ព្រហ្មចារីគ្មានអ្វីសំខាន់ តាមរយៈអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ

ព្រហ្មចារីគ្មានអ្វីសំខាន់ តាមរយៈអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ
Virginity was not important in the Khmer literature and history
តាមរយៈរូបភាពនៃការអប់រំស្ត្រី ឲ្យស្រឡាញ់ភាពបរិសុទ្ធ ថែព្រហ្មចារីរបស់ខ្លួនរបស់ខ្មែរសម័យបច្ចុប្បន្ននេះ ធ្វើឲ្យយើងយល់ថារឿងភាពបរិសុទ្ធព្រហ្មចារីពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គមខ្មែរបច្ចុប្បន្ន ។ តើរឿងនេះពិតជាមានសារៈសំខាន់សម្រាប់សង្គមខ្មែរតាំងពីបុរាណដែរឬទេ ?



តាមឯកសារប្រវត្តិសាស្ត្រ យើងឃើញថាស្តេចជ័យវរ្ម័នទី ៦ ប្អូនពៅរបស់ព្រះអង្គ និងបងប្រុសរបស់ព្រះអង្គគឺស្តេចធរណិន្ទ្រវរ្ម័នទី ១ បានរៀបអភិសេកជាមួយនឹងព្រះនាង វិជយេន្ទ្រលក្ស្មី (តាមឯកសារប្រវត្តិសាស្ត្រខ្មែរ របស់លោកត្រឹងងា) ដែលយើងមិនដឹងទេថា ការរៀបមង្គលការនេះគ្រាន់តែដើម្បីបង្រ្គប់កិច្ច សម្រាប់ការឡើងសោយរាជ្យដោយស្របច្បាប់ ឬមួយក៏យ៉ាងណាទៅវិញ ។ ប្រសិនបើការយកប្រពន្ធបន្តពីស្តេចអង្គមុនគ្រាន់តែជារឿងស្របច្បាប់នោះប្រហែលជារឿងផ្សេង ប៉ុន្តែបើមិនមែនទេនោះ នោះយើងឃើញថា ព្រហ្មចារីយ៍ គឺពិតជាមិនមែនជារឿងសំខាន់នោះទេ នៅក្នុងសង្គមខ្មែរសម័យអង្គរ ។ ចំណុចមួយទៀត នៅចុងសម័យអង្គរ ប្រវត្តិសាស្ត្រខ្មែរបានកត់ត្រាថា ក្រោយសម្លាប់ស្តេចសៀមដែលសោយរាជ្យនៅអង្គរ ព្រះបាទពញាយ៉ាត បានយកអ្នកម្នាងស៊ីសាង៉ាម ដែលអាចជាស្នំរបស់ស្តេចសៀមនោះ (ប្អូនជីដូនមួយស្តេចសៀម) យកមកធ្វើជាស្នំរបស់ខ្លួន ហើយក៏មានបុត្រមួយអង្គគឺព្រះបាទធម្មរាជា ដែលក្រោយពីធ្វើសង្គ្រាមឈ្នះស្តេចស្រីរាជា និងក្មួយរបស់ខ្លួនគឺព្រះស្រីសុរិយោទ័យ ដោយមានជំនួយពីសៀម ព្រះបាទធម្មរាជា ដែលជាបុត្ររបស់អ្នកម្នាងស៊ីសាង៉ាមនោះ ក៏បានឡើងសោយរាជ្យនៅក្រុងចតុមុខ ។ ចំណុចនេះបង្ហាញថា សម្រាប់ស្នំ ឬអ្នកម្នាងរបស់ព្រះមហាក្សត្រនៅចុងសម័យអង្គរ រឿងព្រហ្មចារី ។ នៅក្នុងសម័យអង្គរនោះដែរ ជីវតាក្វាន់ក៏បានកត់ត្រាអំពីពិធីបើកព្រហ្មចារី ដែលធ្វើឡើងក្រោយកូនស្រីពេញវ័យ ប្រសិនបើពិធីនេះមានមែននោះ នោះកាន់តែបង្ហាញថា ព្រហ្មចារីកាន់តែមិនសំខាន់ទៅទៀត ។
ងាកមកមើលរឿងបែបប្រវត្តិសាស្ត្ររបស់ខ្មែរវិញម្តង គឺរឿងទុំទាវ នៅពេលដែលដឹងថាស្តេចលើកនាងទាវឲ្យមកទុំហើយ ម្តាយទាវនៅតែទៅបញ្ចុះបញ្ចូលឲ្យឧកញ៉ាអរជូន រៀបមង្គលការឲ្យម៉ឺនងួន ជាមួយនឹងនាងទាវទៀត ហើយក៏បានប្រើល្បិចកលបោកឲ្យនាងទាវត្រឡប់មកស្រុក ហើយក៏ចាប់បង្ខំការ ។ ក្នុងចំណុចនេះយើងមិនដឹងថាតើ ម៉ឺនងួន ឬក៏ឧកញ៉ាអរជូនដឹងដែរឬទេថានាងទាវ មានប្តីទៅហើយ គឺទុំ ដោយព្រះរាជាជាអ្នកផ្សំផ្គុំទៅទៀត ប្រសិនបើមិនដឹងនោះជារឿងផ្សេង ប៉ុន្តែបើដឹង នេះបង្ហាញថាដោយសាររូបសម្រស់ស្រស់ស្អាតរបស់នាងទាវ បានធ្វើឲ្យម៉ឺនងួន សុខចិត្តយកនាងធ្វើជាប្រពន្ធដោយមិនខ្វល់រឿងបរិសុទ្ធព្រហ្មចារីអ្វីទាំងអស់ ។ មានរឿងមួយទៀតនៅសម័យកណ្តាលនេះដែរ តែនៅក្នុងសម័យឧដុង្គ គឺព្រះសម័យស្តេចជ័ជេដ្ឋាទី ២ នៅក្នុងរឿងតេជោមាស តេជោយ៉ត យើងឃើញថាក្រោយពីតេជោមាស ដែលជាគ្រូស្លាប់ តេជោយ៉ាត បានព្យាយាមប្រើកលល្បិច ដើម្បីយកជំទាវស្រែន្យមកធ្វើជាប្រពន្ធ ។ ដំបូងជំទាវស្រែន្យថាមិនយកនោះទេ ដ៏រាបណានាងមិនបានឱនគោរពដល់បាតជើងរបស់នោះ ។ តេជោយ៉តបានឲ្យគេយកកាំជណ្តើរផ្ទះរបស់ខ្លួនទៅឆ្លាក់ធ្វើជាព្រះ ពេលដែលជំទាវស្រែន្យឱនថ្វាយបង្គំព្រះពុទ្ធរូបនេះ តេជោយ៉តក៏បានលើកយកពាក្យដែលជំទាវស្រែន្យធ្លាប់លើកឡើងនោះ ទើបធ្វើឲ្យជំទាវស្រែន្យព្រមយកតេជោយ៉តធ្វើជាប្តី ។ នៅក្នុងរឿងនេះផងដែរ យើងឃើញថាស្តេចសំរ៉ែ ដែលជាអ្នកបដិវត្តចេះមន្តអាគមន៍ បង្កើតចលាចលពេញស្រុកទេសនោះ ក៏ចាញ់បោកតេជោមាស ដោយប្រើជំទាវស្រែន្យធ្វើជានុយពង្វក់ឲ្យអស់មន្តអាគមន៍ ទោះបីជាដឹងថាជំទាវស្រែន្យមានប្តីហើយក៏ដោយក៏នៅតែចង់បានមកជាស្រីកំណាន់របស់ខ្លួន ។ ទាំងអស់នេះ សុទ្ធសឹងបង្ហាញថា ព្រហ្មចារីមិនមែនជារឿងសំខាន់នោះទេ ។
ងាកមកមើលអក្សរសិល្ប៍បែបឥណ្ឌាដែលខ្មែរយើងបានទទួលមកតាំងពីសម័យមុនអង្គរ ទាំងរឿងមហាភារតៈ និងរឿងរាមកេរ្តិ៍ នៅក្នុងរឿងមហាភារតៈ បងប្អូនត្រកូលបណ្ឌវៈទាំងប្រាំនាក់ គឺយុទ្ធិស្ថិរៈ ភីមៈ អ៌ជុន និកុល និងសហទេព បានយកនាងទ្រៅបទី ធ្វើជាមហេសីទាំងអស់គ្នា គ្រាន់តែប៉ុណ្ណេះមិនបាច់អធិប្បាយតទៅទៀតទេមែនដែរឬទេ? ហាហា អញ្ចឹងមិនបាច់និយាយរឿងព្រហ្មចារីនោះទេ តែក៏មានការបកស្រាយមួយចំនួនថានាងទ្រៅបទី នឹងត្រឡប់មកកាន់ភាពបរិសុទ្ធព្រហ្មចារីវិញ នៅរាល់ពេលដែលនាងប្តូរទៅស្នាក់នៅជាមួយស្វាមីម្នាក់ទៀត ដែលត្រូវផ្លាស់ប្តូរជារៀងរាល់ឆ្នាំ ។ នៅក្នុងរឿងរាមកេរ្តិ៍វិញ បើទោះបីជាមិនមាននៅក្នុងរឿងរាមកេរ្តិ៍របស់ពុទ្ធសាសនបណ្ឌិត្យ ខ្សែ ១ ទៅ ១០ និង ៧៥ ទៅ ៨០ ក៏ដោយ ក៏តាមរយៈការនិទានរឿងរាមកេរ្តិ៍របស់ខ្មែរដោយតាចក់ តាគ្រុឌ យើងឃើញថានៅពេលដែលក្រុងរាពណ៍បាននាងមន្ទោគិរីពីព្រះឥសូរមក ហើយហោះកាត់នគរខាស់ខិនបុរី ពាលីដែលជាបងរបស់សុគ្រីព បានដណ្តើមយកនាងមន្ទោគិរីយកមកធ្វើជាមហេសី រហូតបានបុត្រមួយ គឺអង្គទ អង្គទមិនទាន់ទាំងកើតផង ក្រុងរាពណ៍ព្យាយាមឲ្យរាជគ្រូរបស់ខ្លួនមកបញ្ចុះបញ្ចូលសូមយកនាងមន្ទោគិរី ពីពាលីវិញ ទើបគ្រូរបស់ក្រុងរាពណ៍បានដកអង្គទពីពោះនាងមន្ទោគិរីទាំងមិនគ្រប់ខែ យកទៅផ្ញើរក្នុងពោះពពែ ធ្វើឲ្យដាច់កន្ទុយរបស់អង្គទមួយកំណាត់ (អញ្ចឹងហើយបានឆ្នាំមមែ ហើយទើបឆ្នាំវក ហាហា និយាយលេងទេ) ។ ក្រោយពីបាននាងមន្ទោគិរីមកធ្វើជាមហេសី ក្រុងរាពណ៍ក៏មានបុត្រជាមួយព្រះនាង ដូចជាឥន្ទ្រជិតជាដើម ចំណុចនេះបង្ហាញថាព្រហ្មចារីមិនមានន័យសំខាន់ណាស់ណានោះទេ ។ ហើយការលួចយកនាងសីតា បម្រុងនឹងលួងលោមធ្វើជាប្រពន្ធនោះ ក៏បង្ហាញដែរថា ក្រុងរាពណ៍មិនខ្វល់រឿងប្រពន្ធគេនោះទេ ។
ចេញពីរឿងព្រហ្មញ្ញសាសនា មកមើលរឿងព្រះពុទ្ធសាសនាវិញម្តង ដោយសារសាច់រឿងវែងពេកទៅហើយ អញ្ចឹងសូមលើកយកតែរឿងព្រះវេស្សន្តរមួយមកនិយាយបានហើយ យើងឃើញថាទានមួយដែលព្រះវេស្សន្តរបានបំពេញ គឺការឲ្យទានជាមហេសីរបស់ខ្លួន គឺនាងមេទ្រី ទៅឲ្យព្រាហ្មម្នាក់ដែលជាព្រះឥន្ទ្រកាលាខ្លួន នៅក្នុងរឿងនោះក៏និយាយដែរថា ព្រះឥន្ទ្របានយកដើមនារីផលទៅដាំនៅក្បែរភ្នំគិរីវង្គត់ ដើម្បីឲ្យពួកអ្នកបួស ឬពួកព្រានព្រៃ យកផ្លែនារីផលនោះទៅសេពជាកាមគុណ ជៀសវាងកុំឲ្យទៅចាប់យក ឬទៅសូមនាងមេទ្រីមហេសីរបស់ព្រះវេស្សន្តរ ចំណុចនេះក៏បង្ហាញដែរថា សូម្បីតែសង្គមព្រះពុទ្ធសាសនាក៏រឿងព្រហ្មចារីមិនចោទជាបញ្ហាសំខាន់អ្វីដែរ ។
ជាសរុបយើងឃើញថាទាំងក្នុងប្រវត្តិសាស្ត្រក៏ដូចជា ក្នុងអក្សរសិល្ប៍ខ្មែរ ព្រហ្មចារីមិនមែនជារឿងដែលសំខាន់ណាស់ណានោះទេ ហេតុដូច្នេះគួរយើងកុំសូវខ្វល់រឿងនេះពេក កុំរង់ចាំទាល់តែស្នេហាពិតបានរៀបការនោះ រៀបការបណ្តើរៗទៅ បើមិនត្រូវគ្នាទេ លែងលះ ហើយរកអ្នកថ្មីទៀតទៅ


EmoticonEmoticon