ប្រវត្តិនំបញ្ចុកខ្មែរ

ប្រវត្តិនំបញ្ចុកខ្មែរ

នំបញ្ចុកមានឈ្មោះដើមថា "នំប៉ែនចុក" គឺជានំដែលគេយកម្សៅ​សម្រស់​ទៅស្ងោរហើយបុកលាយទឹករួចយក​ទៅចាក់ក្នុង​ប៉ែន​ ទើបយក​ស្នូល​ឈើ​ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមក​គេស្រង់ចាប់ជាចង្វាយៗដាក់ជាល ឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។

 
បន្ទាប់មក គេហៅកាត់ៗថា "នំបញ្ចុក" មិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយ​ជណ្ដើរ, កាន់ជ្រែង ក្លាយ កញ្ច្រែង, កាន់ត្រក ក្លាយ កន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ជាដើម។
ខាងក្រោមនេះ គឺជារឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក៖
រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃ​ជា​តំបន់​ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែ​ស្រូវ​វារ ដើម្បី​ចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំ​ដំណាំស្រូវ​ល្អ​ដូចគេដទៃទៀតបាន។
ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌​ក្រហម​ទ្រង់​ផ្កាឈូក​បន្តិច ពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេក​ដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឲ្យមាន​ជាតិ​ទន់​បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀត នៅតំបន់​ដែល​ពួក​គាត់​រស់នៅ សំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធ បង់ត្រី​មក​ធ្វើ​ជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។
ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ ដែល​អាចយក​មកធ្វើ​ជា​នំ​បញ្ចុក​នេះបានល្អ ហើយបាន​ចំនួនច្រើន​ជាង​អង្ករស្រូវ​ស្រែ​ធម្មតា​ទៀត​ផង។
ថ្ងៃមួយ នារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធ បាន​បុក​អង្ករស្រូវវារ បានបែកគំនិត យកអង្ករស្រូវវារនេះ ធ្វើជានំសរសៃស ចាប់​ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះ​ដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុង​ចម្ការ​ក្រោយផ្ទះ។
 
លុះអ្នកស្រែជាប្ដីពិសាហើយក៏កើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះ ធ្វើ​អំពី​អង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារ​បន្លែស្រស់​ខ្លះបេះពី​ព្រៃ​មាន​ជីវជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំថេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធបែកគំនិត បន្ថែម​ត្រយូង​ចេក ជាជំនួយ ជាល្បោយនំពិសាហើយ ក៏លែង​ការ​រាគ​រូស​ដូច​មុនទៀត។
ពួកគាត់ទាំងពីរនាក់បានប្រតិស្ឋនាម ឲ្យនំនោះឈ្មោះថា នំសរសៃ​ស្រូវ​វារ នៅពេលដែល អ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្ដងៗ ហើយ​ពួកគាត់តែងតែយកម្រាមដៃ ជាចង្កើះ ស្រវាចាប់នំបរិភោគ បញ្ចុក​ចូល​មាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែ​ដួសផ្ញើញាតិសន្ដានក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នាផងដែរ ។
លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់ អ្នកស្រុក​ក៏​បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយក​ទៅ​ផ្សំឆ្នៃធ្វើទឹកសម្លកំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូល​ចិត្ត​រៀងៗ​ខ្លួន​ជាបន្តៗរៀងមក។
លុះអ្នកទាំងពីរចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនេះ មិន​អាច​ប្រកបរបរធ្វើស្រែបាន ព្រោះគ្មាន​កូនចៅ​បន្តការងារ​ក្នុងស្រែ​ជំនួស​ពួកគាត់បាន អ្នកទាំងពីរក៏ដូរមុខរបរ មករែកនំបញ្ចុកនេះ លក់តាម​ភូមិ​តិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ តាមដំណើរ​ជីវិត​សុចរិត​របស់​ពួក​គាត់។
 
ដល់នៅថ្ងៃមួយ មានរាជកុមារវ័យប្រមាណ ៧វស្សា នាំពលសេនា​ជិះ​សេះ​ដើរលេង នៅតាមស្រុកភូមិ ក៏បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួច​រាជ​កុមារ​ក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះ មានភាពក្រីក្រ គេ​ឆី​នំសរសៃស្រូវវារនេះនៅនឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយ​រាជកុមារ​ក៏​ប្រែ​ចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។
រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថា រាជកុមារ​ចង់សោយ​នំ​របស់​ខ្លួន ក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់​នំ​សរសៃ​ស្រូវវារទៅបញ្ចុករាជកុមារនោះ។ ដោយការចង់ដឹង នូវរសជាតិ​សម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏​យល់ព្រម​ឲ្យស្នំឯក​បញ្ចុក។
ពេលនេះ រាជកុមារក៏​មានសេចក្ដីសោមនស្សនឹង​រសជាតិ​នំសរសៃ​ស្រូវ​វារដ៏ឆ្ងាញ់មួយចាននោះ ក្រៃលែង ព្រមទាំងប្រទាន​រង្វាន់មួយ​ចំនួនដល់​អ្នក​ស្រែ​ដែលធ្វើនំឆ្ងាញ់ពីរនាក់ប្ដីប្រពន្ធនោះ។
នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែ​ទទូច​ឲ្យ​ព្រះ​មាតា តាមរកទិញ "នំដែលស្នំបញ្ចុក" នោះពីអ្នកស្រែ យកមក​សោយ​នៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំ ពីអ្នកស្រែ​នោះជារៀង​រាល់ព្រឹក ក៏ឲ្យរាជបុត្រជាទីស្រឡាញ់ព្រះរាជមាតាបញ្ជា ឲ្យសេនា ទៅគាស់ហៅ អ្នកស្រែទាំងពីរ​នាក់ប្ដីប្រពន្ធ​នោះ​មក​ធ្វើនំ​សម្រាប់​រាជកុមារសោយជាប្រចាំក្នុងរាជវាំង រៀងរហូតទៅ។
 
ចំណេរតមកឈ្មោះ "នំសរសៃស្រូវវារ" ក៏លែងមាននរណា​ហៅតទៅ​ទៀត​ដែរ គឺគេទម្លាប់នាំគ្នា ហៅថា "នំដែលស្នំបញ្ចុក" ជាជំនួសវិញ​យ៉ាង​មានប្រជាប្រិយ តែយូរៗក្រោយមកទៀត ក៏ត្រូវគេហៅកាត់ៗខ្លីៗថា "នំបញ្ចុកៗ" បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ៕
សូមបញ្ជាក់ថា រឿងព្រេងជារឿងអក្សរសិល្ប៍ប្រឌិត និពន្ធ​សម្រាប់​ការ​សិក្សា​អប់រំ ដូចជារឿងព្រេង ទាក់ទងទៅនឹងភ្នំប្រាសាទ ទឹកដី ច្រើន​កន្លែង ហើយរឿងព្រេង មិនមែនជាប្រវត្តិសាស្ត្រទេ តែជាអក្សរ​សិល្ប៍​ជំនាន់​បុរាណ ដែលនិពន្ធហើយក៏និទានប្រាប់តៗគ្នា ដើម្បីស្រួលចាំ និងស្រួលស្គាល់។
ចំណែកចំណារក្រាំងខ្លះ បានត្រូវបំបាត់ចោល ដោយសារ​សង្គ្រាម​នៅ​កម្ពុជា ដោយការលុកលុយ ពីប្រទេសជិតខាងផង និងដោយ​សង្គ្រាម​ក្នុង​ស្រុកផង ហើយខ្លះក៏មានសល់មកដល់សព្វថ្ងៃ។
រីឯ ក្រាំងប្រវត្តិសាស្ត្រខ្លះទៀត មិនត្រូវបានគេកកាយយកសិក្សាវិញទេ ព្រោះដោយមូលហេតុ ទំនាស់ទស្សនៈនយោបាយ ឬខុសពីជំនាន់មុន។
(អ្នកស្រី កែវ ច័ន្ទបូរណ៍)
របៀបធ្វើនំបញ្ចុក
ដំណាក់កាលទី១: មុនដំបូងគេយកអង្ករលាងហើយលាយជាមួយនិងទឹកហើយយកទៅកិន។
ដំណាក់កាលទី២: គេពូតទឹកអោយស្ងួតហើយទុកវាអោយស្ងួត។
ដំណាក់កាលទី៣: គេយកម្សៅដែលស្ងួតទៅបុកមួយសន្ទុស។
ដំណាក់កាលទី៤: យកម្សៅដែលបុកហើយទៅដាក់នៅបំពងមួយមានរន្ធតូចៗហើយស្រកត់វាចេញមកជាសរសៃ។
ដំណាក់កាលទី៥: ដាំទឹកអោយពុះហើយដាក់ពីក្រោមពេលចេញសរសៃ។
ដំណាក់កាលទី៦: ស្រងនំចេញពីទឹកក្ដៅហើយយកទៅលាងជាមួយទឹកស្អាតហើយជាទឹកធម្មតា។
ដំណាក់កាលទី៧: យកស្លឹកចេកមកដាក់នៅពីក្រោមហើចាប់វាជាចង្វាយៗជាការស្រេច។
--------------
Ty Sareun


EmoticonEmoticon