ក្បាច់ចម្លាក់ចម្លងរចនាប័ទ្មអង្គរវត្ត នៅរមណីយដ្ឋានវត្តភ្នំ

វត្តមានក្បាច់ចម្លាក់ចម្លងរចនាប័ទ្មអង្គរវត្ត នៅរមណីយដ្ឋានវត្តភ្នំ ធ្វើតាំងពីឆ្នាំ ១៨៩៣

នៅរមណីយដ្ឋានវត្តភ្នំ ក្រៅតែពីសំណល់រូបសំណាកតោ និងទ្វារបាលមួយចំនួននៅវត្តភ្នំ ដែលអាចចាត់ទុកជារូបសំណាកដែលត្រូវាបានយកមកពីតំប់អង្គរដោយស្តេចពញាយ៉ាត (ញាតិ) តាំងពីពាក់កណ្តាលសតវត្សទី ១៥ ហើយ នៅក្នុងបរិវេណរមណីយដ្ឋាននេះ
នៅមានចម្លាក់ចាក់ពុម្ពតាមក្បាច់រចនាប័ទ្មអង្គរយ៉ាងប្រណីត តាំងនៅពីមុខព្រះវិហារវត្តភ្នំផងដែរ ។ ក្បាច់ទាំងនោះ ប្រសិនបើមើលតែមួយភ្លែត យើងប្រហែលជាសន្នដ្ឋានថា ប្រហែលជាក្បាច់ថ្មី ទើបតែធ្វើឡើងនៅពេលក្រោយមិនប៉ុន្មានឆ្នាំប៉ុណ្ណោះ ដោយសារតែការលាបថ្នាំ ជួសជុលថ្មី តែតាមពិតទៅរូបចម្លាក់ទាំងនោះ គឺមានអាយុប្រហាក់ប្រហែលទៅនឹងព្រះវិហារនៅលើវត្តភ្នំ ដែលត្រូវបានរុះរើធ្វើថ្មីនៅសម័យអនានិគមបារាំង ដែលមានអាយុកាលជាងមួយរយឆ្នាំហើយ ។

បើតាមឯកសារបារាំងបានបង្ហាញថា នៅឆ្នាំ ១៨៩៣ មានការជួសជុលសួនច្បារវត្តភ្នំ និងរៀបចំឲ្យមានសួនសត្វនៅកៀកនឹងរមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ។ យើងត្រូវងាកក្រលេកទៅមើលប្រវត្តិសាស្ត្របន្តិច ថាតើមានអ្វីកើតឡើងនៅឆ្នាំ ១៨៩៣ គឺនៅពេលនោះ មានសង្គ្រាមបារាំង សៀម បានកើតឡើង ដោយបារាំងចង់គ្រប់គ្រងទឹកដីភូមិភាគខាងកើតនៃទន្លេមេគង្គ គឺប្រទេសឡាវ ដោយមូលហេតុនេះហើយទើបបារាំងរកលេសដែលមន្ត្រីសៀមសម្លាប់អ្នករដ្ឋការបារាំង ដោយលើកកប៉ាល់បំពាក់កាំភ្លើងធំចូលទៅគំរាមដល់ក្រុងបាងកក ឆ្លៀតពេលដែលស្ថានការណ៍ផ្ទៃក្នុងរបស់សៀមកំពុងមិនស្រួល ដោយសារស្តេចចុឡាឡុងកន ឬរាមាទី ៥ មិនសូវមានអំណាច អំណាចស្ថិតនៅក្នុងកណ្តាប់ដៃរបស់វ៉ាំងណា ឬមេទ័ព (ក្រោយអ្នកគ្រប់គ្រងវ៉ាំងណាស្លាប់ រាមាទី ៥ ក៏បញ្ឈប់លែងឲ្យមានរបបវ៉ាំងណា ដែលតាំងមកតាំងពីសម័យរាមាទី ១ ដោយយកវ៉ាំងណាធ្វើជាសាលាវិចិត្រសិល្បៈ និងជាសារមន្ទីមហានគរ) ហើយនៅសម័យនោះអង៉គ្លេសក៏កំពុងវាតទីដែនដីអណានិគមរបស់ខ្លួនលើភូមា និងអតីតដែនដីដែលភូមាធ្លាប់គ្រប់គ្រង ដែលត្រូវបានគ្រប់គ្រងដោយសៀម ដូចគ្នានៅភាគខាងត្បូងរបស់សៀម អង់គ្លេសព្យាយាមបង្កើតរដ្ឋឥស្លាមម៉ាឡេឡើង ដូច្នេះបារាំងក៏ឆ្លៀតឱកាសនេះដើម្បីពង្រីកដែនដីអណានិគមរបស់បារាំងដូចគ្នា ។ បន្ទាប់ពីបារាំងលើកកប៉ាល់ចូលទៅដល់បាងកក ស្តេចសៀមក៏ព្រមចុះសិន្ធិសញ្ញាជាមួយបារាំង នៅឆ្នាំ ១៨៩៣ ដោយប្រគល់ដែនដីខាងកើតទន្លេមេគង្គ ទៅឲ្យបារាំងគ្រប់គ្រង និងដកកងទ័ពរបស់សៀមចេញពីទឹកដីខេត្តបាត់ដំបង និងសៀមរាប ដែលសៀមបានកាន់កាប់ ក្រោមអំណាចការគ្រប់គ្រងរបស់ត្រកូលអភិជនខ្មែរ គឺត្រកូលកថាថន (គទាធរ) តាំងពីសម័យព្រះអង្គអេង របស់ខ្មែរ ឬរាមាទី ១ របស់សៀម ។

ប្រហែលជានៅក្នុងឆ្នាំ ១៨៩៣ នេះដែរ ដែលរដ្ឋាភិបាលបារាំង បានរៀបចំជួសជុលព្រះវិហារវត្តភ្នំ ដោយបានដាក់តុបតែងនៅតាមជណ្តើរឡើង និងឃឿនព្រះវិហារ នូវក្បាច់អង្គរដ៏ប្រណីត ដែលក្នុងនោះមានទាំងរូបនាងអប្សរ ក៏ដូចជារូបចម្លាក់បង្ហាញពីសាច់រឿងមហាភរតៈយុទ្ធមួយមួយផ្ទាំងតូច ដែលចម្លងចេញមកពីផ្ទាំងចម្លាក់រឿងមហាភារតៈយុទ្ធនៅអង្គរវត្ត ។ ភស្តុតាងនៃវត្តមានចម្លាក់សិល្បៈទាំងនេះ ឃើញមានវត្តមាននៅក្នុងរូបថតមួយចំនួនដែលរក្សាទុកនៅក្នុងបណ្ណាល័យជាតិបារាំង ដែលថតតាំងតែពីឆ្នាំ ១៨៩៥  ។ ចេតនារបស់បារាំងនេះ គឺធ្វើឡើងដើម្បីពញ្ញាក់ស្មារតីខ្មែរ ឲ្យចង់បានបណ្តាប្រាសាទនានា ដែលត្រូវសៀមគ្រប់គ្រងអស់ជាង ២០០ឆ្នាំ ដែលនេះគឺចាត់ទុកជាយុទ្ធសាស្ត្រឈ្នះៗសម្រាប់ខ្មែរ និងបារាំង នោះគឺខ្មែរបានទទួលមរតកដ៏ពិសិដ្ឋរបស់ដូនតាត្រឡប់មកវិញ ចំណែកឯបារាំងគឺបានពង្រីកដែនដីអណានិគមរបស់ខ្លួនបានធំជាងមុន ។ សម្រាប់សៀម ក៏ចាត់ទុកថាជាការឈ្លាសវៃមួយដែរ ដែលសម្រេចចិត្តធ្វើសន្ធិសញ្ញាជាមួយមហាប្រទេសអឺរ៉ុបទាំងពីរ គឺបារាំង និងអង់គ្លេស ប្រសិនបើមិនដូច្នេះទេនោះ ប្រទេសសៀមប្រហែលជាត្រូវបែកញែកជាប្រទេសតូចៗច្រើនទៀត ដោយសារតែមហាអំណាចអឺរ៉ុប អាចធ្វើឲ្យអំណាចកណ្តាលរបស់សៀម នៅបាងកក ត្រូវដួលរលំ ដូចអ្វីដែលអង់គ្លេសបានធ្វើចំពោះស្តេចភូមា ដែលមិនព្រមចុះចូលនឹងអង់គ្លេស ។ ដោយឃើញស្ថានការណ៍មិនស្រួល សៀមខ្លួនឯងក៏ចាប់ផ្តើមធ្វើទំនើបនយកម្មការគ្រប់គ្រងប្រទេសដោយយកគំរូតាមអឺរ៉ុប និងយកសហរដ្ឋអាមេរិចជាសម្ព័ន្ធមិត្ត ដើម្បីជៀសវាងការរំលោភបូរណភាពទឹកដីរបស់ខ្លួនជាបន្តទៀត ។ 
នៅឆ្នាំ ១៩០៤ មានសន្ធិសញ្ញាបារាំងសៀម ធ្វើឡើងដើម្បីដោះដូរខេត្តគ្រប់គ្រងមួយចំនួន រហូតដល់ឆ្នាំ ១៩០៧ ទើបមានសន្ធិសញ្ញា ដោះដូរយកខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន (សេរីសោភ័ណ្ឌ) ត្រឡប់ចូលមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អណានិគមបារាំងវិញ ។ ក្រោយសន្ធិសញ្ញានោះ ក៏មានការសង់រូបសំណាកអនុស្សាវរីយ៍មួយនៅខាងត្បូងវត្តភ្នំ គឺរូបសំណាកព្រះបាទស៊ីសុវត្ថិ ដោយមានរូបតំណាងទាហានបារាំង កាន់ទង់ជាតិបារាំងនៅខាងស្តាំ និងមានរូបស្ត្រីសម្តែងល្ខោន និងនាងអប្សរកាន់ពានទ្រវត្ថុតំណាងឲ្យការត្រឡប់ចូលមកវិញនៃខេត្តទាំងបីនេះ ។ ខ្ញុំធ្លាប់អានសៀវភៅ និរាសនគរវត្ត របស់សម្តេចតម្រង់រាជានុភាព ជាបុត្រារបស់ស្តេចមកុដ្ឋ រាមាទី ៤ នឹងត្រូវបានជនជាតិថៃ ចាត់ទុកជាបិតានៃប្រវត្តិសាស្ត្រថៃ ទ្រង់បានមកទស្សនាប្រទេសខ្មែរ នៅឆ្នាំ ១៩២៥ តាំងពីសម័យព្រះបាទស៊ីសុវត្ថិ ដោយនៅក្នុងសៀវភៅនិរាសនគរវត្ត រៀបរាប់ពីដំណើរទស្សនាចរណ៍របស់ទ្រង់នៅកម្ពុជា និងកូសាំងស៊ីននោះ ទ្រង់បានបរិយាយថានៅព្រះវិហារវត្តភ្នំ មានក្បាច់ចម្លាក់ចម្លងបែបតាមប្រាសាទអង្គរវត្ត ដែលប្រហែលជាត្រូវបានធ្វើឡើង តាំងតែពីសម័យដែលខ្មែរខំប្រឹងទាមទារទឹកដីនៃបណ្តាប្រាសាទទាំងនោះត្រឡប់មកវិញ ។ 
 ភស្តុតាងមួយចំនួនតូចនៃការគ្រប់គ្រងរបស់សៀមនៅលើទឹកដីខេត្តបាត់ដំបងនៅមានច្រើនគួរសម តាមរយៈសិល្បៈវត្តអារាមមួយចំនួន ដោយឡែកសម្រាប់ខេត្តសៀមរាប មាននៅសេសសល់តិចណាស់ ដូចជានៅក្នុងព្រះវិហារវត្តរាជបូព៌ គឺនៅមានគំនូររឿងរាមកេរ្តិ៍ ដែលមានអក្សរមួយចំនួនជាអក្សរសៀម តែក៏មានអក្សរមួយចំនួនជាអក្សរខ្មែរផងដែរ ។ នៅពេលគ្រប់គ្រងខេត្តទាំងនេះ ស្តេចរាមាទី ៤ របស់សៀម ដោយស្រឡាញ់សិល្បៈខ្មែរ ព្រះអង្គក៏បានឲ្យគេសាងរូបចម្លងប្រាសាទអង្គរវត្តតូចមួយ នៅក្នុងបរិវេណវត្តព្រះកែវមរកត នៅក្នុងព្រះបរមរាជវាំងរបស់ទ្រង់ ដែលរូបប្រាសាទចម្លងនោះត្រូវបានធ្វើរួចក្រោយព្រះអង្គសោយទីវង្គត គឺធ្វើហើយនៅក្នុងរាជ្យស្តេចរាមាទី ៥ ដែលទឹកដីប្រាសាទបុរាណនោះត្រូវបានវិលត្រឡប់ចូលមកក្នុងអធិបតីភាពរបស់ខ្មែរវិញ មានមនុស្សមួយចំនួនសន្និដ្ឋានថាស្តេចសៀមធ្វើរូបប្រាសាទអង្គរវត្តនោះ ដោយសារស្តាយនូវការបាត់បង់បណ្តាប្រាសាទទាំងនោះពីការគ្រប់គ្រងរបស់ខ្លួន តែតាមពិតទៅគឺបណ្តាប្រាសាទទាំងនោះត្រូវបានសាងហើយ មុនឆ្នាំ ១៩០៧ នៅពេលដែលខ្មែរទទួលបានទឹកដីទាំងនោះត្រឡប់មកវិញទៀត ។

សម្រាប់ប្រវត្តិសាស្ត្រសៀម ក៏ដូចជាថៃនៃសម័យបច្ចុប្បន្ន នៅតែមានមនុស្សមួយចំនួន នៅចិញ្ចឹមចិត្តគិតថា ទឹកដីទាំងនោះគួរតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម ហើយចាត់ទុកថាការបាត់បង់នេះ គឺជាការបាត់បង់ទឹកដីដ៏ធំមួយរបស់សៀម ដោយមនុស្សមួយក្រុមនោះ មិនបានសិក្សាឲ្យដឹងប្រវត្តិសាស្ត្រជាតិខ្លួន ក៏ដូចជាប្រទេសជិតខាងឲ្យបានយល់នោះទេ យ៉ាងហោចណាស់ក៏មើលទៅលើវត្តមាននៃជនជាតិដើមខ្មែរ ដែលនៅសេសសល់នៅតាមព្រំដែនខ្មែរសៀម ដែលមានចំនួនដ៏ច្រើនអនេក ។ 

មហិច្ឆតានៃការចង់បានទឹកដីភាគពាយ័ព្យរបស់ខ្មែរទៅគ្រប់គ្រងវិញនេះ បានធ្វើឲ្យរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ភិប៊ុនស៊ុងក្រាម (ភិបុលសង្គ្រាម) ក្រោមការជួយជ្រោមជ្រែងរបស់ជប៉ុន បានចូលមករំលោភអធិបតេយ្យខ្មែរនៅក្នុងសម័យសង្គ្រាមលោកលើកទី ២ ម្តងទៀត តែមិនបានគ្រប់គ្រងតំបន់អង្គរនោះទេ ថៃ បានគ្រប់គ្រងរហូតដល់ចុងឆ្នាំ ១៩៤៦ គឺដល់មានសន្ធិសញ្ញាដែលថៃត្រូវដកការគ្រប់គ្រងទឹកដីទាំងនោះ និងប្រគល់ឲ្យខ្មែរ តាមរយៈអណានិគមបារាំង ដោយពេលថៃដកទៅហើយនោះ ក៏ពុំបានដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារនោះទេ ជាហេតុធ្វើឲ្យមានរឿងរកាំរកុះកើតឡើងរវាងខ្មែរ និងថៃ រហូតឈានឡើងទៅដល់ប្តឹងប្តល់ដល់តុលាការអន្តជាតិក្រុងឡាអេ ដែលសម្រេចក្តីឲ្យខ្មែរឈ្នះក្តីប្រាសាទព្រះវិហារនៅថ្ងៃ ១៥ មិថុនា ឆ្នាំ ១៩៦២ ។

គេថាទាល់តែបាត់បង់ ទើបយើងយល់ពីសារៈសំខាន់របស់វត្ថុទាំងឡាយ ប្រសិនបើមិនធ្លាប់បាត់បង់ទេនោះ នោះយើងនឹងព្រងើយកន្តើយ ជាក់ស្តែងដូចប្រាសាទព្រះខាន់ និងបណ្តាប្រាសាទជាច្រើនផ្សេងទៀត គឺពុំសូវទទួលបានការយកចិត្តទុកដាក់ប៉ុន្មាននោះទេ រហូតធ្វើឲ្យបណ្តាប្រាសាទទាំងនោះ ត្រូវរងការខូចខាតយ៉ាងដំណំ ជាជាងការបំផ្លាញដោយធម្មជាតិទៅទៀត ដោយសារការជួញដូរវត្ថុបុរាណ ។


EmoticonEmoticon