សត្វក្នុងសិល្បៈនាសម័យបុរេប្រវត្តិសាស្ត្រ
ខ្មែរជាជនជាតិវ័យចំណាស់មួយ ដែលមានកំណើតរស់នៅលើទឹកដីនៃជ្រោយសុវណ្ណភូមិរាប់រយពាន់ឆ្នាំមុនការបង្កើតរដ្ឋនគរភ្នំនាដើមសតវត្សរ៍ទី១នៃគ.ស។ ដូនតារបស់ជាតិសាសន៍នេះដែលស្ថិតក្នុងអម្បូរមន-ខ្មែរ បានបន្សល់ទុករូបសត្វនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រជាច្រើនតាមស្ថានីយ៍ជាច្រើនកន្លែងទូទាំងកម្ពុជាក្រោម ឬប្រទេសវៀតណាមខាងត្បូង នៅលាវ និងថៃ។ វត្ថុសិល្បៈជារូបសត្វទាំងនោះ ដូចជា គោ ក្របី ជ្រូក ឆ្កែ ក្ងោក និងមាន់ជាដើម ឆ្លុះបញ្ចាំងអំពីជីវភាពប្រចាំថ្ងៃក្នុងសង្គមខ្មែរដើម ដែលមានកសិកម្ម និងការផ្សាំងសត្វ បរបាញ់ និងនេសាទជាមូលដ្ឋាននៃសេដ្ឋកិច្ចសហគមន៍។
ទន្ទឹមនឹងនេះ រូបសត្វទាំងនោះក៏បង្ហាញអំពីវិស័យជំនឿសាសនាផងដែរ។ តាមការសិក្សា និងវិភាគរូបគំនូរសត្វលើកុលាលភាជន៍ផាត់ពណ៌នៅស្ថានីយ៍ភូមិបានឈាង ក្នុងប្រទេសថៃបច្ចុប្បន្នរវាង៥០០-២០០ឆ្នាំមុនគ្រិស្តសករាជ បានឲ្យដឹងថា នាចុងសម័យវប្បធម៌បុរេប្រវត្តិសាស្ត្រ សត្វគោ និងក្របីបានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមគ្រួសារខ្មែរយើង។
ការប្រកបរបរចិញ្ចឹមជីវិតដោយកសិកម្ម និងចម្ការរបស់ដូនតាខ្មែរនាសម័យមុន បានធ្វើឲ្យមនុស្សនាចុងសម័យបុរេប្រវត្តិសាស្ត្រចាត់ទុកថា ទិន្នផលស្រូវគឺជាមូលដ្ឋានគ្រឹះនៃជីវិត។
ក្រៅពីការធ្វើស្រែចម្ការ ពួកគាត់ចេះចិញ្ចឹមគោ និងក្របី ដើម្បីភ្ជួររាស់ស្រែចម្ការ ព្រមទាំងចេះផ្សាំងសត្វដំរីសម្រាប់ធ្វើជាយានជំនិះតាមតម្រូវការ។ ទន្ទឹមនឹងនេះ តាមគំនូរផាត់ពណ៌ក្រហមទាំងនោះ យើងក៏អាចស្វែងយល់អំពីបរិស្ថានវប្បធម៌សង្គម និងធម្មជាតិនាសម័យមុនប្រវត្តិសាស្ត្រផងដែរ ដែលមានលក្ខណៈជាជីវចលនិយម។
លើសពីនេះទៅទៀត វត្តមានរបស់គំនូររូបសត្វលើកុលាលភាជន៍ទាំងនោះ គួបផ្សំនឹងចម្លាក់ធ្វើអំពីដីដុត និងសំរិទ្ធិមួយចំនួន ក៏ជាកត្តាមួយយ៉ាងសំខាន់បំផុតដែលបានជួយយើងឲ្យស្គាល់យល់ដឹងអំពីលក្ខណៈវប្បធម៌ខ្មែរមុនឥទ្ធិពលឥណ្ឌាផងដែរ។ ផ្អែកលើវប្បធម៌នាសម័យនោះ យើងអាចកត់សម្គាល់នូវការសែនព្រេនចំពោះបុព្វការីជន ដោយកប់សំណែនជាមួយសពក្នុងផ្នូរបុរាណ៘
សូមជម្រាបថា ការបញ្ចុះសពរបស់ជនជាតិខ្មែរដោយមានគ្រឿងសំណែនជាសត្វពាហនៈគឺជាគោ, ជ្រូក, ឆ្កែ និង ក្របី ជាដើមឧបករណ៍ប្រើប្រាស់សម្រាប់ជីវិតទៅកាន់បរមលោក ត្រូវបានថែរក្សាតដល់សម័យអង្គរ តែត្រូវបានបន្តរហូតដល់សព្វថ្ងៃ ដោយកុលសម្ព័ន្ធខ្មែរលើនៅក្នុងតំបន់ខ្ពង់រាបមួយចំនួននៃប្រទេសកម្ពុជា លាវ និងវៀតណាមកណ្តាល និងខាងត្បូង។
រួមសេចក្តីមក តាមរយៈរូបគំនូរ និងចម្លាក់សត្វទាំងនោះ ដែលជាសម្មិទ្ធផលសង្គមរបស់សហគមន៍មន-ខ្មែរ គឺជាតឹកតាងប្រវត្តិសាស្ត្រដែលយើងមិនត្រូវមើលរំលងក្នុងការស្រាវជ្រាវអំពីមូលដ្ឋានគ្រឹះនៃវប្បធម៌ខ្មែរមុនឥទ្ធិពលឥណ្ឌា។ ទោះជាយ៉ាងនេះក្តី យើងត្រូវជ្រាបថា ក្នុងចំណោមសត្វដែលបុព្វការីជនខ្មែរបានផ្សាំងនោះ មានតែសត្វដំរីទេ ដែលបានដើរតួសំខាន់ជាងគេក្នុងសង្គមខ្មែរ៕
ត្រាណេ
Subscribe to:
Post Comments (Atom)
EmoticonEmoticon