ការប្រើសេះនៅអង្គរបុរី
តើជនជាតិខ្មែរចេះជិះសេះពីសម័យណាមក ? តើយើងអាចចាត់ទុកថា សត្វនេះជាសត្វមួយមានដើមកំណើតនៅលើអតីតទឹកដីខ្មែរផ្ទាល់ ហើយបានតពូជពង្សមករហូតដល់សព្វថ្ងៃក្នុងតំបន់នានាបានដែរឬទេ ? នេះជាបញ្ហាអាថ៌កំបាំងមួយដែលគេមិនទាន់ដឹងច្បាស់ទាំងស្រុងនៅឡើយ ។ ក៏ប៉ុន្តែ សំនួរខាងលើនេះទើបនឹងត្រូវបានបំភ្លឺខ្លះៗក្រោយពីពេលដែលយើងបានរកឃើញនូវចម្លាក់ក្បាលសេះមួយមានបង្ហៀរជាប់នឹងច្រមុះ ។
រូបចម្លាក់សំរិទ្ធមួយតំណាងក្បាលសេះ ដាក់លក់នៅផ្សារទួលទំពូង ដែលយើងបានទិញក្នុងពេលកន្លងមកនេះ ដែលមានប្រភពចេញពីអង្គរបុរី មានសារៈសំខាន់ណាស់សម្រាប់ស្វែងយល់អំពីលក្ខណៈវប្បធម៌បុរាណខ្មែរ ។ ចំណុចសំខាន់ជាវិជ្ជមានគឺ ការបញ្ជាក់ថា ជនជាតិខ្មែរនាដើមសម័យប្រវត្តិសាស្ត្រ បានចេះប្រើប្រាស់សេះជាយានជំនិះ ឬក៏សម្រាប់ធ្វើសឹកសង្គ្រាមរួចទៅហើយ ។ នេះជាលទ្ធផលនៃការវិភាគសិក្សារបស់យើង ។
បញ្ហាមួយទៀត ដែលយើងខិតខំស្វែងរកចម្លើយគឺថា តើក្នុងអតីតទឹកដីបុរាណខ្មែរ (នគរភ្នំ ឬហ្វូណន) មានសេះព្រៃដែរឬទេ ? សំណួរខាងលើនេះប្រសិនបើសង្កេតមើលទៅវាហាក់ដូចជារឿងពិបាកឆ្លើយនៅឡើយ ដែលយើងគិតថាគួរតែត្រូវធ្វើការស្រាវជ្រាវស៊ីជម្រៅតទៅទៀត ។
ម្យ៉ាងវិញទៀត យើងពុំធ្លាប់ឃើញមានការប្រើសេះក្នុងស្ថានីយបុរេប្រវត្តិសាស្ត្រឡើយ ដូច្នេះទាមទារឲ្យយើងត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតថា តើខ្មែរយើងចេះផ្សាំងសត្វសេះហើយឬនៅនាសម័យនោះ ?
បើតាមការពិនិត្យ យើងរកឃើញថា សេះជាប្រភេទសត្វមួយកម្រមានក្នុងទឹកដីខ្មែរបច្ចុប្បន្ន លើកលែងតែទីប្រជុំជនខ្លះ ។វាអាចនឹងមកពីប្រទេសចិន ដែលនាសម័យអតីតកាលមានព្រំប្រទល់ដែនជាប់នឹងទឹកដីខ្មែរ ។ ជាធម្មតាគេពុំដែលឃើញសេះព្រៃនៅកម្ពុជានោះទេ ក៏ប៉ុន្តែវាមានយ៉ាងច្រើននៅតំបន់យូណាន់ ក្នុងភូមិភាគខាងត្បូងនៃប្រទេសចិន ។ យើងដឹងថា ជនជាតិចិនថែមទាំងចេះប្រើសេះក្នុងសង្គមជាតិរបស់ខ្លួនរាប់ពាន់ឆ្នាំមុន គ.ស ។
ប្រភពឯកសារបានឲ្យដឹងទៀតថា សត្វនេះដែលគេជួបប្រទះឃើញជនជាតិចិនប្រើជាលើកដំបូងយ៉ាងហោចណាស់ក៏ ១៥០០ឆ្នាំមុនគ្រឹស្តសករាជ ក្នុងទឹកដីរបស់ខ្លួន។
សូមជម្រាបថា រូបសេះខាងលើរបស់យើងមានបង្ហៀរ ។ប្រការនេះជាភ័ស្តុតាងបង្ហាញថា ទឹកដីអង្គរបុរីគឺជាទឹកដីដើមនៃការប្រើប្រាស់សត្វនេះក្នុងការធ្វើសឹកសង្គ្រាម ឬដឹកជញ្ជូន ។
ជារួមយើងគួររំលឹកផងដែរថា លទ្ធផលនៃការប្រើប្រាស់សេះក្នុងការធ្វើចម្បាំងក៏ដូចជាការផ្គត់ផ្គង់សម្ភារៈ ភ័ស្តុភារ ឬការដឹកជញ្ជូនក្នុងសម័យអង្គរ បានធ្វើឲ្យជនជាតិខ្មែរឈានទៅរកការបដិវត្តន៍សង្គមមួយបានយ៉ាងល្អប្រសើរ ជាពិសេសក្នុងការការពារបូរណភាពទឹកដី និងការអភិវឌ្ឍន៍ប្រទេសជាតិ ។ ទោះជាឆ្លងកាត់ការវិវត្តន៍សង្គមរហូតដល់ឈប់ត្រូវប្រើប្រាស់ក្នុងកងទ័ពក៏ដោយក៏សេះនៅបន្សល់ទុកនូវអ្វីដែលជាស្លាកស្នាមវប្បធម៌អមតៈនៅលើប្រាសាទសិលា ជាពិសេសខ្មែរនៅចងចាំថា បុព្វការីជនរបស់ខ្លួននៅក្នុងអតីតកាលមិនយូរប៉ុន្មានមានកងទ័ពសេះ និងដំរីយ៉ាងចំណាន និងអង់អាចក្លាហានបំផុតសម្រាប់ការពារអធិបតេយ្យភាពជាតិ ៕
ត្រាណេ
EmoticonEmoticon