អវតារព្រះវិស្ណុ

អវតារព្រះវិស្ណុ
អាទិទេពធំទាំងបីរបស់ព្រហ្មញ្ញសាសនា មានព្រះឥសូរ ព្រះវិស្ណុ និងព្រះព្រហ្ម ដោយព្រះព្រហ្មមានតួនាទីបង្កើតពិភពលោក និងប្រដៅបង្រៀនមនុស្សលោក ចំណែកព្រះឥសូរ ឬព្រះសិវៈមានតួនាទីបំផ្លាញ ឬរំលាយពិភពលោកទៅវិញ នៅពេលដែលជីវិតនៅលើលោកមិនប្រព្រឹត្តទៅតាមគន្លងធម៌ ដោយឡែកព្រះវិស្ណុ មានតួនាទីមើលថែពិភពលោក និងសង្គ្រោះពិភពលោកពីហេតុភេទមិនគួរគប្បីទាំងឡាយ ។
ដោយសារតួនាទីជាអ្នកមើលថែពិភពលោកនេះហើយ នៅពេលដែលភពផែនដីមានរឿងហេតុអ្វីកើតឡើង ព្រះវិស្ណុ ក៏បំណែងភាគជាអវតារ មកចាប់បដិសន្ធិលើភពផែនដី ដើម្បីបញ្ជៀសនូវគ្រោះមហន្តរាយទាំងឡាយ សរុបទៅមានចំនួន ៩លើកមកហើយ ហើយព្រះអង្គនឹងមកបែងភាគជាអវតារពាជីមុខ ឬកល្កិន ដើម្បីមកសង្គ្រោះពិភពលោកម្តងទៀតដែលជាលើកចុងក្រោយ នៅចុងសម័យកលីយុគ គឺយុគសម័យដែលយើងរស់នៅនេះ (តាមកាលប្បវត្តិក្នុងព្រហ្មញ្ញសាសនា គេចែកយុគជាបួន ដែលយើងសព្វថ្ងៃស្ថិតនៅយុគទី ៤ ចុងក្រោយគេ) ។
ពាក្យថាអវតារនេះ មិនដូចជាពាក្យជាតកនៅក្នុងព្រះពុទ្ធសាសនានោះទេ អវតារ គឺគ្រាន់តែជាការបែងភាគតែប៉ុណ្ណោះ ឧទាហរណ៍ដូចជាព្រះវិស្ណុដកយកសសៃសក់ពីរសសៃទៅដាក់នៅក្នុងឧទ្ទររបស់ព្រះនាងទេវាកី សសៃសក់ពណ៌សកើតទៅជាព្រះពលរាម ឬពលទេព ដែលមានសំបុរស និងសសៃសក់ពណ៌ខ្មៅកើតទៅជាព្រះក្រឹស្ណៈ ដែលមានសំបុរខ្មៅ តាមឧទាហរណ៍នេះយើងឃើញថា អវតារ គឺគ្រាន់តែជាភាគមួយរបស់ព្រះវិស្ណុតែប៉ុណ្ណោះ មិនមែនជាតួពិតប្រាករបស់ព្រះវិស្ណុចុះមកចាប់បដិសន្ធិនោះទេ ។
ការចាប់ផ្តើមគិតគូររៀបចំឲ្យមានជាវិស្ណុអវតារ មានចាប់តាំងពីសតវត្សទី ៦ ហើយចំនួនអវតារព្រះវិស្ណុ ត្រូវបានកំណត់ឲ្យមានចំនួនតែដប់គត នៅសតវត្សទី ១០ ប្រសិនបើសង្កេតទៅយើងអាចយកមកប្រៀបធៀបជាមួយនឹងចរន្តឥទ្ធិពលនៃវប្បធម៌ឥណ្ឌាហូរចូលមកស្រុកខ្មែរចុងក្រោយ គឺនៅពាក់កណ្តាលសតវត្សទី ៦ បានន័យថាមុនសម័យដែលមានការកំណត់ចំនួនអវតារទាំង ១០ ឬក៏ទសាវតារ ដូច្នេះខ្មែរប្រហែលជាមិនបានចាត់ទុកអវតារមួយចំនួន ថាជាផ្នែកមួយនៃព្រះវិស្ណុនោះទេ តែអាចត្រឹមចាត់ទុកជាអាទិទេព ឬអ្នកមានបុណ្យណាម្នាក់ ដែលបានមកសង្គ្រោះភពផែនដីតែប៉ុណ្ណោះ ឬប្រសិនបើខ្មែរទទួលឥទ្ធិពលឥណ្ឌាបន្តតាមរយៈចាមជ្វា ឬក៏ផ្ទាល់ផ្សេងទៀតនៅសម័យអង្គរ នោះក៏អាចឲ្យខ្មែរបានយល់ដឹងខ្លះៗអំពីវិស្ណុអវតារនេះ ។ ប្រសិនបើយើងក្រលេកមើលលើសិល្បៈខ្មែរតាំងពីសម័យមុនអង្គរ រហូតមកដល់សម័យអង្គរ យើងមិនទាន់រកឃើញមានសិល្បៈណាបង្ហាញនូវរូបអវតារ មត្សយៈ ឬមត្ស្យ ដែលជាអវតារទី ១ និងអវតារ វរហៈ ដែលជាអវតារទី ៣ របស់ព្រះវិស្ណុនោះទេ អាចនិយាយបានថាមកពីរឿងនៃអវតារទាំងពីរនេះមិនសូវមានប្រជាប្រិយភាពនៅក្នុងប្រទេសខ្មែរ ឬមួយក៏ខ្មែរមិនបានទទួលនូវក៏រៀបចំឲ្យមានជាអវតារបែបឥណ្ឌានៅឡើយ ។ ចំណុចដែលថាខ្មែរមិនបានជ្រួតជ្រាបអំពីលិទ្ធិអវតារនិយមក៏អាចថាបាន គឺតាមរយៈជម្លោះសាសនានៅសតវត្សទី ១៣ រវាងក្រុមអ្នកកាន់ព្រហ្មញ្ញសាសនា (សិវៈនិកាយ?) ដែលបានទៅកោសរូស និងបំផ្លាញសិល្បៈព្រះពុទ្ធសាសានាមហាយាន ដែលសាងឡើងនៅក្នុងរាជស្តេចជ័យវរ្ម័នទី ៧ នេះបង្ហាញឲ្យឃើញថា អ្នកកាន់ព្រហ្មញ្ញសាសនានៅសម័យនោះ មិនបានគិតថាព្រះពុទ្ធគឺជាអវតារទី ៩ របស់ព្រះវិស្ណុនៅឡើយទេ ។
នៅក្នុងសិល្បៈខ្មែរចាប់តាំងពីទទួលឥទ្ធិពលឥណ្ឌា រហូតមកដល់សម័យអង្គរ យើងឃើញថាចម្លាក់អវតារព្រះវិស្ណុដែលមានភាពល្បីល្បាញយកមកឆ្លាក់លម្អ ឬគោរពបូជាញឹកញាប់ជាងគេនោះ គឺព្រះក្រឹស្ណៈ បន្ទាប់មកគឺព្រះរាម ហើយជាបន្តបន្ទាប់មកទៀតគឺ វាមនៈ និងកុម៌ សម្រាប់រូបនរសិង្ហ បរសុរាម និងពាជីមុខ ពុំសូវមានប៉ុន្មាននោះទេ ដោយឡែករូប មត្សយៈ និងវរហៈ គឺមិនទាន់ឃើញមាននៅឡើយនោះទេ សម្រាប់ព្រះពុទ្ធ យើងសូមមិនរាប់បញ្ចូលនោះទេ ព្រោះភាគច្រើនយល់ថា ជាសាសនាពីរផ្សេងដាច់ពីគ្នា ។
១. មត្សយៈ Matsya៖ ជាត្រី ដែលបានមកប្រាប់ស្តេច មនុ ឲ្យសង់សំពៅធំមួយ សម្រាប់សង្គ្រោះជីវិតមនុស្សសត្វ ព្រោះថាយក្សឈ្មោះ ហយគ្រីវៈ នឹងធ្វើឲ្យមានទឹកជំនន់ដ៏ធំមួយ ត្រីមត្សយៈ បានហែលទូលសំពៅរបស់ស្តេចមនុ ឲ្យរួចចេញអំពីគ្រោះមហន្តរាយដ៏ធំនោះបាន ហើយថែមទាំងបានដណ្តើមយកមកវិញ នូវគម្ពីរវេដ ដែលយក្សនោះ បានដណ្តើមយកពីព្រះព្រហ្មត្រឡប់មកវិញផង ។ ប្រសិនបើស្តាប់រឿងសង់សំពៅនេះទៅ គឺប្រហាក់ប្រហែលគ្នាទៅនឹងរឿង ណូអា សង់សំពៅ នៅក្នុងគម្ពីរប៊ីប ហើយយកសត្វញីឈ្មោល មួយគូៗ ឡើងទៅលើនោះ ដើម្បីបញ្ជៀសពួកសត្វទាំងនោះអំពីគ្រោះទឹកជំនន់ ដែលបង្កើតឡើងដោយព្រះ ។
២ កុម៌ Kurma៖ ជាអណ្តើក ជួយធ្វើកំណល់ភ្នំមន្ទរៈកុំឲ្យរលំ ដើម្បីឲ្យពពួកទេវៈ និងអសុរៈ បន្តបង្វិលភ្នំ ដោយចាប់យកនាគវាសុកី មកធ្វើជាខ្សែកូ សម្រាប់ឲ្យចេញទឹកអម្រឹត ផឹកទៅឲ្យបានជីវិតអមតៈ ។ ឈុតកូរសមុទ្ទទឹកដោះនេះ មានប្រជាប្រិយភាពណាស់នៅក្នុងសិល្បៈខ្មែរ រហូតគេច្នៃចេញទៅជាផ្តែរ ហោជាង និងជាពិសេសគឺចម្លាក់យ៉ាងវែង និងប្រណីតនៅថែវខាងលិចនៃប្រាសាទអង្គរវត្ត នៅប្រាសាទបាយ័នក៏មានចម្លាក់កូរសមុទ្ទទឹកដោះនេះដែរ តែត្រូវរលំបាក់ស្ទើរអស់ នៅសម័យបាយ័ន គេក៏បានច្នៃរូបទេវៈ និងអសុរៈនេះ យកមកធ្វើជារូបអមច្រកចូលរាជធានីអង្គរធំ និងប្រាសាទបន្ទាយឆ្មាផងដែរ ។
៣. វរហៈ Varaha៖ ជាជ្រូកព្រៃ បានបំផ្លាញ ហិរណយក្សដែលបានបោះពិភពលោកចូលទៅក្នុងសមុទ្ទ ដោយវរហៈបានទៅស្រង់ភពផែនដីយកមកទុកនៅកន្លែងដើមវិញ ។
៤. នរៈសិង្ហ Narasinha៖ ជាអវតារព្រះវិស្ណុដែលបានបែងភាគជាមនុស្សក្បាលសិង្ហ ដោយបានកើតមកដើម្បីសម្លាប់យក្សឈ្មោះហិរញកាសិបុ ដែលវាបានទៅរករឿងធ្វើបាបពពួកទេវៈ ហើយវាធ្លាប់បានពរមួយមកថា មិនមានមនុស្សឬសត្វណា អាចសម្លាប់វាបាននោះទេ ហេតុនេះហើយទើបអវតាររបស់ព្រះវិស្ណុយាងមកចាប់បដិសន្ធិជាពាក់កណ្តាលមនុស្ស ពាក់កណ្តាលសត្វ ដើម្បីកម្ចាត់វា ។
៥. វាមនៈ ឬព្រះនរាយណ៍ត្រីវិក្រម Vamna៖ ជាព្រាហ្មតឿម្នាក់ ដែលបានចូលមកសូមដី ៣ ជំហ៊ានពីមហាពាលី ។ មហាពាលីបានទទួលពរតាមរយៈការធ្វើតបៈ ជាហេតុធ្វើឲ្យវាអាចវាយដណ្តើមយកស្ថានទេវលោករបស់ព្រះឥន្ទ្រយកមកគ្រប់គ្រង ហើយក៏ដណ្តើមយកភពផែនដីទាំងមូលយកមកគ្រប់គ្រងផងដែរ ក្រោយមកមហាពាលី បានធ្វើពិធីបូជាយញ្ញមួយ ដោយមានព្រាហ្មវាមនៈបានចូលរួមផងដែរ ក្រោយយញ្ញពិធី មហាពាលីបានប្រកាសថា វានឹងផ្តល់ដល់គ្រប់ព្រាហ្មទាំងអស់ដែលបានមកចូលរួមនៅក្នុងពីធីនេះ នូវរាល់សំណើរទាំងអស់របស់ពពួកព្រាហ្ម (គឺជូនតាមសំណើរ ដូចសម្តីនរណាគេអញ្ចេះ?) នៅពេលនោះព្រាហ្មតឿ វាមនៈក៏បានចូលមកសូមពរ ។ ព្រះរាជគ្រូរបស់មហាពាលី បានហាមមហាពាលីមិនឲ្យផ្តល់តាមសំណើររបស់ព្រាហ្មតឿនោះ តែមហាពាលីមិនជឿ ដោយគិតថាខ្លួនជាស្តេចនៃចក្រវាឡ មិនមានអ្វីដែលខ្លួនមិនអាចរកឲ្យបាននោះទេ ទើបព្រាហ្មតឿនោះស្នើសុំដី ៣ជំហ៊ាន សម្រាប់យកមកសាងអាស្រម មហាពាលីក៏យល់ព្រម ។ បន្ទាប់ពីបានទទួលពរនោះហើយ ព្រាហ្មវាមនៈក៏មានបម្លែងខ្លួនជាព្រះវិស្ណុដៃបួនដ៏ធំ ដោយឈានមួយជំហានយកភពផែនដី មួយជំហានយកស្ថានទេវលោក និងមួយជំហានទៀតពុំមានកន្លែងជាន់ ទើបពពួកទេវតាបានយកផ្កាឈូកមកទ្រព្រះបាទារបស់ព្រះវិស្ណុ ដោយក្តីអាម៉ាស មហាពាលីក៏បានកាឡាខ្លួនជាក្រពើ ហើយទៅរស់នៅក្នុងទឹកទៅ ព្រោះអស់ដីនៅ ។ នៅក្នុងពិធីសូមទឹកសូមដីសម្រាប់ធ្វើកម្មវិធីអ្វីមួយតាមបែបជំនឿបុរាណរបស់ខ្មែរយើង គេតែងសែនក្រុងពាលីនេះឯង ព្រោះថាមហាពាលី ធ្លាប់គ្រប់គ្រងពិភពលោកទាំងមូល ។
៦.បរសុរាម Parachurama៖ ជាព្រះរាមកាន់ពូថៅ ដែលបានកម្ចាត់ពពួកក្សត្រអមនុស្សធម៌ មានរឿងដំណាលថាមានក្សត្រមួយអង្គបានទៅរកជួបឪពុករបស់បរាសុរាម ដែលជាព្រហ្ម តែនៅពេលទៅដល់មិនជួប ក៏ទៅជាខឹងមួរម៉ៅក្តៅក្រហាយ បានបំផ្លាញអាស្រម និងចាប់យកកូនគោពិសិដ្ឋរបស់ព្រាហ្មនោះទៅ ពេលបរាសុរាមដឹង ក៏ដេញទៅតាមដោយបាញ់សម្លាប់ស្តេចនោះនឹងព្រួញ រួចហើយកាត់ដៃនឹងពូថៅ បុត្ររបស់ស្តេចអង្គនោះគុំគួន ក៏ទៅសម្លាប់ព្រាហ្ម ដែលជាឪពុករបស់បរាសុរាមចោល បរាសុរាម ក៏បានតាមសងសឹកសម្លាប់ពពួកក្សត្រទាំងនោះចោលអស់ ហើយក៏សម្រេចចិត្តថានឹងដើរកម្ចាត់ស្តេចទាំងឡាយណា ដែលមកយារយីពួកព្រហ្ម ។ នៅក្នុងរឿងរាមកេរ្តិ៍ បន្ទាប់ពីលើកធ្នូបាននាងសិតា ព្រះរាមក៏យាងត្រឡប់មកក្រុងអយុធ្យាវិញ នៅតាមផ្លូវក៏បានឃើញបរាសុរាមនេះ បរាសុរាមបម្រុងនឹងសម្លាប់ព្រះរាម តែដោយយល់ពីឬទ្ធិអំណាចរបស់ព្រះរាម វាក៏សុំចុះចាញ់ នេះបើតាមសាច់រឿងរាមាយណៈ តែបើតាមសាច់រឿងខ្មែរ បរាសុរាម បានចោទថាព្រះរាមលួចយកឈ្មោះវា ហើយវាក៏ចង់សម្លាប់ព្រះរាម ដើម្បីដណ្តើមយកនាងសិតាផងដែរ តែត្រូវព្រះរាមសម្លាប់ ។
៧. រាម Rama៖ ជាព្រះរាម ក្នុងរឿងរាមាយណៈ ឬរឿងរាមកេរ្តី៍ខ្មែរ បង្រ្កាបក្រុងរាពណ៍ ឬទសកណ្ឌ ។ រឿងរាមកេរ្តិ៍នេះ ប្រសិនបើប្រៀបធៀបទៅនឹងរឿងបុរាណដ៏មានប្រជាប្រិយភាពមួយ នៅអឺរ៉ុប គឺមានសាច់រឿងដូចគ្នាយ៉ាងខ្លាំងទៅនឹងរឿង ត្រូចានវ័រ (The Trojan War) ដែលនិទានដោយអ៊ីលីយ៉ាដ តាំងពីសម័យក្រិចបុរាណ ។
៨. ក្រឹស្ណៈ krisna៖ បានកើតមកដើម្បីកម្ចាត់ព្រះបិតុលា គឺស្តេចកំសា ដែលជាស្តេចពាល ដណ្តើមរាជបល្ល័ង្ករបស់ឪពុកខ្លួន ព្រមទាំងចាប់ព្រះនាងទេវាកី ដែលជាមាតារបស់ព្រះក្រឹស្ណៈយកទៅដាក់គុក និងបានសម្លាប់បងៗរបស់ក្រឹស្ណៈអស់ ៦នាក៉ ។ ក្រោយពីដឹងថាក្រឹស្ណៈនៅមានជីវិត ស្តេចកំសា ក៏បានប្រើឲ្យពពួកអសុរៈ និងសត្វកាចសាហាវទៅតាមយាយីផងដែរ តែពុំបានសម្រេចនោះទេ ចុងក្រោយព្រះក្រឹស្ណៈក៏បានចូលមកក្នុងវាំងរបស់ស្តេចកំសា ដើម្បីមកធ្វើឃាតទ្រង់ ហើយបានតែងតាំងព្រះអេយ្យកោឲ្យឡើងសោយរាជ្យវិញ ។ ព្រះក្រឹស្ណៈនេះគឺជាតួអង្គដ៏សំខាន់មួយផងដែរ ក្នុងមហាកាព្យរឿងមហាភារតៈយុទ្ធ ។
៩. ព្រះពុទ្ធ Buddha៖ ជាអ្នកដែលបានកើតមក ត្រាស់ដឹង ដើម្បីជួយស្រោចស្រង់ដាស់តឿនមនុស្សឲ្យស្គាល់បុណ្យបាប អាក្រក់ល្អ ផុតចាកបាបកម្ម ។ អ្នកកាន់ព្រះពុទ្ធសាសនា មិនគាំទ្រការបញ្ចូលព្រះពុទ្ធអង្គ ឲ្យក្លាយជាវិស្ណុអវតារនោះទេ យើងគួរសង្កេតផងដែរពីដំបូងឡើយសម្រាប់ព្រះក្រឹស្ណៈ ក៏គេចាត់ទុកថាជាអ្នកបដិវដ្តន៍ដូចព្រះពុទ្ធផងដែរ តែក្រោយមកពួកព្រាហ្មណ៍ បានរាប់បញ្ចូលព្រះក្រឹស្ណៈចូលជាវិស្ណុអវតាផងដែរ ។
១០. កល្កិន ឬពាជីមុខ Kalkin៖ ជាមនុស្សសេះ គឺខ្លួនមនុស្ស ក្បាលសេះ នឹងចេញបង្រ្កាប ពួកក្សត្រ ដែលធ្វើអោយមានចលាចល នៅចុងកលីយុគ ។












EmoticonEmoticon