រូបសំណាកក្នុងរចនាប័ទ្មសិល្បៈ កោះកេរ
រចនាប័ទ្មកោះកេរ 
ជាបណ្តុំនៃសិល្បៈស្ថិតនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៤ (ពីឆ្នាំ ៩២៨ ដល់ 
៩៤១ នៃគ.ស) និងរាជ្យរបស់បុត្ររបស់ព្រះអង្គ គឺព្រះបាទហស៌វរ្ម័ន (ពីឆ្នាំ ៩៤១
 ដល់ ៩៤៤ នៃគ.ស) ។ ព្រះបាទជ័យវរ្ម័នទី ៤ បានចាកចេញពីក្រុងយសោធរបុរៈ 
(ក្រុងអង្គរ) តាំងតែពីឆ្នាំ ៩២១ នៃគ.ស 
ដោយបានយកមកជាមួយព្រះអង្គនូវលិង្គទេវរាជ រហូតដល់មរណៈភាពរបស់ព្រះបាទ 
ឥសានវរ្ម័នទី ២ នៅឆ្នាំ ៩២៨ ទើបព្រះបាទជ័យវរ្ម័នទី ៤ 
បានប្រកាសព្រះអង្គជាព្រះមហាក្សត្រ 
ដោយបានស្ថាបនាតំបន់កោះកេរធ្វើជារាជធានី ។
 នៅក្នុងរាជ្យរបស់ព្រះអង្គមិនដល់ ១៥ឆ្នាំផង 
មានការសាងសង់ប្រាសាទតូចធំជាច្រើន រហូតទៅដល់ជាង ៨០ប្រាសាទ និងរួមមានរហាល 
ដែលជាបារាយណ៍មួយសម្រាប់ផ្គត់ផ្គង់ទឹកសម្រាប់រាជធានីកោះកេរ 
ក៏ដូចជាសម្រាប់វិស័យកសិកម្ម ។
រូបសំណាកក្នុងរចនាប័ទ្មកោះកេរ 
មានទំហំធំសំបើម ក៏ប៉ុន្តែសិល្បករមិនបានខ្វល់អំពីលក្ខណៈកាយវិភាគ (anatomy) 
ដូចសិល្បៈនៅសម័យបុរេអង្គរនោះទេ 
លក្ខណៈពិសេសមួយទៀតរបស់សិល្បៈក្នុងរចនាប័ទ្មកោះកេរ 
គឺរូបសំណាកកាន់តែមានលក្ខណៈជីវចលជាងមុន (animation) ដែលអាចនិយាយបានថា 
សិល្បៈនៃរចនាប័ទ្មកោះកេរគឺជាគំរូដំបូង នៃក្បាច់ចម្លាក់ដ៏សំបូរណ៍បែប 
នៅក្នុងរចនាប័ទ្មសម័យក្រោយៗ ដូចជារចនាប័ទ្មបន្ទាយស្រី បាពួន អង្គរវត្ត 
និងបាយ័នជាដើម ។ បន្ថែមលើទំហំ និងជីវចលនិយមនៅក្នុងរចនាប័ទ្មកោះកេរនេះហើយ 
ការនិយមតម្កល់រូបសំណាកជាក្រុមធំ និងក្នុងលក្ខណៈនៃការបង្ហាញឈុតឆាក 
នៃរឿងរ៉ាវណាមួយ ក៏លក្ខណៈប្លែកមួយ 
ដែលយើងឃើញមានតែនៅក្នុងសិល្បៈសម័យកោះកេរតែប៉ុណ្ណោះ 
ហើយពុំឃើញមានលក្ខណៈរបៀបនេះ នៅក្នុងសិល្បៈសម័យពីមុន ឬសម័យក្រោយៗទៀតនោះទេ ។ 
រូបសំណាកក្នុងសិល្បៈកោះកេរមានដូចជាឈុតចំបាប់រវាងសុគ្រីព និងពាលី 
នៅប្រាសាទចិន ដែលសព្វថ្ងៃរូបសំណាកនេះស្ថិតនៅក្នុងសារមន្ទីរជាតិ 
ដោយឡែករូបហនុមាន និងព្រះរាម គឺត្រូវបានលួចយកទៅលក់ 
ដែលសព្វថ្ងៃត្រូវបានតាំងនៅសារមន្ទីរនៅបរទេស 
ឈុតត្រង់នេះប្រហែលជាត្រូវបានអ្នកសាងសង់ប្រាសាទបន្ទាយស្រីយកគំរូតាម 
ដោយបានឆ្លាក់នៅលើហោជាងនូវឈុតដូចគ្នាមួយ ។ មួយទៀតគឺឈុតចំបាប់រវាងទុរយោធន៍ 
និងភីម នៅប្រាសាទចិនដែរ 
ដោយមានបងប្អូនត្រកូលបណ្ឌវៈបួននាក់ទៀតនៅអង្គុយលើកទឹកចិត្តភីម 
មានពលរាមជាអ្នកកាត់សេចក្តី 
និងមានរូបក្រឹស្ណៈដែលជាអវតាព្រះវិស្ណុកំពុងអង្គុយមើលចំបាប់នោះដែរ 
ឈុតត្រង់នេះ ក៏ប្រហែលជាត្រូវបានសិល្បករសង់ប្រាសាទបន្ទាយស្រីបានយកគំរូតាម 
ដោយឆ្លាក់ជាឈុតដូចគ្នានៅលើហោជាង 
ដែលសព្វថ្ងៃហោជាងមួយផ្ទាំងនេះត្រូវបានតម្កល់ទុកនៅក្នុងសារមន្ទីរជាតិ ។ 
នៅក្នុងប្រាសាទធំ នៅក្នុងក្រុមប្រាសាទកោះកេរនោះដែរ ក៏មានរូបសំណាកជាក្រុមមួយ
 បង្ហាញពីរូបព្រះបាទជ័យវរ្ម័នទី ៤ 
កំពុងអង្គុយស្តាប់ការកាត់ក្តីរបស់ព្រះយមរាជ ដែលជិះលើក្របី 
សព្វថ្ងៃរូបព្រះបាទជ័យវរ្ម័នទី ៤ នេះ តាំងនៅសារមន្ទីរហ្គីម៉េត ក្រុងប៉ារីស 
ចំណែកក្របីដែលជាជំនិះរបស់ព្រះយមរាជ 
បានដួលធ្លាក់បាក់បែកនៅក្នុងទីតាំងដើមរបស់ប្រាសាទ 
រូបចម្លាក់ដ៏ធំជាក្រុមមួយទៀត គឺរូបព្រះសិវៈកំពុងរាំ ដែលសព្វថ្ងៃដួលបាក់បែក 
នៅសល់តែស្មា និងបល្ល័ង្ក ។ រូបចម្លាក់គ្រុឌដ៏ធំ 
ដែលតាំងនៅមាត់ទ្វារចូលសារមន្ទីរនៅទីក្រុងភ្នំពេញ 
ក៏ជាស្នាដៃសិល្បៈមួយក្នុងរចនាប័ទ្មកោះកេរ 
ហើយរូបព្រះព្រហ្មមុខបួនអង្គុយដ៏ធំមួយ 
ដែលតាំងនៅចំកណ្តាលសាលធំរបស់សារមន្ទីរហ្គីម៉េត ក៏ជាស្នាដៃសិល្បៈកោះកេរផងដែរ ។
អ្នកស្រាវជ្រាវបារាំងដែលបានសិក្សាអំពីសិល្បៈខ្មែរ 
បានចាត់ទុកតំបន់កោះកេរថាជាសារមន្ទីរប្រវត្តិសាស្ត្រមួយ នៅក្នុងសម័យសង្គ្រាម
 វត្ថុសិល្បៈក្នុងរចនាបថកោះកេរជាច្រើនត្រូវបានគេលួចនាំចេញយកទៅលក់នៅបរទេស 
ដែលភាគច្រើនឆ្លងកាត់តាមប្រទេសថៃ ។ រហូតមកដល់សព្វថ្ងៃរូបចម្លាក់ 
រូបសំណាកនៃរចនាប័ទ្មសិល្បៈកោះកេរ 
ស្ថិតនៅរាយប៉ាយតាមសារមន្ទីរតូចធំជុំវិញពិភពលោក ក៏ដូចជាសមុច្ច័យឯកជនជាដើម 
បូករួមទាំងរូបសំណាកមួយចំនួនត្រូវបានរក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញផងដែរ
 ។
Subscribe to:
Post Comments (Atom)


















EmoticonEmoticon