ស្វែងយល់ពី ព្រះបដ ឬ ព្រះបត់ និង បង់បត់

 ព្រះបដ ឬ ព្រះបត់ និង បង់បត់

ពាក្យថាព្រះបត់ ឬព្រះបដ នេះ ខ្មែរយើងភាគច្រើនស្គាល់ច្បាស់ណាស់
ថាជារូបទាក់ទងនឹងពុទ្ធប្រវត្តិ របស់ព្រះសម្មាសម្ពុធ ដែលត្រូវបាន
គូរឡើងនៅលើផ្ទាំងកំណាត់ ។ ពាក្យថា បដ ដែលខ្មែរអានក្លាយមក
ជា បត់ នេះ ជាភាសាបាលីមានន័យថា ផ្ទាំងកំណាត់ ឬកំណាត់ត្បាញ
ដូច្នេះគឺខ្មែរយើងប្រើពាក្យនេះក្នុងនិយមន័យតែមួយជាមួយនឹង
ពាក្យបាលី ។ សម្រាប់ជាតិសាសន៍ដែលកាន់ព្រះពុទ្ធសាសនា
ដូចខ្មែរយើងផ្សេងៗទៀត ក៏និយមការគូរគំនូរពុទ្ធប្រវត្តិ ឬក៏ជា
ពុទ្ធមណ្ឌល នៅលើផ្តាំងកំណាត់ ដើម្បីគោរពបូជាផងដែរ ។

ដោយឡែកសម្រាប់ពាក្យថា បង់បត់ ពាក្យនេះមិនមែនសម្តៅទៅលើ
ព្រះបដ ឬព្រះបត់នោះទេ នៅក្នុងវចនានុក្រមខ្មែរ បានឲ្យ
និយមន័យថា « ទេព្រក្ស, អ្នកតា នៅព្រៃធំ ឬនៅដើមឈើធំ ឬក៏នៅភ្នំ,
នៅទួលធំ, នៅកោះ ដែលមនុស្សអ្នកប្រកាន់ជឿៗថា
មានឫទ្ធិស័ក្តិសិទ្ធិ» ។ នៅក្នុងនិយមន័យនោះ ក៏មានដាក់ជា
សំនួរដែរថា ប្រហែលជាក្លាយមកពីពាក្យថា បាំងបាត់ ទេដឹង ?
សម្រាប់ភាសាថៃ ក៏មានខ្មោច ឬពួកអមនុស្សម្យ៉ាង ដែលថៃហៅថា
บังบด ប្រសិនបើសរសេរតាមសូរស័ព្ទជាភាសាខ្មែរគឺ បាំងប៊ុត
គឺស្រដៀងគ្នានឹង បង់បត់ ដែរ ។ នៅក្នុងជំនឿរបស់ជនជាតិថៃ
មួយចំនួន គេជឿថាមានវិញ្ញាណខ្មោចព្រាយបីសាចមួយប្រភេទ
ដែលមានអំណាចយកមនុស្ស ឬសត្វ ទៅលាក់កំបាំងឲ្យបាត់
ដោយសារតែមនុស្ស ឬសត្វទាំងនោះ បានធ្វើអ្វីមួយដែលចាត់ទុក
ជាការប្រមាថមើលងាយទៅលើទីកន្លែងដែលមាន ខ្មោចបង់បត់
នោះនៅ ។ ជំនឿរឿងខ្មោចលាក់នេះ នៅស្រុកខ្មែរយើងក៏មាន
ច្រើនដែរ ដូចជាប្រវត្តិជ្រោះតាតៃ នៅកោះកុង ដែលមានរឿង
ទាក់ទងនឹងកូនរបស់តាតៃ ត្រូវបានបាត់ខ្លួនជាច្រើនថ្ងៃ
ទាល់តែធ្វើពិធីសែនព្រេនទើបរកកូនឃើញវិញ ។ ថ្មីៗនេះខ្ញុំបានឮ បងប្អូនខ្ញុំនិយាយថានៅស្រុករបស់គាត់ មានកូនក្មេងម្នាក់ ទៅលេងក្បែរដើមពោធិ៍មួយដើម ដោយក្មេងនោះលោតលេងរំលង
លើដើមពោធិ៍ ធ្វើឲ្យខ្មោចបង់បត់ខឹងចាប់លាក់ទៅបាត់
ទាល់តែរៀបចំសែនព្រេនទើបរកក្មេងនោះឃើញនៅថ្ងៃបន្ទាប់
ដោយសភាពលក្ខណៈរបស់ក្មេងនៅពេលរកឃើញ
គឺមានលក្ខណៈហេវហត់ និងមានស្នាមជាំលើដងខ្លួន ។

តាមរយៈរឿងទាំងនេះ ខ្ញុំសូមធ្វើការសន្និដ្ឋានថា ពាក្យថា បង់បត់ នេះ
ពិតជាមានន័យថា បាំងបាត់ មែន គឺជាខ្មោចព្រាយបិសាចមួយប្រភេទ
ដែលមានឥទ្ធិឫទ្ធិអាចកំបាំងវត្ថុ មនុស្ស ឬក៏សត្វ ពីភ្នែកអ្នកដទៃ
ហើយពាក្យនេះក៏ប្រហែលជាត្រូវបានថៃយកពីខ្មែរទៅប្រើ
សម្រាប់ហៅសម្តៅទៅលើព្រាយដែលមានន័យតែមួយ ។
រហូតមកដល់សព្វថ្ងៃ នៅពេលមានកិច្ចពិធីផ្សេងៗ ក៏ខ្មែរយើង
នៅតែនិយមបួងសួងបន់ស្រន់ដល់ អារុក្ខ អារក្សអ្នកតា
អ្នកត្រង់បង់បត់ ទាំងឡាយឲ្យជួយកិច្ចពិធីទាំងនោះ ឲ្យដំណើរការ
ទៅដោយមិនមានរឿងរ៉ាវមិនគប្បីទាំងឡាយណាកើតឡើង ។






Photo: CEN


EmoticonEmoticon