កោដ្ឋ និងការបូជាសព
ប្រសិនបើយើងមើលទៅលើប្រពៃណីយ៍បូជាសពរបស់ជនជាតិភាគតិច យើងឃើញថាគេយកសាកសពទៅកប់
ដោយកប់ជាមួយនិងវត្ថុប្រើប្រាស់មួយចំនួន ហើយប្រពៃណីយ៍នៃការកប់សពនេះ
គឺជារឿងមួយដែលមានលក្ខណៈទូទៅសម្រាប់វប្បធម៌មនុស្សជាតិនៅជុំវិញពិភពលោក
ដោយឡែកតែប្រទេសដែលបានទទួលអារ្យធម៌ឥណ្ឌា ដែលនិយមការបូជាសព ដោយការដុត ។
តាមរយៈសាច់រឿងអ៊ីល្លីយ៉ាត ជារឿងនិយាយពីសង្គ្រាមនៅក្រុងទ្រ័រ របស់ក្រិកបុរាណ
ក៏គេធ្វើពិធីបូជាសព ដោយការគរអុសជាគំនរ ហើយតំកល់សាកសពនៅលើគំនរអុស
រួចទើបគេដុត គឺស្រដៀងគ្នានឹងប្រពៃណីយ៍ខ្មែរបុរាណ ឬក៏ប្រពៃណីយ៍នៃប្រទេសឥណ្ឌា
និងបណ្តាប្រទេសទទួលវប្បធម៌ឥណ្ឌា ដែរ ។ ចំណុចនេះអាចនិយាយបានថា មកពីពួកក្រិក
និងពួកឥណ្ឌាទទួលបានវប្បធម៌របស់ពួកអារ្យ័ន ប្រហែលដោយសារទេពធំរបស់អារ្យ័ន
គឺភ្លើង ទើបមានការនិយមបូជាសពដោយដុត ឬមួយមកពីពួកអារ្យ័ន
ជាក្រុមពួកពនេចរគង្វាលសត្វនៅលើវាលស្មៅ ក្រោយពេលស្លាប់ ប្រសិនបើកប់
នោះពួកគេមិនអាចមករកទីតាំងឃើញវិញនោះទេ ហេតុនេះហើយទើបពួកគេបូជាដោយដុត
ហើយរើសយកសំណល់ធាតុមួយចំនួននៃមនុស្សជាទីស្រឡាញ់នោះ យកទៅតាមពួកគេ
នៅពេលដែលពួកគេប្តូរទីលំនៅ (ខ្ញុំមិនបានសិក្សាលើចំនុចនេះទេ) ។
សម្រាប់ប្រពៃណីយ៍របស់ខ្មែរបុរាណ សម្រាប់អនុវត្តន៍ជាមួយខ្សែរាជវង្ស
ឬក៏មន្ត្រីជាន់ខ្ពស់ ឬក៏ព្រះសង្ឃដែលមានឋានន្តរស័ក្តិជាន់ខ្ពស់មួយចំនួន
មុននឹងបូជាសព គឺគេនិយមតម្កល់សពនៅក្នុងកោដ្ឋមួយរយៈសិន ទើបគេយកសពនោះទៅបូជា
ហើយការបូជា ក៏គេមិនបូជាទាំងកោដ្ឋដែរ គឺគេទុកកោដ្ឋ
ដូចក្នុងករណីកោដ្ឋរបស់ស្តេចនរោត្តម ដែលត្រូវបានយកមកស្លចាក់ជាព្រះពុទ្ធរូប
តម្កល់នៅវត្តព្រះកែវ ចំណែកកោដ្ឋរបស់ស្តេចស៊ីសុវត្ថិ
ត្រូវបានតម្កល់នៅសារមន្ទីរជាតិជាដើម ។
ចម្ងល់សួរថា
តើខ្មែរកាលពីសម័យអង្គរ តម្កល់សព ព្រះរាជា ឬក៏ខ្សែរាជវង្ស ឬមន្ត្រីជាន់ខ្ពស់
នៅក្នុងកោដ្ឋដែរឬទេ? គឺនិយាយសម្តៅលើកោដ្ឋដែលមានរូបរាងជាថូរ
ហើយត្រូវតម្កល់សាកសពដោយដាក់ឲ្យអង្គុយនោះ ។
ប្រសិនបើយើងទៅមើលនៅប្រាសាទបន្ទាយសំរ៉ែ នៅក្នុងរោងមណ្ឌបខាងមុខប្រាង្គកណ្តាល
យើងឃើញប្រអប់ថ្មខ្នាតកណ្តាលរាងទ្រវែងមួយ ដែលមានរូបរាងដូចទៅនឹងមឈូស
តែមានខ្នាតតូចជាមឈូស ហើយនៅ ក្រោយព្រះវិហារវត្តដំណាក់ នៅក្រុងសៀមរាប
ក៏មានប្រអប់ថ្មរាងទ្រវែងមួយបែបនេះដែរ តែមានទំហំធំជាង
គឺស្ទើតែប៉ុនមឈូសសពថ្ងៃ ហើយពីមុននៅក្រោយព្រះអង្គធំ
ខាងជើងឈៀងខាងលិចប្រាសាទបាយ័ន
ក៏មានប្រអប់ថ្មរូបរាងស្រដៀងទៅនឹងមឈូសនេះជាច្រើនដែរ
តែសព្វថ្ងៃមិនដឹងថាគេរើយកទៅទុកនៅទីណាអស់ ។
មានឯកសារនិយាយពីការរើកកាយប្រាង្គកណ្តាលរបស់ប្រាសាទអង្គរវត្ត របស់លោកសឺដែស
ក៏បានបង្ហាញថាគេបានរកឃើញប្រអប់ថ្មមួយរូបរាងដូចមឈូស ដែលមានរុន្ធមួយនៅបាត
ប្រហែលជាប្រើសម្រាប់បង្ហូរទឹករងៃចេញពីសាកសព ។ តាមរយៈភស្តុតាងទាំងនេះ
យើងឃើញថានៅសម័យអង្គរ ប្រហែលជាមានការតម្កល់សពនៅក្នុងមឈូសថ្ម
តែមិនដឹងថាគេតម្កល់ ហើយកប់ ឬក៏តម្កល់ហើយយកទៅដុត
គឺគេមិនប្រើកោដ្ឋដូចសម័យក្រោយៗនោះទេ ។
ប្រពៃណីយ៍ការតម្កល់សពនៅក្នុងកោដ្ឋនេះ ក៏មានផងដែរនៅប្រទេសថៃ និងលាវ
ដែលមានវប្បធម៌ស្រដៀងគ្នានឹងខ្មែរ
ហើយមានអ្នកស្រាវជ្រាវមួយចំនួនបានសន្និដ្ឋានថា ការតំកល់សពនៅក្នុងកោដ្ឋនេះ
អាចមានប្រភពចេញមកពីវាលក្រឡនៅភាគខាងជើងរបស់ឡាវ ដែលអាចជាកន្លែងកប់សពដ៏ធំមួយ ។
ប្រពៃណីយ៍តម្កល់សពក្នុងក្រឡនេះ
អាចកើតមានតាំងពីយូរណាស់មកហើយនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក ។
ជាសរុបមក
ការតំកល់សពនៅក្នុងកោដ្ឋអាចជាប្រពៃណីយ៍មួយដែលកើតមាននៅអាស៊ីអាគ្នេយ៍តាំងពីបុរាណ
ដែលអាចនិយាយបានថា
ប្រពៃណីយ៍នេះអាចមិនស៊ីគ្នាទៅនឹងប្រពៃណីយ៍ដែលអនុវត្តនៅសម័យអង្គរ
ឬមួយក៏មានការនិយមប្រើមឈូស ឬកោដ្ឋ ដែលមានរូបរាងលក្ខណៈមិនដូចគ្នា ។
ពាក្យមួយឃ្លា ដែលខ្មែរភាគច្រើននិយមនិយាយគឺពាក្យថា «ព្រះរាមចូលកោដ្ឋ
បញ្ឆោតនាងសីតា» ដែលនេះបង្ហាញអំពីប្រពៃណីយ៍ប្រើកោដ្ឋនៅប្រទេសកម្ពុជា
ដែលចាក់ឬសគល់យ៉ាងជ្រៅនៅសូម្បីតែនៅក្នុងអក្សរសិល្ប៍ខ្មែរ ។
EmoticonEmoticon