងព្រះវរបិតាដែលពុំស្គាល់គ្នា ។ ការប្រយុទ្ធគ្នាបានប្រព្រឹត្តទៅយ៉ាងយូរពោរពេញទៅដោយសភាពក្តៅក្រហាយក្រៃលែង ។ ព្រះបិតាបានប្រើមហិទ្ធិប្ញទ្ធិមន្តអាគមគាថាខ្យល់បក់កំបុតត្បូងទៅលើព្រះគណេស ធ្វើឱ្យដាច់សិរសាប៉ើងខ្ទាតបាត់ពីព្រះកាយមួយរំពេច ។
ក្រោយពីធ្វើគតព្រះគណេសហើយ ព្រះសិវៈក៏យាងចូលទៅក្នុងប្រាសាទ ។ ពេលជួបព្រះអគ្គមហេសីព្រះនាងប៉ារវ៉ាទី ទើបដឹងថា ព្រះគណេសគឺជាព្រះរាជបុត្រទី២របស់ព្រះអង្គ ។ ព្រះអង្គស្ទុះចេញមកក្រៅជាបន្ទាន់ ខំរកមើលក្រែងឃើញព្រះសិរសាព្រះរាជបុត្រាជ្រុះនៅកន្លែងណា នឹងអាលរើសយកមកតភ្ជាប់ប្រស់ឱ្យរស់ឡើងវិញ ។ ព្រះសិវៈក៏ប្រកូកប្រកាសឱ្យគ្រប់អាទិទេពធំតូចទាំងអស់នាំគ្នាដើរជួយរកព្រះកេស ប៉ុន្តែនៅតែរកមិនឃើញ ។ មើលទៅពេលនោះប្រហែលអាទិទេពខ្យល់ (ព្រះពាយ) មិនបានចូលរួមជួយរកផងទេ ព្រោះបើសិនជាព្រះពាយជួយរកច្បាស់ជាឃើញមិនខាន ព្រោះទៅដល់ទីណាក៏ខ្យល់ទៅដល់ដែរ ។ ប៉ុន្តែមានអ្នកខ្លះសន្និដានថា ប្រហែលជាព្រះកេសនេះធ្លាក់ចូលទៅក្នុងលំហរសុញ្ញកាសទេដឹង បានជាគ្មាននរណារកឃើញសោះ ។
ចំណែកឯព្រះសិវៈវិញ ទោះបីជាខិតខំប្រើមហិទ្ធិប្ញទ្ធិទិព្វគ្រប់បែបយ៉ាងណាក៏ដោយ ក៏នៅតែរកពុំឃើញទាល់តែសោះ ។
ដោយអស់តម្រិះនឹងឈ្មុសឈ្មុលរុករកទៀត ព្រះអង្គក៏យាងត្រឡប់មកវិមានអមតៈវិញទាំងក្តីអស់សង្ឃឹម និងសោកស្តាយ ជាទីបំផុត ។ នៅពេលព្រះអង្គយាងមកដល់ព្រៃសួគ៌ាមួយ ក៏ប្រទះនឹងកូនដំរីមួយ ក៏សម្រេចកាត់ក្បាលកូនដំរីនោះយកមកតភ្ជាប់ទៅនឹងដងខ្លួនព្រះរាជបុត្រាទី២ ព្រះគណេសតែម្តង ។ ចាប់តាំងពីពេលនោះមក ព្រះគណេសអាចរស់រានមានជីវិតវិញបានដូចគេដូចឯង តែក្នុងលក្ខណៈជាអាទិទេពមានភាពចម្លែកអស្ចារ្យជាងគេ គឺមានដងខ្លួនជាមនុស្ស ក្បាលជាសត្វដំរីជារៀងដរាបមក។
សូមបញ្ជាក់ថា នេះជារឿងរ៉ាវអាទិទេពក្នុងលទ្ធិព្រហ្មញ្ញសាសនា ដែលបានពង្រីកអំណាចឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជាចាប់តាំងពីសតវត្សរ៍ទី ១ ដល់សតវត្សរ៍ទី១២ នៃគ្រិស្តសករាជ ។
នៅលើព្រះសិរសាជាក្បាលដំរីនៃព្រះគណេសនេះ គេឃើញមានភ្លុកម្ខាងត្រូវបាក់ ។
មិនមែនជាការបាក់ដោយចៃដន្យទេ គឺជារូបភាពដើមដែលសិល្បករឆ្លាក់បែបនេះ ព្រោះមានរឿងរ៉ាវថា ពេលមួយនោះព្រះគណេសបានប្រយុទ្ធជាមួយនឹងព្រះ “បរាសុរាម” ដែលជាអវតារបែងភាគរបស់អាទិទេពព្រះវិស្ណុ ។ ហេតុដូច្នេះហើយបានជាសិល្បករតែងឆ្លាក់រូបលោកមានពោះកំប៉ោង ព្រះហស្ថកាន់ថាសម្ហូប កាន់ដំបងខ្លី និងកាន់កង្វារទំពក់ ។ ព្រះកេតនភណ្ឌរបស់ព្រះអង្គវិញគឺ ខ្សែរឹត ។ យានជំនិះព្រះអង្គគឺសត្វកណ្តុរ ៕
Subscribe to:
Post Comments (Atom)
EmoticonEmoticon