កុម្ភកាណ៌

កុម្ភកាណ៌
កុម្ភកាណ៌ ត្រូវជាប្អូនបង្កើតរបស់ក្រុងរាពណ៍ នៅពេលដែលកុម្ភការណ៍ដឹងថារាពណ៍លួចយកនាងសីតាមក កុម្ភកាណ៌ក៏បានណែនាំឲ្យរាពណ៍យកនាងទៅប្រគល់ឲ្យព្រះរាមវិញ តែដោយក្រុងរាពណ៌មិនព្រមស្តាប់ កុម្ភកាណ៌ជាប្អូនក៏មិនបន្តថាអ្វីទៀត គ្រាន់តែព្យាយាមជួយបងរបស់ខ្លួនឲ្យអស់ពីលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន ។ គេច្រើនយកតួរបស់កុម្ភកាណ៌ទៅប្រៀបធៀបនឹងវិភេសន៍ ដែលត្រូវជាប្អូនរបស់ក្រុងរាពណ៍ដូចគ្នា តែដោយសារតែពន្យល់ក្រុងរាពណ៍មិនស្តាប់ វិភេសន៍ក៏ទៅចូលដៃជាមួយព្រះរាម ។
តួអង្គកុម្ភកាណ៌ បង្ហាញពីមនុស្សមានចំណេះដឹង ចេះថ្លឹងថ្លែងខុសត្រូវ និងមានភក្តីភាពចំពោះបងប្អូន ។
កុម្ភកាណ៌នៅក្នុងចម្លាក់ខ្មែរ បង្ហាញរូបជាអសុរាមាឌធំ ហើយឈ្មោះរបស់កុម្ភកាណ៌នេះមានន័យថាត្រចៀកធំប៉ុនក្អម ។ រឿងទាក់ទងនឹងកុម្ភកាណ៌ដំណាលថា កុម្ភកាណ៌បានធ្វើតបៈថ្វាយចំពោះព្រះព្រហ្ម ហើយនៅពេលដែលកុម្ភកាណ៌បួងសួងសូមពរពីព្រះព្រហ្ម កុម្ភកាណ៌បានបួងសួងសូមឲ្យមានឫទ្ធិ៍អំណាចដូចព្រះវិស្ណុ តែដោយក្តីច្រណែនព្រះឥន្ទ្របានបញ្ជាឲ្យទេពមួយអង្គ នៅកាច់អណ្តាតរបស់កុម្ភកាណ៌ ឲ្យបួងសួងទៅជាឲ្យបានដេកដូចព្រះវិស្ណុ ដោយហេតុនេះហើយទើបកុម្ភកាណ៌ត្រូវដេក ៦ខែម្តង ទើបងើបមកផឹកស៊ីម្តង ហើយក៏ដេកទៅវិញ ។ នៅពេលដែលសង្គ្រាមរវាងកងទ័ពយក្ស និងទ័ពពានរចាប់ផ្តើម កុម្ភកាណ៌ទើបតែចូលដេកបានជាង ១០ថ្ងៃ ដោយដឹងពីសមត្ថភាពរបស់ប្អូនខ្លួន ក្រុងរាពណ៍ក៏បានចេញរាជបញ្ជាឲ្យគេទៅដាស់កុម្ភកាណ៌ពីដំណេក គេត្រូវប្រើដំរី ១០០០ ក្បាល ដើម្បីដាស់កុម្ភកាណ៌ រួមមានទាំងក្រុមភ្លេងស្គរ និងចំណីអាហារយ៉ាងច្រើនអនេកទៀតផង ។ ក្រោយពីងើបពីដំណេក កុម្ភកាណ៌ក៏បានស៊ីចំណីទាំងឡាយនោះ ហើយក៏បានផឹកស្រា មុននឹងចូលទៅគាល់បងរបស់វា ហើយទទួលបញ្ជាចេញទៅច្បាំងនឹងទ័ពស្វា កុម្ភកាណ៌ត្រូវស្លាប់ដោយសររបស់ព្រះរាម ក្រុងរាពណ៍ខឹងយ៉ាងខ្លាំងនៅពេលដែលឮថាកុម្ភកាណ៌ត្រូវស្លាប់ក្នុងរឿណរង្គ ។




EmoticonEmoticon