ពាលី ប្រយុទ្ធនឹង ទូភី
ពាលី ត្រូវជាបងរបស់សុគ្រីព ចំណែកឯទូភី 
ត្រូវជាកូនរបស់មហឹង្សារាជ បើតាមរឿងរាមកេរ្តិ៍និទានដោយតាចក មហឹង្សារាជ 
គឺជាកូនរបស់ព្រះឥសូរ គឺនៅពេលដែលព្រះឥសូរគេចមុខពីអាគាំងមារសូរ 
ដែលមានម្រាមចង្អុលពេជ្រ អាចចង្អុលនរណាក៏បានឲ្យខ្ទាតចេញពីចក្រវាឡនោះ 
ព្រះឥសូរក៏បានកាឡាខ្លួនជាសត្វក្របីចូលទៅក្នុងហ្វូងក្របីមួយ 
ហើយបានដោយញីឈ្មោលជាមួយនឹងក្របីញីមួយ បានកូនក្របីឈ្មោលឈ្មោះថាមហឹង្សារាជ។
មហឹង្សារាជពេលធំពេញវ័យឡើងបានជល់សម្លាប់ក្របីឈ្មោលក្នុងហ្វូងចោលទាំងអស់ ហើយប្រសិនបើមេក្របីញីណាកើតកូនមកជាកូនឈ្មោល
 នោះមហឹង្សារាជនឹងសម្លាប់កូននោះចោល ពេលនោះមានមេក្របីមួយ 
ដោយដឹងពីអការៈទម្ងន់របស់ខ្លួន ថានឹងកើតបានកូនក្របីឈ្មោល 
វាក៏រត់ចេញពីហ្វូងទៅរស់នៅដាច់សង្វែងតែឯង 
ហើយក៏កើតបានកូនក្របីឈ្មោលមួយឈ្មោះថា ទូភី 
ម្តាយរបស់ទូភីក៏បាននិយាយប្រាប់កូនពីរឿងទាំងនោះ 
ទូភីចង់ទៅសងសឹកសម្លាប់មហឹង្សារាជ តែម្តាយឃាត់ ថាចាំធំពេញកម្លាំងចាំទៅ 
ម្តាយទូភី បង្វឹកទូភីឲ្យស៊ីស្មៅមួយថ្ងៃ ៧វាល ផឹកទឹកមួយថ្ងៃ ៧ត្រពាំង ។ 
ទូភីតែងតែយកជើងវាទៅធៀបនឹងដានជើងមួយរបស់ឪវា 
ដែលបន្សល់ទុកនៅក្នុងមាត់ល្អាងដែលវារស់នៅ 
វារង់ចាំទាល់តែពេលណាដែលវាមានជើងទំហំប៉ុនឪរបស់វា 
វានឹងចេញទៅជល់គ្នានឹងឪវាតែម្តង នៅក្នុងភាសាខ្មែរ ក៏មានពាក្យមួយនិយាយថា 
«កូនមានបាតដៃបាតជើងធំប៉ុនឪពុកម្តាយហើយ និយាយអ្វីក៏វាមិនស្តាប់ដែរ» 
ដែលពាក្យនេះ ប្រហែលមានប្រភពពីរឿងទូភីនេះឯង ។ 
ទូភីបានទៅជល់ឈ្នះសម្លាប់មហឹង្សារាជជាឪពុក វាបានចិត្ត 
ដើរទៅរករឿងអ្នកដទៃៗទៀតមិនឈប់ រហូតដល់ទៅជល់ជាមួយភ្នំហេមពាន្ត ភ្នំហេមពាន្ត 
ក៏បានណែនាំឲ្យវាទៅប្រយុទ្ធនឹងពាលី ជាស្តេចនគរខាស់ខិនបុរី 
ដែលវាត្រូវបានពាលីសម្លាប់នៅក្នុងល្អាងភ្នំមួយ។

EmoticonEmoticon