រូបគំនូរថៃទាក់ទងទៅនឹងការចូលមកដល់របស់ព្រះកែវមរកតចូលមកក្រុងឥន្ទ្របស្ថ ឬក្រុងយសោធរៈបុរៈ

រូបគំនូរថៃទាក់ទងទៅនឹងការចូលមកដល់របស់ព្រះកែវមរកតចូលមកក្រុងឥន្ទ្របស្ថ ឬក្រុងយសោធរៈបុរៈ
ប្រវត្តិនៃការចូលមកដល់របស់ព្រះកែវមរកត ត្រូវបានគេរកឃើញឯកសារចាស់ដែលមានអាយុកាលយ៉ាងតិចក៏ជាង ៥០០ឆ្នាំដែរ ដែលរៀបរាប់ថា ព្រះពុទ្ធរូបព្រះកែវមរកតត្រូវបានសាងឡើងដោយថ្មកែវពណ៌ខៀវ នៅនគរបាតលីបុត្រ (បាតនា ទីរួមរដ្ឋធំ របស់រដ្ឋពិហារ នៅប្រទេសឥណ្ឌា) បន្ទាប់មកនៅបាតលីបុត្រមានសង្គ្រាម ក៏ត្រូវបានគេនិមន្តយកមកតម្កល់នៅស្រីលង្កា ក្រោយមកស្តេចភូមា ព្រះនាមអនុរថ បានទៅចម្លងព្រះត្រៃបិតក និងនិមន្តព្រះពុទ្ធរូបនេះមកភូមា ដោយដឹកមកចំនួន ២ សំពៅ សំពៅមួយមិនបានទៅភូមាទេ តែត្រូវព្យុះបក់នាំមកមហានគរ ហើយត្រូវបាននមន្តយកទៅតំកល់ទុកក្នុងក្រុងអង្គរ ក្នុងរាជ្យស្តេចបុទមសុរិយោវង្ស (ស្តេចសូរិយវរ្ម័នទី ១??) ក្រោយមកក្នុងរាជ្យស្តេចពាល ពេលមានទឹកជំនន់ធំ ពួកលាវ (លពបុរី?? លាវមិនទាន់មានប្រទេសទេ) និងពួកសៀមសុខោទ័យ បានលើកទ័ពមកលួចប្លន់នៅអង្គរ ក៏យកព្រះពុទ្ធរូបព្រះកែវមរកតពីអង្គរទៅ ។ នៅមានរឿងវែងឆ្ងាយទៀត ដែលព្រះពុទ្ធរូបព្រះកែវមរត ត្រូវបាននិមន្តបន្តទៅកំពែងពេជ្រ ទៅហរិបុញ្ជ័យ (ឡាំប៉ាង) ឈៀងម៉ៃ វៀងច័ន្ទន៍ និងចុងក្រោយមកនៅក្រុងបាងកក ដល់សព្វថ្ងៃ ។
នៅស្រុកខ្មែរយើង ពង្សាវតារខ្មែរបានកត់ត្រាយ៉ាងលម្អិតអំពីការមកដល់របស់ព្រះកែវមរកតនេះ និងមានការសាងសង់វត្តលង្កា វត្តកោះ វត្តព្រះពុទ្ធមានបុណ្យ វត្តព្រះពុទ្ធឃោសាចារ្យ វត្តកែវព្រះភ្លើង និងចេតិយព្រះឧណ្ណាលោម សម្រាប់តម្កល់វត្ថុមង្គលទាំងនោះមួយរយៈ នៅពេលគេនិមន្តរបស់ទាំងនោះពីកំពង់ផែ បន្ទាយមាស (កំពុងផែ អូកែវ សម័យអង្គរ នៅម្តុំខេត្តមាត់ជ្រូក នៅកម្ពុជាក្រោមសព្វថ្ងៃ ដែលចាប់នឹងខេត្តកំពត) ។
មានការសិក្សាមួយចំនួនថារូបសំណាកព្រះកែវមរកតអង្គបច្ចុប្បន្នដែលនៅក្នុងវត្តព្រះកែវមរកត ក្នុងព្រះបរមរាជវាំងប្រទេសថៃ គឺជាសិល្បៈបែបឈៀងស៊ែន នៅម្តុំខេត្តភាគខាងជើងរបស់ថៃ ជាប់នឹងខេត្តឈៀងម៉ៃ តាមរយៈការវិភាគទម្រង់សិល្បៈ ។ តែលក្ខណៈពិសេសរបស់ទម្រង់ព្រះពុទ្ទរូបក្នុងមុទ្រសមាធិនេះ ពុំសូវមានការនិយមនៅក្នុងប្រទេសថៃនោះទេ ទាំងឡានណា សុខោទ័យ អយុធ្យា គេនិយមរូបព្រះផ្ចាញ់មារ ដូច្នេះគួរតែមិនមែនជាសិល្បៈឈៀងស៊ែនទេ តែគួរតែសិល្បៈរបស់ឥណ្ឌា ឬស្រីលង្កា ព្រោះថានៅទីនោះគេនិយមព្រះពុទ្ធរូបសមាធិតាំងតែពីសម័យបុរាណ ។ សម្រាប់ប្រវត្តិសាស្តខ្មែរវិញ បានរៀបរាប់ថាបន្ទាប់ពីបាត់ព្រះពុទ្ធរូបព្រះកែវមរកត ស្តេចត្រសក់ផ្អែមដែលកាន់ព្រះពុទ្ធសាសនា បានឲ្យពួកមន្ត្រីបុរោហិត រៀបចំស្លព្រះយកគំរូតាមព្រះកែវមរកត ដើម្បីជំនួសព្រះពុទ្ធរូប និងវត្ថុស័ក្តិសិទ្ធដែលត្រូវបាត់ទៅ ។ យើងឃើញថាទម្រង់ព្រះពុទ្ធរូបសម័យអង្គរ រាប់ពីសម័យបាពួន (បាភួន) អង្គរវត្ត និងបាយ័ន គឺមានទម្រង់ជាព្រះពុទ្ធរូបសមាធិស្ទើរទាំងស្រុង ដែលនេះអាចបណ្តាលមកពីមានការចម្លងបែបព្រះពុទ្ធរូបសមាធិពីគំរូរបស់ព្រះកែវមរកត តាំងពីមុនសម័យតាត្រសក់ផ្អែមទៅទៀត ។ សូម្បីតែនៅសម័យមុននោះ ក៏មិនមានការនិយមព្រះពុទ្ធរូបសមាធិនៅក្នុងសិល្បៈខ្មែរដែរ ។
មួយទៀតទាក់ទងនឹងព្រះកែវមរកតនេះ ខ្ញុំសូមលើកសម្មតិកម្មមួយទៀតថា រឿងព្រះគោព្រះកែវ គឺជារឿងនិទានក្លាយបង្ហាញពីការបាត់បង់ព្រះកែវមរកត ដែលកើតឡើងនៅចុងសម័យអង្គរ មិនមែនកើតឡើងនៅសម័យលង្វែកនោះទេ តែអ្នកនិទានរឿងច្រឡំ ព្រោះថាបើកើតឡើងនៅក្នុងសម័យលង្វែកមែននោះ នោះប្រវត្តិសាស្ត្រខ្មែរ តាមពង្សាវតារ គួរតែកត់ត្រារឿងនេះបានច្បាស់លាស់ជាងនេះ ។


















First


EmoticonEmoticon