រមណីយដ្ឋានតេទឹកពុះ (Hot Water) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

រមណីយដ្ឋានតេទឹកពុះ (Hot Water) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

“តេ ទឹកពុះ” គឺជារមណីយដ្ឋានធម្មជាតិបែបកែច្នៃមួយ ដែលមានទីតាំងស្ថិតក្នុងភូមិកោដូនតី ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ និងមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីទីរួមខេត្ដកំពង់ស្ពឺ ឬប្រមាណ ១១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ឈ្មោះ“ តេ ទឹកពុះ” ឬ “Hot Water” នេះ ប្រហែលជាគេដាក់ទៅតាមលក្ខណៈដ៏ពិសេសរបស់រមណីយដ្ឋាននេះហើយ ព្រោះតែតំបន់នេះ មានភាពចម្លែកពីធម្មជាតិ ដោយមានប្រភពទឹកពុះផុសចេញពីក្នុងដី ជាមួយនឹងកម្រិតសីតុណ្ហភាពប្រមាណ ៥០-៧០ អង្សាសេ ដែលយើងអាចមើលឃើញមាននូវពពុះ និងផ្សែង ផុសឥតឈប់ឈរ ចេញពីផ្ទៃទឹកដ៏ថ្លា លាយឡំនឹងក្លិនស្រដៀងនឹងស្ពាន់ធ័រ ឬថ្មកំបោរផងដែរ។
នៅផ្នែកខាងក្រោម ដែលទឺកផុសពុះពីធម្មជាតិ ហៀរហូរធ្លាក់មក ត្រូវបានគេធ្វើជាប្រឡាយ និងបានរៀបចំរចនាជារោង និងកៅអី ធ្វើអំពីឫស្សី ដើម្បីឱ្យភ្ងៀវទេសចរណ៍ងាយស្រួលអង្គុយត្រាំជើងជាមួយនឹងទឹកក្ដៅឧណ្ហៗពីធម្មជាតិនេះ (នៅផ្នែកខាងក្រោមនេះ កម្ដៅទឹកមានសីតុណ្ហភាពប្រហែល ៥០ អង្សាសេ តែប៉ុណ្ណោះ)។ ការសម្រាកកម្សាន្តអង្គុយត្រាំជើងនេះ មិនត្រូវបានគិតប្រាក់ឡើយ។
ហើយបើយោងតាមសារព័ត៌មាន រមណីយដ្ឋាន “តេ ទឹកពុះ” នេះ ធ្លាប់ត្រូវបានក្រុមហ៊ុនបរទេសមួយចំនួន បានចូលមកចែចូវ ដើម្បីអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍បែបប្រណីត ដោយមានការសាងសង់អគារខ្ពស់ៗកប់ពពក ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្ដរជាតិមកកម្សាន្ដ និងបានមកងូតទឹករ៉ែធម្មជាតិ ស្ប៉ា ឬស្ទីមជាមួយនឹងទឹកផុសពុះពីធម្មជាតិដ៏ពេញនិយមរបស់ជនជាតិជប៉ុន កូរ៉េ និងចិន។ ប៉ុន្ដែគម្រោងទាំងនោះ ត្រូវបរាជ័យ ដោយរាជរដ្ឋាភិបាលសម្រេចដកអាជ្ញាប័ណ្ណមកវិញ ព្រោះតែក្រុមហ៊ុនទាំងនោះ មិនបានធ្វើការអភិវឌ្ឍអ្វីសោះក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕
-------


EmoticonEmoticon