អាថ៍កំបាំងនៅពីក្រោយចម្លាក់ដាយ​ណូ​ស័រនៅ​អង្គរ ត្រូវបានបកស្រាយ

អាថ៍កំបាំងនៅពីក្រោយចម្លាក់ដាយ​ណូ​ស័រនៅ​អង្គរ ត្រូវបានបកស្រាយ!

នៅក្នុង​ចំណោម​រូបចម្លាក់​សត្វ​អច្ឆរិយៈ ឬ​សត្វ​ចម្លែក ​ប្រកបដោយ​បារមីតេ​ជៈ គួរ​ឲ្យ​គោរព​កោតខ្លាច​ ដែល​ខ្មែរ​សម័យ​អង្គរ​បាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​​ក្នុង​តំបន់​អង្គរ ខេត្តសៀមរាប យើង​សង្កេតឃើញ​មាន​សត្វ២ប្រភេទ មាន​រូបរាង​ដូច​ថនិកសត្វ​នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ (​មុន គ​.​ស​) ដែលគេហៅថាដាយ​ណូ​ស័រ ។​ចម្លាក់សត្វចំឡែក ទាំងនោះមាននៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។
​លោក​សាស្ត្រ​ចារ្យ​បណ្ឌិតមីសែលត្រាណេបានឲ្យដឹងថាពពួកសត្វទាំងនោះភាគច្រើន ​គឺជា​ប្រភេទ​សត្វ​ដែល​មាន​រាង​ធំ​សម្បើម​អស្ចារ្យ តែ​អ្វី​ដែល​គួរ​ឲ្យ​អនិច្ចា​នោះគឺ​ពួកវា បាន​រលត់​បាត់ផុត​ពូជ​អស់​ទៅហើយ ​កាលពី៦០ ទៅ៦៥លាន​ឆ្នាំមុន គ​.​ស ​ដោយ សារ​ភ្លើង​ឆេះ​កាល ​ដែល​អ្នកវិទ្យាសាស្ត្រ​គេ​ហៅថា Big Bang ហើយ​ក្រោយមក​ក៏​បាន​ឲ្យ​កំណើត​ទៅ​សត្វ​មួយចំនួន​ខ្នាតតូចៗ ដូច​ជា​សត្វ​បង្គួយ, ថ្លែន, ត្រ​កួត, ក្រពើ, អន្សង​...​ជាដើម ៘​
​លោកបន្តទៀតថា អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ វិចិត្រករខ្មែរយើងកាលពី៨៥០ឆ្នាំមុន មិនបានឃើញ ឬ​ជួបប្រទះ ស្គាល់​​សត្វ​យក្ស​ទាំងនោះ​ដោយ​ផ្ទាល់​ទេ ក៏​ប៉ុន្តែបានឆ្លាក់​តាម​ការស្រមើស្រមៃ​យ៉ាង​ប្រាកដ ដោយហេតុ​ថា​ចមា្លក់​ទាំងនោះ​ មិន​មាន​ពេញល​ក្ខ​ណៈដូច​គ្រោងឆ្អឹង​សត្វ​ដា​ណូ​ស័​រពិតៗ ដែល​គេ​បាន​រកឃើញ​នៅលើ​ពិភពលោក​យើង​នេះ ហើយ​ដែល​បាន​ក្លាយទៅជា​ថ្ម​ភូ​ស៊ី​ល (FOSSILE) នោះឡើយ។​
​លោក​បណ្ឌិត​បាន​រំលឹក​អំពី​ចម្លាក់​សត្វ​ទាំងនោះថា ជាធម្មតា ចម្លាក់​សត្វ​នៅលើ​ជញ្ជាំង​ប្រាសាទតាព្រហ្ម សត្វ​ត្រូវមាន​ជើង​ខ្លី​ទើប​ត្រឹមត្រូវ រីឯ​សត្វ​នៅ​ជញ្ជាំង​ប្រាសាទ​បាយ័នវិញ ត្រូវមាន​ដងខ្លួន​យ៉ាង​វែង​ទើប​សមស្រប នេះ​បើ​យោង​ទៅ​លើ​ការសិក្សា​ឆ្អឹងរបស់​ពួកវា។​
​តែ​ទោះជា​យ៉ាងនេះ​ក្ដី​ ស្ថិត​នៅ​ចំពោះមុខ​ចម្លាក់​ទាំងនោះ យើង​ក៏​នៅ​មាន​អារម្មណ៍​ថា យើង​កំពុង​ស្ថិត​ក្នុង​ពិភព​មួយ​ផ្សេង​ទៀត​ដែរ។ តាមពិតទៅ​វត្តមាន​របស់​ពពួកសត្វ​ទាំងនោះ មិនមែន​ជា​រឿង​ចៃដន្យ​ទាំងស្រុង​ទេ ពីព្រោះ​វត្តមាន​របស់​សត្វ​អច្ឆរិយៈទាំង នេះ​មិន​អា​ច​កាត់​ផ្ដាច់ចេញ​ពី​សារជាតិ​របស់​មនុស្ស​លោក​បាន​ឡើយ ព្រោះ​បញ្ហា​នេះ​ជា​បញ្ហា​សកល​ដូច​ដែល​បាន​គូសបញ្ជាក់​តាមរយៈ​រឿងព្រេង​បុរាណ​ខ្មែរ ៘​
​សូម​រំលឹក​ឡើង​ថា នៅ​ប្រទេស​ចិន​ ជនជាតិ​នេះ ក៏​បាន​ឆ្លាក់​ប្រភេទ​សត្វ​អច្ឆរិយៈ​បែបនេះ​ដែរ ដោយ​ការស្រមើស្រមៃ​ដូចគ្នា ។ ព្រឹត្តិការណ៍​យ៉ាង​សំខាន់​មួយទៀត គួរ​ឲ្យ​កត់ត្រាគឺ​ក្នុង​អតីតកាល​ដ៏​យូរលង់​ដែល​បាន​កន្លងផុត​ទៅ​នោះ អតីត​ខេត្ត​នគរាជ​សីមា និង​ខន​កែន របស់​ខ្មែរ​(សព្វថ្ងៃនេះ ជា​ភាគ​មួយ​នៃ​ខ្ពង់រាប​របស់​ប្រទេស​ថៃ​បច្ចុប្បន្ន )ក៏​ធ្លាប់​ជា​ទីជម្រក​នៃ​ពពួកសត្វ​ដាយ​ណូ​ស័រនេះ​ដែរ ព្រោះ​ទីនោះ​​មាន​បន្សល់ទុក​នូវ​គ្រោង ឆ្អឹង​របស់ពួកវា មានន័យ​ថា ទឹកដី​ខ្មែរ​បុរាណ​បាន​ស្គាល់​សត្វ​ដាយ​ណូ​ស័រ​មួយចំនួនធំ​មកហើយដែរ ។​
​ការស្រាវជ្រាវ​អំពី​ប្រវត្តិ​សត្វ​ដាយ​ណូ​ស័រ គឺ​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី ១៩ តែ​ប៉ុណ្ណោះ នៅ​ទ្វីបអឺរ៉ុប ។​
​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា គេ​មិន​ទាន់​បាន​ឃើញ​សត្វ​ទាំងនោះ​ពិតៗ​នៅឡើយ​ទេ ។ វត្តមាន​របស់​ស​ត្វនោះ​នៅ​លើ​អតីត​ទឹកដី​ខ្មែរ វា​ជា​រឿង​មួយ រីឯ​គំនូរ​ ឬ​ចម្លាក់​នៃ​សត្វដាយណូស័រជារឿងមួយទៀត ដែលគេមិនត្រូវមានភាព​ច្របូក​ប្របល់​ឡើយ បានន័យថា គ្រោងឆ្អឹង​​សត្វ​ពិត​ជើង​វា​ខ្លី​ជាង គឺ​វា​​ខុសពី​រូបចម្លាក់ ៕


EmoticonEmoticon