ប្រាសាទអង្គរមានប្លង់ប្រាសាទកណ្តាលប្រហាក់ប្រហែលគ្នាទៅនឹងប្រាសាទតាកែវ
ឬប្រាសាទប្រែរូបដែរ
តែមានលក្ខណៈពិសេសផ្សេងគឺត្រង់ថាប្រាសាទនេះមិនមែនមានជណ្តើរមកពីទិសធំទាំងបួនដូចប្រាសាទពីរខាងលើនោះទេ
តែមានជណ្តើររហូតដល់ទៅ ១២ ។
តាមការសិក្សាបានបង្ហាញថាគេសាងបែបនេះដើម្បីធ្វើជាឃឿនទប់ការពារគ្រោងសាងប្លង់កណ្តាលដែលមានលក្ខណៈតំណាងឲ្យភ្នំព្រះសុមេរុនោះ
។ ការសាងជណ្តើរចោតរហូតដល់ទៅ ១២ នេះ គឺមានចំនួន ៨ លើសពីប្រាសាទភិមានអាកាស
ប្រាសាទតាកែវ និងប្រាសាទប្រែរូបនេះ
មិនមែនជារឿងចៃដន្យនោះទេ តែជារឿងមួយដែលកើតឡើងនៅលើប្រាសាទបាពួន (បាភួន) ដែរ
ដោយនៅប្រាសាទបាពួន
មានសាងជណ្តើរថ្ម នៅតាមជ្រុងប្រាសាទ
ប្រហែលជាប្រើសម្រាប់ទប់កុំឲ្យគ្រោងសំណង់កណ្តាលរលំ
ព្រោះថាសំណង់រាងដូចជណ្តើរនោះ ពុំមានក្បាច់ក្បូរអ្វីនោះទេ
ប្រហែលជាត្រូវបានសាងឡើងសម្រាប់កែរស្ថានការណ៍បាក់រលំ ដែលកើតឡើងដោយចៃដន្យ
ហើយគំរូនេះត្រូវបានវិស្វករ ក៏ដូចជាស្ថាបត្យករសម័យអង្គរ
យកទៅប្រើសម្រាប់ការសាងប្រាសាទអង្គរវត្ត
ធ្វើឲ្យគេមានសមត្ថភាពសាងប្រាសាទកាន់តែខ្ពស់ រឹងមាំ និងមានលក្ខណៈពិសេសមួយ
ដែលមិនដូចទៅនឹងប្រាសាទនៅសម័យមុនៗ ។
នៅសម័យអង្គរប្រាកដជាមានសាលាបង្រៀនវិស្វកម្ម ឬស្ថាបត្យកម្មដោយប្រាកដណាស់
ទើបស្ថាបត្យករខ្មែរ បានផ្ទេរបទពិសោធន៍សំណង់ប្រាសាទពីមួយជំនាន់
ទៅមួយជំនាន់ទៀតបានយ៉ាងល្អ និងប្រកបដោយជំនាញ
វាជារឿងធម្មតាមួយដែលអារ្យធម៌មួយអាចរីកចម្រើនទៅបាន
គឺតែងតែមានការចូលរួមខានមិនបានរបស់ពួកជាងដែលមានជំនាញផ្សេងៗគ្នា ។
Subscribe to:
Post Comments (Atom)
EmoticonEmoticon