លក្ខណៈពិសិដ្ឋនៃទឹកនៅរមណីយដ្ឋានភ្នំគូលែននិងក្បាលស្ពាន

លក្ខណៈពិសិដ្ឋនៃទឹកនៅរមណីយដ្ឋានភ្នំគូលែននិងក្បាលស្ពាន
ក្នុងសង្គមខ្មែរ នាសម័យអង្គរស្ទឹង សៀមរាបដែលមានប្រភពចេញពីភ្នំ គូលែនដងទន្លេគង្គា ដែលមានប្រភព ចេញពីភ្នំ ហេមពាន្ត ដែលជាភ្នំពិសិដ្ឋ បំផុតក្នុងទេវកថាឥណ្ឌា ។ ដូចដងទន្លេ គង្គា ដែលជាប្រភពនៃអូរ និង ទន្លេ ទាំងឡាយនៃ ប្រទេសឥណ្ឌា ស្ទឹង គូលែន ក៏ដូច្នេះដែរ ។ 

 
 
នាសម័យអង្គរ អារ្យធម៌ ខ្មែរ គឺជាអារ្យធម៌ ដ៏ ត្រចះត្រចង់ខ្ពង់ខ្ពស់កប់កំពូល ហើយមានកិត្យានុភាពខ្លាំងក្លាណាស់ ។ នាសម័យនោះ ជនជាតិខ្មែរយើងដែល ប្រកាន់លទ្ធិ ព្រហ្មញ្ញសាសនាបាន ប្រដូចស្ទឹង សៀមរាប យើងនេះទៅនឹង ដងស្ទឹងគង្គានៅ ប្រទេសឥណ្ឌា ។ ដូច្នេះ បានជាសព្វថ្ងៃនេះយើងសង្កេតឃើញ មានការកែច្នៃស្ទឹងនេះឲ្យក្លាយទៅជា ស្ទឹងគង្គាដូចជាការឆ្លាក់ទេវរូប នឹង ព្រះ សិវលិង្គជាច្រើននៅបាតអូរអន្លង់ផ្កាយ និង បាតអូរក្បាលស្ពាន ។
ក្រៅពីវត្តមាននៅអូរទាំងពីរ ខាងលើគេឃើញមានអូរមួយចំនួនទៀត ដូចជាអូរធំអូរថ្នល់ម្រេច អូរថ្នល់ដាច់ និង អូរតាពេញ ដែលមានប្រភពចេញពីខ្ពង់រាបនៃ ភ្នំគូលែនទាំងអស់ ។ ទឹកនៃ អូរទាំងនោះ គឺ សុទ្ធសឹងតែហូរធ្លាក់ចុះ ចូលមកស្ទឹងសៀមរាប ហើយហូរចាក់ ចូលបឹងទន្លេសាប ក្រោយពីបានឆ្លងកាត់ តំបន់អង្គរដ៏មហាបវរ ។ 
សូមជម្រាបថា ភ្នំគូលែនដែលមាន បណ្តោយ ប្រមាណ ជា ២៥ គ . ម ហើយស្ថិតចម្ងាយ ប្រមាណ ជា ៣៤ គ . ម ទិសឦសាន នៃ ទីក្រុង សៀមរាប អង្គរ សព្វថ្ងៃគឺជាទីតាំងស័ក្ត សិទ្ធបំផុតមួយ ។ គ្រប់យុគ គ្រប់សម័យ ប្រជានុរាស្ត្រ ខ្មែរ រមែងតែអញ្ជើញមក ធ្វើធម្មយាត្រា ឬ មកបន់ស្រន់ដើម្បីសេចក្តីសុខសេចក្តីចំរើន ។
ការស្រាវជ្រាវខាងវិស័យ មនោគមន៍វិជ្ជា សាសនា ខ្មែរបុរាណ បានឲ្យដឹងថាលក្ខណៈសំខាន់នៃ ភ្នំ គូលែន ដែលជាប្រភពនៃ អូរមួយចំនួន និង ស្ទឹងសៀមរាប គឺជាផ្នែកនិមិត្តរូបភាព ។ ទឹកដែលហូរចេញពី ជ្រលងភ្នំ ជាពិសេសចេញពី អន្លង់ផ្កាយ នៅលើ ខ្នងភ្នំគូលែន ត្រូវហូរចាក់ទៅ ជ្រោះ ទឹកធ្លាក់មួយ ត្រូវជនជាតិខ្មែរចាត់ទុកថា ជាទឹកមន្តដ៏ស័ក្តសិទ្ធិបំផុតដូចជាវត្តមាន របស់ចម្លាក់រូប ព្រះនៃសហ ស្រលិង្គ ( លិង្គ ១០០០) និង ដោយឡែកចម្លាក់ ព្រះនារាយណ៍ ផ្ទំនៅក្បែរ ប្រាសាទ គ្រោលរមាសដែល ត្រូវបានសាងសង់ឡើងដោយ ព្រះបាទជ័យវរ្ម័ន ទី ៧ សម្រាប់ពិធីសាសនា ។ ស្ថានភាពនៃ រមណីយដ្ឋាន អូរក្បាលស្ពានដែលមាន កំណើតនៅភ្នំ ក្បាលស្ពាន និង ភ្នំ ក្រោល ស្ថិតចម្ងាយប្រមាណ ១៥ គ . ម ពី ប្រាសាទបន្ទាយស្រី ខាងលិចពីភ្នំ គូលែន តាមជ្រលងកណ្តុលស ក៏មានអត្ថន័យដូចគ្នាដែរ ។ អូរនេះមានកំពស់ ប្រមាណជា ២០០ ម៉ែត្រ ពី ផ្ទៃ ទឹកសមុទ្រហូរចុះពីពាយ័ព្យមក អគ្នេ យ៍ ហើយមានទឹកជ្រោះគួរឲ្យគយគន់ ក៏ លំអនៅបាតស្ទឹងដោយចម្លាក់ ព្រះសិវលិង្គ និង ចម្លាក់ ព្រះនារាយណ៍ ផ្ទំ លើនាគរាជតូចធំជាច្រើនដោយមាន ព្រះ នាងឱមា គង់នៅចុងជើងទ្រង់ផង ។ 
តាមរយៈការវិភាគនៃចម្លាក់នៅលើ ភ្នំ គូលែន ម្តុំ ព្រះអង្គធំ និង នៅ ក្បាលស្ពានបង្ហាញឲ្យឃើញលក្ខណៈ ពិសិដ្ឋ នៃដងស្ទឹង សៀមរាប ដែលមានប្រភពកើតចេញពី ភ្នំគូលែន និង ភ្នំ ក្បាលស្ពាន ព្រមទាំងភ្នំក្រោល ដែលមនុស្សខ្មែរ ប្រៀបផ្ទឹម ទៅនឹងទន្លេ គង្គា នៅប្រទេសឥណ្ឌាយ៉ាងប្រាកដ ។ ហើយលក្ខណស័ក្តសិទ្ធិ នៃ ទឹក និងប្រព័ន្ធទឹកទាំងនេះ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទឹកដែលប្រោះព្រំ តំបន់ សៀមរាប អង្គរ ទាំងមូលតែម្តង ។ ម្យ៉ាងវិញទៀតលក្ខណៈពិសិដ្ឋ នៃទឹក នៃដងស្ទឹង សៀមរាប ក៏ត្រូវបានបញ្ជាក់ តាមខ្លឹមសារ នៃ សិលាចារឹកដែរ ។ 

 
សូមរំលឹកថាចម្លាក់ និង ប្រាសាទបុរាណរម្មណីយដ្ឋានទាំងពីរខាងលើនេះ ភាគច្រើន ត្រូវបានកសាងឡើងរវាង ស . វ ទី ១១ និង ១៣ នៃ គ . ស ជាពិសេសក្នុងរជ្ជកាលរបស់ ព្រះបាទ សុរិយាវរ្ម័នទី ១ ព្រះបាទ ឧទ័យវរ្ម័នទី ២ និង ព្រះបាទ ជ័យវរ្ម័នទី ៧ ក៏ប៉ុន្តែ យើងជឿជាក់ថាក្នុងតំបន់នេះ ត្រូវគេគោរពបូជារួចទៅហើយពោល គឹ តាំងតែសម័យបុរេប្រវត្តិសាស្ត្រ និង សម័យ បុរេអង្គរទៅហើយ ។

សរុបសេចក្តីមកទឹកដែលហូរកាត់ ព្រះ សិវលិង្គ នឹង ចម្លាក់បុរាណទាំង ប៉ុន្មានខាងលើនេះ ត្រូវមនុស្ស ខ្មែរ ចាត់ទុកថាមានលក្ខណៈ ស័ក្តសិទ្ធិ សម្បើមអស្ចារ្យ ព្រោះ ត្រូវបាន ប្រសិទ្ធពរជ័យ ប្រោះព្រំដោយ ព្រះរូបទាំងនោះ ពោលគឺ បានក្លាយទៅជាទឹកមន្ត ដ៏ ពិសិដ្ឋ ដោយគ្មានអ្វី ប្រៀបផ្ទឹមបានឡើយ ។ មានន័យថាទឹកដែលធ្លាក់ពីលើដងស្ទឹង ដែលមហាជនទៅ មុជ ឬ ត្រាំនៅផ្នែក ខាងក្រោមនោះ បានក្លាយទៅជាទឹក វេទមន្ត ដ៏មហាស័ក្តសិទ្ធិគួរជាទីគាប់ចិត្ត ៕



ត្រា ណេ


EmoticonEmoticon