គ្រឿងអលង្ការស្តេចសម័យមហានគរ ស.វទី ១២-១៣
កន្លងមកនេះ សារមន្ទីរជាតិភ្នំពេញបានទទួលអំណោយជាគ្រឿងលំអខ្លួន នាសម័យបុរាណធ្វើពីមាសមួយចំនួន ដែលគួរឲ្យកូនខ្មែរសព្វថ្ងៃរំភើបចិត្តយ៉ាងក្រៃលែង។ ម្ចាស់អំណោយគ្រឿងអលង្ការស្តេចសម័យអង្គរទាំងនោះ គឹលោក ឌូក្លាស ឡាតឆ្វត នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០០៨ ដែលមួយភាគធំត្រូវបានបោះពុម្ពក្នុងសៀវភៅរបស់អ្នកស្រាវជ្រាវប័ងឃើ និងឡាត់ឆត (BUNKER និង LATCHORD) ជាជនជាតិអាមេរិកកាំង ក្នុងសៀវភៅល្បីល្បាញមួយស្តីអំពីសិល្បៈខ្មែរសម័យបុរាណឈ្មោះ Adoration and Glory : the Golden Age of Khmer Art បោះពុម្ពនៅទីក្រុងឈីកាហ្គោសហរដ្ឋអាមេរិក។
ទង្វើដ៏ល្អប្រពៃ និងជាគំរូថ្លៃថ្លារបស់លោកស្រី គប្បីត្រូវបានចារនៅក្នុងក្រាំងមាសប្រវត្តិសាស្ត្រនៃសារមន្ទីរជាតិយើង។ នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជនជាតិខ្មែរបានឃើញនូវគ្រឿងអលង្ការបស់ដូនតាខ្លួននាសម័យបុរាណដ៏ពិតៗ ដែលធ្វើអំពីមាសសុទ្ធ និងមានដាំត្បូងពេជ្រផង។ វាជារបស់អតីត ព្រះមហាក្សត្រខ្មែរ ដែលទ្រង់បានសាងសង់ប្រាសាទសិលា ហើយដែលត្រូវជាបុព្វការីជនរបស់ប្រជាជនខ្មែរទាំងមូល។
យោងតាមការស្រាវជ្រាវ សព្វថ្ងៃបើយើងចង់ឃើញគ្រឿងអលង្កាតុបតែងរូបរាងលំអកាយរបស់ខ្មែរនាសម័យដើម លុះត្រាតែទៅទស្សនាវត្ថុទាំងនោះ នៅប្រទេសក្រៅ ដូចជាតាមសារមន្ទីររដ្ឋ ឬឯកជននានាជាដើម។ មានន័យថា ប្រទេសជិតខាងយើង ឬជនបរទេស ពួកគេបានទិញវត្ថុទាំងនោះពីឈ្មួញទុច្ចរិត ដែលភាគច្រើនធ្វើអំពីមាស ប្រាក់ និង សំរិទ្ធ ហើយដឹកយកចេញពីស្រុកខ្មែរដោយខុសច្បាប់។
នេះជាហេតុផលមួយធ្វើឲ្យខ្មែរភ្លេចគិតថា ជាតិសាសន៍ខ្លួនធ្លាប់ថ្កើនថ្កានរុងរឿងអស្ចារ្យណាស់ ស្ទើរគ្រប់វិស័យ ដូចជាសិលាចារឹក បានពណ៌នាអំពីរឿងពិតទាំងស្រុង។
ដើម្បីចូលរួមវិភាគទានក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ខ្មែរ យើងមានកិត្តិយស និងសូមបង្ហាញជូនដូចតទៅនូវសម្បត្តិវប្បធម៌ទាំងនោះ គឺគ្រឿងអលង្ការមាសដ៏មានតម្លៃទាំងនោះ ដែលសព្វថ្ងៃដាក់តាំងនៅក្នុងទូកញ្ចក់មួយ នៅក្នុងសារមន្ទីរជាតិភ្នំពេញ ចែកចេញជាពីរប្រភេទដូចខាងក្រោមនេះ ទី១ គ្រឿងអលង្កាសម្រាប់ព្រះមហាក្សត្រផ្ទាល់ និងទី២ ព្រះមហាក្សត្រយានី ឬព្រះរាជិនី។
សម្រាប់គ្រឿងអលង្ការរបស់ព្រះមហាក្សត្រ ដែលសោយរាជសម្បត្តិនោះ គេឃើញមានមកុដរា មុក្កាហារកណ្ឌល (មួយគូ) ចហ្វារកងកន់ ឬពាហុរ័ត្នកងដៃ។ ក្រៅពីនេះ គេក៏បានឃញនូវ មានផ្កាយ៉ាជាក្រវិលត្រចៀក១ និងត្រសាល់ត្រចៀកបែបព្នងមួយគូធ្វើអំពីមាស និងល្បាយស្ពាន់។
ចំណែកគ្រឿងអលង្ការបស់ព្រះមហាក្សត្រយានីវិញ គេឃើញមានគម្របព្រះកេសាមុក្ការហាកងកន់មាន (ដាំត្បូង ឬពាហុរ័ត្ន និងសង្វារ)។
លក្ខណៈមកុដរបស់ព្រះមហាក្សត្រប្លែកពីមកុដមហាក្សត្រិយានី គឺមកុដរបស់ព្រះអង្គមានរាងក្បាំង រីឯរបស់ព្រះអគ្គមហេសីវិញ មានរូបរាងមូលគ្របពីលើព្រះកេសា ដែលគេពុំធ្លាប់ឃើញពីមុនទាល់តែសោះ។ យ៉ាងណាមិញ ខ្មែរបុរាណក៏មិនបានឆ្លាក់លើចម្លាក់បុរាណដែលជាតឹកតាងដែរ។
គួររំលឹកថា គ្រឿងអលង្កាមាសដ៏មានតម្លៃទាំងនោះ ព្រះមហាក្សត្រ និងព្រះរាជិនីខ្មែរសម័យអង្គររមែងតែងពាក់ក្នុងព្រះរាជសកម្មភាព ដែលមានលក្ខណៈជាផ្លូវការ ដូចជាពេលទ្រង់ប្រទានសវនាការជាមួយនាម៉ឺនមន្ត្រី ហើយជាពិសេសក្នុងពិធីបុណ្យសាសនា និងពិធីកម្មសំខាន់ៗ ពីព្រោះវាជាគ្រឿងសំគាល់ថា ព្រះអង្គជាស្តេចហើយទ្រង់កំពុងសោយរាជ្យសម្បត្តិប្រកបដោយភាពស្របច្បាប់ និងឫទ្ធិអំណាច។
អ្វីដែលទាក់ទងអលង្កាក្សត្រខ្មែរ យើងយល់ឃើញថា ឈុតគ្រឿងអលង្កានៅសារមន្ទីរមិនទាន់មានលក្ខណៈពេញលេញនៅឡើយទេ។ បើយើងពិនិត្យឲ្យបានត្រឹមត្រូវទៅឃើញថា ជាទូទៅនៅខ្វះគ្រឿងអលង្កាមួយចំនួនទៀតដូចជា ចិញ្ចៀន កងដៃ កងជើង ជាដើម។ ក៏ប៉ុន្តែនេះជារឿងធម្មតាទេ ព្រោះគេពុំអាចដឹងបានទាំងអស់ទេ ដោយហេតុថា ក្រោយពីការរកឃើញដោយកំណាយខុសច្បាប់ ពួកឈ្មួញរមែងតែងចែកចាយវត្ថុសិល្បៈទាំងនោះលើទីតាំងផ្សេងៗពីគ្នាដើម្បីពង្វាងដានពីសមត្ថកិច្ចជំនាញ។
ទោះបីជាយ៉ាងនេះក្តី ក៏អលង្កាសំខាន់ត្រូវបានរក្សាទុក និងបានជួយសង្គ្រោះដោយលោកស្រី បាំង។ ម្យ៉ាងវិញទៀត បើយើងពិនិត្យគ្រឿងអលង្កាស្តេចខ្មែរទាំងនោះនៅសារមន្ទីរជាតិ ភិម៉ាយ ខេត្តនគររាជប្រទេសថៃបច្ចុប្បន្នមានលក្ខណៈដូចគ្នានៅសារមន្ទីរជាតិភ្នំពេញដែរ។
ហេតុដូចនេះហើយ បានជាបុរាណវិទូយើងង មានអារម្មណ៍រីករាយសប្បាយជាអនេកនៅពេលដែលបានទៅគយគន់គ្រឿងប្រដាប់ខ្លួនប្រាណរបស់អតីតព្រះមហាវីរក្សត្រខ្មែរទាំងនោះ ដែលត្រូវបានអនុលោមតាមព្រះរាជទ្រព្យដ៏ស្តុកស្តម្ភ និងតាមទេពកោសល្យរបស់ជាងទងបុរាណក្នុងអតីតកាលដ៏មហារុងរឿងថ្កើនថ្កានអស្ចារ្យ។
វិស័យសិប្បកម្មនេះបានធ្លាក់ចុះនាសម័យក្រោយអង្គរ ចាប់តាំងពីស.វទី ១៤ មក ដូច្នេះហើយបានជាជាតិសាសន៍ខ្មែរពុំមានលទ្ធភាពនឹងធ្វើឲ្យវិស័យនេះរីកចម្រើនទៅបានដូចសម័យបុរាណឡើយ។ ដូច្នេះបានជាដាច់ខាត យើងពុំឃើញមានគ្រឿងអលង្កាណាដែលមានលក្ខណៈល្អៗឥតខ្ចោះជាងគ្រឿងអលង្កានាសម័យអង្គរ នោះដែរ៕
ត្រាណេ
Subscribe to:
Post Comments (Atom)
EmoticonEmoticon