ការលម្អស្ថាបត្យកម្មដោយសេរ៉ាមិច គ្រឿងបញ្ចរង្គ

ការលម្អស្ថាបត្យកម្មដោយសេរ៉ាមិច គ្រឿងបញ្ចរង្គ
គ្រឿងសេរ៉ាមិច គឺជាគ្រឿងស្មូនធ្វើពីដីឥដ្ឋ ដោយមានលាបពណ៌ផ្សេង ហើយយកទៅដុតក្នុងឡដោយប្រើសីតុណ្ហភាពខ្ពស់ ហើយត្រូវបាន
រកឃើញពីដំបូងដោយជនជាតិចិន ។ ភាគច្រើននៃគ្រឿងសេរ៉ាមិច
ដែលយើងស្គាល់គឺជាគ្រឿង ស្មូនចានឆ្នាំងពែង ជាដើម ក៏ប៉ុន្តែ
ការប្រើប្រាស់គ្រឿងសេរ៉ាមិច មិនមែនមានត្រឹមតែប៉ុន្នេះនោះទេ គ្រឿងសេរ៉ាមិចត្រូវបានគេយកទៅប្រើប្រាស់លើសំណង់ស្ថាបត្យកម្មផ្សេងៗ


ផងដែរ ប្រទេសដែលយកសេរ៉ាមិចទៅប្រើប្រាស់ច្រើនជាងគេ គឺប្រទេសចិន
វៀតណាម ថៃ ប្រទេសនៅអាស៊ីកណ្តាល ដូចជាប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល
និងប្រទេសកាន់សាសនាឥស្លាមផ្សេងៗទៀត ដែលភាគច្រើនប្រើសម្រាប់
តុបតែងព្រះវិហារឥស្លាម និងអគារសំខាន់ៗមួយចំនួន ។ នៅប្រទេសអេស្ប៉ាញ ដែលធ្លាប់ត្រូវបានលុកលុយដោយពួកឥស្លាម ក៏មានការនិយមតុបតែង
អគារដោយប្រើប្រាស់សេរ៉ាមិចនេះដែរ រហូតដល់លោកហ្កៅឌី ស្ថាបត្យករ
ដ៏ល្បីល្បាញម្នាក់របស់អេស្ប៉ាញ មកពីក្រុងបាសេឡូណា ក៏បានយកគ្រឿង
សេរ៉ាមិចទៅលម្អអគារដ៏ប្រណីតៗរបស់លោកផងដែរ ។

នៅប្រទេសខ្មែរយើង ក្រៅតែពីសំណង់អគារព្រះវិហារចិន ឬវៀតណាម ខ្ញុំធ្លាប់ឃើញការប្រើប្រាស់សេរ៉ាមិចសម្រាប់ លម្អចេតិយ ដូចជា
ចេតិយត្រៃត្រឹង្សនៅភ្នំព្រះរាជទ្រព្យ ចេតិយព្រះឧណ្ណាលោម នៅក្នុង
វត្តឧណ្ណាលោម (មានតែផ្តែរ) និងចេតិយខ្នាតកណ្តាលមួយ នៅខាងត្បូង
ព្រះវិហារវត្តបទុមវតី ។ តាមការប៉ាន់ស្មានរបស់ខ្ញុំ ការប្រើប្រាស់គ្រឿង
សេរ៉ាមិចសម្រាប់តុបតែងលម្អអគារទាំងនេះ ប្រហែលជាត្រូវបានធ្វើឡើង
នៅក្នុងរជ្ជកាលព្រះបាទនរោត្តម អាចថាជាឥទ្ធិមកពីថៃ ព្រោះថាវាមាន
លក្ខណៈប្រហាក់ប្រហែលទៅនឹងគ្រឿងសេរ៉ាមិច ដែលសិល្បករថៃ
បានប្រើសម្រាប់លម្អស្ថាបត្យកម្មនៅក្នុងរជ្ជកាលស្តេចរាមាទី ៣ និងរាមាទី ៤
ដោយថៃខ្លួនឯងក៏បានទទួលសិល្បៈនេះបន្តពីចិនផងដែរ ដោយនៅក្នុង
រជ្ជកាលស្តេចរាមាទី ៣ ការប្រើប្រាស់គ្រឿងសេរ៉ាមិច សម្រាប់លម្អនេះ
មានលក្ខណៈបែបចិនច្រើន តែមកដល់រជ្ជកាលស្តេចរាមាទី ៤
មានលក្ខណៈផ្លាស់ប្តូរច្រើន ដោយនិយមតុបតែងលម្អតែជាក្បាច់ផ្កាភ្ញី
តែប៉ុណ្ណោះ ។ ការប្រើប្រាស់សេរ៉ាមិចយកមកលម្អអគារនេះ
ថៃក៏ប្រហែលធ្លាប់ទទួលបានឥទ្ធិពលសិល្បៈនេះពីពួកពែក្ស (អ៊ីរ៉ង់)
កាលពីសម័យក្រុងអយុធ្យាផងដែរ តែថៃមិនបានប្រើប្រាស់ឲ្យទូលំទូលាយ ដូចនៅដើមសម័យក្រុងបាងកកនោះទេ ។ ខ្មែរប្រហែលជាទទួលយក
ឥទ្ធិពលនេះពីថៃ ដែលជាទម្រង់នៃសិល្បៈសម័យរជ្ជកាលស្តេចរាមាទី ៤
របស់រាជវង្សចក្រីថៃ យើងគួរចងចាំដែរថាសម្តេចព្រះសង្ឃរាជទៀង
និងសម្តេចព្រះសុគន្ធាធិបតីប៉ាន ព្រះអង្គបានបួសរៀន និងធំធាត់នៅប្រទេសថៃ
សូម្បីតែព្រះបាទនរោត្តមក៏ត្រូវបានយាងមកពីប្រទេសថៃមកកម្ពុជាវិញដែរ
នូវពេលដែលព្រះអង្គត្រូវបានជ្រើសរើសឲ្យឡើងសោយរាជ្យ នៅឧដុង្គ
បន្តពីព្រះបាទអង្គឌួង ។
ការទទួលឥទ្ធិពលវប្បធម៌គឺជារឿងមួយដែលតែងតែកើតឡើងរវាង
ប្រទេសជិតខាងគ្នា ដែលមិនអាចប្រកែកបាននោះទេ តែយើងទាមទារ
ឲ្យមានការសិក្សាស្រាវជ្រាវបន្ថែមទៀត សម្រាប់អំណះអំណាងខាងលើនេះ ។















EmoticonEmoticon