Chedey Thom Wat Phnom and Chedey Thom Wat Sithor
ចេតិយពញាយ៉ាតវត្តភ្នំ និងចេតិយពញាយ៉ាតវត្តស៊ីធរ
បើតាមសៀវភៅ Wat Phnom Guide to Art & Architecture របស់លោក Chan
Vitharong លោកបានលើកឡើងថា
តាមរយៈការសិក្សាបានបង្ហាញថាចេតិយព្រះបាទពញាយ៉ាតនៅវត្តភ្នំ
ប្រហែលជាអាចត្រូវបានសាងឡើងនៅសតវត្សទី ១៦ ឬទី ១៧ តែបើតាមសិលាចារឹក
ក៏ដូចជាឯកសារពង្សាវតារខ្មែរ
បានបង្ហាញថាចេតិយនេះត្រូវបានសាងឡើងដោយព្រះបាទនរាយណ៍រាជា
សម្រាប់តម្កល់ព្រះបរមសារីរិកធាតុ
ដែលប្រសិនបើចេតិយនោះសាងនៅសម័យស្តេចនរាយណ៍រាជា
ដែលត្រូវជាបុត្ររបស់ព្រះបាទពញាយ៉ាត
នោះបានន័យថាចេតិយនេះគួរត្រូវបានសាងឡើងនៅពាក់កណ្តាលសតវត្សទី ១៥
មិនមែនសតវត្សទី ១៦ ឬ ១៧ នោះទេ ។
បើតាមការសង្កេត
យើងឃើញថាចេតិយនៅសតវត្សទី ១៦ និង ១៧ ដែលជាចេតិយខ្សែរាជវង្ស
ដែលសាងនៅលើភ្នំព្រះរាជទ្រព្យ នៅក្បែរក្រុងឧដុង្គ ដូចជាចេតិយព្រះច័ន្ទរាជា
ដែលសាងឡើងនៅសម័យលង្វែក ចេតិយព្រះស្រីសុរិយោពណ៌ ដែលដាងដោយស្តេចជ័យជេដ្ឋាទី ២
រហូតដល់ចេតិយនៅសតវត្សទី ១៩ គឺចេតិយព្រះអង្គដួង ដែលសាងដោយស្តេចនរោត្តម
នៅលើភ្នំព្រះរាជទ្រព្យដែរ
គឺមានសណ្ឋានជាចេតិយដែលមានតួអង្គចេតិយជារាងបួនជ្រុងទ្រវែង
មិនមែនជារាងមូលដូចចេតិយវត្តភ្នំនោះទេ (សូម្បីតែចេតិយព្រះនរាយណ៍រាជា
ដែលសាងដោយព្រះស្រីរាជាជាព្រះអនុជនៅលើវត្តភ្នំ
គឺបានន័យថាសាងក្រោយចេតិយពញាយ៉ាតបន្តិច ក៏តួអង្គចេតិយមានរាងបួនជ្រុងដែរ
មិនមែនមានរាងមូលនោះទេ) ។ ហេតុនេះហើយចេតិយវត្តភ្នំ
គួរតែត្រូវបានសាងនៅក្នុងសម័យដាច់ដោយឡែកណាមួយ គឺមិនមែននៅក្នុងសតវត្សទី ១៦
ដល់ ១៩ នោះទេ ។ នៅដើមសតវត្សទី ១៨ យើងឃើញចេតិយជ័យនន្ទ
នៅខាងកើតប្រាង្គប្រាសាទអង្គវត្ត ដែលមានរាងមូលដែរ តែមានទំហំតូច
ហើយលក្ខណៈប្លែកគឺថា ចេតិយនោះសាងនៅលើបល្ល័ង្កមានរាងជា ៨ ជ្រុង
ហើយតួអង្គចេតិយដែលមានរាងមូលនោះ ក៏មានទំហំខ្លី
ប្រសិនបើធៀបសមាមាត្រជាមួយនឹងតួអង្គរបស់ចេតិយពញាយ៉ាតវត្តភ្នំ
យើងមិនអាចសន្និដ្ឋានថាចេតិយនេះសាងនៅក្នុងសម័យតែមួយនោះទេ ។
បើតាមសៀវភៅ Wat Phnom Guide to Art & Architecture ដដែល
បានបង្ហាញថាចេតិយវត្តភ្នំនេះ គឺមានលក្ខណៈដូចគ្នាទៅនឹងចេតិយនៅទួលបាសាន
ស្រុកស៊ីធរ ខេត្តកណ្តាល ដែលទីនោះគឺជាអតីតរាជធានីរបស់ព្រះបាទពញាយ៉ាត
មុននឹងប្តូរមកនៅក្រុងចតុមុខ ឬក្រុងភ្នំពេញ ។
លក្ខណៈរបស់ចេតិយទាំងពីរនេះពិតជាមានសណ្ឋានស្រដៀងគ្នាមែន
ជាងនេះទៅទៀតទីតាំងរបស់ចេតិយស្ថិតនៅពីខាងលិចចំអ័ក្សកណ្តាលរបស់ព្រះវិហាររបស់ចេតិយទាំងពីរ
កាន់តែបង្ហាញលក្ខណៈដូចគ្នារបស់ចេតិយទាំងពីរនេះ
ក្រៅពីនេះគន្លាក់ទ្រកំពូលធ្វើពីឈើ គឺត្រូវបានប្រើដូចគ្នានៅលើចេតិយទាំងពីរ ។
ចំណុចខុសគ្នារបស់ចេតិយទាំងពីរនេះ គឺចេតិយវត្តភ្នំមានទំហំធំជាង
សាងនៅលើបល្ល័ង្កបីជាន់ ខណៈចេតិយវត្តស៊ីធរត្រូវបានសាងនៅលើបល្លង្កតែមួយជាន់
ទោះយ៉ាងណាក៏បល្លង្ករបស់ចេតិយទាំងពីរមានសណ្ឋានស្រដៀងគ្នា
ចំណុចខុសគ្នាមួយទៀតគឺនៅលើចេតិយធំវត្តភ្នំមានក្បាច់ត្របកឈូកនៅលើតួអង្គ
ប៉ុន្តែចេតិយនៅវត្តស៊ីធរនោះគឺពុំមានទេ ។ ចាស់ទុំនៅវត្តស៊ីធរនោះ
ហៅចេតិយនោះថាចេតិយពញាយ៉ាតដែរ ។ ចេតិយនៅវត្តស៊ីធរនោះ សាងឡើងដោយមានខឿន
បល្ល័ង្ក និងផ្នែកខ្លះនៃតួអង្គចេតិយធ្វើពីថ្មបាយក្រៀម
ដោយមានលាយឥដ្ឋនៅផ្នែកខាងលើនៃតូអង្គ និងកំពូលចេតិយ
ដែលនេះជាចំណុចគួរឲ្យសិក្សាផងដែរ ខណៈសំណង់បុរាណ
ឬក៏ចេតិយបុរាណនៅក្នុងបរិវេណវត្តស៊ីធរ គឺសាងដោយឥដ្ឋសុទ្ធ
ដែលប្រហែលជាត្រូវបានសាងឡើងនៅសម័យក្រោយ
ក្នុងនោះក៏មានចេតិយមួយនៅពីខាងមុខវិហារ ដែលសាងដោយមានបន្លង្កប្រាំបីជ្រុង ។
បើយោងទៅលើភាពខុសគ្នារបស់ចេតិយពញាយ៉ាតនៅវត្តភ្នំ
ប្រៀបធៀបជាមួយចេតិយនៅសម័យសតវត្សទី ១៦ ដល់ ១៩
ហើយនឹងចំណុចដូចគ្នាទៅនឹងចេតិយធំនៅវត្តស៊ីធរ យើងអាចសន្និដ្ឋានថា
ចេតិយពញយ៉ាតនៅវត្តភ្នំ គួរតែសាងនៅសម័យដោយឡែកណាមួយ
ដែលគួរតែសាងនៅសម័យព្រះបាទពញាយ៉ាត និងព្រះបាទនរាយណ៍រាជានោះឯង ។
លក្ខណៈនៃចេតិយវត្តភ្នំនេះប្រហែលជាបានជះឥទ្ធិពលទៅលើការសាងចេតិយនៅដើមសម័យអាណានិគមបារាំងផងដែរ
ព្រោះយើងសង្កេតឃើញថា
នៅចុងសម័យឧដុង្គការសាងចេតិយភាគច្រើនគឺធ្វើជារាងបួនជ្រុងទ្រវែង
តែមកដល់ចេតិយស្តេចអង្គដួង ស្តេចនរោត្តម និងស្តេចស៊ីសុវត្ថិជាដើម
គឺមានរាងមូលទ្រវែង (រាងកណ្តឹង ឬជួង) ដែលមានលក្ខណៈដូចគ្នាទៅនឹងចេតិយវត្តភ្នំ
។ ទម្រង់ចេតិយរាងមូលនេះ ត្រូវបានគេនិយមសាងរហូតមកដល់សព្វថ្ងៃ
តែក៏មានចេតិយទម្រង់កំពូលប្រាសាទដែលជាចេតិយសម័យក្រោយត្រូវាបានគេនិយមសាងសង់ផងដែរ
ដែលចេតិយកំពូលប្រាសាទនេះ
គឺប្រហែលជាសាងយកគំរូព្រះសក្យមុនីចេតិយនៅមុខរាជាយស្ម័យយានកម្ពុជាដែលសាងឡើងនៅឆ្នាំ
១៩៥៥ សម្រាប់ពីធីបុណ្យពាក់កណ្តាលសាសនា ។
Subscribe to:
Post Comments (Atom)
EmoticonEmoticon