ព្រះក្រឹស្ណៈ សម្លាប់ស្តេចកំសា

ព្រះក្រឹស្ណៈ សម្លាប់ស្តេចកំសា
រូបហោជាងនៃប្រាសាទបន្ទាយស្រីខាងក្រោម ជារូបព្រះក្រឹស្ណៈសម្លាប់ស្តេចកំសា ស្តេចកំសាត្រូវបានព្រះក្រឹស្ណៈបោចសក់ បម្រុងនឹងសម្លាប់ដោយកាំបិត នៅខាងក្រោមដំណាក់នោះមានរូបមនុស្សស្រីរន្ធត់ដួលពីរនាក់ នៅសងខាងហោជាងមានរូបបុរសពីរនាក់ជិះរទេះសេះចូលមកកាន់ដំនាក់របស់ស្តេចកំសា អាចជារូបរបស់ព្រះក្រឹស្ណៈ និងរូបពលរាម អ្នកទាំងពីរមានកាន់ធ្នូនៅនឹងដៃ ។

ព្រះក្រឹស្ណៈគឺជាអវតាទី ៨ របស់ព្រះវិស្ណុ ដែលចុះមកស្រោចស្រង់ពិភពលោក តួអង្គរបស់ក្រឹស្ណៈមាននៅក្នុងរឿងមហាភារតៈយុទ្ធ ដោយទ្រង់បានធ្វើជានាយសារថី របស់អ៌ជន ឬអរជូន ជាសមាជិកម្នាក់នៃត្រកូលបណ្ឌវៈ ដើម្បីធ្វើសង្គ្រាមតទល់នឹងបងប្អូនជីតាមួយ គឺត្រកូលកុរវៈ ។ ក្រឹស្ណៈមានមាតាព្រះនាម ទេវាកី និងបិតានាម វាសុទេវៈ និងត្រូវជាចៅរបស់ព្រះបាទឧគ្រាសេនា ដែលព្រះអង្គត្រូវបានបុត្របង្កើតព្រះនាមកំសា ចាប់ឃុំឃាំងដណ្តើមរាជបល្ល័ង្ក បន្ទាប់ពីដណ្តើមរាជបល្ល័ង្កហើយ ស្តេចកំសា បានចាប់ប្អូនស្រីគឺ ទេវាកី និង វាសុទេវៈយកទៅឃុំឃាំង ។ មានហោរាទាយឲ្យស្តេចកំសាថា ព្រះអង្គនឹងត្រូវបុត្រទី ៨ របស់ប្អូនស្រីព្រះអង្គធ្វើឃាត ដោយហេតុនេះទើបកំសាប្រមូលយកកូនរបស់ទេវាកី ចំនួនប្រាំមួយនាក់ដែលកើតហើយយកទៅសម្លាប់ចោល បន្ទាប់មកនាងទេវាកី ក៏មានគភ៌កូនទី ៧ តែដោយខ្លាចគេសម្លាប់កូននាងចោលទៀត នាងក៏ផ្ទេរគភ៌ ទៅឲ្យស្ត្រីម្នាក់ពពោះជំនួស ហើយបន្ទាប់ពីនោះនាងទេវាកី ក៏មានគភ៌កូនទី ៨ គឺព្រះក្រឹស្ណៈនេះតែម្តង បន្ទាប់ពីសម្រាលព្រះក្រឹស្ណៈហើយ ព្រះក្រឹស្ណៈក៏ត្រូវបានជំលៀសយកទៅចិញ្ចឹមជាមួយគ្រួសារ ដែលទទួលពពោះបងរបស់ព្រះអង្គ ព្រះក្រឹស្ណៈមានសំបុរខ្មៅ ឬពណ៌ស្វាយចាស់ ។
ព្រះក្រឹស្ណៈបានបង្រៀនប្រជាជន ឲ្យឈប់គោរពបូជាចំពោះព្រះឥន្ទ្រ ព្រោះថាព្រះឥន្ទ្រមិនមែនជាព្រះធំនោះទេ ពេលព្រះឥន្ទ្រខឹង ព្រះឥន្ទ្រក៏បង្អុរព្យុះភ្លៀង ៧ យប់ ៧ ថ្ងៃ ដើម្បីកំចាត់ពួកប្រជាជន និងអ្នកគង្វាលសត្វដែលស្តាប់តាមសម្តីរបស់ក្រឹស្ណៈ ក្រឹស្ណៈក៏ទទួលភារៈលើកភ្នំគោវ៌ធនដោយដៃម្ខាង សម្រាប់ឪ្យសត្វ និងប្រជាជនចូលជ្រកកោន រហូតដល់ព្រះឥន្ទ្រចុះចាញ់ឈប់បង្អុរព្យុះភ្លៀង ។ បន្ទាប់ពីស្តេចកំសា ដឹងថាក្រឹស្ណៈនឹងមកកំចាត់ព្រះអង្គ ព្រះអង្គក៏ប្រើកលវិធីជាច្រើនដើម្បីកំចាត់ក្រឹស្ណៈ ដោយរួមមានបញ្ជូនពោះពិសកាលិយៈ ឲ្យមកខ្ជាក់ពិសដាក់ទឹកទន្លេយមុនា យក្សភុតានា ដែលជាអ្នកបង្ករព្យុះកំណាច និងរួមទាំងសត្វកាចសាហាវ ដូចជាដំរីជាដើម ដែលត្រូវបានស្តេចកំសា បញ្ជូនមកសម្លាប់ក្រឹស្ណៈ តែត្រូវបានក្រឹស្ណៈកំចាត់បានទាំងអស់ ។ ចុងក្រោយក្រឹស្ណៈបានជិះសេះមកសម្លាប់ស្តេចកំសា និងបានលើកព្រះអៃយ្យកោ គឺព្រះបាទឧគ្រាសេនា ឲ្យឡើងសោយរាជ្យវិញ ។
រូបតំណាងឲ្យព្រះក្រឹស្ណៈ ជាអវតាព្រះវិស្ណុនេះ សិល្បករខ្មែរសម័យអង្គរនិយមយកមកលំអតាមផ្តែរ ឬក៏ហោជាងខ្លាំងណាស់ ជាពិសេសគឺត្រង់ឈុត សម្លាប់ដំរី សម្លាប់ពស់កាលិយៈ សម្លាប់យក្សភុតានា សម្លាប់ស្តេចកំសា និងឈុតទ្រភ្នំគោវ៌ធន ជាពិសេសគឺនៅប្រាសាទបាពួន និងប្រាសាទបន្ទាយស្រី ដែលមានចម្លាក់យ៉ាងលម្អិតអំពីរឿងទាក់ទងនឹងប្រវត្តិរបស់ព្រះក្រឹស្ណៈនេះ ។



EmoticonEmoticon