ចម្លាក់បាយ័ន ៖ វត្តមានទ័ពចិនក្នុងជួរទ័ពខ្មែរនៃជ័យជម្នះ​លើ​កង​ទ័ព​ចាម

ចម្លាក់បាយ័ន ៖ វត្តមានទ័ពចិនក្នុងជួរទ័ពខ្មែរនៃជ័យជម្នះ​លើ​កង​ទ័ព​ចាម

នៅលើចម្លាក់នៃប្រាសាទបាយ័ន ត្រង់ថែវខាងក្រៅ នាទិសខាងកើត មានទិដ្ឋភាពដ៏ធំពីរផ្ទាំងជាប់គ្នា ដែលរៀបរាប់អំពី​ជ័យជម្នះ​ដ៏អស្ចារ្យ​នៃ​កងទ័ពខ្មែរ លើកងទ័ពចាម ដែលបានឈ្លានពានចូលគ្រប់គ្រង​នគរ​ខ្មែរតាំងពីឆ្នាំ១១៧៧មក។




 

 

 

ទិដ្ឋភាពនេះ មិនថាទេសចរខ្មែរ ឬបរទេសនោះទេគឺ​បានដឹងបាន​ឮជា​ទូទៅ ព្រោះនេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមុនការចាប់ផ្តើមឡើង​គ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាក្សត្ស​ខ្មែរ​ដ៏​ល្បី​ល្បាញទាំងគុណធម៌ និងស្នាព្រះហស្ថបន្សល់ទុករហូតដល់សព្វថ្ងៃ។
បើមើលឲ្យលម្អិតលើសពីធម្មតាបន្តិច យើងនឹងឃើញកងទ័ព និង​មេ​ទ័ព​មួយចំនួន មានឯកសណ្ឋានខុសពីកងទ័ពខ្មែរ បម្រើ​ការនៅ​ខាង​ទ័ព​ខ្មែរ ។
  
  

 

កងទ័ពនោះ គឺជាកងទ័ពចិនដែលមកជួយច្បាំងខ្មែរ ក្នុង​ចម្បាំងនឹងនគរចាម។ ហេតុអ្វីមានវត្តមានទ័ពចិនមកជួយខ្មែរនៅ​ពេល​នោះ?
អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិវស្រាវជ្រាវ និង​តម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បាន​ពន្យល់​ថា នាសតវត្សទី១២ រាជវង្សសុងដែលគ្រប់គ្រងនគរ​ចិនត្រូវ​ដួល​​រលំដោយកងទ័ពសេះរបស់ម៉ុងហ្គោលី។ កងទ័ពចិនដែល​នៅ​តំបន់​ឆ្ងាយៗបានបែកខ្ញែកគ្នា រត់គេចពីចម្បាំងចាញ់។ ទ័ពខ្លះ​ក៏ចេញ​ដើរ​ច្បាំងដើម្បីបន្តជីវភាពរស់នៅបន្តទៀត។ ទេសកាល​នេះហើយ​ដែល​នាំឲ្យមានជាទ័ពស៊ីឈ្នួលនៅតាមប្រទេសខ្លះ មាននៅ​ប្រទេស​​ខ្មែរជាដើម។ ក្រុមកងទ័ពស៊ីឈ្នួលចិនមួយក្រុម​បានធ្វើចម្បាំង​ជួយ​ខ្មែរ​​ត​ទល់​នឹងទ័ពចាមផងដែរ។
 

  

 
អ្នកស្រាវជ្រាវរូបនេះ ក៏បានបញ្ជាក់អំពីការឆ្លងគ្នានៃទំនៀម​ជិះសេះ​ធ្វើ​សង្គ្រាមរបស់ព្រះមហាក្សត្រខ្មែរ ដែលមានក្នុងចម្លាក់នេះ។ លោក​បញ្ជាក់ថា មុនវត្តមានកងទ័ពចិនចូលមក ព្រះមហាក្សត្រ​ពុំដែល​គង់​ប្រថាប់លើខ្នងសេះក្នុងការចេញច្បាំងនោះទេ គឺគង់ប្រថាប់​តែលើ​ខ្នង​ដំរីប៉ុណ្ណោះ។ ដូចគ្នាដែរ មេទ័ពចិនមួយចំនួនក៏រៀន​ជិះដំរី​ធ្វើសង្គ្រាម​តាម​ខ្មែរដែរ ព្រោះនៅប្រទេសចិន ពុំមានដំរីចម្បាំងសម្រាប់​ជិះ​ធ្វើ​សង្គ្រាម​ទេ។
-------------------
អាជ្ញាធរជាតិអប្សរា


EmoticonEmoticon