ប្រវត្តិរាជធានីទួលបាសាណ

ប្រវត្តិរាជធានីទួលបាសាណ

ក្រោយពីជោគជ័យក្នុងការវាយដណ្ដើមយករាជធានីអង្គរពីកណ្ដាប់ដៃពួកសៀម ឈ្លានពានមកវិញនៅឆ្នាំ១៣៩៣ ឬឆ្នាំ១៣៩៤ ព្រះបាទពញាយ៉ាត បានធ្វើឲ្យជម្លោះរវាងសៀម និងខ្មែរមានសភាពស្ងប់ស្ងាត់អស់រយៈកាលយ៉ាងវែងបង្គួរ។ បន្ទាប់ពីនោះព្រះបាទពញាយ៉ាតទ្រង់សោយរាជ្យដោយទសពិធរាជធម៌នៅរាជធានីអង្គរ និងជំរុញប្រទេសជាតិឲ្យមានសុខសន្តិភាព។ ប៉ុន្តែដោយមានការបារម្ភថា ក្រុងអង្គរស្ថិតនៅជិតសៀមពេក ព្រោះពេលនោះខេត្តភាគខាងលិចទាំងឡាយរបស់ខ្មែរ ត្រូវពួកសៀមទន្ទ្រានយកបានច្រើនណាស់ទៅហើយ និងដោយហេតុថា ប្រជារាស្ត្រខ្មែរជាច្រើនត្រូវពួកសៀមកៀរយកទៅស្រុកសៀម និងម្យ៉ាងទៀត ក្នុងសង្គ្រាមប៉ុន្មានលើកជាមួយសៀមមកនេះ ប្រជារាស្ត្រខ្មែរក៏ស្លាប់បាត់បង់ជីវិតអស់ជាច្រើនផង ដែលជាហេតុធ្វើឲ្យខ្មែរនៅសល់គ្នាតិចពេកសម្រាប់ការពារក្រុងអង្គរដ៏ធំទូលាយ។
ឯកសារខ្លះទៀតបានបញ្ជាក់ថា ពេលនោះមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតផង គឺទឹកស្ទឹងអង្គរត្រូវស្រកចុះជាងពីរម៉ែត្រកន្លះ បារាយណ៍ អាងទឹកធំៗ ប្រឡាយទឹកត្រូវស្ងួតហួតហែង ខ្វះទឹកធ្វើស្រែចម្ការច្បារដំណាំ បង្កបង្កើតផលកសិកម្ម បណ្ដាលឲ្យពិបាករកស្បៀងអាហារសម្រាប់ចិញ្ចឹមជីវិតរាស្ត្រប្រជា ព្រះរាជបរិពារក្នុងរាជវាំង ព្រមទាំងចិញ្ចឹមទ័ពផង។ ព្រះបាទពញាយ៉ាតក៏ទ្រង់ពិភាក្សា នឹងសម្ដេចព្រះសុគន្ធា រាជគ្រូបុរោហិត ព្រះរាជវង្សានុវង្ស អង្គអគ្គមហាសេនាបតី មន្ត្រីតូចធំខ្ញុំរាជការ ហើយបានមតិយល់ព្រមទាំងអស់គ្នា ថាត្រូវលើករាជធានីចេញពីតំបន់អង្គរ។
ទើបនៅឆ្នាំ១៤៣១ ឯកសារខ្លះថាឆ្នាំ១៤៣៣ ព្រះអង្គក៏ទ្រង់លើកព្រះរាជធានីពីអង្គរ ទៅតាំងនៅឯទួលបាសាណ ជាទីស្ថានជ័យភូមិ ដែលព្រះអង្គធ្លាប់បានតាំងជាក្បួនទ័ព ហើយវាយរំដោះក្រុងអង្គរបានជោគជ័យមកវិញនោះ ហើយតាំងនាមព្រះនគរថា« ព្រះវាំងថ្មី»។ ប៉ុន្តែដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គទ្រង់គង់នៅទួលបាសាណ បានតែមួយឆ្នាំប៉ុណ្ណោះគឺឆ្នាំ១៤៣២ ឬឆ្នាំ១៤៣៤ ព្រះបាទពញាយ៉ាត ក៏ទ្រង់ប្ដូររាជធានីពីទីនោះ មកតាំងនៅភ្នំដូនពេញចតុមុខវិញ ដែលសព្វថ្ងៃមានឈ្មោះថា រាជធានីភ្នំពេញ នេះឯង។ ទីកន្លែង ដែលព្រះបាទពញាយ៉ាត បានប្រមូលផ្តុំកងទ័ព ជាលើកដំបូងដើម្បីវាយរំដោះយករាជធានីអង្គរពីសៀមមកវិញ គឺមានប្រាសាទបុរាណមួយឈ្មោះថា «ប្រាសាទទួលព្រះធាតុ» ដែលស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកបាសាណ នៃរាជធានីទួលបាសាណ បច្ចុប្បន្នគឺស្រុកស្រីសន្ធរ ក្នុងខេត្តកំពង់ចាមនេះឯង។
ហើយឈ្មោះរាជធានីចាស់ "បាសាណ" នេះ ក៏ត្រូវបានប្រជាពលរដ្ឋនៅទៅនោះប្រើនៅលើឈ្មោះទូក-ង មួយរបស់ពួកគាត់ផងដែរ គឺ "ខ្លែងក្លាហានបាសាណសែនជ័យ" ដែលជាទូក-ង របស់«វត្តបទុមសាគរ» ស្ថិតនៅភូមិចុងបឹងក្រៅ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ។


EmoticonEmoticon