រទេះសេះខ្មែរ និងរទេះសេះនៅក្នុងរឿងមហាភារតៈ

រទេះសេះខ្មែរ និងរទេះសេះនៅក្នុងរឿងមហាភារតៈ
ខណៈពេលដែលចម្លាក់ប្រវត្តិសាស្ត្រខ្មែរនៅសម័យអង្គរ បង្ហាញពីរូបមេទ័ព ឬព្រះរាជាប្រថាប់ ឬជិះលើដំរី ចម្លាក់មេទ័ពធំៗស្ទើរទាំងអស់នៅក្នុងរឿងមហាភារតៈ ដែលមានឆ្លាក់នៅលើចម្លាក់តាំងពីសម័យរចនាប័ទ្មបន្ទាយស្រី បាពួន (បាភួន) និងអង្គរវត្ត ជិះរទេះសេះធ្វើសង្គ្រាម ។ សំនួរសួរថា តើរទះសេះរបស់ខ្មែរ អាចយកមកជិះ ហើយឈរបាញ់ព្រួញដាក់គ្នាបានដែរឬទេ ?

ប្រសិនបើយើងមើលតាមចម្លាក់ប្រវត្តិសាស្ត្រ ខ្មែរយើងក៏មានប្រើះរទេះ ដូចជារទេះគោជាដើមសម្រាប់ដឹកសម្ភារៈ តែមិនមែនប្រើសម្រាប់ឲ្យមេទ័ពប្រើសម្រាប់ជាជំនិះតទល់ទៅក្នុងសង្គ្រាមនោះទេ ដោយឡែកប្លែកត្រង់ថានៅពេលខ្មែរឆ្លាក់សាច់រឿងមហាភារតៈ រទេះដែលខ្មែរប្រើ គឺជារទេះសាលី ឬរទេះគោ ដែលខ្មែរយើងនៅតែនិយមប្រើដល់សព្វថ្ងៃ ។ រូបរាងលក្ខណៈរបស់រទេះគោ ឬក៏ទឹមដោយសេះរបស់ខ្មែរ មើលទៅមានរូបរាងដែលមិនអាចឲ្យអ្នកប្រយុទ្ធប្រើសម្រាប់ទប់ជំហររបស់ខ្លួននោះទេ តែទោះជាយ៉ាងណា ក៏សិល្បៈករខ្មែរ ច្នៃប្រឌិតយករទេះសេះខ្មែរ ទៅធ្វើជាយានជំនិះរបស់មេទ័ពនៅក្នុងរឿងមហាភារតៈដដែល ។
នៅក្នុងសាច់រឿងមហាភារតៈ មេទ័ពស្ទើរទាំងអស់គឺជិះរទេះសេះធ្វើសង្គ្រាម ទ័ពដំរីក៏មានដែរ តែនៅក្នុងសាច់រឿង មេទ័ពភាគច្រើនគឺប្រើរទេះសេះ ជាពិសេសគឺមេទ័ពអរជុន ដែលមាននាយសារថី ជាព្រះក្រឹស្ណៈ ជាវិស្ណុអវតា ។ ដោយសារសាច់រឿងនេះ ជាសាច់រឿងរបស់ឥណ្ឌាបុរាណ មានមកជាង ២៣ ទៅ ២៤ សតវត្សទៅហើយ ប្រសិនបើចង់ដឹងថារទេះសេះដែលគេប្រើមានរូបរាងលក្ខណៈបែបណា មានតែយើងក្រឡេកទៅមើលវប្បធម៌ឥណ្ឌាបុរាណ ឬក៏វប្បធម៌បុរាណ នៃបណ្តាប្រទេសដែលមានប្រើរទេះធ្វើសង្គ្រាម នោះយើងនឹងឃើញលក្ខណៈរទេះសេះ ដែលគេប្រើសម្រាប់ធ្វើសង្គ្រាម នៅមានឆ្លាក់នៅតាមវាំងប្រាសាទនៃបណ្តាវប្បធម៌ទាំងអស់នោះ ។ កាលពីខែមុនខ្ញុំបានទៅសារមន្ទីនៅអង់ការ៉ា រដ្ឋធានីប្រទេសតួរគី ឃើញចម្លាក់រទេះសេះរបស់អរិយធម៌ហីតទី ឃើញថារទេះនោះមានអ្នកបរទេះ និងមានអ្នកបាញ់ព្រួញ រទេះនោះមានរបាំងខាងមុខ ដែលប្រហែលជាអាចឲ្យអ្នកបាញ់ព្រួញប្រើសម្រាប់ទប់ជំហររបស់ខ្លួនបាន ។ សូមជម្រាបដែរថា វប្បធម៌បុរាណរបស់ក្រិក ហីតទី ពែក្ស (អ៊ីរ៉ង់ និងអាស៊ីកណ្តាល) ឥណ្ឌា គឺមានលក្ខណៈរួមគ្នាច្រើន ទាំងនេះបង្ហាញថារទេះសេះដែលប្រើនៅសម័យបុរាណនៅបណ្តាអរិយធម៌ទាំងនេះ គួរតែមានលក្ខណៈស្រដៀងគ្នា ហើយសាកសមជារទេះដែលប្រើក្នុងសង្គ្រាមពិតប្រាកដមែន ។
ជាសរុប បើទោះជារទេះសេះខ្មែរមិនមានលក្ខណៈជារទេះចម្បាំង តែសិល្បៈករខ្មែរនៅតែរក្សាអត្ថរូបដើមនៃមហាកាព្យរឿងមហាភារតៈ ដោយរក្សាទុកការប្រើរទេះសេះបែបខ្មែរ បើទោះបីជាមេទ័ពខ្មែរនិយមប្រើដំរីជាងក៏ដោយ ។


EmoticonEmoticon