ការប្រើរបាំងមុខលើសាកសពនៅកម្ពុជា

ការប្រើរបាំងមុខលើសាកសពនៅកម្ពុជា
ការប្រើប្រាស់របាំងមុខនៅលើសាកសព ឃើញមាននៅក្នុងវប្បធម៌អេស៊ីបបូរាណ ដែលមានជាឧទាហរណ៍ដូចជាផ្នូរសពរបស់ទូតង់ខាម៉ុន ដែលរក្សាទុកបានល្អជាងគេ គឺមិនត្រូវបានចោរគាស់កកាយនោះទេ ។ នៅក្នុងផ្នូរនោះគេឃើញមានរបស់របរប្រើប្រាស់ជាច្រើន មានរហូតដល់រទេះសេះ ដែលកប់ទៅជាមួយសពព្រះរាជា ។ ក្នុងចំណោមសម្ភារៈទាំងនោះ ក៏មានក្បាំងមុខដែលគេពាក់នៅលើម៉ាំមី របស់ស្តេចទូតង់ខាម៉ុន ដែលជារបាំងមុខដ៏ប្រណីតមួយ ។
សម្រាប់មូលហេតុនៃការប្រើរបាំងមុខនេះ ប្រហែលជាដើម្បីបិទបាំងនូវមុខពិតរបស់សាកសព ដែលមានសភាពមិនគួរឲ្យចង់មើល ។
នៅក្នុងវប្បធម៌ក្រិកបុរាណសម័យមីសេនៀន នៅសតវត្សទី ១៦ មុនគ.ស តាមរយៈកំណាយបុរាណវិទ្យា គេក៏បានរកឃើញរបាំងមុខ នៅតាមផ្នូរបុរាណ ក្នុងនោះមានរបាំងមុខដ៏ល្អមួយ ដែលគេហៅថារបាំងមុខរបស់ Agamemnon ជាស្តេចនៃរដ្ឋបុរីក្រិកបុរាណ ដែលបានចូលរួមក្នុងសង្គ្រាមនៅទ្រ័រ តាមរយៈសាច់រឿងអ៊ីល្លីយ៉ាត និទានដោយហូម័រ ។ អ្វីដែលចម្លែកនោះគឺថា នៅក្នុងសាច់រឿងនិទានដោយហូម័រ គឺគេធ្វើពិធីបូជាសពរបស់ ហេកទ័រ (កូនស្តេចទ្រ័រ) និងអាឃីល(អ្នកប្រយុទ្ធដ៏ខ្លាំងម្នាក់របស់ពួកក្រិក ដែលចូលមកវាយក្រុងទ្រ័រ ដណ្តើមនាងអេឡែន) ជាដើម ដោយការដុត គឺមិនមែនដោយការកប់នោះទេ ។ ដូច្នេះមូលហេតុអ្វីក៏នៅក្នុងសម័យតែមួយ តែមានការបូជាសពដោយដុតផង និងដោយកប់ផង ?
សម្រាប់ខ្មែរយើង ខ្ញុំធ្លាប់ឃើញរូបមួយសន្លឹក ដែលគេដាក់ថាជាព្រះសព របស់ព្រះករុណាព្រះសុវណ្ណកោដ្ឋ គឺព្រះនរោត្តម ដែលសោយទីវង្គតនៅឆ្នាំ ១៩០៤ នៅលើមុខរបស់សាកសព មានពាក់របាំងមុខមួយ ដែលមើលទៅមានលក្ខណៈស្រដៀងគ្នាទៅនឹងរបាំងមុខសពរបស់ក្រិកបុរាណដែរ ។ ចម្ងល់គឺនៅត្រង់ថា តើខ្មែរអនុវត្តន៍ប្រពៃណីយ៍នេះតាំងតែពីពេលណាមក ? សំនួរនេះរាងពិបាកឆ្លើយបន្តិច សំនួរមួយទៀតគឺត្រង់ថា ខ្មែរយើងបូជាសពដោយការបូជាដោយភ្លើង មូលហេតុអ្វីចាំបាច់មានការពាក់របាំងមុខដែរ ? ឬក៏គេប្រើរបាំងមុខនោះតែក្នុងរយៈពេលខ្លីណាមួយ មុននឹងពិធីបូជាសពនឹងប្រព្រឹត្តទៅ ។
សម្រាប់ចម្លើយថាដូចម្តេចនោះក៏មិនថ្វីដែរ តែអ្វីដែលយើងឃើញគឺចំណងវប្បធម៌រួមរបស់លោកខាងលិច និងខាងកើត ដែលមានចំនុចជាប់ទាក់ទងគ្នានៅក្នុងពិធីបូជាសពដោយប្រើរបាំងមុខ ។


EmoticonEmoticon