រូបសំណាកក្នុងរចនាប័ទ្មសិល្បៈ កោះកេរ

រូបសំណាកក្នុងរចនាប័ទ្មសិល្បៈ កោះកេរ
រចនាប័ទ្មកោះកេរ ជាបណ្តុំនៃសិល្បៈស្ថិតនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៤ (ពីឆ្នាំ ៩២៨ ដល់ ៩៤១ នៃគ.ស) និងរាជ្យរបស់បុត្ររបស់ព្រះអង្គ គឺព្រះបាទហស៌វរ្ម័ន (ពីឆ្នាំ ៩៤១ ដល់ ៩៤៤ នៃគ.ស) ។ ព្រះបាទជ័យវរ្ម័នទី ៤ បានចាកចេញពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) តាំងតែពីឆ្នាំ ៩២១ នៃគ.ស ដោយបានយកមកជាមួយព្រះអង្គនូវលិង្គទេវរាជ រហូតដល់មរណៈភាពរបស់ព្រះបាទ ឥសានវរ្ម័នទី ២ នៅឆ្នាំ ៩២៨ ទើបព្រះបាទជ័យវរ្ម័នទី ៤ បានប្រកាសព្រះអង្គជាព្រះមហាក្សត្រ
ដោយបានស្ថាបនាតំបន់កោះកេរធ្វើជារាជធានី ។ នៅក្នុងរាជ្យរបស់ព្រះអង្គមិនដល់ ១៥ឆ្នាំផង មានការសាងសង់ប្រាសាទតូចធំជាច្រើន រហូតទៅដល់ជាង ៨០ប្រាសាទ និងរួមមានរហាល ដែលជាបារាយណ៍មួយសម្រាប់ផ្គត់ផ្គង់ទឹកសម្រាប់រាជធានីកោះកេរ ក៏ដូចជាសម្រាប់វិស័យកសិកម្ម ។
រូបសំណាកក្នុងរចនាប័ទ្មកោះកេរ មានទំហំធំសំបើម ក៏ប៉ុន្តែសិល្បករមិនបានខ្វល់អំពីលក្ខណៈកាយវិភាគ (anatomy) ដូចសិល្បៈនៅសម័យបុរេអង្គរនោះទេ លក្ខណៈពិសេសមួយទៀតរបស់សិល្បៈក្នុងរចនាប័ទ្មកោះកេរ គឺរូបសំណាកកាន់តែមានលក្ខណៈជីវចលជាងមុន (animation) ដែលអាចនិយាយបានថា សិល្បៈនៃរចនាប័ទ្មកោះកេរគឺជាគំរូដំបូង នៃក្បាច់ចម្លាក់ដ៏សំបូរណ៍បែប នៅក្នុងរចនាប័ទ្មសម័យក្រោយៗ ដូចជារចនាប័ទ្មបន្ទាយស្រី បាពួន អង្គរវត្ត និងបាយ័នជាដើម ។ បន្ថែមលើទំហំ និងជីវចលនិយមនៅក្នុងរចនាប័ទ្មកោះកេរនេះហើយ ការនិយមតម្កល់រូបសំណាកជាក្រុមធំ និងក្នុងលក្ខណៈនៃការបង្ហាញឈុតឆាក នៃរឿងរ៉ាវណាមួយ ក៏លក្ខណៈប្លែកមួយ ដែលយើងឃើញមានតែនៅក្នុងសិល្បៈសម័យកោះកេរតែប៉ុណ្ណោះ ហើយពុំឃើញមានលក្ខណៈរបៀបនេះ នៅក្នុងសិល្បៈសម័យពីមុន ឬសម័យក្រោយៗទៀតនោះទេ ។
រូបសំណាកក្នុងសិល្បៈកោះកេរមានដូចជាឈុតចំបាប់រវាងសុគ្រីព និងពាលី នៅប្រាសាទចិន ដែលសព្វថ្ងៃរូបសំណាកនេះស្ថិតនៅក្នុងសារមន្ទីរជាតិ ដោយឡែករូបហនុមាន និងព្រះរាម គឺត្រូវបានលួចយកទៅលក់ ដែលសព្វថ្ងៃត្រូវបានតាំងនៅសារមន្ទីរនៅបរទេស ឈុតត្រង់នេះប្រហែលជាត្រូវបានអ្នកសាងសង់ប្រាសាទបន្ទាយស្រីយកគំរូតាម ដោយបានឆ្លាក់នៅលើហោជាងនូវឈុតដូចគ្នាមួយ ។ មួយទៀតគឺឈុតចំបាប់រវាងទុរយោធន៍ និងភីម នៅប្រាសាទចិនដែរ ដោយមានបងប្អូនត្រកូលបណ្ឌវៈបួននាក់ទៀតនៅអង្គុយលើកទឹកចិត្តភីម មានពលរាមជាអ្នកកាត់សេចក្តី និងមានរូបក្រឹស្ណៈដែលជាអវតាព្រះវិស្ណុកំពុងអង្គុយមើលចំបាប់នោះដែរ ឈុតត្រង់នេះ ក៏ប្រហែលជាត្រូវបានសិល្បករសង់ប្រាសាទបន្ទាយស្រីបានយកគំរូតាម ដោយឆ្លាក់ជាឈុតដូចគ្នានៅលើហោជាង ដែលសព្វថ្ងៃហោជាងមួយផ្ទាំងនេះត្រូវបានតម្កល់ទុកនៅក្នុងសារមន្ទីរជាតិ ។ នៅក្នុងប្រាសាទធំ នៅក្នុងក្រុមប្រាសាទកោះកេរនោះដែរ ក៏មានរូបសំណាកជាក្រុមមួយ បង្ហាញពីរូបព្រះបាទជ័យវរ្ម័នទី ៤ កំពុងអង្គុយស្តាប់ការកាត់ក្តីរបស់ព្រះយមរាជ ដែលជិះលើក្របី សព្វថ្ងៃរូបព្រះបាទជ័យវរ្ម័នទី ៤ នេះ តាំងនៅសារមន្ទីរហ្គីម៉េត ក្រុងប៉ារីស ចំណែកក្របីដែលជាជំនិះរបស់ព្រះយមរាជ បានដួលធ្លាក់បាក់បែកនៅក្នុងទីតាំងដើមរបស់ប្រាសាទ រូបចម្លាក់ដ៏ធំជាក្រុមមួយទៀត គឺរូបព្រះសិវៈកំពុងរាំ ដែលសព្វថ្ងៃដួលបាក់បែក នៅសល់តែស្មា និងបល្ល័ង្ក ។ រូបចម្លាក់គ្រុឌដ៏ធំ ដែលតាំងនៅមាត់ទ្វារចូលសារមន្ទីរនៅទីក្រុងភ្នំពេញ ក៏ជាស្នាដៃសិល្បៈមួយក្នុងរចនាប័ទ្មកោះកេរ ហើយរូបព្រះព្រហ្មមុខបួនអង្គុយដ៏ធំមួយ ដែលតាំងនៅចំកណ្តាលសាលធំរបស់សារមន្ទីរហ្គីម៉េត ក៏ជាស្នាដៃសិល្បៈកោះកេរផងដែរ ។
អ្នកស្រាវជ្រាវបារាំងដែលបានសិក្សាអំពីសិល្បៈខ្មែរ បានចាត់ទុកតំបន់កោះកេរថាជាសារមន្ទីរប្រវត្តិសាស្ត្រមួយ នៅក្នុងសម័យសង្គ្រាម វត្ថុសិល្បៈក្នុងរចនាបថកោះកេរជាច្រើនត្រូវបានគេលួចនាំចេញយកទៅលក់នៅបរទេស ដែលភាគច្រើនឆ្លងកាត់តាមប្រទេសថៃ ។ រហូតមកដល់សព្វថ្ងៃរូបចម្លាក់ រូបសំណាកនៃរចនាប័ទ្មសិល្បៈកោះកេរ ស្ថិតនៅរាយប៉ាយតាមសារមន្ទីរតូចធំជុំវិញពិភពលោក ក៏ដូចជាសមុច្ច័យឯកជនជាដើម បូករួមទាំងរូបសំណាកមួយចំនួនត្រូវបានរក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញផងដែរ ។



















EmoticonEmoticon